សកម្មជន​សង្គ្រោះ​ជាតិ​នៅ​​ថៃ ថា ការ​វិល​ចូល​ស្រុក​ដើម​ឆ្នាំ​២០២១ជា​ផែនការ​ទី​១​នៃ​ជីវិត​នយោបាយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ

ដោយ អាស៊ីសេរី
2020.12.24
សកម្មជន​សង្គ្រោះ​ជាតិ​នៅ​​ថៃ ថា ការ​វិល​ចូល​ស្រុក​ដើម​ឆ្នាំ​២០២១ជា​ផែនការ​ទី​១​នៃ​ជីវិត​នយោបាយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ជួបជុំ​គ្នា​នៅ​​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
Photo Provided

សកម្មជន​សង្គ្រោះជាតិ​នៅ​ប្រទេស​ថៃ​ថា​ការ​វិល​ចូល​ស្រុក​ដើម​ឆ្នាំនេះ​ជា​ផែនការ​នយោបាយ​ចម្បង សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០២១​ខាងមុខនេះ​។ អ្នកវិភាគ​ថា ការ​ធ្វើ​នយោបាយ​នៅ​ក្នុង​ស្រុក​ជា​ការ​ល្អ​សម្រាប់​នយោបាយ​នៃ​គណបក្សប្រឆាំង ប៉ុន្តែ​ពួកគេ​សង្កេត​ឃើញ​ថា ការ​រាតត្បាត​ជំងឺ​Covid-19 នឹង​អាច​បង្ក​ផល​លំបាក​ដល់​ការ​វិល​ត្រឡប់មកវិញ​របស់​មន្ត្រី​បក្ស​ប្រឆាំង។

សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ​ថា ការ​បន្ត​រស់នៅ​ប្រទេស​ថៃ ឬ​ការ​សុំ​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ទី​៣ មិនមែន​ជា​ជម្រើស​របស់​ពួកគេ​ទេ​។ ពួកគេ​រំពឹង​ថា នឹង​បាន​ជាន់​ទឹកដី​កម្ពុជា​ឡើងវិញ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ខ្លួន ទោះ​ប្រឈម​នឹង​ឧបសគ្គ​ឬ​ត្រូវ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ក្ដី។

សមាជិក​ជាប់ឆ្នោត​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក ហង្ស ស៊ីសុវត្ថិ ដែល​ទើប​រត់​ភៀសខ្លួន​មក​ប្រទេស​ថៃ កាលពី​ថ្មីៗ​នេះ​ប្រាប់​អាស៊ីសេរី​ថា ទោះ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មិន​ទាន់​បើក​ព្រំដែន​វិញ​ក្ដី ប៉ុន្តែ​លោក​នឹង​រក​គ្រប់​មធ្យោបាយ​ដើម្បី​អាច​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​។ លោក​បញ្ជាក់​ជំហរ​ថា ទោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ចូល​ស្រុក​បាន​ក្នុង​ថ្ងៃ​ទី​០៤ ខែ​មករា​ខាងមុខ ក៏​លោក​នៅតែ​ប្ដេជ្ញា​ចូល​ស្រុក​វិញ​ដែរ ទោះ​ក្នុង​រូបភាព​អ្វី​ក៏ដោយ​។ លោក​ថា ទោះបី​លោក​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ក្ដី ប៉ុន្តែ​ការ​វិល​ចូល​ស្រុក​លើក​នេះ​ផ្ដល់​ប្រយោជន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ៖ «គោលបំណង​ឆន្ទៈ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ត្រូវតែ​ទៅ ប៉ុន្តែ​សំខាន់​ទៅ​ក្នុង​ពេល​ហ្នឹង​ខាង​រដ្ឋាភិបាល​ថៃ​គេ​ឱ្យ​ទៅ​បាន​រួច​ឬក៏​មិន​រួច​ស្ថិត​លើ​ភាព​ជាក់ស្ដែង ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ទៅ​ដាច់ខាត​ទៅ»

រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រៃវែង លោកស្រី ស ខ្ចី ដែល​កំពុង​ភៀសខ្លួន​ជាមួយ​កូន​តូច​នៅ​ប្រទេស​ថៃ​និយាយ​ដែរ​ថា លោកស្រី​នឹង​ចូលរួម​ការ​ធ្វើ​មាតុភូមិនិវត្តន៍​លើក​ទី​២​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោកស្រី​ថា ប្រសិន​ការ​វិល​ចូល​ស្រុក​នេះ​មិន​អាច​ទៅ​រួច លោកស្រី​នឹង​មិន​បន្ត​រស់នៅ​ប្រទេស​ថៃ​ទៀត​នោះ​ទេ​។ ទោះ​យ៉ាងណា​លោកស្រី​យល់ថា ឆ្នាំ​ថ្មី​នេះ​សម្រាប់​ជនភៀសខ្លួន​នយោបាយ​នៅ​ប្រទេស​ថៃ​អាច​នឹង​ប្រឈម​ជាង​ពេល​មុនៗ​ក្នុងពេលដែល​មានការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ ព្រោះ​សមត្ថកិច្ច​ថៃ​តែង​ចុះ​ត្រួតពិនិត្យ​ស្ទើរ​គ្រប់​ទីកន្លែង​ដែល​ជា​កត្តា​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ដោយ​ការរស់នៅ​ប្រទេស​នេះ​ខុសច្បាប់ ឬ​លើស​ទិដ្ឋាការ៖ «អ្វី​ដែល​យើង​ចង់​គឺ​ចង់​ទៅ​ប្រទេស​យើង​ណាស់​បើសិនជា​ថ្នាក់ដឹកនាំ​ចូល​បាន​យើង​អរ​ណាស់ យើង​នឹង​ត្រឡប់​ទៅវិញ​មិន​ចង់​ទៅ​ប្រទេស​ទី​៣ ទី​៤​ណា​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​គណក្សស​ង្គ្រោះ​ជាតិ​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ឆាំ សុភា​ន់ ប្រាប់​ថា លោក​នៅតែ​រង់ចាំ​ផែនការ​ពី​គណបក្ស​ចាត់ចែង​យ៉ាងណា​លោក​នឹង​អនុវត្ត​តាម​។ ចំណែក​ការ​ចំណាយ​សម្រាប់​ការ​រស់​នៅ​ប្រចាំថ្ងៃ​លោក​ថា មិន​ចោទ​ជា​បញ្ហា​ទេ​ព្រោះ​មាន​ក្រុម​គ្រួសារ​របស់​លោក​ផ្ញើ​លុយ​ពី​ស្រុក​ខ្មែរ​ឱ្យ​ចាយ​ទោះ​តិច ឬ​ច្រើន​ក្ដី​ប៉ុន្តែ​លោក​អាច​តស៊ូ​រស់​បាន​។ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូប​នេះ​យល់ថា ដល់ពេល​លោក​ត្រូវ​វិល​ចូល​ប្រទេស​កម្ពុជា​ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​ឡើងវិញ ហើយ​លោក​លែង​ខ្លាច​ការ​ចាប់ខ្លួន​ឬ​ការចោទប្រកាន់​របស់​តុលាការ​ហើយ៖ «គ្មាន​ព្រួយ​អី​ថា​ខ្លាច​ជាប់គុក​ខ្លាច​គេ​យក​ទៅ​សម្លាប់​អី​ទៀតហើយ ឃើញ​រាល់ថ្ងៃ​ហ៊ុន សែន រាល់ថ្ងៃ​បើ​យើង​នៅតែ​ខ្លាច​ទៀត​ប្រើ​ដូច​ឱ្យ ហ៊ុន សែន ធ្វើ​អី​តាម​ចិត្ត​នៅ​ប្រទេស​យើង ដូច្នេះ​យើង​ត្រូវតែ​ទៅ ដើម្បី​ឱ្យ​ដំណោះស្រាយ​នៅ​ខាង​មុខ​អង្គការសហប្រជាជាតិ​គេ​ជួយ​យើង​អ៊ីចឹង​ណា»

ចំពោះ​ការ​ប្តេជ្ញាចិត្ត​ចូល​ស្រុក​វិញ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅតែ​ចោទ​ប្រកាន់​ថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​រត់​ទៅ​ប្រទេស​ថៃ​គឺ​ដើម្បី​សុំ​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ទី​៣ ។ លោក សុខ ឥសាន បន្ត​ថា គ្មាន​អ្នកណា​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ចូល​ស្រុក​ទេ ប៉ុន្តែ​បើ​អ្នកណា​មានទោស​នឹង​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៖ «គ្មាន​ផ្លូវ​មក​ទេ អត់​មក​ទេ បានតែ​ថា ដូច​ខ្ញុំ​ថា អ៊ីចឹង​បើ​ចៃដន្យ​ចូល​បាន​អាហ្នឹង​ខ្នោះ​គ្រឹប»

ជុំវិញ​ការ​រក្សា​ជំហរ​វិល​ចូល​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា ការសម្រេចចិត្ត​របស់​សកម្មជន​គឺជា​រឿង​ល្អ​សម្រាប់​គណបក្ស​នេះ ប៉ុន្តែ​លោក​ថា ខណៈ​ប្រទេស​ថៃ​កំពុង​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូ​វីដ​អាច​នឹង​ធ្វើ​ឱ្យ​ផែនការ​វិល​ចូល​ស្រុក​លើក​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​បញ្ហា​។ អ្នកឃ្លាំមើល​រូប​នេះ​យល់ថា ដើម្បី​ឱ្យ​នយោបាយ​កម្ពុជា​មាន​ដំណោះស្រាយ​លុះ​ត្រា​ណា​មាន​ការ​រុញច្រាន ឬ​ការ​ជួយជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ៖ «បើ​ពួកគាត់​ចូល​អត់​បាន​ហើយ​គាត់​ស្នាក់នៅ​ប្រទេស​ជិត​ផ្សេងៗ​ឬ​ប្រទេសជិតខាង​កម្ពុជា​ខ្ញុំ​គិត​ថា ជា​ការ​លំបាក​បើ​សិន​គាត់​(​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​)​នៅ​ក្នុង​ប្រទេស​កម្ពុជា ទោះ​ជាប់​ឃុំឃាំង​អី​គាត់​មាន​ចរន្ត​នយោបាយ​ទំនាក់ទំនង​ខ្លាំង​ជាង»

ក្នុង​ខួប​៣​ឆ្នាំ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ គណបក្ស​នេះ សម្រេច​យក​ថ្ងៃទី​០៤ ខែ​មករា ខាងមុខ​វិល​ចូល​ស្រុក​វិញ ដើម្បី​តតាំង​ក្ដី​តុលាការ និង​រក​ដំណោះស្រាយ​នយោបាយ​ឡើងវិញ ដែល​សកម្មភាព​នេះ​នឹង​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខ​ហួរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។