អតីតតំណាងរាស្ត្របក្សប្រឆាំងម្នាក់ពន្យារពេលបង្កើតគណបក្សថ្មី ដោយរង់ចាំមើលដំណើរមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ មករា។ អ្នកវិភាគ យល់ថាក្រុមមេបក្សប្រឆាំង គ្មានឱកាសវិលចូលកម្ពុជាបានតាមការកំណត់ដ៏ខ្លីខាងមុខនេះទេ។
អតីតតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលខេត្តតាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសថា លោកនៅតែគាំទ្រ និងមានជំនឿថា អ្នកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំបក្សប្រឆាំង កំពុងនៅក្រៅប្រទេស នឹងរកវិធី វិលចូលមកកម្ពុជាបានជោគជ័យនៅថ្ងៃទី១៥ មករា។ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បន្តថា ប្រសិនបើអ្នកស្រី មួរ សុខហួរ បន្តពន្យារពេលទៀត លោកគ្មានជំនឿថា ថ្នាក់ដឹកនាំបក្សប្រឆាំង អាចវិលចូលកម្ពុជាវិញបានទេ ហើយលោក នឹងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនទៀត នឹងប្រកាសបង្កើតគណបក្សថ្មី៖ «មានការប្រកាសជាច្រើនលើករបស់លោកប្រធាន សម រង្ស៊ី ផង ហើយការដាក់ពេលជាថ្មីនេះ ក៏បានពន្យារពេលម្ដងទៀតដែរ ហើយមកដល់លើកទី២ហើយ នៅតែពន្យារទៀត មានន័យថា យើងមិនមានលទ្ធផល ហើយនិងមិនមានការប្ដេជ្ញាចិត្តហ្នឹងខ្ពស់ដែរ។ អាហ្នឹង ជាការវាយតម្លៃរបស់ខ្ញុំ ហើយដល់ពេលហ្នឹង យើងនឹងមានការដាក់ជាផ្លូវការ ពេលដែលមិនមានដំណោះស្រាយ»។
លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា គម្រោងបង្កើតគណបក្សថ្មីនេះដោយសារ លោក និងមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត គ្មានជំនឿថា គណបក្សសង្គ្រោះជាតិអាចនឹងមានឱកាសចូលមកធ្វើនយោបាយនៅកម្ពុជាបានទៀតទេ។ លោកមើលឃើញថា ជាង៣ឆ្នាំមកនេះ តំណាងគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស និងក្នុងប្រទេស បានតស៊ូអស់លទ្ធភាពហើយ ទាំងការទូត និងតវ៉ា ប៉ុន្តែមិនឃើញជោគជ័យអ្វីទេ។
ផ្ទុយពីការអះអាងនេះ សកម្មជនបក្សប្រឆាំងកំពុងភៀសខ្លួននៅក្រៅប្រទេសវិញ ពួកគេកំពុងត្រៀមខ្លួនធ្វើមាតុភូមិនិវត្តន៍ជាមួយក្រុមមេដឹកនាំបក្សប្រឆាំង និងមិនគាំទ្រចំពោះការបង្កើតគណបក្សថ្មីទេ។ ពួកគាត់នៅតែមានសង្ឃឹមថា គណបក្សសង្គ្រោះជាតិ មានឱកាសធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាដោយសេរីឡើងវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ប្រធានគណបក្សសង្គ្រោះជាតិក្រុងសិរីសោភ័ណភាព ខេត្តបន្ទាយមានជ័យ កំពុងភៀសខ្លួន ក្នុងប្រទេសថៃ លោក ឃ្លាំង ប៊ុនឡាយ មានជំនឿថា ថ្នាក់ដឹកនាំគណបក្សប្រឆាំង នឹងរកវិធីដឹកនាំពួកគាត់វិលចូលស្រុកវិញ ឱ្យទាល់តែបានក្នុងរយៈពេលខ្លីខាងមុខ។ សកម្មជនបក្សប្រឆាំងរូបនេះ មិនរំពឹងថា គណបក្សថ្មីមានលទ្ធភាពតតាំងជាមួយគណបក្សកាន់អំណាច និងអាចជួយបម្រើផលប្រយោជន៍ជាតិ ជាដុំកំភួន ដូចគណបក្សសង្គ្រោះជាតិឡើយ៖ «ពួកខ្ញុំជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាជនភៀសខ្លួន នៅប្រទេសថៃនេះ យើងអត់មានភាពអស់សង្ឃឹមអត់មានការសោកស្ដាយអ្វីទេ។ នៅតែមានការជឿជាក់ ហើយនិងមានឆន្ទៈរឹងមាំវិលចូលប្រទេសកម្ពុជាវិញជាមួយថ្នាក់ដឹកនាំ ហើយយើងសង្ឃឹមនិងជឿជាក់លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថា ដាច់ខាតត្រូវវិលចូលប្រទេសកម្ពុជា»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា អ្នកស្រី មូរ សុខហួរ និងអ្នកនយោបាយគណបក្សប្រឆាំង មិនអាចវិលចូលកម្ពុជាវិញ តាមការកំណត់ក្នុងពេលដ៏ខ្លីខាងមុខនេះទេ។ អ្នកវិភាគរូបនេះយល់ថា បើទោះជា លោក អ៊ូ ច័ន្ទរ័ត្ន ទាក់ទាញអតីតមន្ត្រីបក្សប្រឆាំងដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ បានទាំងអស់ទៅបង្កើតបក្សថ្មី ក៏មិនអាចទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋបានដែរ៖ «បរិយាកាសនយោបាយបក្សសង្គ្រោះជាតិនេះ វាអាចរស់ឡើងវិញ លុះត្រាតែលំហសេរីភាពរបស់កម្ពុជាត្រូវបានបើកឡើងវិញ ឬក៏ហៅថា រដ្ឋាភិបាលគណបក្សកាន់អំណាច រដ្ឋាភិបាលនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់សហគមន៍អឺរ៉ុបពេលនោះ ខ្ញុំគិតថា លំហសេរីភាពអាចបើកឡើងវិញ ហើយអាចកើតឡើងវិញហើយ។ បើទោះបក្សគាត់មិនកើតឡើង ក៏អ្នកនយោបាយបក្សគាត់ អាចធ្វើនយោបាយបានឡើងវិញ»។
គិតត្រឹមចុងឆ្នាំ២០២០ មានមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១៤នាក់ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោម១១៨នាក់ ដែលត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ។ ក្នុងនោះ មានអតីតមន្ត្រីបក្សប្រឆាំង ៣ក្រុមបាននាំគ្នាបង្កើតគណបក្សថ្មី គឺគណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរអភិរក្សនិយម និងគណបក្សខ្មែរស្រលាញ់ជាតិ។ ក្រៅពីនេះ មានអ្នកសុំសិទ្ធិនយោបាយម្នាក់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺ អ្នកស្រី លី ស្រីវីណា ក្រោយគ្លីនិកពេទ្យរបស់អ្នកស្រីត្រូវក្រសួងសុខាភិបាលបិទ។ អ្នកឃ្លាំមើលនយោបាយសង្កេតឃើញថា អ្នកនយោបាយ ដែលបានបោះបង់គណបក្សសង្គ្រោះជាតិ ហើយរត់ទៅបង្កើតបក្សថ្មីនេះ ទទួលរងនូវការរិះគន់ធ្ងន់ធ្ងរ ពីប្រជាពលរដ្ឋ ហើយស្មើនឹងសម្លាប់ជីវិតនយោបាយរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។