ចៅសង្កាត់​រង​ទី​២​គណ​បក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង ដែល​រង​ហិង្សា​ពី​ក្រុមប្រឹក្សា​បក្ស​កាន់​អំណាច ដាក់​បណ្ដឹង​ទៅ​ប៉ូលិស

ដោយ ឡេង ម៉ាលី
2022.10.28
Share on WhatsApp
Share on WhatsApp
ចៅសង្កាត់​រង​ទី​២​គណ​បក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង ដែល​រង​ហិង្សា​ពី​ក្រុមប្រឹក្សា​បក្ស​កាន់​អំណាច ដាក់​បណ្ដឹង​ទៅ​ប៉ូលិស ចៅសង្កាត់​រង​ទី​២ គណបក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង​អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត (រូប​កណ្ដាល) ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​ករណី​ហិង្សា​លើ​អ្នកស្រី កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត

ចៅសង្កាត់​រង​ទី​២ គណបក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង​អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ដាក់​ពាក្យ​ប្ដឹង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ អ្នកស្រី យ៉ាន រ៉ាស៊ី ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​លើ​អ្នកស្រី​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា អាជ្ញាធរ​ថ្នាក់​លើ គប្បី​ធ្វើ​ការ​សម្របសម្រួល ដើម្បី​បន្ត​ធ្វើ​ការ​បម្រើ​ពលរដ្ឋ​ជាមួយ​គ្នា ព្រោះ​រយៈពេល​នៅ​វែងឆ្ងាយ​ទើប​ចប់​អាណត្តិ ប៉ុន្តែ​មិន​អាច​បង្ខំ​ឆន្ទៈ​របស់​ភាគី​ជម្លោះ​បាន​ឡើយ។

ចៅ​សង្កាត់រង​ទី​២ សង្កាត់​អូរ​ចារ​មកពី​គណបក្ស​ភ្លើងទៀន ទាមទារ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ទៅលើ​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​ហិង្សា​មក​លើ​អ្នកស្រី និង​បដិសេធ​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​អ្នកស្រី យ៉ាន រ៉ាស៊ី នៅ​សាលាសង្កាត់​អូរចារ។

ចៅសង្កាត់​រង​ទី​២ អូរចារ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត ថ្លែង​ក្នុង​ការផ្សាយ​ផ្ទាល់​លើ​ហ្វេសបុក (Facebook) របស់​អ្នកស្រី​ថា ចៅសង្កាត់​អូរចារ បាន​ធ្វើ​ការប្រជុំ​សម្របសម្រួល ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ ចំពោះ​ការ​សម្របសម្រួល​។ អ្នកស្រី​ក៏​លើកឡើង​ពី​ករណី​ស្មៀន ក្នុង​ម៉ោង​ការងារ បែរ​ជា​ព្យាយាម​អូសទាញ​លោក ជា ទូច អោយ​ចុះចូល​គណបក្ស​ប្រជាជន ដែល​ខុស និង​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត អំពាវនាវ​ដល់​ក្រសួង​មហាផ្ទៃ​ឱ្យធ្វើ​ការ​ណែនាំ និង​បណ្ដុះបណ្ដាល​អំពី​ក្រម​សីលធម៌​របស់​មន្ត្រី​រាជការ មិន​ត្រូវ​ធ្វើការ​លេងសើច​ក្នុង​ម៉ោង​ការងារ។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត៖ «ចំពោះ​ផ្លូវច្បាប់ គឺ​ខ្ញុំ​បាន​ដាក់​ទៅ​នគរបាល​យុត្តិធម៌​ហើយ​ឱ្យ​គេ​ដោះស្រាយ​ផ្លូវច្បាប់ ហើយ​យើង​រង់​ចាំ​មើល​ទៀត តើ​ក្នុងករណី​ប្រព្រឹត្ត​អំពើ​ហិង្សា ដែល​មាន​ស្ថាន​ទម្ងន់​ទោស បទល្មើស​ជាក់ស្ដែង​បែប​ហ្នឹង​។ តើ​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​រូប​នាង​ខ្ញុំ ជា​ចៅ​សង្កាត់រង​ទី​២ ហើយ​ជន​ដៃដល់ គឺជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ចំពោះ​ខ្ញុំ​នៅក្នុង​សង្កាត់​អូរ​ចារ​ហ្នឹង តើ​នឹង​ទទួល​ទោស​ទណ្ឌ​យ៉ាងដូចម្ដេច​ត​ទៅ​មុខ​ទៀត»

ជុំវិញ​រឿង​នេះ ចៅសង្កាត់​អូរចារ លោក ឯម សុផល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ តុលា ថា លោក​បាន​ធ្វើ​ការ​សម្របសម្រួល​ករណី​មាន​ជម្លោះ​នៅ​ក្នុង​សង្កាត់ ព្រោះ​ជា​កន្លែងធ្វើការងារ​បម្រើ​ពលរដ្ឋ​។ លោក​បន្ត​ថា អ្នកស្រី យាន រ៉ាស៊ី ខឹង​ដោយសារ​អ្នកស្រី ស៊ិន ពៅរ៉ូហ្សេត ព្យាយាម​ថត​អ្នកស្រី រ៉ាស៊ី ហើយ​ពួកគាត់​មិន​បាន​ស្តាប់​លោក​ហាមឃាត់ ទើប​បង្ក​ជា​បញ្ហា​កើតឡើង​។ លោក​បញ្ជាក់​ថា លោក​បាន​ស្នើសុំ​អ្នកស្រី​រ៉ូហ្សេត ឱ្យ​ដក​ពាក្យបណ្ដឹង ប៉ុន្តែ​អ្នកស្រី រ៉ូហ្សេត បដិសេធ ការ​សម្របសម្រួល និង​ប្រកាន់​យក​ការ​ដាក់​ពាក្យបណ្ដឹង​ទៅ​នគរបាល។ លោក ឯម សុផល បន្ថែម​ថា មិន​បានដឹង​ច្បាស់​ពី​អ្នកស្រី ដែល​សតិ​មិន​គ្រប់​នោះ​ថា មាន​សំបុត្រ​កំណើត​រួច​ហើយ ដូច​ការ​លើកឡើង​ឡើយ ប៉ុន្តែ​គ្រាន់តែ​ឃើញ​អ្នកស្រី​នោះ​តែង​ចេញចូល​នៅ​សាលាសង្កាត់​ជាប្រចាំ។

លោក ឯម សុផល៖ «មីង​ម្នាក់​! គាត់​ចេះតែ​ចេញចូល​ដេក​នៅ​សង្កាត់​ខ្លះ ដេក​នៅឯណា​ខ្លះទៅ គាត់​ចង់​បោះឆ្នោត តែ​គាត់​អត់​មាន​សំបុត្រកំណើត គាត់​អ្នកភូមិ​ព្រៃ​កូន​សេក។ ស្មៀន​គាត់​ថា បើ​អត់​សំបុត្រ​កំណើត​ទាល់​រក​សាក្សី​អី​មក គាត់​រៀបចំ​ជួយ​ឱ្យ​មាន​ឈ្មោះ​បោះឆ្នោត​។ ហៃ​នៅពេល​ហ្នឹង​ក៏​មាន​អ្នកសង្កេតការណ៍​គណបក្ស​នយោបាយ​ភ្លើងទៀន​ហ្នឹង គាត់​នៅ​ហ្នឹង​ថា ហែង​អ្នកព្រៃ​កូន​សេក​អី កូន​សេក​ដូចគ្នា​ជួយ​ធ្វើ​សាក្សី​ឱ្យ​គាត់​ទៅ ដល់​អ៊ីចឹង​លោកស្រី​គាត់​ខឹង​។ គាត់​ថា មិនត្រូវ​មក​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​របស់​គាត់​សង្កេតការណ៍​ហ្នឹង​ទេ។ ប្រកែក​ត​ចុះ​ត​ឡើង​ទៅ ទៅជា​រឿង​ខ្លាំងៗ អ៊ីចឹង​ហាស​។ បាទ​ម្សិលមិញ​ខ្ញុំ​សម្របសម្រួល ខ្ញុំ​បាន​ជម្រាប​លោកស្រី​រ៉ូហ្សេត​ហ្នឹងហើយ ខ្ញុំ​ថា បើ​លោកស្រី​ស្គាល់​តួនាទី​ខ្លួនឯង ហើយ​ស្គាល់​តួនាទី​ខ្ញុំ ស្ដាប់​ខ្ញុំ​ម្សិលមិញ​អត់​មានរឿង​អី​ឆឹង​ឆុងឆាំង​អ៊ីចឹង​ទេ ប៉ុន្តែ​ខ្ញុំ​ស្នើសុំ​ហើយ​អត់​ព្រម​ស្ដាប់​សោះ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាន់​​ទាក់ទង​ក្រុមប្រឹក្សា​សង្កាត់​អូរចារ អ្នកស្រី យ៉ាន រ៉ាស៊ី ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៧ តុលា​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េង​លី យល់ឃើញ​ថា ការ​សម្របសម្រួល​ពី​ចៅសង្កាត់ ជា​រឿង​ប្រសើរ ដែល​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​របស់​ចៅសង្កាត់​។ លោក​បន្ត​ថា ករណីនេះ​មិនទាន់​ដឹង​ថា មានការ​បង្ក​ដល់​មាន​របួស​ស្នាម ឬ​អត់​នោះ​ទេ ប៉ុន្តែ​បើ​មាន​ស្នាម នឹង​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​។ លោក​ថា ការ​សម្របសម្រួល​មិន​អាច​បង្ខំ​ឆន្ទៈ​របស់​ភាគី​បាន​ទេ ប៉ុន្តែ​បើ​មាន​ប្ដឹងផ្ដល់ តែង​មាន​ការ​ឈ្នះ​ចាញ់ និង​មាន​ការ​គុំកួន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ការងារ​ជាមួយគ្នា​បន្ត​រយៈ​វែង​ឆ្ងាយ​ទៀត។

លោក យិន ម៉េងលី៖ «យើង​ទាំងអស់​គ្នា ដែល​ជា​ខ្មែរ​ដូចគ្នា វា​គ្មានអ្វី ដែល​សំខាន់​ជាង​យើង​និយាយ​គ្នា យើង​ជជែក​គ្នា​ទេ ព្រោះ​យើង​ធ្វើការ​នៅក្នុង​ឃុំ​សង្កាត់​ដូចគ្នា​។ ទោះបី​យើង​មកពី​គណបក្ស​នយោបាយ​ខុសគ្នា​ក៏ដោយ ក៏ប៉ុន្តែ​គោលដៅ​របស់​យើង​រួមគ្នា គឺ​អភិវឌ្ឍន៍​ឃុំ​សង្កាត់ ដើម្បី​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដូចគ្នា​ទេ​។ អ៊ីចឹង​យើង​គប្បី​មិន​ត្រូវ​យក​ខ្មែរ​គ្នាឯង​ធ្វើជា​សត្រូវ​ទេ​។ អ៊ីចឹង​មធ្យោបាយ​សម្របសម្រួល សម្រាប់​ខ្ញុំ ខ្ញុំ​គាំទ្រ ប៉ុន្តែ​ទៅលើ​ឆន្ទៈ​របស់​ភាគី អានោះ​ទុក​ឱ្យ​ភាគី​គេ​សម្រេច​ចិត្ត​ចុះ»

កាលពី​ថ្ងៃទី​២៦ តុលា ចៅ​សង្កាត់រង​ទី​២ គណបក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត ចោទ​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​អ្នកស្រី យាន រ៉ាស៊ី មក​ពី​គណបក្ស​កាន់អំណាច​ប្រើ​ហិង្សា​លើ​អ្នកស្រី​ដោយ​ច្របាច់​ក ខ្ទប់មាត់ និង​ឆក់​ទូរស័ព្ទ​ពី​អ្នកស្រី​កំពុងតែ​ឡាយ បន្ទាប់​ពី​មាន​ការ​ទាស់​សម្ដី​គ្នា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​ការ​សម្របសម្រួល​គ្នា ប្រសិនបើ​មិន​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទេ​នោះ ដោយ​ឈរ​លើ​គោលការណ៍​ខ្មែរ​តែមួយ ដើម្បី​អនុវត្ត​ការងារ​បម្រើ​ពលរដ្ឋ ហើយ​អ្នក​ប្រព្រឹត្ត​ខុស ត្រូវ​ចេះ​ទទួល​ស្គាល់​កំហុស និង​ធ្វើ​ការ​កែប្រែ ហើយ​ត្រូវ​បង្កើន​ការ​អភិវឌ្ឍន៍​ភូមិ​ឃុំ ជា​ការ​តបស្នង​ដល់​អ្នក​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។