គណបក្ស​ភ្លើងទៀន​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ខេត្តកោះកុង​ជាប់​ព្រំដែន​ថៃ

ដោយ យ៉ង ចាន់តារា
2022.05.28
គណបក្ស​ភ្លើងទៀន​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ខេត្តកោះកុង​ជាប់​ព្រំដែន​ថៃ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គណបក្សភ្លើងទៀន នៅ​ខេត្ត​កំពង់ធំ ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​គណបក្ស​ភ្លើងទៀន

គណបក្ស​ភ្លើងទៀន បន្តសកម្មភាព​ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ខេត្ត​ជាប់​ព្រំដែន នៅ​ថ្ងៃទី​២៨ ឧសភា ដោយមាន​មនុស្ស​ចូលរួម​រាប់​ពាន់នាក់​។ ចំណែក​គណបក្ស​ផ្សេងទៀត​គ្រាន់តែ​ហែ​ក្បួន​តូចៗ​នៅ​តាម​ឃុំ​សង្កាត់​ដែល​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ និង​ផ្សព្វផ្សាយ​នៅ​មូលដ្ឋាន​ដូចជា​ចាក់​មេក្រូ និង​ចែក​ខិត្តប័ណ្ណ​គោលនយោបាយ និង​សារ​នយោបាយ​នៅ​តាម​ផ្ទះ ដើម្បី​អំពាវនាវ​ទៅ​ម្ចាស់​ឆ្នោត​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា ( .ជ​.) អះអាង​ថា បើ​ទោះ​បី​ជា​អំឡុង​ពេលនេះ មាន​ពាក្យ​បណ្តឹង​ក៏ដោយ ក៏​ដំណើរការ​ឃោសនាបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ល្អ​ប្រសើរ​ដែរ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​ថ្ងៃទី​០៨ គណបក្ស​ភ្លើងទៀន បន្ត​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ជាប់​ព្រំដែន​ថៃ និង​ស្រុក​កោះធំ ខេត្តកណ្តាល​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​មាន​មនុស្ស​ចូលរួម​រាប់ពាន់​នាក់ ដោយ​ចាក់​មេក្រូ ដើរ​ចែក​ខិត្តប័ណ្ណ និង​បង្ហាញ​ពី​គោល​នយោបាយ​គណបក្ស​តាម​ដងផ្លូវ​។ ក្រុម​អ្នក​ហែ​ក្បូន​ភាគ​ច្រើន ធ្វើដំណើរ​ដោយ​ម៉ូតូ និង​រថយន្ត ពាក់អាវ​មួក និង​ដៃ​កាន់​ទង់​គណបក្ស ដោយ​ចាក់​បទ​ចម្រៀង និង​ថ្លែង​សារ​នយោបាយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ពួកគេ។

ក្នុង​យុទ្ធនា​ការឃោសនា​នៅ​ខេត្ត​កោះកុង ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​បាន​លើក​យក​បញ្ហា​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ អំពើពុករលួយ ដែល​អ្នក​មាន​អំណាច​បា​ន​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​រឹបអូស​យក​ដីស្រែ​ចំការ​ពលរដ្ឋ​ស្លូតត្រង់​។ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា បាន​ថ្លែង​នៅមុខ​អ្នក​គាំទ្រ​ថា កន្លងមក​ពលរដ្ឋ​នៅ​ខេត្តកោះកុង​បាន​រង​អំពើ​អយុត្តិធម៌ និង​រំលោភបំពាន​សិទ្ធិ​សេរីភាព​ជា​បន្តបន្ទាប់ ដូច្នេះ​មេឃុំ ចៅសង្កាត់​របស់​គណបក្ស​ភ្លើងទៀន​ត្រូវតែ​គោរព​សិទ្ធិ​អំណាច​ពលរដ្ឋ ដោយ​ការពារ​ដីធ្លី ធនធាន​ធម្មជាតិ ការពារ​ព្រៃឈើ ដីធ្លី ប្រកបដោយ​ទំនួល​ខុសត្រូវ ភាពស្មោះត្រង់ និង​មិន​ប្រព្រឹត្ត​ពុករលួយ ហើយ​ប្រឆាំង​ដាច់ខាត​រាល់​ការ​អភិវឌ្ឍ​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ និង​ជាតិ៖ «បើក​ហ្វេសប៊ុក​កាលណា​ឃើញ​តែ​ការ​ចាប់ចង ការ​លួច​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ យើងខ្ញុំ​នៅ​មិន​សុខ​ព្រោះ​ឃើញ​អាណិត​ខ្លោចផ្សា ថ្ងៃនេះ​គេ​យក​ផ្ទះ ដី​អ្នក​ផ្សេង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ផ្សេង ថ្ងៃក្រោយ​ប្រាកដ​មកដល់​យើង​ហើយ ដូច្នេះ​ដើម្បី​កុំឱ្យ​ដល់​យើង ត្រូវ​ការពារ​មុន​ដោយ​រួមគ្នា​ជាមួយ​គណបក្ស​ភ្លើងទៀន​ការពារ​ទ្រព្យសម្បត្តិ​ជាតិ និង​ប្រជាពលរដ្ឋ​យើង​ទាំងអស់គ្នា​។ ជយោ​! គណបក្ស​ភ្លើងទៀន ជយោ!»

ក្រៅពី​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​នៅ​ខេត្ត​កោះកុង និង​ខេត្តកណ្តាល គណបក្ស​នេះ ក៏បាន​រៀបចំ​ហែ​ក្បួន​នៅ​តាម​ស្រុក ក្រុង​មួយ​ចំនួន​នៃ​ខេត្ត​មួយ​ចំនួន​ដូចជា​កំពង់ធំ សៀមរាប បន្ទាយមានជ័យ​ជាដើម​។ ទន្ទឹម​នឹង​នេះ ពួកគេ​ក៏បាន​ធ្វើ​សកម្មភាព​មួយចំនួន​នៅ​តាម​មូលដ្ឋាន​ដូចជា​ការ​ចាក់​មេក្រូ និង​ចែក​ខិត្តប័ណ្ណ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ។

ចំណែក​គណបក្ស​កម្ពុជា​និយម​វិញ យុទ្ធនា​ការឃោសនា​ថ្ងៃទី​៨​បាន​ហែ​ក្បួន​ឃោសនាបោះឆ្នោត នៅ​ស្រុក​ទឹកផុស និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​មាន​អ្នកគាំទ្រ​ចូលរួម​ជិត​១​រយ​នាក់​។ គណបក្ស​នេះ នឹង​រៀបចំ​ហែ​ក្បូន​ឃោសនា​រក​សំឡេង​នៅ​សង្កាត់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ដូចជា​សង្កាត់​បឹងទំពុន​២ សង្កាត់​រលួស ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​លោក យ៉ែម ប៉ុញ្ញឬទ្ធិ ដែល​មាន​មនុស្ស​ចូលរួម​ជាង​១​រយ​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៩ ឧសភា។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​លោក សុខ ប៉េងឡុង ថ្លែង​ថា រយៈពេល​ឃោសនាបោះឆ្នោត​កន្លង​ទៅ​នេះ សកម្មជន​គណបក្ស​របស់​លោក​បាន​ជួប​បញ្ហា​ប្រឈម ជាមួយ​អាជ្ញាធរ​តាម​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​រារាំង​មិន​ឱ្យ​បោះតង់​ឃោសនា​នៅ​ទីតាំង​សាធារណៈ ប៉ុន្តែ​ករណី​ទាំងនេះ​បាន​ដោះស្រាយ​រួចរាល់​ហើយ ពុំ​មាន​ការ​ប្តឹងផ្តល់​ទៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​នោះ​ទេ៖ «បច្ចុប្បន្ន​នេះ​សង្កាត់​បឹងទំពុន​ទី​២ យើង​ដាក់​ស្តង់​ឃោសនា​មាន​អាជ្ញាធរ​ទៅ​គំរាមកំហែង សម្លុត​បើ​មិន​ចេញ​ទេ គាត់​ថា​នឹង​ចាប់​យក​ទៅ​ខណ្ឌ​ជាដើម អាហ្នឹង​រូបភាព​ដែល​គណបក្ស​មិនអាច​យក​បាន​ទេ ប៉ុន្តែ​ដោយសារ​គោល​នយោបាយ និង​គោលការណ៍​គណបក្ស​កម្ពុជា​និយម​អហិង្សា​ដោយ​ផ្តោត​លើ​ក្រមសីលធម៌ ដូច្នេះ​យើង​ក៏​ធ្វើ​តាម​ការណែនាំ​គេ​ទៅ»

រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ មិនបាន​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​នៅ​ថ្ងៃទី​២៨ ខែឧសភា ដោយសារ​ពួកគេ​កំណត់​យក​ផែនការ​ហែ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ចំនួន​២​ដង​ប៉ុណ្ណោះ គឺ​ថ្ងៃ​បើក និង​ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​។ ប៉ុន្តែ​គណបក្ស​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព​ឃោសនា​នៅ​តាម​ឃុំ សង្កាត់​នីមួយៗ ដោយ​ចាក់​មេក្រូ ចែក​ខិត​ប័ណ្ណ បង្រៀន​ពលរដ្ឋ​ពី​វិធី​គូស​នៅ​លើ​សន្លឹកឆ្នោត។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រហូត​មកដល់​ពេលនេះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​ទទួលរង​នូវ​ពាក្យ​ពី​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា គណបក្ស​របស់​លោក​បាន​ដាក់​ពាក្យ​ប្តឹង​សកម្មជន​គណបក្ស​ភ្លើងទៀន​ជាច្រើន​ករណី​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៅ​គ..ប ដោយ​លោក​ចោទ​ថា ពួកគេ​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​ច្បាប់៖ «គ្រប់​គណបក្ស​នយោបាយ​មិន​ឃើញ​បាតុភាព​អ្វី​ធំដុំ កើត​ចេញ​ពី​គណបក្ស​នយោបាយ​ប្រកួតប្រជែង​នោះ​ទេ បើ​តាម​ការ​វាយ​តម្លៃ​របស់​ខ្ញុំ​ដោយសារ​គណបក្ស​នយោបាយ ក៏ដូចជា​សកម្មជន​ចាស់ទុំ​ខាង​នយោបាយ យើង​មាន​បទពិសោធន៍​ឆ្លងកាត់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត»

រីឯ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត​រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជាដើម មិន​ទាន់​ប្រកាស​ថ្ងៃ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ ដោយ​សកម្មជន​គណបក្ស​នយោបាយ​ទាំងនេះ​បន្ត​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​ទ្រង់ទ្រាយ​តូចៗ​នៅ​តាម​ឃុំ-សង្កាត់។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​..) លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៨ ខែ​ឧសភា គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​ទូទាំង​ប្រទេស​បាន​ទទួល​បណ្តឹង​ចំនួន​៣៦​ករណី ក្នុង​នោះ​ដោះស្រាយ​បាន​ជិត​២០​ករណី​។ លោក​អះអាង​ថា ដំណើរការ​ឃោសនាបោះឆ្នោត​កន្លងមក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ល្អ ទោះបី​មាន​ពាក្យ​បណ្តឹង​ក៏ដោយ៖ «អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់ គាត់​មាន​បញ្ហា​សូម​ដោះស្រាយ​តាមរយៈ​ការ​ដាក់​ពាក្យ​បណ្តឹង នោះ​គឺជា​គំរូ​ល្អ​សម្រាប់​ដំណើរការ​ឃោសនា​បោះឆ្នោត»

ទោះ​យ៉ាងណា មន្ត្រីជាន់ខ្ពស់​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស សង្កេត​ឃើញ​ថា រយៈពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​មាន​ពាក្យ​បណ្តឹង​លើ​គណបក្ស​ភ្លើងទៀន​ទាក់ទង​សកម្មភាព​ឃោសនា និង​ការចែក​ថវិកា ខណៈ​បដា និង​ស្លាក​ជា​ច្រើន​កន្លែង​របស់​គណបក្ស​នយោបាយ​មួយចំនួន​រង​ការ​លួច​កាត់ និង​ហែក​បំផ្លាញ​ជា​ហូរហែ​។ ម្យ៉ាងទៀត​លោក​ឱ្យ​ដឹង​ថា ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេត​អង្កេត​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​សុំ​លាឈប់​វិញ ដោយសារ​ពួកគេ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព និង​ការ​បំភិតបំភ័យ៖ «ទោះបី​វា​មិន​មាន​ចំនួន​ច្រើន​ក៏ដោយ ប៉ុន្តែ​យើង​ឃើញ​មាន​បណ្តឹង​ហ្នឹង​នៅ​តាម​ខេត្ត​មួយចំនួន​ហ្នឹង ជាងនេះ​ទៅ​ទៀត​រូបភាព​ថ្មី យើង​បាន​ទទួល​នៅក្នុង​បណ្តឹង​ទាក់ទង​ទៅ​នឹង​ការ​លួច​ហែក​ស្លាក​បក្ស កាត់​ស្លាក​បក្ស​ចោល​ជាដើម»

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា​ខាងមុខ​។ ក្នុង​នោះ​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូល​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​សមាជិក ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាន​ចំនួន​ជាង ១​ម៉ឺន (១១.៦២២) អាសនៈ ហើយ​ប្រជា​ពលរដ្ឋ​ជាង ៩​លាន​២​សែន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។