ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ មីនានេះ សម្ដែងការខកចិត្តចំពោះមន្ត្រីទូតអាមេរិក ដែលបានបញ្ចេញមតិជុំវិញដំណើរការក្ដីលោក កឹម សុខា។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានថ្លែងកាលពីថ្ងៃទី១២ មីនា ម្សិលមិញថា លោក កឹម សុខា សក្ដិសមជាជើងឯកខាងសិទ្ធិមនុស្ស និងសេរីភាព ហើយសហរដ្ឋអាមេរិកចង់ឃើញមេបក្សប្រឆាំងរូបនេះ ទទួលបានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ។
ក្រសួងការបរទេសកម្ពុជាលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា យោបល់របស់លោក ប៉ាទ្រីក ម័រហ្វី ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា និងបង្ហាញឱ្យឃើញពីឥរិយាបថគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ។ ក្រសួងថ្លែងទៀតថា ការលើកឡើងនេះ ផ្ទុយទៅនឹងស្មារតីរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់ និងគោរពគ្នាទៅវិញទៅមក ព្រមទាំងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យរបស់ប្រទេសទាំងពីរទៀតផង។
ក្រសួងការបរទេសថ្លែងការពារតុលាការកម្ពុជាថា ជាស្ថាប័នឯករាជ្យ និងដាច់ដោយឡែក ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ ក្រសួងការបរទេសកម្ពុជា មិនបានទាមទារឱ្យមន្ត្រីទូតអាមេរិកកែតម្រូវប្រសាសន៍របស់លោកត្រង់ចំណុចណាមួយនោះឡើយ។
អាស៊ីសេរីបានទាក់ទងតាមអ៊ីមែលទៅមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជារួចហើយ ដើម្បីសុំប្រតិកម្មតបទៅនឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានេះ ក៏ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី បានថ្លែងក្រោយបញ្ចប់សវនាការរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១២ មីនាថា ដំណើរការក្ដីនេះនឹងប៉ះពាល់ខ្លាំងដល់នីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ព្រមទាំងទំនាក់ទំនងរវាងកម្ពុជា និងប្រទេសដទៃទៀតផងដែរ។ លោកបន្តថា លោក កឹម សុខា សមនឹងត្រូវបានគេទទួលស្គាល់ថា ជាជើងឯកខាងសិទ្ធិមនុស្ស និងសេរីភាព ហើយសហរដ្ឋអាមេរិកចង់ឃើញមេបក្សប្រឆាំងរូបនេះទទួលបានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ ហើយក៏សង្ឃឹមដែរថា ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមបាននៅក្នុងដំណើរការនយោបាយ។
ជាមួយគ្នានេះ លោក ប៉ាទ្រីក ម័រហ្វី មិនពេញចិត្តឡើយ ចំពោះអ្វីដែលលោកហៅថា ជាការការប្រឌិតរឿងថា សហរដ្ឋអាមេរិកបានឃុបឃិតជាមួយលោក កឹម សុខា ក្នុងសកម្មភាពដែលអាជ្ញាធរចោទថា ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ លោកបកស្រាយថា ជំនួយរបស់សហរដ្ឋអាមេរិកមានតម្លាភាព ហើយត្រូវបានផ្ដល់ឱ្យគ្រប់គណបក្សនយោបាយ ក្នុងនោះក៏រួមមានទាំងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ផងដែរ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ជឿថា ការលើកឡើងរបស់លោក ប៉ាទ្រីក ម័រហ្វី នេះ នឹងគ្មានឥទ្ធិពលលើតុលាការកម្ពុជាឡើយ ប៉ុន្តែគឺប្រសាសន៍របស់លោក ហ៊ុន សែន ទៅវិញទេ ដែលជាការដាក់សម្ពាធលើតុលាការ។ លោកយល់ថា មូលហេតុដែលឯកអគ្គរដ្ឋទូតអាមេរិកចាំបាច់ត្រូវបកស្រាយរឿងនេះ គឺដោយសារកន្លងមក ខាងអាជ្ញាធរកម្ពុជាបានភ្ជាប់ករណីលោក កឹម សុខា ជាមួយសហរដ្ឋអាមេរិក៖ « ជាតំណាងឱ្យប្រទេសរបស់លោក ខ្ញុំគិតថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមានសិទ្ធិក្នុងការបកស្រាយ ដើម្បីឱ្យសាធារណជនមានការជម្រះនូវមន្ទិលសង្ស័យដែលមន្ត្រីតុលាការ ទាំងតំណាងអយ្យការ និងខាងសហចៅក្រមជំនុំជម្រះទាំងអស់ហ្នឹង ដែលតែងតែមានការចោទសួរពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់លោក កឹម សុខា ហើយនិងខាងសហរដ្ឋអាមេរិក។ នេះជាសិទ្ធិដែលលោកអាចធ្វើទៅបាន មិនមែនជារឿងជ្រៀតជ្រែកអធិបតេយ្យអ្វីទេ » ។
កាលពីប៉ុន្មានថ្ងៃមុននេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសទុកជាមុនហើយថា លោក កឹម សុខា ត្រូវតែមានទោស ព្រោះមេបក្សប្រឆាំងរូបនេះបានដឹកនាំការតវ៉ាឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលនៅក្រោយការបោះឆ្នោត។ លោកបញ្ជាក់ថា លោកបានត្រៀមពន្ធនាគាររួចហើយ ហើយបើតុលាការចេញសាលក្រមពេលណា នោះលោកនឹងចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ដាក់គុកវិញភ្លាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។