អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ

ដោយ ប្រាជ្ញ ចេវ
2025.01.07
អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ (រូបកណ្ដាល) លោក លិម គិមយ៉ា អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ពេលចុះជួបសមាជិកគណបក្ស កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូប៖ ហ្វេសប៊ុក Kim-Ya Lim

អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន គឺ​លោក លិម គិមយ៉ា ត្រូវ​បាន​ឃាតក​ការ​បាញ់​សម្លាប់ នៅ​ប្រទេសថៃ ចំ​ថ្ងៃ​បក្ស​កាន់​អំណាច​អបអរ​ថ្ងៃ ៧មករា។ សកម្មជន និង​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​រក​ហេតុផល នៃ​ការ​បាញ់​សម្លាប់​នេះ និង​ឃាតក​ពិត ឬ​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង។

នេះ​ជា​ករណី​ថ្មី​ទី១ ដែល​មាន​ការ​បាញ់​សម្លាប់​មន្ត្រី​បក្ស​ប្រឆាំង​ខ្មែរ នៅ​លើ​ទឹកដី​ថៃ ខណៈ​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច ជា​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន។ អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​បី​គ្រាប់ បណ្ដាល​ឱ្យ​លោក​ស្លាប់​នៅ​ហ្នឹង​កន្លែង ដែល​ស្ថិត​​នៅ​ទី​ប្រជុំជន​មួយ​កន្លែង ក្បែរ​វត្តបូវ័ន្តនិវិត្ត (Wat Bowonniwet Vihara) ក្នុង​ទីក្រុង​បាងកក។ ទូរទស្សន៍​ថៃ បាន​ផ្សាយ​វីដេអូ​សុវត្ថិភាព​ដោយ​បង្ហាញ​ថា ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ជាង ១០នាទី ដែល​នៅ​ទី​នោះ មាន​អ្នក​លក់​នំចំណី និង​អ្នក​ធ្វើ​ដំណើរ​ដើរ​ទៅ​មក។ ជន​សង្ស័យ​បាន​ដោះ​មួក​សុវត្ថិភាព ទុក​លើ​ម៉ូតូ និង​មិន​បាន​បិទ​មុខ​ទេ ហើយ​បាន​ដើរ​ចេញ​ពី​ម៉ូតូ​ឆ្លង​ផ្លូវ​ទៅ​បាញ់​សម្លាប់​លោក លិម គិមយ៉ា រួច​ហើយ​ក៏​ប្រញាប់​ដើរ​មក​ជិះ​ម៉ូតូ​ចាកចេញ​ពី​កន្លែង​កើត​ហេតុ។ សាក្សី​នៅ​កន្លែង​កើត​ហេតុ​ប្រាប់​សារ​ព័ត៌មាន​ថៃ​ថា ខ្មាន់​កាំភ្លើង​បាន​ដក​កាំភ្លើង​បាញ់​យ៉ាង​ព្រហើន និង​ហាក់​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ប្រាប់​ថា លោក​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​លោក លិម គិមយ៉ា តាម​បណ្ដាញ​សង្គម​មុន​ពេល​លោក​ត្រូវ​គេ​បាញ់​សម្លាប់។ លោក​បន្ត​ថា ជំហរ​នយោបាយ​ចុង​ក្រោយ​របស់​លោក លិម គិមយ៉ា គឺ​ចង់​វិល​ទៅ​ធ្វើ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ ជាមួយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត ដែល​មាន​ទំនោរ​គាំទ្រ​លោក កឹម សុខា។ ទាក់ទង​ការ​បាញ់​សម្លាប់​នេះ​វិញ លោក ហ៊ីង សុខសាន្ត រំពឹង​ថា សមត្ថកិច្ច​ថៃ ស៊ើប​អង្កេត​ដោយ​យុត្តិធម៌ និង​ឯករាជ្យ ដែល​អាច​រក​ឃាតក​ឃើញ។

លោក ហ៊ីង សុខសាន្ត៖ «និយាយ​រួម គាត់ កឹម សុខា ១០០% ហ្មង និយាយ​ឱ្យ​ចំ។ ប៉ុន្តែ ១ខែ​ចុង​ក្រោយ​នេះ គាត់​មាន​បំណង​ទេ គាត់​មិន​ទាន់​ទៅ​ចូលរួម​ទេ ចង់​ទៅ​ចូលរួម​ជាមួយ​ហ្នឹង​សម្ព័ន្ធ​ឆ្ពោះ​ទៅ​មុខ ជាមួយ​លោក យ៉ែម ប៉ុញ្ញាឫទ្ធិ ជាមួយ លោក អ៊ុំ ប៉ុល ហំម ជាមួយ​គណបក្ស​ភ្លើង​ទៀន អ៊ីចឹងៗ ណា»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ថៃ តែ​មិន​ទាន់​ទទួល​បាន​ការ​បកស្រាយ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ ខែមករា។ វិទ្យុ​អាស៊ី​សេរី ក៏​កំពុង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​បាងកក និង​ទីក្រុងភ្នំពេញ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដែរ តែ​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទង​ករណី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​ស៊ើបអង្កេត​បែប​ណា គឺ​ជា​សិទ្ធិ​របស់​សមត្ថកិច្ច​ថៃ ព្រោះ​រឿង​នេះ​កើត​ឡើង​នៅ​ក្នុង​ទឹកដី​ថៃ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​សោកស្ដាយ ដែល​មាន​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេសថៃ​ពេល​នេះ។

លោក សុខ ឥសាន៖ «ជីវិត​មនុស្ស យើង​មាន​ការ​សោកស្ដាយ​ហើយ ប៉ុន្តែ យើង​ធ្វើ​ម៉េច បើ​ខ្មាន់​កាំភ្លើង​បាញ់​អ៊ីចឹង? បើ​អ៊ីចឹង បាន​ឱ្យ​សួរ​ប៉ូលិស​ថៃ កុំ​ចោទ​តែពីសតែពាស ចេះ​តែ​ម៉េច?»

លោក លឹម គឹមយ៉ា មាន​អាយុ ៧៤ឆ្នាំ មាន​សញ្ជាតិ​បារាំង និង​មាន​ភរិយា​ជា​ជនជាតិ​បារាំង គឺ​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៃ​មណ្ឌល​កំពង់ធំ។ ក្រោយ​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីឆ្នាំ២០១៧ មក អ្នក​នយោបាយ​គាំទ្រ​លោក កឹម សុខា រូប​នេះ តែងតែ​ប្រើ​ហ្វេសប៊ុក រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ទាក់ទង​រឿង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ រិះគន់​ថា រឿង​កោះគជ់ ផង​ដែរ។ មុន​ការ​សម្លាប់​នេះ ៤ថ្ងៃ លោក លិម គិមយ៉ា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៣ ខែមករា រឿង​អគ្គិភ័យ​ឆាបឆេះ ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ដែល​ព្រឹត្តិការ​នេះ​រៀបចំ​ដោយ​កូន​ប្រុស​ពៅ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី។ លោក លឹម គឹមយ៉ា លើក​ឡើង​ថា ព្រឹត្តិការ សាទរ​កម្ពុជា រហូត​ធ្វើ​ឱ្យ​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នេះ គ្មាន​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ឡើយ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ជា​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ផ្ដល់​យុត្តិធម៌ គឺ​គ្រប់គ្រាន់​ហើយ និង​មិន​ចាំបាច់​ចំណាយ​ថវិកា​ដូច​ព្រឹត្តិការណ៍​លោក ហ៊ុន ម៉ានី រៀបចំ​ឡើយ។ គ្រាន់​តែ​ប៉ុណ្ណឹង​សោះ រដ្ឋាភិបាល​ធ្វើ​មិន​បាន តើ​ឱ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់​ថា ការ​បាញ់​សម្លាប់​លោក លឹម គឹមយ៉ា អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​កម្ពុជា ច្រើន​ជាង​ទំនាស់​បុគ្គល។ លោក​កត់​សម្គាល់​ថា លោក លិម គិមយ៉ា បាន​រិះគន់​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី ដែល​ធ្វើ​ឱ្យ​គ្រួសារ​ត្រកូល​មិន​សប្បាយ​ចិត្ត។ លោក​បន្ត​ថា ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​កណ្ដាល​ក្រុងបាងកក​នេះ ជា​ការ​បង្ហាញ​ថា ឃាតក​ពិត​ជា​មនុស្ស​មាន​អំណាច។

លោក គឹម សុខ៖ «ខ្ញុំ​ថា ពាក់ព័ន្ធ​នឹង​នយោបាយ​ច្រើន ព្រោះ​ថា លោក លិម គិមយ៉ា គាត់​សកម្ម​ដែរ នៅ​ក្នុង​ឆាក​នយោបាយ។ គាត់​រិះគន់​លោក ហ៊ុន សែន ចំៗ កាល​ពី​ឆ្នាំ២០១៧ គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​នៅ​មាន​នៅ​ឡើយ ទាក់ទង​ទៅ​នឹង​ថវិកា​ជាតិ ហើយ​លោក បាន​គំរាម​លោក លិម គិមយ៉ា រហូត​ទៅ​ដល់ ប្រយ័ត្ន​នរក​ទៀត ហើយ​ចុង​ក្រោយ​នេះ រិះគន់​មិន​បណ្ដាក់​មាត់​ដែរ លើ លោក ហ៊ុន ម៉ានី ដែល​ធ្វើ​ឱ្យ ឆេះ ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ»

Kim-Ya_Lim_FB_111217a.jpg
(រូបកណ្ដាល) លោក លិម គិមយ៉ា អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងកិច្ចប្រជុំសមាជិកគណបក្ស​មួយ កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

នេះ​ជា​លើក​ទី១ ដែល​មាន​ការ​បាញ់​សម្លាប់​មន្ត្រី​បក្ស​ប្រឆាំង​កម្ពុជា នៅ​លើ​ទឹកដី​ថៃ ខណៈ​កន្លង​មក​ត្រឹមតែ​មាន​ករណី​វាយ​បង្ក​របួស​លើ​សកម្មជន​បក្ស​ប្រឆាំង និង​ការ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ​ពី​ប្រទេសថៃ យក​ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ លោក លឹម សុខា ឱ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ទី៧ ខែមករា ថា លោក​ទើបតែ​ដឹង​ដំណឹង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថា ក្រុម​ការងារ​លោក​នឹង​តាមដាន​ករណី​នេះ។ លោក យល់ថា នេះ​ជា​ការ​គំរាម​កំហែង​ថ្មី​បន្ថែម លើ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ ស្រប​ពេល​សមត្ថកិច្ច​ទើប​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ៦នាក់ ពី​ប្រទេសថៃ ទៅ​ឃុំ​ខ្លួន​នៅ​កម្ពុជា កាល​ពី​ចុង​ឆ្នាំ២០២៤។

លោក លឹម សុខា៖ «យើង​ត្រូវ​តែ​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ហ្នឹង ដើម្បី​ជំរុញ​ទៅ​ខាង UNHCR ហ្នឹង ដើម្បី​ឱ្យ​ជួយ​ជំរុញ​ជន​ភៀសខ្លួន​យើង​នៅ​បាងកក ទាំង​ប៉ុន្មាន​ហ្នឹង ឱ្យ​ផុតៗ ទៅ ដោយសារ​នៅ​ក្នុង​ប្រទេសថៃ នេះ​យើង​មើល​ទៅ​ស្ថានភាព ដូចជា អាក្រក់​ខ្លាំង ហើយ​ឥឡូវ​មក​ឃើញ ហេតុការណ៍​នៅ​ថ្ងៃ​ទី៧ មករា ម៉ោង​ជិត ៧ល្ងាច ហ្នឹង មាន​ការ​បាញ់​សម្លាប់ រហូត​អតីត​តំណាងរាស្ត្រ​ទៀត»

សមត្ថកិច្ច​ថៃ​កំពុង​ចាត់ចែង​ក្រុម​ការងារ​តាម​រក​ចាប់​ឃាតក ដែល​បាន​បាញ់​សម្លាប់​លោក លិម គិមយ៉ា។ ករណី​បាញ់​សម្លាប់​នៅ​កណ្ដាល​ទីក្រុងបាងកក​នេះ ស្រដៀង​គ្នា​នឹង​ការ​បាញ់​សម្លាប់​អ្នកស្រាវជ្រាវ និង​វិភាគ​នយោបាយ លោក បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុងភ្នំពេញ កាល​ពី​ឆ្នាំ២០១៦ ដែរ។

នាយក​អ្នក​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) លោក Phil Robertson លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ថា «ការ​បាញ់​ប្រហារ​យ៉ាង​សាហាវ​ឃោរឃៅ​លើ​លោក លិម គិមយ៉ា ជា​សញ្ញា​នៃ​ការ​ធ្វើឃាត​នយោបាយ ហើយ​មើល​ទៅ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ប្រើប្រាស់​ការ​គាបសង្កត់​ឆ្លងដែន នៅ​ក្នុង​ទីក្រុងបាងកក។ អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​សមត្ថកិច្ច​ថៃ ឱ្យ​ស៊ើបអង្កេត​ជា​បន្ទាន់ ដោយ​ហ្មត់ចត់ និង​តម្លាភាព ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ និង​មេ​ក្លោង ដែល​អាច​មាន​នៅ​ពី​ក្រោយ​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។