តុលាការភ្នំពេញបន្តបើកសវនាការសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក
2023.02.23
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងរបស់ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ដោយការបន្តសាកសួរសាក្សី នៅព្រឹកថ្ងៃទី២៣ កុម្ភៈ។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា សំណុំរឿងនេះពុំមែនជាកំហុសរបស់លោក សៀម ភ្លុក ទេ ដូច្នេះតុលាការគួរតែទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោកឱ្យមានសេរីភាពវិញ។
សំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នេះ ក៏មិនខុសពីសំណុំរឿងរបស់សកម្មជនគណបក្សប្រឆាំងផ្សេងទៀតដែរ ដែលតុលាការបន្តលើកយកមកជំនុំជម្រះ ក្រោមការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលថា ជាសំណុំរឿងនយោបាយ។
នៅក្នុងសវនាការលើកទី២ នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញអ្នកស្រី ជុំ សង្វា បានសួរដេញដោលសាក្សីម្នាក់ទៀត នៅចំពោះមុខស្ថាបនិកគណបក្សបេះដូងជាតិ គឺលោក សៀម ភ្លុក។ អ្នកស្រី ជុំ សង្វា ចោទសួរសាក្សីថា តើលោកផ្ដិតស្នាមមេដៃ ដើម្បីបានទទួលអំណោយអ្វីទេ ហើយការផ្ដិតនេះ គេមានសន្យាថា នឹងផ្ដល់អំណោយអ្វីទេ?។ សាក្សីតបថា លោកមិនបានទទួលអំណោយអ្វីឡើយ ហើយក៏គ្មានអ្នកបញ្ជាឱ្យលោកផ្ដិតមេដៃដែរ។ បន្ទាប់ពីសាកសួរសាក្សីចប់សមត្ថកិច្ច ក៏បានបញ្ជូនលោក សៀម ភ្លុក ត្រឡប់ទៅពន្ធនាគារព្រៃសវិញ នៅព្រឹកថ្ងៃដដែល។
តំណាងគណៈមេធាវីការពារក្ដីសំណុំរឿងលោក សៀម ភ្លុក គឺលោក កែត ឃី ប្រាប់វិទ្យុអាស៊ីសេរីថា សាក្សីដែលបានឆ្លើយបំភ្លឺចៅក្រមអះអាងថា ពួកគេជាប់រវល់ការងារនៅឆ្ងាយ ហើយមិនបានផ្ដិតមេដៃដោយខ្លួនឯងទេ ដោយឱ្យឪពុកផ្ដិតមេដៃជំនួស។ លោកបន្តថា ការផ្ដិតមេដៃជំនួសនេះ គឺពួកគេធ្វើឡើងដោយខ្លួនឯង ដោយសារពុំដឹងថា ការធ្វើបែបនេះមានទោសពៃរ៍ឡើយ។
លោក កែត ឃី៖ «ហើយអ្នកពាក់ព័ន្ធនឹងស្នាមមេដៃគាត់ថា អាងតែផ្ដិតគាំទ្រ ហើយកូនអីឱ្យផ្ដិតឱ្យជំនួសអី ដោយសារកូននៅឆ្ងាយ អ៊ីចឹង គាត់មិនយល់ថា ផ្ដិតទៅខុសមានរឿងមានរ៉ាវអីទេ។ អារឿងក្ដី គេតែងសួរអ៊ីចឹងឯង នីតិវិធី គឺគេត្រូវសួរដេញដោលគ្រប់គ្នាអ៊ីចឹង»។
សវនាការលើកទី២ នេះ មានអ្នកគាំទ្រលោក សៀម ភ្លុក ប្រមាណ ១០នាក់ តាមដានឃ្លាំមើលនៅមុខតុលាការ។ ចំណែកនៅជុំវិញតុលាការវិញ មានកម្លាំងសមត្ថកិច្ចប្រមាណ ១០នាក់ដាក់ពង្រាយការពារសន្តិសុខ។
កន្លងមក ស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ធ្លាប់លើកឡើងក្នុងតុលាការថា លោកគ្មានបំណងទុច្ចរិត ក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១ កន្លងទៅនេះទេ។
លោកបន្តថា លោកក៏មិនមែនជាអ្នកចុះផ្ទាល់ទៅប្រមូលស្នាមមេដៃអ្នកគាំទ្រនោះដែរ គឺតំណាងគណបក្ស នៅតាមខេត្តជាអ្នករៀបចំ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា តុលាការមិនគួរបន្តក្ដីក្ដាំលើសំណុំរឿងនេះទេ ព្រោះធ្វើឱ្យប៉ះពាល់ដល់ការរឹតត្បិតសិទ្ធិសេរីភាពការធ្វើនយោបាយរបស់លោក សៀម ភ្លុក។ លោកបញ្ជាក់ថា តុលាការក៏គួរតែទម្លាក់ចោលការចោទប្រកាន់លើលោក សៀម ភ្លុក និងដោះលែងលោកឱ្យមានសេរីភាពវិញ។
លោក នី សុខា៖ «បើយើងពិនិត្យមើលអង្គហេតុទាំងអស់ហ្នឹង គាត់អត់បានពាក់ព័ន្ធអីអំពីរឿងរ៉ាវទាំងអស់ហ្នឹងទេ ហើយខ្ញុំគិតថា រដ្ឋាភិបាល ជាពិសេស តុលាការគួរតែយកច្បាប់ ស្ដីអំពីការធ្វើគេហៅថា គណបក្សនយោបាយ ដើម្បីមកដោះស្រាយ ហើយក្រសួងមហាផ្ទៃ គួរតែមានការកែសម្រួលរឿងហ្នឹងទៅវិញ។ អាហ្នឹងជារឿងមួយ ដែលខ្ញុំគិតថា ជាការដោះស្រាយបញ្ហាការបង្កើតគណបក្សនយោបាយហ្នឹង គឺថា ឈរទៅលើគោលការណ៍ច្បាប់គណបក្សនយោបាយទៅ ដើម្បីយកមកដោះស្រាយ បញ្ហានេះ ហ្នឹងជាការប្រសើរជាងការប្ដឹងផ្ដល់ទៅតុលាការ»។
សមត្ថកិច្ចបានឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ដាក់ពន្ធនាគារព្រៃស (ម១) កាលពីថ្ងៃទី២៧ ខែមេសា ទាក់ទងបទចោទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង តាមបណ្ដឹងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
សំណុំរឿងនេះ ក៏មានអ្នកពាក់ព័ន្ធជាង ១០នាក់ផ្សេងទៀតដែរ ប៉ុន្តែតុលាការអនុញ្ញាតឱ្យពួកគេអាចនៅក្រៅឃុំបណ្ដោះអាសន្ន លើកលែងតែលោក សៀម ភ្លុក ទេ ដែលកំពុងជាប់ឃុំ។
កន្លងមកលោកមេធាវី ជួង ជូងី រិះគន់ថា តុលាការឃុំខ្លួនលោក សៀម ភ្លុក ពាក់ព័ន្ធរឿងស្នាមមេដៃ គឺអយុត្តិធម៌ចំពោះកូនក្ដីលោកណាស់ ព្រោះក្នុងចំណោមស្នាមមេដៃ ដែលបានដាក់ជូនក្រសួងមហាផ្ទៃគឺមានបញ្ហាតែជាងពីររយស្នាមមេដៃប៉ុណ្ណោះ ក្នុងចំណោមស្នាមមេដៃជាងបួនពាន់ (៤.០០០) ហើយបើទោះជា ក្រសួងមិនទទួលស្គាល់ ស្នាមមេដៃមានបញ្ហាទាំងនោះ ក៏ស្នាមមេដៃនៅសេសសល់ អាចគ្រប់ចំនួនស្នើបង្កើតគណបក្សបានដែរ។
តុលាការនឹងបន្តសវនាការជាថ្មីទៀត នៅថ្ងៃទី២ ខែមីនាខាងមុខ ដែលជាសវនាការអានចម្លើយសាក្សី ដែលមិនបានចូលបំភ្លឺ និងការឆ្លើយរបស់សមត្ថកិច្ច ដែលធ្វើកោសលវិច័យលើស្នាមមេដៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។