អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ​៤នាក់ ​និង​ម្នាក់​ទៀត​​ត្រូវ​គេ​​វាយ​របួស​ធ្ងន់ ពេល​តាម​ដាន​សវនាការ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​

0:00 / 0:00

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៤នាក់​ និង​ម្នាក់​ទៀត​ត្រូវ​បាន​​ជន​មិន​ស្គាល់​មុខ លួច​​​​វាយ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ក្នុង​ពេល​ពួកគាត់​តាម​ដាន​សវនាការ​​​ក្ដី​របស់​សកម្មជន​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី១៤ មករា។ មន្ត្រី​សង្គម​ស៊ីវិល​​ចាត់​រឿង​នេះ ថា ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

​​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូង​ឃ្មុំ​ចំនួន ៤នាក់ រួម​មាន​ លោក ម៉ក់ សំអាន​ លោក​ ព្រៅ​ ចាន់​ធឿន លោក​ ឆូវ កៀន និង លោក ​កែវ​ សុផុន។ ​​​ការ​​ចាប់​ខ្លួន​​នេះ គឺ​នៅ​ពេល​ពួក​គាត់ និង​​សកម្មជន​គណបក្ស​ប្រឆាំង​ ប្រមាណ​១០០​នាក់ទៀត ដែល​​​​មក​ពី​​គ្រប់​ខេត្ត​​ចូល​រួម​តាម​ដាន​សវនាការ​ជំនុំជម្រះក្ដី​​សកម្មជន​​បក្ស​នេះ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​មករា។

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក សាន សុខ​សីហា ប្រាប់​អាស៊ី​សេរី​ថា ​អាជ្ញាធរ​​ចាប់​ខ្លួន​សកម្មជន​​ ​២​នាក់ តាម​ដីកា​តុលាការ​ ដែល​ចោទ​ពួកគេ​​​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ​ចំណែក​២នាក់​ទៀត លោក​ថា អាជ្ញាធរ​ចាប់​ខ្លួន​ ដោយសារ​ពួកគាត់​​​​ចូល​រួម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​ ដោយ​ពុំ​បាន​សុំ​​ការអនុញ្ញាត​ពី​អាជ្ញាធរ។​ លោក​ឱ្យ​ដឹង​ថា ​ប៉ូលិស​បាន​បញ្ជូន​​ពួកគាត់​ទៅ​ឱ្យ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​​អស់​ហើយ​ ដើម្បី​​ចាត់​វិធាន​ការ​បន្ត៖ «បញ្ហា​សំខាន់​គឺ​ករណី​ចាំ​បាច់​បំផុត​គឺ​ការ​ ជួប​ជុំ​ត្រូវ​ធ្វើ​តាម​ច្បាប់​​ត្រឹមត្រូវ​ ត្រូវ​ការ​អនុញ្ញាត​ មាន​លិខិត​ស្នើ​សុំ​។ប៉ុន្តែ​ដែល​ពួកគាត់​ធ្វើ​នេះ​គឺ​ មក​ដោយ​លួច​លាក់​មិន​មាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​។​អីចឹង​យើង​ត្រូវ​ការ​ពង្រាយ​សមត្ថកិច្ច​ ដើម្បី​ការពារ​​ទីតាំង​សវនាការ​ ការពារ​សន្តិសុខ​សណ្ដាប់​ដល់​រាជធានី​ភ្នំពេញ »

ទោះ​ជា​យ៉ាង​ណា​ គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​មិន​ត្រឹមត្រូវ។

ប្រពន្ធ​​លោក​ ម៉ក់ សំអាន​ គឺ​លោក​ស្រី ​ប៉ុយ ចាន់លី ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​មិន​បាន​ផ្ដល់​ដំណឹង​ពី​ការ​ចាប់​ខ្លួន​​ប្ដី​របស់​​លោក​ស្រី ឱ្យ​គ្រួសារ​បាន​ដឹង​នោះ​ឡើយ​។ ​ស្ត្រី​វ័យ​៤០​ឆ្នាំ​រូប​នេះ​ ហៅ​ការ​ចាប់​ខ្លួន​នេះ​ ថា​ជា​រឿង​អយុត្តិធម៌​​ធ្វើ​បាប​​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​។ លោក​ស្រី​ បញ្ជាក់​ថា ប្ដី​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​​ខុស​ច្បាប់​អ្វី​ឡើយ៖ «គាត់​គ្មាន​រឿង​រាវ​អី​ផង​ ​គាត់​ជា​សកម្មជន​នយោបាយ​។ខ្ញុំ​លំបាក​ណាស់​ ជំពាក់​គេ​ក៏​ច្រើន មិន​ដឹង​រក​អី​ដាក់​អី​ទេ។​ខ្ញុំ​លំបាក​ក្នុង​ខ្លួន​ណាស់​ ខ្ញុំ​មាន​អារម្មណ៍​ដូច​អត់​មាន​ជំហរ​​ខ្ញុំ​និយាយ​អត់​ចេញ​ទេ »

ក្រៅ​ពី​ចាប់​ខ្លួន​សកម្មជន៤ នាក់នេះ អាជ្ញាធរ​​ក្រុង​ភ្នំពេញ​បាន​ដាក់​ពង្រាយ​​កង​កម្លាំង​​​​​ចម្រុះ​ប្រមាណ​៧០​នាក់ ​និង​បាន​រារាំង​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​ពួកគាត់​ចូល​ទៅ​ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​​ឡើយ។

ជា​មួយ​គ្នា​នេះ ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ផ្សារ​ដេប៉ូ​២ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​​​គឺ​លោក ធន់ ចាន់ថា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​​​ស្ទាក់​វាយ​​​បណ្ដាល​ឱ្យ​របួស​ធ្ងន់​ ក្នុង​​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ត្រឡប់​​​ទៅ​ផ្ទះ​វិញ​​នៅ​ម្ដុំ​សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌ​ទួលគោក​ ក្រុង​ភ្នំពេញ។ លោក ធន់ ចាន់ថា ប្រាប់​ថា ​ជនល្មើស​ជិះ​ម៉ូតូ​គ្នា​ ២នាក់​​​ ហើយ​ពួក​គេ​បាន​យក​​ដំបង​ឈើ​វាយ​ក្បាល ខ្លួន និង​ជើង​​របស់​លោក​ជា​ច្រើន​ដំបង​រួច​គេច​ខ្លួន​បាត់៖ «ឥឡូវ​ដើរ​លេង​ចង់​រួច​ហើយ​ កន្លែង​ក្បាលជង្គង់​អី​ហ្នឹង​វា​ជ្រាំ​ និយាយ​ទៅ​មួយ​តួ​ខ្លួន​ខ្ញុំ​ត្រូវ​ទាំង​អស់​ហ្មង​ វា​ទាត់​និង​ធាក់​ ព្រោះ​ឥឡូវ​និយាយ​ឱ្យ​ចំ​ទៅ​វា​ឈឺ​ពេញ​ខ្លួន​។​និយាយ​ទៅ​វា​អួល​ដើម​អរ​ហ្មង​មិន​នឹក​​ស្មាន​គ្រាន់​តែ​ទៅ​ចូល​រួម​សវនាការ​បន្តិចបន្តួច​ដើម្បី​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា មិន​គួរ​ណា​វា​ធ្វើ​របៀប​អីចឹង​។ប្រជាពលរដ្ឋ​នៅ​ច្រក​ហ្នឹង​គាត់​ឃើញ​ទិដ្ឋភាព​ហ្នឹង​វា​សាហាវ​ វា​មិន​ដឹង​គេ​តាម​ខ្ញុំ​ពី​កាល​មក »

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ​លោក​ ស៊ឹង សែន​ករុណា ​យល់​ថា ហេតុការណ៍​ដែល​បាន​កើត​ឡើង​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​​ផ្នែក​នយោបាយ ដើម្បី​រារាំង​ប្រជាពលរដ្ឋ​កុំ​ឱ្យ​​​ចូល​រួម​គាំទ្រ​សវនាការ​សំណុំរឿង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ក្រោយ​ទៀត។ លោក​ជឿ​ថា ប្រជាពលរដ្ឋ​ដែល​តាម​ដាន​ឃ្លាំមើល​សវនាការ​សកម្មជន​បក្ស​ប្រឆាំង អាច​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ៖ «អីចឹង​ហើយ​វា​មិន​មាន​ផល​ចំណេញ​អី​មក​ដល់​ប្រទេស​ជាតិ​ទេ​ វា​មាន​មូលដ្ឋាន​គ្រឹះ​ជា​ពិសេស​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល មាន​កិច្ច​ព្រមព្រៀង​ដែល​ជា​កិច្ច​ចាប់​ផ្ដើម នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ហ្នឹង​ យើង​គួរតែ​ពង្រឹង​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​អនុវត្តន៍​ឱ្យ​បាន​ច្បាស់​លាស់​ អា​ហ្នឹង​គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ចង់​បាន​។​មាន​ការ​គោរព​សិទ្ធិមនុស្ស មាន​ប្រជាធិបតេយ្យ​ មាន​ការ​ឱ្យ​រៀបចំ​ឱ្យ​សង្គម​ជាតិ​​ឱ្យ​បាន​ល្អ​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​​របស់​ប្រជាពលរដ្ឋ​ខ្លួន​ គឺ​យើង​ចង់​ឃើញ​ទាំង​អស់​គ្នា »

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ជន​ដៃដល់ ​ដែល​វាយ​ដំ​សកម្មជន​គណបក្ស​ប្រឆាំង​យក​មក​ផ្ដន្ទាទោស​ផង​ដែរ ដើម្បី​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ឆ្នាំ២០២០​ដល់​​ថ្ងៃ​ទី១៤ មករា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស​ សកម្មជន​បរិស្ថាន​ ព្រះសង្ឃ​ខ្មែរ​ថាវរៈ និង​ក្រុម​យុវជន​ជិត ៧០នាក់​ហើយ។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ពី​បទ ញុះញង់ រួម​គំនិត​ក្បត់ និង​បទ​ជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​ជា​ដើម។

អ្នក​ឃ្លាំង​មើល​ស្ថានការណ៍ ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ ដើម្បី​កម្ទេច​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​សេសសល់​ចុង​ក្រោយ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។