គណបក្សនយោបាយចំនួន៤ ពិភាក្សាជាមួយ គ.ជ.ប ជជែកអំពីកំណែទម្រង់ការបោះឆ្នោត
2022.09.01

គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានជួបជាមួយ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយនៅថ្ងៃពុធនេះ ជជែកគ្នាអំពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងបានដាក់សំណើចំនួនជាង ១០ចំណុចជូនស្ថាប័នកំពូលមួយនេះ។ សង្គមស៊ីវិលជំរុញទៅ គ.ជ.ប ឱ្យពិចារណាតាមការស្នើសុំរបស់គណបក្សនយោបាយទាំងនោះ ដើម្បីឲ្យសហគមន៍ជាតិ និងអន្តរជាតិមានជំនឿលើស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ ថា ឯករាជ្យ។
ដើម្បីឱ្យការបោះឆ្នោត២០២៣ ខាងមុខ ជាការប្រកួតប្រជែងស្មើភាព តម្លាភាព និងយុត្តិធម៌ គណបក្សក្រៅរដ្ឋាភិបាលទាំង៤ ទទូចឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ធ្វើកំណែទម្រង់ការបោះឆ្នោតឡើងវិញ ទៅតាមសំណើរបស់ពួកគេ។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី៣១ សីហា ថា គ.ជ.ប បានទទួលជួបតំណាងគណបក្សនយោបាយទាំងបួន ហើយពួកគេបានដាក់នូវសំណើចំនួន ១៦ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។ សំណើទាំងនោះ ចំណុចមួយចំនួនពាក់ព័ន្ធនឹងបញ្ហានីតិវិធី និងការងារបច្ចេកទេស ដែល គ.ជ.ប ទទួលយកទៅពិចារណា ខណៈចំណុចមួយចំនួន គ.ជ.ប យល់ថា មិនពាក់ព័ន្ធស្ថាប័នរបស់ខ្លួនឡើយ។ លោក គង់ ម៉ូនីកា លើកឡើងថា ប្រសិនបើ គ.ជ.ប មិនមានការកែលម្អ តំណាងគណបក្សទាំង៤ នឹងពិភាក្សាគ្នាទៅតាមស្ថានភាពជាក់ស្តែងបន្តទៀត។ លោកបញ្ជាក់ថា តំណាងគណបក្សទាំង៤ ក៏បានស្នើទៅ គ ជ ប ឱ្យពិចារណាទម្លាក់ចោលបទចោទប្រឆាំងទៅលើលោក សុន ឆៃ ដោយពួកគេយល់ថា អនុប្រធានគណបក្សភ្លើងទៀនរូបនេះ គ្រាន់តែបញ្ចេញមតិពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតប៉ុណ្ណោះ៖ «គណបក្សទាំង៤ បានមើលឃើញនូវចំណុចអវិជ្ជាច្រើន ដែលតម្រូវឱ្យមានការកែលម្អ និងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធមួយចំនួន ដើម្បីធានាថា ការបោះឆ្នោតនាពេលខាងមុខ ជាពិសេស ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ២០២៣។ ធានាបានថា ជាការបោះឆ្នោតមួយ ដែលទទួលយកបានទាំងអស់គ្នា ពីគ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតហ្នឹងបាទ ។ ខ្ញុំគិតថា គ ជ ប ត្រូវការពេលវេលា ដើម្បីធ្វើការប្រមូលនូវសំណើ ឬក៏ចំណុចទាំងឡាយ ដែលគណបក្សនយោបាយទាំង៤ លើកឡើង នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំរបស់ខ្លួន ហើយខ្ញុំសង្ឃឹម និងជឿជាក់ថា គ ជ ប នឹងឆ្លើយតបជាមួយ និងគណបក្សនយោបាយទាំង៤ ជាវិជ្ជមាន ក្នុងពេលឆាប់ៗ ខាងមុខនេះ»។
ក្នុងកិច្ចប្រជុំនោះ តំណាងគណបក្សទាំង៤ បានជួបជាមួយអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា និង អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា។
តាមការចុះផ្សាយរបស់ គ.ជ.ប ថ្ងៃទី៣១ សីហានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប លើកឡើងថា គ.ជ.ប បានទទួលយកសំណើ ប៉ុន្តែមិនមែនមានន័យថា ទទួលយកមកអនុវត្តនោះឡើយ។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការប្រាស្រ័យទាក់ទងគ្នារវាង គ.ជ.ប និងគណបក្សនយោបាយ គឺជាទម្លាប់ល្អឆ្ពោះទៅរកការបោះឆ្នោតនៅកម្ពុជាកាន់តែមានល្អប្រសើរស្របទៅនឹងលទ្ធិប្រជាធិបតេយ្យ៖ «ទី១ គ.ជ.ប និងទទួលយកអនុសាសន៍នេះ ដើម្បីធ្វើការពិភាក្សានៅក្នុងលក្ខខណ្ឌបច្ចេកទេស និងផ្ទៀងផ្ទាត់ជាមួយនឹងទិដ្ឋភាពច្បាប់ដែលមាន ហើយនឹងដាក់ជូនគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើការអនុម័ត ធ្វើការសម្រេចថា តើចំណុចណា ដែលទទួលយកបាន ហើយចំណុចណាមិនទទួលយកបាន។ ហើយទី២ ចំណុច ដែលទទួលយកបានអាចនឹងបញ្ចូលទៅក្នុងបទបញ្ជា និងនីតិវិធីដែល គ ជ ប កំពុងតាក់តែង ហើយនឹងដាក់ជូនទៅគ្រប់ភាគីពាក់ព័ន្ធវិញ ដើម្បីចូលរួមផ្តល់យោបល់លើបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ ខាងមុខនេះបាទ»។
កាលពីថ្ងៃទី២៦ ខែសីហា ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សភ្លើងទៀន បានជួបពិភាក្សាគ្នាអំពីការត្រៀមជួបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សទាំង៤ ចាត់ទុកការកែទម្រង់កិច្ចការបោះឆ្នោត និងច្បាប់ទាក់ទងការបោះឆ្នោត ជារឿងអាទិភាព ដើម្បីឲ្យដំណើរការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ មានការប្រកួតប្រជែងមួយស្មើភាព និងយុត្តិធម៌ ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់ថា ជារឿងល្អ ដែលគណបក្សនយោបាយ ដៃគូប្រកួតប្រជែងចូលរួមការបោះឆ្នោត បានជជែកជាមួយស្ថាប័ន គ.ជ.ប។ លោកបន្តថា វាជារឿងល្អដែល គ.ជ.ប អនុញ្ញាត និង ស្ដាប់ពីក្ដីបារម្ភរបស់គណបក្សនយោបាយ ទាក់ទងដំណើរការបោះឆ្នោតកន្លងមក និងការបោះឆ្នោតនាថ្ងៃខាងមុខ។ លោក កន សាវាង្ស លើកឡើងថា ក្រសួងមហាផ្ទៃ និងរដ្ឋសភាដែលជាស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យ និងចូលរួមស្ដាប់ ហើយពិចារណាចូលរួមដោះស្រាយ ដើម្បីធានានូវការបោះឆ្នោតខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងទទួលយកបាន៖ «ខ្ញុំមិនមានយោបល់អ្វីឱ្យជ្រៅទេ ប៉ុន្តែសម្រាប់នូវការចោទប្រកាន់ទៅលើអនុប្រធាន នៃគណបក្សភ្លើងទៀន នេះ គឺថា វាជាចំណុចមួយ ដែលពីមុនមក មិនដែលមាននៅក្នុងនីតិវិធីក្នុងការដោះស្រាយទេ។ ប្រទេសណាក៏ដោយ គេមិនដែលឃើញមានស្ថាប័នរៀបចំការបោះឆ្នោតហ្នឹង ប្ដឹងទៅគូប្រកួតប្រជែងទេ វាមានតែគូប្រកួតប្រជែងហ្នឹង ប្ដឹងទៅស្ថាប័ន នៃការរៀបចំវិញ។ តែសម្រាប់ស្រុកយើងជាការអនុវត្តកន្លងមកវាអត់ដែលមាន ហើយក៏ទើបតែមានដែរ ដែលគួរឱ្យពិចារណាឡើងវិញ សម្រាប់ស្ថាប័ន គ.ជ.ប។ នៅក្នុងការរៀបចំនីតិវិធីប្ដឹងនេះ គឺថា គ.ជ.ប ធ្វើឱ្យមានភាពប្រសើរហើយៗ បាទ នៅក្នុងការទទួល ការស្ដាប់ ការជជែកហ្នឹង។ គួរតែស្ដាប់នូវហេតុផលផ្សេងទៀត នៅក្នុងការលើកឡើងថា ហេតុអ្វីបានជាមានការលើកឡើងបែបហ្នឹង ហើយជាការបកស្រាយគ្នា ទើបអាចនឹងដោះស្រាយបញ្ហាបាន»។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅនេះ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល រកឃើញពីភាពមិនប្រក្រតីមួយចំនួន ដូចជា ការអនុវត្តរបស់មន្ត្រី គ.ជ.ប មិនត្រឹមត្រូវ ដោយបិទទ្វារបន្ទប់រាប់សន្លឹកឆ្នោត និងការបិទការិយាល័យមុនដំណើរការរាប់សន្លឹកឆ្នោតជាដើម។ ក្រៅពីនេះ ក៏មានអាជ្ញាធរ ដូចជា មេភូមិ ឬមេឃុំ អង្គុយចាំកត់ឈ្មោះអ្នកមកបោះឆ្នោត នៅក្នុងបរិវេណ នៃការិយាល័យបោះឆ្នោត។ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនទទួលយកលទ្ធផលការបោះឆ្នោតទាំងការឈឺចាប់ ស្របពេល ដែលអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនបានចេញរបាយការណ៍រិះគន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ។
តំណាងគណបក្សនយោបាយ និងសង្គមស៊ីវិល យល់ថា គ ជ ប គួរធ្វើខ្លួនជាស្ថាប័នគំរូល្អ និងឯករាជ្យពីបក្សនយោបាយ ស្របតាមច្បាប់កំណត់ ដើម្បីធានាថា គណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតទទួលបានភាពស្មើគ្នា ស្របច្បាប់ និងប្រកបដោយយុត្តិធម៌ ដែលអ្នកចាញ់ ចាញ់ដោយអស់ចិត្ត ហើយអ្នកឈ្នះ ឈ្នះដោយថ្លៃថ្នូរ ដែលពេលនោះហើយ ប្រហែលជាមិនមានទេនូវការចេញតវ៉ាតាមផ្លូវថ្នល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។