អគ្គរដ្ឋទូត​បារាំង​ជួប​លោក ឌី វិជ្ជា ពាក់ព័ន្ធ​ករណី​​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

0:00 / 0:00

[អានអត្ថបទជា ភាសាអង់គ្លេស៖ French ambassador discusses shooting probe with Cambodian police official]

ឯក​អគ្គរដ្ឋទូត​បារាំង​​ប្រចាំ​នៅ​កម្ពុជា​​ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ បាន​ជួប​ពិភាក្សា​ជា​មួយ​​​​អគ្គស្នងការ​រង​នគរបាល​ជាតិ​​លោក ឌី វិជ្ជា ពាក់ព័ន្ធ​ ចំណាត់​ការ​របស់​អាជ្ញាធរ​កម្ពុជា​​​ទៅ​លើ​ការ​ស៊ើបអង្កេត​​ ក្នុង​​សំណុំ​​ រឿង​ឃាតកម្ម​​​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​​​លោក លិម គិមយ៉ា។ មន្ត្រី​​សង្គម​ស៊ីវិល​​ថា ជំនួប​ពិភាក្សា​​របស់​ស្ថាន​ទូត​​បារាំង​​​​នេះ​​​គឺ​ជា​រឿង​​ល្អ ​​​​​ហើយ​​ ភាគី​កម្ពុជា​ត្រូវ​តែ​​សហការ និង​ជួយ​ពន្លឿន​​​ចាប់ និង​បញ្ជូន​​​ខ្លួន​​​ជន​សង្ស័យ ​មួយ​ចំនួន ​ដែល​រស់​​នៅ​កម្ពុជា​​​ប្រគល់​ឱ្យ​ទៅ​ប៉ូលិស​ថៃ​ ដើម្បី​ធ្វើ​ការស៊ើបអង្កេត​​​បន្ត​ឱ្យ​បាន​ឆាប់។

ទូតបារាំង​តាមដាន​ករណី​ឃាតកម្ម​លោក លិម គិមយ៉ា

ស្ថាន​ទូត​បារាំង​​ប្រចាំ​នៅ​កម្ពុជា​​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នេះ​ បាន​ បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ិច (X)​ ថា ឯកអគ្គរដ្ឋ​ទូត​បារាំង​​​ លោក ហ្សាក់ ប៉ឺឡេ បាន​ជួប​ពិភាក្សា​ជា​មួយ ​​​​អគ្គស្នងការ​រង​នគរបាល​ជាតិ​​លោក ​ឌី វិជ្ជា​ នៅ​ឯ​ស្នងការ​នគរបាល​រាជធានី​​ភ្នំពេញ​​​ ដើម្បី​តាមដាន​​លើ​​ចំណាត់​ការ​​របស់​អាជ្ញាធរ​កម្ពុជា​​ ​​ក្នុង​​​​សំណុំ​រឿង​​​ឃាតកម្ម​​​​​លើ​លោក លិម គិមយ៉ា កាលពី​ថ្ងៃ​ទី​៧ ខែ​​មករា​​ នៅ​កណ្ដាល​​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​។ ទន្ទឹម​នឹង​នោះ​ ​ស្ថាន​ទូត​បារាំង​បាន​បញ្ជាក់​ថា អាជ្ញាធរ​បារាំង​​តាម​ដាន​ ការ​ស៊ើប​អង្កេត​​នេះ​យ៉ាង​ដិត​ដល់​​។

🇫🇷 Ambassador Pellet met with Mr. Dy Vichea, deputy Chief of the National Police, to discuss the measures taken by the Cambodian authorities in connection with the Thai investigation into the murder of French citizen Mr. Lim Kimya. <br/>France is monitoring closely the investigation.

វិទ្យុ​អាស៊ីសេរីពុំ​អាច​ទាក់ទង​​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន​ និង​​តំណាង​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ដើម្បី​បញ្ជាក់​បន្ថែម​ពី​លទ្ធផល​​នៃ​ជំនួប​​នេះ​​បាន​​​នៅ​ឡើយ​​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

ទោះ​ជា​​យ៉ាងណា​កាល​ពី​ថ្ងៃ​ទី​០៩ មករា កន្លងមក​ ​បារាំង​​​​​​​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​​ ថ្កោលទោស​​​ចំពោះ​ការ​បាញ់​សម្លាប់​ ​​ពលរដ្ឋ​​ខ្មែរ​សញ្ជាតិ​បារាំង​គឺ​​​​​លោក លិម គិមយ៉ា ម្ដង​រួច​មក​ហើយ។ ទន្ទឹម​នឹង​​​នោះ​ ​ពួក​គេ​​​ក៏​​​​បង្ហាញ​ឆន្ទៈ​ ​ប្ដេជ្ញា​​ចិត្ត​​ ​​បន្ត​​តាម​​ដាន​លើ​ករណី​​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត​​ ​​ជាពិសេស​ចំពោះ​ការ​ស៊ើបអង្កេត​​របស់​សមត្ថកិច្ច​ថៃ។

មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​កម្ពុជា​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​​​ឱ្យ​បាន​ត្រឹម​ត្រូវ

ទាក់ទិន​រឿង​នេះ​ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី លើក​ឡើង​ថា ការ​តាម​ដាន​របស់​ស្ថាន​ទូត​បារាំង​លើ​ករណី​ឃាតកម្ម​ លោក លិម គិមយ៉ា នេះ ​គឺ​ជា​រឿង​ល្អ ដូច្នេះ​ អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​សហការ ​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​​​ឱ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស លោក​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ចាប់​ខ្លួន​ជន​សង្ស័យ​ ដែល​ជា​ពលរដ្ឋ​​​ខ្មែរ​ ពីរ​នាក់​ទៀត​​ ប្រគល់​ឱ្យ​ទៅ​ប៉ូលិស​ថៃ​ ​​ដើម្បី​​​ធ្វើ​យ៉ាង​ណា​បង្ហាញ​​ថា អាជ្ញាធរ​កម្ពុជា​ ពិត​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​នៃ​​ឃាតកម្ម​មួយ​នេះ។

លោក យិន ម៉េងលី៖«បើ​ទោះ​ជា​មាន​ឆន្ទៈ ឬ​គ្មាន​ឆន្ទៈ ចង់​មិន​ចង់​គឺ​ត្រូវ​តែ​សហការ​ដែរ​ នៅ​ក្នុង​ឆាក់​អន្តរជាតិ​នេះ​។ ប្រសិនបើ​មិន​សហការ មិន​បង្ហាញ​ឱ្យ​ច្បាស់​លាស់​ទេ​ យើង​នឹង​មាន​ការ​លំបាក​ពាក់ព័ន្ធ​នឹង​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល​របស់​យើង នៅ​លើ​ឆាក់​អន្តរជាតិ ព្រោះ​ថា​រដ្ឋាភិបាល​មិន​អាច​នៅ​ឯកោ​តែ​ឯង​ទេ ត្រូវ​មាន​ការ​ទំនាក់ទំនង​ជា​អន្តរជាតិ​នេះ​ឯង»។

អត្ថបទដែលទាក់ទង៖

លោក ហ៊ុន សែន បញ្ចេញ​សារ​សំឡេង ដែល​ប៉ុនប៉ង​ធ្វើឃាត​លោក

តំណាង​ជន​ភៀសខ្លួន​នៅ​ថៃ​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​បញ្ជា​ឱ្យ​សម្លាប់​លោក លិម គិមយ៉ា

គ្រួសារ​លោក លិម គិមយ៉ា អំពាវនាវ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​បន្ត​តស៊ូ​ដើម្បី​រក​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ

ប្រវត្តិ​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្របក្ស​សង្គ្រោះជាតិ ដែល​គេ​ធ្វើ​ឃាត​នៅ​ប្រទេស​ថៃ

មក​ទល់​ពេល​នេះ​​​​​​រដ្ឋាភិបាល​កម្ពុជា​ ​​នៅ​មិន​ទាន់​​ចាប់​ខ្លួន​​ជនសង្ស័យ​​ចំនួន​ ​២នាក់​​ គឺ​​​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន ​​​​លោក លី រតនរស្មី និង​​លោក ពេជ្រ គឹមស្រ៊ិន ដែល​ជា​កូនចៅ​របស់​អភិបាល​រាជធានី​ភ្នំពេញ ​លោក ឃួង ស្រេង ដើម្បី​​បញ្ជូន​ឱ្យ​​ទៅ​អាជ្ញាធរ​ថៃ​​​ អនុវត្ត​នីតិវិធី​នៅ​ឡើយ។ ករណី​នេះ​ ​ធ្វើ​ឱ្យ​អ្នកឃ្លាំមើល និង​ពលរដ្ឋ​ខ្មែរ ភាគ​ច្រើន​ដាក់​ការ​សង្ស័យ​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ា អាច​ជាប់​ពាក់ព័ន្ធ​នឹង​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​បច្ចុប្បន្ន ទើប​អាជ្ញាធរ​កម្ពុជា​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​ខ្នះខ្នែង​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។