អ្នកជំនាញតំបន់ទន្លេមេគង្គ ព្រមានពីផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរដល់ទន្លេមេគង្គ បង្កឡើងដោយការសាងសង់ព្រែកជីកហ្វូណនតេជោ។ លើសពីនេះទៀត ព្រែកជីកហ្វូណនតេជោនេះ ក៏អាចបង្កឱ្យមានផលប៉ះពាល់ដល់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដោយសារតែព្រែកជីកនេះ អាចផ្តល់ជាមធ្យោបាយតាមផ្លូវទឹកមួយសម្រាប់បម្រើឱ្យផលប្រយោជន៍សន្តិសុខរបស់ចិនចូលមកដល់រាជធានីភ្នំពេញ។
សូមទស្សនាបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងនាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ ស្ទីមស៊ិន សេនធឺរ (Stimson Center) លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) ជុំវិញផលប៉ះពាល់នៃគម្រោងសាងសង់ព្រែកជីកហ្វូណននេះ។
សេចក្តីអធិប្បាយ៖ អ្នកជំនាញតំបន់ទន្លេមេគង្គ និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ ស្ទីមស៊ិន សេនធឺរ (Stimson Center) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន (Washington D.C.) សហរដ្ឋអាមេរិក លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) យល់ថា ថ្វីបើគម្រោងព្រែកជីកហ្វូណនតេជោ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជាក៏ដោយ ក៏នៅមានបញ្ហាចម្រូងចម្រាសជាច្រើនដែលនៅពុំទាន់មានចម្លើយ ឬដំណោះស្រាយជាក់លាក់នៅឡើយ។ បញ្ហាចំនួន៥ ដែលលោកមើលឃើញ មានដូចជាភាពមិនច្បាស់លាស់នៃការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងការផ្លាស់ទីលំនៅរបស់ពលរដ្ឋនៅជុំវិញតំបន់គម្រោង តម្លាភាពនៃគម្រោង ការមិនឱ្យគណៈកម្មការទន្លេមេគង្គចូលមកពាក់ព័ន្ធក្នុងគម្រោងនេះ ជម្រើសប្រសើរដទៃទៀតជាជាងការសាងសង់ព្រែកជីក និងផលវិបាកផ្នែកភូមិសាស្ត្រនយោបាយ។ លោកព្រមានថា កម្ពុជាកំពុងធ្វើនូវរឿងរ៉ាវដែលផ្តល់ផលវិបាកឱ្យខ្លួនឯងច្រើនជាងទៅវិញទេ បើរដ្ឋាភិបាលកម្ពុជានៅតែជម្នះអនុវត្តគម្រោងនេះ។
លោក មាន ឫទ្ធិ៖ តើមានការសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថានជាក់លាក់ពីស្ថាប័ន ឬអង្គការឯករាជ្យណាមួយទៅលើគម្រោងសាងសង់ព្រែកជីកនេះហើយឬនៅគិតមកទល់ពេលនេះ ?
លោក ប្រាយអ៊ិន អាយល័រ៖ ខ្ញុំដឹងថា ខាងភាគីវៀតណាមកំពុងរវល់នឹងការសិក្សាលើគម្រោងនេះ។ រដ្ឋាភិបាលវៀតណាមបានតម្រូវឱ្យស្ថាប័នមួយចំនួនឱ្យធ្វើការរួមគ្នាលើការវាយតម្លៃរបស់ខ្លួនជុំវិញគម្រោងព្រែកជីកនេះ។ ខ្ញុំគិតថារឿងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធានាទៅក្រុងហាណូយ (Hanoi) ទៅនាយករដ្ឋមន្ត្រីវៀតណាម (Vietnam) ហើយរឿងដែលវៀតណាមកំពុងសិក្សាដោយឯករាជ្យខ្លួនឯងលើគម្រោងនេះ សុទ្ធសឹងតែជារឿងមិនចាំបាច់នោះទេ។ ពោលគឺដំណើរការទាំងនេះ គួរតែកើតឡើងតាមរយៈគណៈកម្មការទន្លេមេគង្គ។ នេះគឺជាអ្វីដែលប្រទេសទាំងនេះបង្កើតគណៈកម្មការទន្លេមេគង្គឡើងសម្រាប់ធ្វើការងារដូច្នេះ។ នេះគឺជាអ្វីដែលប្រទេសទាំងនេះចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៩៥។ ដូច្នេះ ប្រសិនបើគណៈកម្មការទន្លេមេគង្គអាចជាស្ថាប័នមួយដែលធ្វើការវាយតម្លៃលើផលប៉ះពាល់ ឬពិនិត្យមើលការវាយតម្លៃអំពីផលប៉ះពាល់ ជំនាញបច្ចេកទេស និងផ្សព្វផ្សាយព័ត៌មាននេះឱ្យគេឯងដឹងឮនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក យើងនឹងអាចដឹងបានច្រើនបន្ថែមទៀតអំពីគម្រោងនេះ អំពីផលប៉ះពាល់បរិស្ថាន ឬក៏ផលប៉ះពាល់នៃការផ្លាស់ទីលំនៅ ឬផលប៉ះពាល់ដទៃទៀតដែលអាចកើតមានឡើងចេញពីគម្រោងនេះ។ ផលប៉ះពាល់ខ្លះនឹងអាចត្រូវបានកាត់បន្ថយដោយសារការពាក់ព័ន្ធរបស់គណៈកម្មការទន្លេមេគង្គ។ ធ្វើដូច្នេះ កម្ពុជានឹងទទួលបានគម្រោងល្អប្រសើរមួយនៅទីបំផុតទៅ។
សេចក្តីអធិប្បាយ៖ ប្រសិនបើគ្មានអ្វីប្រែប្រួល កម្ពុជាគ្រោងចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនតេជោនេះ នៅក្នុងឆ្នាំ២០២៤ ហើយអាចនឹងបញ្ចប់ទៅវិញនៅឆ្នាំ២០២៧។ ព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកខ្នាតយក្សមិនធ្លាប់មានពីមុនមកនៅកម្ពុជាតាំងពីក្រោយសម័យអង្គរនេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ១ពាន់៧រយលានដុល្លារ។ គម្រោងនេះនឹងធ្វើឱ្យកម្ពុជាឈប់ពឹងផ្អែកលើការដឹកជញ្ជូនទំនិញតាមផ្លូវទឹកឆ្លងកាត់តាមប្រទេសវៀតណាមតទៅទៀត។ ទោះយ៉ាងណា គម្រោងនេះ កំពុងបង្កឱ្យមានការប៉ះទង្គិចគ្នានៃដែនឥទ្ធិពលអំណាចរបស់ចិន និងវៀតណាមនៅកម្ពុជា។ លោក ប្រាយអ៊ិន អាយល័រ បានដាក់ជាចម្ងល់ថាចិនអាចនៅពីក្រោយការផ្តួចផ្តើមគំនិតឱ្យកម្ពុជាធ្វើគម្រោងព្រែកជីកនេះឡើង។
លោក មាន ឫទ្ធិ៖ លោកក៏បានលើកឡើងពីផលប៉ះពាល់នៃគម្រោងនេះទៅលើកត្តាភូមិសាស្ត្រនយោបាយក្នុងតំបន់ដែរ។ ដូច្នេះ តើលោកគិតថា វាចាំបាច់ដែរឬទេសម្រាប់កម្ពុជាក្នុងពេលនេះដែលត្រូវសាងសង់គម្រោងនេះឡើង ? ឬក៏ថាតើនេះអាចជាការបំផុសគំនិតចេញមកពីប្រទេសចិនដែលចង់បានផលប្រយោជន៍សន្តិសុខរបស់ខ្លួនក្នុងតំបន់ដែរឬទេ ?
លោក ប្រាយ អ៊ិន អាយល័រ៖ បាទ! ខ្ញុំក៏មានចម្ងល់អំពីប្រភពដើមនៃគម្រោងនេះដែរថាតើវាចេញមកពីណាមុនគេ។ ខ្ញុំគិតថាមានជម្រើសផ្សេងទៀតដែលល្អដូចគ្នា បើទោះបីជាជម្រើសទាំងនោះមិនមែនជាជម្រើសល្អប្រសើរក៏ដោយ។ ប្រាកដណាស់ជម្រើសផ្សេងទៀត អាចមានផលប៉ះពាល់បរិស្ថានតិចជាងនេះ ប៉ុន្តែអាចមានអត្ថប្រយោជន៍ពាណិជ្ជកម្មប្រសើរជាងសម្រាប់ប្រទេសកម្ពុជា និងអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវឯករាជ្យ និងស្វ័យភាពដែលខ្លួនកំពុងស្វែងរកតាមរយៈគម្រោងព្រែកជីកនេះ។ ដោយសារព្រែកជីកនេះមើលទៅដូចជាមានអត្ថប្រយោជន៍ល្អសម្រាប់កម្ពុជា ដោយវាបញ្ចៀសកុំឱ្យមានការបញ្ជូននាវា និងកប៉ាល់ដឹកទំនិញឆ្លងកាត់តាមប្រទេសវៀតណាម ពោលគឺដឹកកុងតឺន័រឆ្លងកាត់ប្រទេសវៀតណាមរួចទម្លាក់កុងតឺន័រចុះនៅទីក្រុងហូជីមិញ រួចទើបផ្ទេរទៅដាក់លើកប៉ាល់ដឹកជញ្ជូនធំៗតាមសមុទ្រដើម្បីដឹកទៅកាន់ពិភពលោក។ ព្រែកជីកនេះនឹងបញ្ចៀសនូវរឿងរ៉ាវអស់ទាំងនេះ ហើយមានផលប្រយោជន៍ច្រើនទៀតដែលកម្ពុជាទទួលបានមកវិញ។ ទោះយ៉ាងណាក៏ដោយ រឿងនោះអាចធ្វើបានដោយពុំចាំបាច់មានព្រែកជីកនេះទេ។ ពោលគឺអាចធ្វើបានតាមរយៈប្រព័ន្ធផ្លូវរថភ្លើងដែលប្រសើរជាងនេះ។ កម្ពុជាមានប្រព័ន្ធផ្លូវរថភ្លើងពីភ្នំពេញទៅកំពត ទៅខេត្តព្រះសីហនុ រួចស្រាប់ហើយ ហើយក៏មានរៀបចំគម្រោងសម្រាប់ធ្វើផ្លូវរថភ្លើងល្បឿនលឿនដែលអាចជួយសម្រួលដល់គោលបំណងនេះដែរ...។ ដូចគ្នានេះដែរ គេក៏អាចដឹកជញ្ជូនតាមផ្លូវល្បឿនលឿនបានដែរ។ ព្រែកជីកនេះមានផលប៉ះពាល់បរិស្ថានច្រើនជាងគម្រោងទាំងនេះ ហើយទំនងជានឹងបន្ថែមនូវផលប៉ះពាល់យ៉ាងខ្លាំងទៅលើទន្លេមេគង្គទាក់ទងនឹងដំណើរការផែនការលំហូរទឹកទន្លេ។
លោក មាន ឫទ្ធិ៖ តើព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ហេដ្ឋារចនាសម្ព័ន្ធគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ?
លោក ប្រាយអ៊ិន អាយល័រ៖ បាទ! ខ្ញុំគិតថា គម្រោងនេះនឹងក្លាយជាគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវដ៏លេចធ្លោមួយ ហើយវាកើតមានឡើងក្នុងពេលដែលគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិនកំពុងស្ថិតក្នុងចំណុចរបត់។ តើចិននឹងទៅវិនិយោគនៅកន្លែងណាខ្លះទៀតនៅលើពិភពលោក ខណៈហេដ្ឋារចនាសម្ព័ន្ធកំពុងប្រែប្រួល ហើយធនធានរបស់ចិនក៏កំពុងថមថយទៅៗនោះ? ដូច្នេះខ្ញុំគិតថា ចិនមើលទៅក្នុងតំបន់នេះ ហើយនិយាយថានេះជាទីធ្លាខាងក្រោយផ្ទះរបស់ខ្លួន។ នេះគឺជាផ្នែកមួយនៃពិភពលោកដែលមានសារៈសំខាន់បំផុតដើម្បីឱ្យចិនកំណត់ពីលទ្ធផលនៃដែនអំណាចរបស់ខ្លួន។ តើមិត្តជិតស្និទ្ធបំផុតរបស់ចិននៅឯណា? មិនបានន័យថាកម្ពុជា? តើចិនអាចវិនិយោគលើព្រែកជីកនេះនៅឯណា? ក្នុងកម្រិតណាមួយនោះ គម្រោងនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់កម្ពុជា ប៉ុន្តែបើគេមើលក្នុងន័យផ្គត់ផ្គង់ភស្តុភារ និងសន្តិសុខវិញ ខ្ញុំព្រួយបារម្ភដោយសារតែព្រែកជីកនេះនឹងផ្តល់ជាមធ្យោបាយតាមផ្លូវទឹកមួយសម្រាប់បម្រើឱ្យផលប្រយោជន៍សន្តិសុខរបស់ចិន ឬផលប្រយោជន៍សន្តិសុខនៃកម្លាំងខាងក្រៅណាមួយដើម្បីចូលមកដល់រាជធានីភ្នំពេញ។
លោក មាន ឫទ្ធិ៖ ប៉ុន្តែព្រែកជីកនេះមានជម្រៅមិនដល់៦ម៉ែត្រផងហ្នឹង ?
លោក ប្រាយអ៊ិន អាយល័រ៖ ច្បាស់ណាស់ថា យើងមិននិយាយអំពីនាវាចម្បាំងផ្ទុកយន្តហោះនោះទេ ប៉ុន្តែគឺជាប្រភេទនៃនាវាល្បាតរួមគ្នា ដែលយើងឃើញមាននៅតាមទន្លេមេគង្គខ្សែទឹកខាងលើ ហើយមានប្រភពចេញមកពីប្រទេសចិន ដែលអាចផ្លាស់ទីបានយ៉ាងងាយស្រួលតាមព្រែកជីកនោះ។ ហេតុអ្វីបានជាវាក្លាយជារឿងសមហេតុផលសម្រាប់កម្ពុជា ឬហេតុអ្វីបានជាចិនចង់បញ្ជូននាវាតាមទន្លេ ជានាវាល្បាតរួមគ្នា ឬជានាវាកងទ័ពជើងទឹកមកកម្ពុជា? យើងត្រូវតែគិតគូរអំពីរឿងនេះ។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកទៅមើលកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង (Mekong-Lancang) ថ្មីៗនេះ ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ការពិភាក្សាដ៏សំខាន់គឺផ្តោតលើបញ្ហាសន្តិសុខរួមគ្នា និងប្រតិបត្តិការសន្តិសុខរួមគ្នា។ យើងបានឃើញស្រាប់ហើយថា មានប៉ូលិស និងកងកម្លាំងសន្តិសុខចិន បំពេញប្រតិបត្តិការនៅកម្ពុជា ដោះស្រាយបញ្ហាឧក្រិដ្ឋជនចិន និងជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរនៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងទូទាំងប្រទេសកម្ពុជា។ ដូច្នេះមានការលើកទឹកចិត្ត និងការចាប់អារម្មណ៍នៅទីនោះដើម្បីពង្រឹងវត្តមានសន្តិសុខរបស់ចិន។ តើការណ៍នេះអាចទាក់ទាញឱ្យមានទម្រង់ផ្សេងទៀតនៃវត្តមានសន្តិសុខតាមផ្លូវទឹកចូលមកកម្ពុជាដែរឬទេ? នេះគឺជាអ្វីដែលគួរព្រួយបារម្ភចំពោះភាគីវៀតណាម និងចំពោះភាគីថៃ។ វាគួរតែជាក្តីបារម្ភរបស់តំបន់នេះ។ ហើយជាថ្មីម្តងទៀត នេះគឺជាហេតុផលដែលខ្ញុំបារម្ភថា កម្ពុជាមិនអាចទទួលបានអត្ថប្រយោជន៍ទាំងស្រុងពីគម្រោងព្រែកជីកដែលខ្លួនប្រុងនឹងសាងសង់នេះទេ។
សេចក្តីអធិប្បាយ៖ ប្រសិនបើចិនពាក់ព័ន្ធជ្រៅក្នុងគម្រោងព្រែកជីកហ្វូណននេះ ហើយគម្រោងនេះជាផ្នែកមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ខ្លួន មិនខុសពីអ្វីដែលលោក ប្រាយអ៊ិន អាយល័រ បានព្រមាននេះ កម្ពុជាអាចនឹងនាំភ្លើងដល់ផ្ទះខ្លួនឯង ដែលអាចធ្វើឱ្យប្រទេសជិតខាង និងតំបន់ទាំងមូលកាន់តែព្រួយបារម្ភខ្លាំងពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិរបស់ខ្លួន។ បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជាប្រមាណ ២០%នៅតំបន់តារាសាគរ ខេត្តកោះកុង។ នេះគេនៅមិនទាន់រាប់បញ្ចូលនូវភាពចម្រូងចម្រាស និងការសង្ស័យថាចិនអាចប្រើប្រាស់ផ្នែកមួយនៃកំពង់ផែរាម ធ្វើជាមូលដ្ឋានទ័ពរបស់ខ្លួននៅក្រៅប្រទេសផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។