គណបក្ស​ហ្វុនស៊ិនប៉ិច​រំពឹង​ថា នឹង​អាច​ទទួល​បាន​តួនាទី​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន គ.ជ.ប

0:00 / 0:00

គណបក្ស​ហ្វុនស៊ីនប៉ិច ដែល​ទទួល​បាន​អាសនៈ​ចំនួន៥ នៅ​ក្នុង​រដ្ឋសភា​រំពឹង​ថា គណបក្ស​អាច​ទទួល​បាន​តួនាទី​ក្នុង​ការ​ដឹកនាំ​ក្បាល​ម៉ាស៊ីន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដ្បិត​គណបក្ស​នេះ ជាគណបក្សទាំង២ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ ចំណែក​មន្ត្រី​បក្ស​កាន់អំណាច​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​សមាជិក គ.ជ.ប បែប​ណា គឺ​អាស្រ័យ​លើ​ច្បាប់​។

គណបក្ស​ហ្វុនស៊ីនប៉ិច​រំពឹង​ថា ក្នុងចំណោមសមាជិកទាំង ៩របស់ គ.ជ.ប សម្រាប់​អាណត្តិ​ថ្មី​នេះ​នឹង​មាន​មន្ត្រី​របស់​គណបក្ស​នេះ។

សមាជិក​សភា និង​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ញឿន រ៉ាដែន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ថា គណបក្ស​របស់​លោក​បាន​គិតគូរ​ខ្លះៗ ហើយ ដើម្បី​ត្រៀម​មន្ត្រី​របស់​ខ្លួនដើម្បី​ចូល​ទៅ​បំពេញ​ការងារ​នៅ​ក្បាល​ម៉ាស៊ីន​របស់ គ.ជ.ប តាម​រយៈ​ការ​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច មុន​នឹង​ដាក់​សំណើ​ទៅ​រដ្ឋសភា។ លោក​ឱ្យ​ដឹង​ថា តាម​ការ​ទទួល​ព័ត៌មាន​របស់​លោក​ពី​រដ្ឋសភា គឺ​អាច​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់ ៣ខែ​ទៀត ដើម្បី​ដាក់​សំណើ​នេះ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា។

លោក ញឿន រ៉ាដែន៖«តាម​ច្បាប់​តាម​អី​ហ្នឹង​ប្រសិន​បើ​អាច​អនុវត្ត​ទៅតាម​រដ្ឋធម្មនុញ្ញ​យើង​នឹង​រក​មន្ត្រី​ឯករាជ្យ​ណា​ដើម្បី​ទៅ​កាន់កាប់​ហើយ​ជា​ពិសេស​សម្រាប់​គណបក្ស​តែម្ដង​គឺ​មាន​មន្ត្រី​ឯករាជ្យ​របស់​ខ្លួន​សម្រាប់​នឹង​ទៅ​ចូលរួម​នៅ​ក្នុង​ស្ថាប័ន​នេះ(គ.ជ.ប)​បាទ​​។»)

វិទ្យុអាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​អ្នកនាំពាក្យ​ គ.ជ.ប លោក ហង្ស ពុទ្ធា ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទេ កាលពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ទទួល​បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន ៥ ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៣ ខែ​កក្កដា ដែល​សហគមន៍​អន្តរជាតិ រិះគន់​ថា ជា​ការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច ព្រោះ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម។ ចំណែក​អាសនៈ​ចំនួន​១២០​ទៀត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រមូល​យក​ទាំង​អស់។ បើ​ទោះ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​កៅអី​តែ​៥​ក្នុង​រដ្ឋសភា​ក្ដី ប៉ុន្តែ​ ច្បាប់ ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាត្រា៦ ចែង​ថា សមាជិក គ.ជ.ប ទាំង ៩រូប ក្នុងនោះ០៤រូប ត្រូវ​ជ្រើសរើស​​ចេញ​ពី​គណបក្ស​កាន់​អំណាច ៤រូប​ទៀត ត្រូវ​ជ្រើសរើស​ចេញ​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​សភា ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង​មួយ​ទៀត​ត្រូវ​ជ្រើសរើស​ចេញ​ពី​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​ក្នុង​សភា។

ច្បាប់​ដដែល​នេះ​ចែង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ត្រូវ​សម្របសម្រួល​ជាមួយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ដើម្បី​ជ្រើសរើស​បេក្ខជន​សមាជិក​ទាំង ៩រូប របស់ គ.ជ.ប។ ជំហាន​បន្ទាប់ ប្រធាន អនុប្រធាន គ.ជ.ប ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ​យ៉ាង​យូរ ៦ខែ បន្ទាប​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង។

ទាក់ទង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា មក​ដល់​ពេល​នេះ គណបក្ស​របស់​លោក​មិន​ទាន់​ជួប​ជជែក​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​រៀបចំ​ក្បាល​ម៉ាស៊ីន​ថ្មី​របស់ ​គ.ជ.ប សម្រាប់​អាណត្តិ​ថ្មី​នេះ​នៅឡើយ​ទេ។ ទោះ​យ៉ាងណា លោក​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គោរព​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក សុខ ឥសាន៖«ដូច​ខ្ញុំ​ថា អ៊ីចឹង​ផ្អែក​​ទៅលើ​គោលការណ៍​ច្បាប់​ជួនណា គាត់​ស្នើ​ទៅ​មិន​ស្រប​តាម​ខ្លឹមសារ​ដែល​មាន​ចែង​ក៏​មិន​បាន​ដែរ គឺ​ផ្អែក​ទៅលើ​គោលការណ៍​យើង​អនុវត្ត​ត្រូវ​អនុលោម​ទៅ​តាម​ខ្លឹមសារ​ច្បាប់​មិនមែន​ចេះតែ​ស្នើ​ហើយ​យោគយល់ៗ យើង​ចេះ​តែ​ធ្វើ​បាន​ដែរ។​​»)

ក្រោយ​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​បង្កើត​សមាសភាព​ក្បាលម៉ាស៊ីន​គ.ជ.ប​ថ្មី ដោយ​សមាជិក​ទាំង​០៩រូប ​របស់​ស្ថាប័ន​បោះ​ឆ្នោត​នេះ​កើត​ចេញ​ពី​គណបក្ស​មាន​សំឡេង​ឆ្នោត​នៅ​ក្នុង​សភា។ ទោះជា​យ៉ាង​ណា​ក្ដី ក្រោយ​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧ សមាជិក ​គ.ជ.ប ​ភាគច្រើន​ដែល​កើត​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លាឈប់​ពី​ស្ថាប័ន​នេះ​វិញ។ ចាប់​ពី​ពេល​នោះ មតិ​ជាតិ និង​អន្តរជាតិ រិះគន់​ថា គ.ជ.ប ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច ហើយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ក៏​មិនបាន​ដែល​ផ្ដល់​ជំនួយ​ដល់​ស្ថាប័ន​នេះ​ទៀត​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។