មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន អះអាងថា របបក្រុងភ្នំពេញ មិនដែលធ្លាប់ទទួលបានសំណើណាមួយពីខាងអ្នកស្រី រ៉ូណា ស្ម៊ីត ជុំវិញករណីសុំជួបមេដឹកនាំគណបក្សប្រឆាំងនេះឡើយ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា លោក កឹម សុខា មិនស្ថិតនៅក្រោមអាណត្តិ ឬការគ្រប់គ្រងរបស់របបក្រុងភ្នំពេញឡើយ តែលោកស្ថិតក្រោមអាណត្តិនៃការគ្រប់គ្រងរបស់តុលាការពីព្រោះលោក កឹម សុខា ជាជនសង្ស័យ៖ « អ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់គាត់ហ្នឹង គឺថាលោក កឹម សុខា មិនស្ថិតនៅក្រោមអាណត្តិ ឬការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលទេ គឺស្ថិតនៅក្រោមអាណត្តិនៃការគ្រប់គ្រងរបស់តុលាការ ពីព្រោះគាត់ជាជនសង្ស័យ ដែលទទួលកាតព្វកិច្ចឆ្លើយតបនឹងតុលាការ ចំណុចទីមួយ ហើយចំណុចទីពីរ ចង់ដឹងថា គាត់ដាក់ទៅខាងណា ហើយលោកស្រីជាអ្នកបច្ចេកទេសសុទ្ធសាធ មិនមែនជាអ្នកនយោបាយទេ។ គួរដឹងគួរយល់ថា តើដាក់សំបុត្រយ៉ាងម៉េច ដើម្បីឲ្យមានប្រសិទ្ធភាព។ ហើយការសម្រេចរបស់តុលាការ គឺជារឿងដែលជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការ»។
ប្រតិកម្មរបស់លោក ផៃ ស៊ីផាន នេះ ឆ្លើយតបទៅនឹងការបញ្ជាក់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានឲ្យដឹងថា សំណើរបស់អ្នកស្រី រ៉ូណា ស្ម៊ីត ដើម្បីសុំជួបលោក កឹម សុខា ក្នុងអំឡុងទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជា ត្រូវបានបដិសេធ។ អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការពន្យល់បន្ថែម ជុំវិញករណីសុំជួបលោក កឹម សុខា នេះបានទេ ដោយលោកមិនលើកទូរស័ព្ទ។
លោក ផៃ ស៊ីផាន មិនយល់ថា ការផ្តល់ឱកាសឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជួបលោក កឹម សុខា នាពេលនេះ ជាការបន្ធូរបន្ថយស្ថានភាពតានតឹងជាមួយសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប ជុំវិញចំណាត់ការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះទេ។ លោកថា អ្នកស្រី រ៉ូណា ស្ម៊ីត មិនមែនជាអ្នកនយោបាយនោះទេ ហើយអ្នកស្រីគ្រាន់តែជាអ្នកបច្ចេកទេសតំណាងអង្គការសហប្រជាជាតិតែប៉ុណ្ណោះ៖ « ខ្ញុំមើលអត់ឃើញមានស្ថានភាពតានតឹងទេ។ អ្នកដែលលើកឡើង អ្នកដែលនិយាយហ្នឹង ប្រហែលជាគាត់ភ្លេចខ្លួនគាត់ជាខ្មែរ។ គាត់ត្រូវតែគោរពរដ្ឋធម្មនុញ្ញខ្មែរ ដែលមាននៅក្នុងមាត្រា ៥២ ថា រាជរដ្ឋាភិបាលក្នុងនាមជាអ្នកការពារ អធិបតេយ្យ ឯករាជ្យ ការពារបូរណភាព។ ចំណុចទីពីរ គាត់យល់ច្បាស់ណាស់ថា ការងារនៃការសម្រេចរបស់តុលាការជាដែនសមត្ថកិច្ចរបស់តុលាការទេ។ គ្មានអ្វីពាក់ព័ន្ធនឹងរដ្ឋាភិបាល គ្មានអ្វីពាក់ព័ន្ធនឹងការមកបង្ខំរដ្ឋាភិបាលឲ្យធ្វើតាមនេះតាមនោះទេ។ លោកស្រី រ៉ូណា ស្ម៊ីត មិនមែនជាអ្នកនយោបាយ គាត់ជាអ្នកបច្ចេកទេសតំណាងអង្គការសហប្រជាជាតិប៉ុណ្ណោះ»។
តុលាការរបបក្រុងភ្នំពេញ បានផ្ទេរលោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៨ ពីការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារត្រពាំងផ្លុង មកជាការឃុំខ្លួនបណ្តោះអាសន្ននៅគេហដ្ឋានវិញ និងដាក់ឲ្យលោកស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។