រដ្ឋាភិបាល​ជំរុញ​ការ​បោះបង្គោល​ព្រំដែន ៦%​បន្ថែម​ទៀត ដែល​ថ្នាក់​ដឹកនាំ​កម្ពុជា​-​វៀតណាម​បាន​ឯកភាព​គ្នា​ឲ្យ​បាន​ឆាប់ៗ

លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន អះអាង​ថា រដ្ឋាភិបាល​នឹង​ជំរុញ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ៦% បន្ថែម​ទៀត ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​-​វៀតណាម បាន​ឯកភាព​គ្នា​រួចហើយ ឱ្យ​បាន​សម្រេច​ឆាប់ៗ នា​ពេល​ខាងមុខ។ ការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​កម្ពុជា​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ក្នុង​ឱកាស​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​កម្ពុជា​-​វៀតណាម និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម ២០២២។

លោក ប្រាក់ សុខុន មាន​ប្រសាសន៍​ប្រាប់​កាសែត​ក្នុងស្រុក​ថា ការងារ​ខណ្ឌ​សីមា និង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម-កម្ពុជា សម្រេច​បាន​វឌ្ឍនភាព​ការងារ​ទៅដល់ ៨៤% ហើយ​កំពុងតែ​ខិតខំ​ចរចា ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បាន​ចប់​ជា​ស្ថាពរ​នា​ពេល​ឆាប់ៗ​ខាងមុខ។

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ច្រក​ទ្វារ​ព្រំដែន​ជាមួយ​វៀតណាម​សរុប​ចំនួន​៤៣ ក្នុង​នោះ​មាន​ច្រក​ទ្វារ​កំពង់ផែ​សមុទ្រ​ចំនួន​៤ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​១៤ ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ចំនួន​១៣ និង​ច្រក​ទ្វារ​តំបន់​ចំនួន​១២។

​លោក​បន្ត​ថា ចំពោះ​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ កងកម្លាំង​នៃ​ប្រទេស​ពីរ រួម​ទាំង​ប៉ូលិស និង​យោធា បាន​បន្ត​សហការ​គ្នា​ចាត់វិធានការ​យ៉ាង​ម៉ឺង​មាត់ និង​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​រាល់​សកម្មភាព​នៃ​បទល្មើស​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន ភេរវកម្ម ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ការ​រត់​ពន្ធ​ទំនិញ ការ​កាប់​ព្រៃឈើ​ខុសច្បាប់ ជាដើម។

ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច​វិញ លោក ប្រាក់ សុខុន ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ មានការ​កើនឡើង​គួរ​ឱ្យ​កត់​សំគាល់​។ ក្នុង​ឆ្នាំ​២០២១ កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ បាន​កើន​ឡើង​ដល់​ចំនួន​ទឹកប្រាក់​ជិត ១០​ពាន់​លាន​ដុល្លារ (៩,៥ ប៊ី​លាន)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។