អ្នកច្បាប់ និងមន្រ្តីសិទ្ធិមនុស្ស ព្រួយបារម្ភអំពីការបំពានច្បាប់ និងរំលោភសិទ្ធិលោក កឹម សុខា ធ្ងន់ធ្ងរ ដោយសារតែតុលាការ នៅតែពន្យារពេលបើកសវនាការ ដោយគ្មានកាលកំណត់។ ក្ដីបារម្ភនេះ កើតមានឡើង ក្រោយក្រុមមេធាវីការពារក្តីលោក កឹម សុខា ដាក់លិខិតជាលើកទីបី ស្នើសុំឲ្យតុលាការ បើកសវនាការជំនុំជម្រះក្ដីនេះ ឲ្យបានឆាប់ ប៉ុន្តែតុលាការនៅតែបន្តពន្យារពេលទៀត។
ក្រុមសហមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានសរសេរលិខិតជាលើកទីបីនោះ កាលពីថ្ងៃទី ២២ ខែ មករា ដើម្បីស្នើសុំចៅក្រមប្រធានក្រុមប្រឹក្សា សម្រេចបន្តសវនាការជំនុំជម្រះសំណុំរឿងកូនក្ដីរបស់ពួកគាត់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សហមេធាវីទាំងបួនរូបរបស់លោក កឹម សុខា រួមមានលោកស្រី ម៉េង សុភារី លោក អាង ឧត្ដម លោក ផែង ហេង និងលោក ចាន់ ចេន រម្លឹកចៅក្រមក្រុមប្រឹក្សា ថាសិទ្ធិទទួលបានការជំនុំជម្រះឆាប់រហ័ស និងដោយយុត្តិធម៌ គឺជាគោលការណ៍មូលដ្ឋាននៃសង្គមដ៏ត្រឹមត្រូវមួយ។ ពួកគាត់បន្តថានីតិវិធីត្រឹមត្រូវនេះ បើអនុវត្តបាន គឺជាការជួយទប់ស្កាត់ កុំឲ្យកើតមានភាពអយុត្តិធម៌ និងការរំលោភសិទ្ធិមនុស្ស។
ជាងនេះទៅទៀត ពួកគាត់លើកយកគោលការណ៍ធានាសិទ្ធិមនុស្ស ដែលមានចែងក្នុងកត្តិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ត្រង់មាត្រា ១៤ (ចំណុច ៣គ) ដែលចែងថា ជនគ្រប់រូបត្រូវតែទទួលបានការជំនុំជម្រះក្តី ដែលមិនត្រូវពន្យារពេល ដោយគ្មានកាលកំណត់នោះឡើយ។
ប្រទេសកម្ពុជា បានចុះហត្ថលេខាព្រមអនុវត្តតាមសន្ធិសញ្ញាអន្តរជាតិជាច្រើន រួមទាំងកត្តិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនេះផង។
ទោះជាយ៉ាងនេះក្ដី ការជំនុំជម្រះក្ដីលោក កឹម សុខា ត្រូវបានអូសបន្ថាយពេលច្រើនឆ្នាំ។ ក្រុមមេធាវីលោក កឹម សុខា បញ្ជាក់បន្ថែមថា សំណុំរឿងលោក កឹម សុខានេះ គិតមកទល់ពេលនេះ មានថេរវេលាជាង ៣ ឆ្នាំទៅហើយ ដែលតុលាការមិនទាន់បានបញ្ចប់កិច្ចដំណើរការនីតិវិធីនៅសាលាដំបូងនៅឡើយផង។ ពួកគាត់ថា រយៈពេលនេះ គឺយូរហួសហេតុពេក។
ទោះជាយូរយ៉ាងនេះក្តី ក៏តុលាការមិនប្រញាប់បន្តកិច្ចដំណើរការសវនាការឲ្យបានឆាប់ និងមិនឆ្លើយតបអ្វីទាំងអស់ ទៅតាមការស្នើសុំរបស់ក្រុមមេធាវី។ លោកមេធាវី ផែង ហេង ប្រាប់អាស៊ីសេរី ថាកាលពីមុនតុលាការធ្លាប់ឆ្លើយថា ចាំបន្តិច ចាំឲ្យជំងឺកូវីដ-១៩ ស្ងាត់បន្តិចសិនជាដើម។
ប៉ុន្តែ លោក ផែង ហេង ថាការរង់ចាំនេះ យូរទៅកាន់តែយូរទៅ និងកាន់តែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីរបស់លោក។ លោក ផែង ហេង ថាក្នុងនាមជាអ្នកច្បាប់ លោកចង់ឃើញតុលាការអនុវត្តអ្វីៗទៅតាមគោលការណ៍ច្បាប់ ឲ្យបានត្រឹមត្រូវ និងមិនត្រូវបង្អែរបង្អង់នីតិវិធីតុលាការ ដោយគ្មានកាលកំណត់បែបនេះនោះឡើយ ព្រោះការធ្វើបែបនេះ វាធ្វើឲ្យប្រព័ន្ធច្បាប់កម្ពុជា មានស្តង់ដាមិនប្រក្រតី <<កុំឲ្យមានករណីនេះវាត្រូវអនុវត្តអ៊ីចេះ ករណីនោះអនុវត្តអ៊ីចុះ ដែលនាំឲ្យទាំងមតិជាតិ និងអន្តរជាតិ យល់ថាអនុវត្តនៅស្រុកខ្មែរ ស្តង់ដាពហុស្ដង់ដាអ៊ីចឹង វាខូចកិត្តិយសជាតិ ខូចតម្លៃច្បាប់>>។
ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា រងការរិះគន់ជុំទិស ថាបានក្លាយជាឧបករណ៍បម្រើនយោបាយរបស់បក្សកាន់អំណាច និងរបបដឹកនាំបច្ចុប្បន្ន សម្រាប់ធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង។ ការធ្វើទុក្ខបុកម្នេញទាំងនោះ រួមមានទាំងការរម្លាយគណបក្សសង្គ្រោះជាតិ ការចោទប្រកាន់ប្រធានគណបក្សនេះពីបទក្បត់ជាតិ និងការបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ ដោយគ្រាន់តែពួកគាត់អនុវត្តសិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់ខ្លួន។
ជាងនេះទៅទៀត ការអនុវត្តមិនស្មើភាពគ្នានៅចំពោះមុខច្បាប់ ដូចជាករណីនៃការមិនស្រូតរូតបង្ហើយនីតិវិធីជំនុំជម្រះក្ដី ករណីមេដឹកនាំបក្សប្រឆាំងនេះជាដើម ត្រូវបានមន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស ថាបង្ហាញឲ្យឃើញពីបញ្ហារបស់ប្រព័ន្ធតុលាការកម្ពុជា ដូចការរិះគន់មែន។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា បើតុលាការអនុវត្តនីតិវិធីត្រឹមត្រូវ គេមិនត្រូវពន្យារនីតិវិធី ដោយគ្មានកាលកំណត់ដូច្នេះនោះទេ ព្រោះការធ្វើបែបនេះ វាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនជាប់ចោទ <<អ៊ីចឹងជាគោលការណ៍ នីតិវិធីរបស់តុលាការត្រូវតែធ្វើការពន្លឿននីតិវិធី ឲ្យសមស្របតាមច្បាប់ដែលមានចែង>>។
ប៉ុន្តែ មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ នៅតែយល់ថា ករណីលោក កឹម សុខា គឺជាសំណុំរឿងនយោបាយ មិនមែនជាករណីអនុវត្តនីតិវិធីច្បាប់នោះទេ។ ដូច្នេះលោកថា សំណុំរឿងនេះ គេពិបាក នឹងយកមកដោះស្រាយតាមប្រព័ន្ធតុលាការ។ ហេតុដូច្នេះហើយ ទើបលោក ស៊ឹង សែនករុណា ទទូចឲ្យភាគីពាក់ព័ន្ធ រិះរកគ្រប់មធ្យោបាយដោះស្រាយបញ្ហានេះ តាមផ្លូវនយោបាយវិញ ដើម្បីកុំឲ្យខូចនីតិវិធីតុលាការ និងប្រព័ន្ធច្បាប់ <<តាំងពីដើមមកហើយ យើងបានទទូចឲ្យអ្នកនយោបាយគ្រប់ភាគី ធ្វើការរកដំណោះស្រាយស្ថានភាពនយោបាយ ដែលធ្លាក់ចុះ ស្ថានភាពការរំលោភសិទ្ធិមនុស្សអ្វីទាំងអស់ហ្នឹង គឺអាស្រ័យទៅលើការរកដំណោះស្រាយរវាងអ្នកដឹកនាំនយោបាយ ឬក៏ស្ថាប័នពាក់ព័ន្ធនានាហ្នឹងឯង ជាអ្នកធ្វើការជជែករកវិធីក្នុងការដោះស្រាយបញ្ហានយោបាយ។ ដូច្នេះរឿងនេះ វាផ្ទុយពីរឿងដែលអនុវត្តច្បាប់ហ្នឹងហើយ>>។
ការផ្ទុយនឹងរឿងអនុវត្តច្បាប់ ក្នុងករណីលោក កឹម សុខានេះ លោកមេធាវី ផែង ហេង ឯណោះ ថានៅមានស្ថាប័នពីរដែរ គឺក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រសួងយុត្តិធម៌ ដែលអាចពិនិត្យ និងសម្រួលរឿងនេះបាន។ ប៉ុន្តែ រហូតមកដល់ពេលនេះ នៅតែគ្មានចំណាត់ការណាមួយ ពីស្ថាប័នទាំងនេះទេ។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដែរ ប៉ុន្តែលោកមិនឆ្លើយតប។
លោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួនទាំងយប់ និងទាំងកម្រោល កាលពីរម្លងអាធ្រាត្រ ចូលថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ និងជាប់ចោទពីក្បត់ជាតិ។ ក្រោយឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង នៅជាប់ព្រំដែនវៀតណាម អស់មួយរយៈ លោក ហ៊ុន សែន បញ្ជាឲ្យយកមកឃុំខ្លួនក្នុងផ្ទះវិញ។ ក្រោយមកទៀត ដោយសាររងសម្ពាធ របបក្រុងភ្នំពេញ បានសម្រេចឲ្យលោក កឹម សុខា រួចពីការឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយ និង មិនអនុញ្ញាតឲ្យធ្វើដំណើរចេញពីស្រុកខ្មែរ។ នៅដើមឆ្នាំ ២០២០ សវនាការជំនុំជម្រះក្តីរបស់លោក កឹម សុខា ក៏បានចាប់ផ្តើម។ សវនាការប្រព្រឹត្តទៅបានបន្តិច ស្រាប់តែមានវិបត្តិជំងឺកូវីដ-១៩ តុលាការក៏ផ្អាកសវនាការរហូតមក។
ស្របពេលដែលតុលាការពន្យារពេលសវនាការគ្មានកាលកំណត់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯណោះ ដែលតែងតែថ្លែងសារពាក់ព័ន្ធនឹងរឿងក្តីលោក កឹម សុខា ត្រូវបានសារព័ត៌មានក្នុងស្រុក ដកស្រង់ប្រសាសន៍ កាលពីខែ កញ្ញា ឆ្នាំ ២០២០ ថាសំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលរហូតដល់ឆ្នាំ ២០២៤ ឯណោះ។
ក្រុមមេធាវីលោក កឹម សុខា ថាការទុកសំណុំរឿងចាស់ចោលយូរហួសហេតុពេក មិនមែនជាជម្រើសល្អនោះទេ និងគ្មានទម្លាប់រឿងក្តី យកមកដេញដោល រួចទុកចោលយ៉ាងយូរនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។