សហព័ន្ធ​និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​ដែល​កោះ​ហៅ​យុវជន​ទៅ​សម្លុត​បំភ័យ

ដោយ យន់ សាមៀន
2023.03.31
សហព័ន្ធ​និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​ដែល​កោះ​ហៅ​យុវជន​ទៅ​សម្លុត​បំភ័យ ​យុវជន​ខ្មែរក្រោម​ដែលត្រូវ​អាជ្ញាធរ​វៀតណាម ហៅទៅ​សួរចម្លើយ​រឿង​ពួកគេ​ពាក់​អាវយឺត មាន​ផែនទី និង​ទង់ជាតិ​កម្ពុជា​ក្រោម​ ពេល​ពួកគេ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨ មីនា។
រូប៖ VOKK

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន​ខ្មែរក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង​ដែល​បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ទៅ​សួរចម្លើយ​រឿង​ពួកគេ​ពាក់​អាវយឺត មាន​ផែនទី និង​ទង់ជាតិ​កម្ពុជា​ក្រោម​ក្នុង​ពេល​ពួកគេ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨ មីនា។ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម។

យ៉ាងហោចណាស់​ក៏​មាន​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១០​នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង បាន​កោះហៅ​ទៅ​សួរចម្លើយ​ម្ដងម្នាក់ៗ​ទាក់ទង​នឹង​រឿង​ពាក់​អាវយឺត​មាន​ផែនទី​ខ្មែរ និង​ទង់ជាតិ​កម្ពុជា​ក្រោម។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​ថា ជា​ការ​គាប​សង្កត់​សិទ្ធិ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី និង​សិទ្ធិ​ជនជាតិ​ដើម។ យុវជន​ខ្មែរក្រោម​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​វៀតណាម​សម្លុត និង​គំរាម​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត និង​ការ​តស៊ូ​មតិ​របស់​ពួកគេ។ ប៉ូលិស​វៀតណាម​ក៏បាន​រឹបអូស និង​ដកហូត​ផែនទី​ខ្មែរក្រោម និង​អាវយឺត​ដោយ​អះអាង​ថា សម្ភារៈ​ទាំងនោះ​ជា​របស់​ខុសច្បាប់។

សេចក្ដី​ថ្លែងការណ៍​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចេញ​កាល​ពី​ថ្ងៃទី​២៦ មីនា ស្នើ​ឲ្យ​វៀតណាម​បំពេញ​កាតព្វកិច្ច​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​និង​បញ្ឈប់​ការប្រើប្រាស់​ការ​សង​សឹក​ទៅលើ​ខ្មែរក្រោម​ដោយ​គ្រាន់តែ​ពួកគេ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ សហព័ន្ធ​ក៏​ស្នើ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ និង​ការពារ​ខ្មែរក្រោម​រួមមាន​សិទ្ធិ​សំដែង​មតិ​សិទ្ធិ​បង្កើត​សមាគម និង​សិទ្ធិ​ប្រមូល​ផ្តុំ និង​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​កត់សម្គាល់​ការ​រំលោភសិទ្ធិ​មនុស្ស​និង​ចូលរួម​លើកកម្ពស់ និង​ការពារ​សិទ្ធិ​របស់​ជនជាតិ​ដើម។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះ​ភិក្ខុ សឹង យ៉ឹងរតនា មាន​ថេរដីកា​ថា ប៉ូលិស​វៀតណាម​ក្រៅតែ​ពី​គំរាមកំហែង​ខ្មែរក្រោម​ពួកគេ​ក៏​ចង់​បំបែកបំបាក់​សាមគ្គីភាព​ខ្មែរក្រោម​កុំ​ឲ្យ​មាន​ទំនាក់ទំនង​គ្នា ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត។ ព្រះអង្គ​មាន​ថេរដីកា​ដូច្នោះ ដោយសារតែ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង​បាន​កោះហៅ​យុវជន​ខេត្ត​នេះ ដែល​បាន​ទៅ​ចូលរួម​ក្នុង​ទិវា​សិទ្ធិ​នារី នៅ​ខេត្ត​ព្រះ​ត្រពាំង មក​សាកសួរ​នឹង​គំរាម​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​តស៊ូ​មតិ។

ព្រះ​ភិក្ខុ សឹង យ៉ឹងរតនា៖ «ការ​ពិត​ទៅ​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​គាត់​រស់​នៅ​លើ​ទឹកដី​កំណើត​គាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ទទួល​យក​នូវ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន ជាពិសេស​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្ត្រ នៃ​ទឹកដី​កម្ពុជា​ក្រោម​ដែល​ផែនទី​កម្ពុជា​ក្រោម និង​ទង់ជាតិ​ក្តី​ជា​និមិត្តសញ្ញា​របស់​ពលរដ្ឋ​ខ្មែរក្រោម ដូច្នោះ​ហើយ​ពួកគាត់​ពាក់អាវ​យឺត​ក្នុង​កម្មវិធី គ្មាន​អ្វី​ខុស​ច្បាប់​ទេ»

ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​ប្រមូលផ្ដុំ​របស់​យុវជន​ខ្មែរក្រោម​នេះ​ដែរ យុវជន តោង ហ្វាងជឿង ថា​វៀតណាម​កំពុង​ព្រួយបារម្ភ​ពី​សន្ទុះ​នៃ​ការ​ងើបឡើង​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្មែរក្រោម ដូច្នោះ​ទើប​វៀតណាម​ចង់​កាច់​បំបាក់​ការ​តស៊ូ​របស់​ខ្មែរក្រោម។ យុវជន តោង ហ្វាងជឿង ដែល​ត្រូវ​វៀតណាម​ផាក​ពិន័យ​រឿង​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែកចាយ​ព័ត៌មាន​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ថា​យុវជន​ខ្មែរក្រោម​នឹង​មិន​បាក់​ស្បាត នឹង​រង​ការ​ធ្វើទុក្ខបុកម្នេញ​របស់​វៀតណាម​នោះ​ទេ។

យុវជន តោង ហ្វាងជឿង៖ «យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ពួក​ប្អូន​នឹង​នៅតែ​ធ្វើជា​បន្ត​ធ្វើ​កម្មវិធី​ទាំងអស់​នោះ គឺ​នៅតែ​ធ្វើ និង​បន្ត​បណ្ដុះបណ្ដាល​បងប្អូន​ដែល​ទើបតែ​ចូល​ថ្មី​ហ្នឹង​កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច កុំ​ឲ្យ​បាក់ស្បាត។ ទង្វើ​វៀតណាម​ជា​ការ​ភ័យខ្លាច​ខ្មែរ​ក្រោម​មាន​ការ​សាមគ្គី​ទេ»

អាជ្ញាធរ​វៀតណាម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ​ខ្មែរក្រោម និង​ព្រះសង្ឃ​ខ្មែរក្រោម។ ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​នាក់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​កោះហៅ​ទៅ​គំរាមកំហែង​រឿង​ប្រើប្រាស់​បណ្ដាញ​សង្គម និយាយ​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម​និង​ចែកចាយ​ឯកសារ​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម ចំណែកឯ​ព្រះសង្ឃ​ខ្មែរក្រោម​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង​បាន​រឹតត្បិត​ការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ដែរ។ កន្លង​ទៅ​អ្នកជំនាញ​អង្គការសហប្រជាជាតិ​ស្តីពី​ជនជាតិ​ដើម​ក៏បាន​ដាក់​សំណួរ​ទៅ​រដ្ឋាភិបាល​វៀតណាម​ជុំវិញ​ការ​ចោទប្រកាន់​នៃ​ការរំលោភ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម ប៉ុន្តែ​វៀតណាម​មិន​ទាន់​ឆ្លើយតប​ទៅ​ឡើយ​ទេ។ គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក​ក៏បាន​ជំរុញ​ឱ្យ​វៀតណាម​ឈប់​ធ្វើទុក្ខបុកម្នេញ​សិទ្ធិ​សាសនា​ខ្មែរក្រោម​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង ដើម្បី​សាកសួរ​ជុំវិញ​រឿង​ចោទប្រកាន់​យុវជន​ខ្មែរក្រោម​ថា ប្រព្រឹត្ត​ល្មើសច្បាប់​វៀតណាម​នៅឡើយ​ទេ កាលពី​ថ្ងៃទី​២៩ មីនា។

ទោះបីជា​យ៉ាងណា​កន្លងទៅ​វៀតណាម​បាន​បដិសេធ​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ដែល​រក​ឃើញ​ថា វៀតណាម បាន​រំលោភ​សិទ្ធិមនុស្ស​និង​សាសនា។ បច្ចុប្បន្ន​វៀតណាម​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​បី​ឆ្នាំ ចាប់ពី​ដើមឆ្នាំ​២០២៣​តទៅ។

មុន​ត្រូវ​បាន​គេ​បោះឆ្នោត​គាំទ្រ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស វៀតណាម​បាន​សន្យា​នឹង​លើកស្ទួយ​វិស័យ​សិទ្ធិមនុស្ស។ ទាក់ទង​នឹង​រឿង​អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើទុក្ខបុកម្នេញ​ខ្មែរ​ក្រោម​នេះ​ដែរ នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើង​ថា គ្រាន់តែ​ពាក់​អាវ​យឺត​ដើម្បី​ចូលរួម​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ទោះបី​អាវ​នោះ​មាន​អ្វី​បោះពុម្ព​លើ​ក៏ដោយ ក៏​មិន​ត្រូវ​ចាត់ទុកជា​បទល្មើស​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​បាន​ធ្វើ​បាប​យុវជន​ខ្មែរក្រោម ដោយសារតែ​ការរើសអើង និង​រំលោភសិទ្ធិ​ជា​អចិន្ត្រៃយ៍។ លោក​ស្នើ​ឲ្យ​វៀតណាម​ឈប់​យាយី និង​សម្លុត​បំភ័យ​ខ្មែរ​ក្រោម​ដោយសារតែ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ហើយ​ត្រូវ​សុំទោស​យុវជន​ខ្មែរ​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។