អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា ការ​បោះឆ្នោត​ដែល​អវត្ត​មាន​បក្ស សង្គ្រោះជាតិ​​ គ្មាន​ន័យ​អ្វី​ទាំង​អស់

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា ការ​បោះ​ឆ្នោត​​​តំណាងរាស្ត្រ​អាណត្តិ​ទី ៦ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ មិនមែន​ជា​ការ​បោះឆ្នោត​ពិត​ប្រាកដ​ឡើយ​។ អង្គការ​អន្តរជាតិមួយ​នេះ​ថ្លែង​ថា ការបោះឆ្នោត​នេះធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់​បង់​នូវ​សិទ្ធិ​ជ្រើស​រើស​រដ្ឋាភិបាល​ដែល​ខ្លួន​ពេញ​ចិត្ត​ ស្រប​តាម​ច្បាប់​​ ហើយ​សូម្បីតែ​​ម្ចាស់​ជំនួយ​ធំៗ ​របស់​កម្ពុជា ដូច​ជា ប្រទេស​ជប៉ុន​ សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុបជាដើម​នោះ សុទ្ធ​តែ​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​ឃ្លាំមើល​ការ​បោះឆ្នោត​នេះ​ឡើយ។

អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាងថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ កក្កដា ខាង​មុខ​នេះ គ្មាន​ន័យ​អ្វី​ទាំង​អស់​ ដោយ​សារ​តែ​អវត្ត​មាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​។

ក្នុង​​សេចក្តីថ្លែ​ការណ៍​របស់ខ្លួន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ កក្កដា អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា មាន​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ និង​ជាប់​ទាក់​ទង​នឹង​ការ​បោះឆ្នោតអាណត្តិ​​នេះ។ បញ្ហា​ទាំង​នោះ​រួម​មាន​ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​​ ការ​តាម​ដាន​ ការ​គំរាម​កំហែង ការ​ឃុំខ្លួន​ និង​ការ​កាត់​ទោស​ក្រោម​ហេតុ​ផល​នយោបាយ​ ទៅលើ​សមាជិក​សំខាន់ៗ​នៃគណបក្ស​ប្រឆាំង។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​រឿង​រ៉ាវ​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​បាន​កើតឡើង​ផង​ដែរ ដូច​ជា ការ​បង្រ្កាប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ វិសមភាព និង​អតុល្យភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ការ​បង្កើត​ច្បាប់​គាប​សង្កត់ជា​ច្រើន​ដែល​រឹតត្បិត​ទៅលើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ការ​បង្កើត​សមាគម និង​ការប្រមូល​ផ្តុំ​ជាដើម។ ចំណែក​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតឯណោះវិញ ​ក៏គ្មាន​ភាព​ឯករាជ្យទៅ​ទៀត​ បន្ទាប់​ពី​ការ​លាលែងទៅ​​នៃ​សមាជិក​ ៤ រូប​មក​ពី​គណបក្ស​សង្គ្រោះជាតិ ​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ក្រសោប​យក​ស្ថាប័ន​នេះ​មក​កាន់​កាប់​ផ្តាច់​មុខ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​មន្ត្រី​យោធា និង​នគរបាល​ជាន់​ខ្ពស់​ជា​ច្រើន​នាក់ បាន​ចេញ​មុខ​ជា​ចំហពេញផ្ទៃ​​ប្រទេស​ ​ជួយ​ឃោសនាឱ្យ​គណបក្ស​ប្រជាជន​កម្ពុជាថែម​ទៀត។

នាយក​ប្រតិ​បត្តិ​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃអង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក​ ប្រ៊ែដ អាដាម (Brad Adams) លើកឡើង​ក្នុង​សេចក្តី​ថ្លែ​ងការ​ណ៍​នេះ​ថា​ របបលោក​ ហ៊ុន សែន ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រព័ន្ធទៅលើ​សំឡេង​ឯករាជ្យ​ និង​សំឡេង​ប្រឆាំង ដើម្បី​ធានា​ថា ខ្លួន​នឹង​អាច​កាន់​អំណាច​ផ្តាច់​មុខ​ដោយ​​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​នោះ​ឡើយ។ លោក​បន្ត​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ និង​ហាម​ឃាត់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ជាង ១០០​នាក់​មិនឱ្យ​ធ្វើ​នយោបាយ​នោះ ធ្វើ​ឱ្យ​ការ​បោះឆ្នោត​សភាអាណត្តិ​នេះមិនអាច​​ឆ្លុះ​បញ្ចាំងពី​ឆន្ទៈ​ពិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ។

អ្នក​នាំពាក្យ​របបក្រុង​ភ្នំពេញ​ លោក​ ផៃ ស៊ីផាន ប្រតិកម្មថា សេចក្តី​ថ្លែង​ការណ៍​នេះ​ជា​ការ​មិន​ឱ្យ​តម្លៃ​ដល់​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​។ លោកចោទ​​​គណបក្ស​សង្គ្រោះជាតិ ថាជា​អាយ៉ង​របស់​​​​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ហើយ​ដោយ​សា​រតែបក្ស​នេះ​មិន​អាច​ចូល​រួមការ​បោះឆ្នោត​​បាន​ ទើប​អង្គការ​ Human Rights Watch ចេញ​ថ្លែង​ការណ៍​របៀប​នេះ«Human Rights Watch គេអត់​មាន​ផល​ប្រយោជន៍​​ដោយសារ​គណបក្ស​អាយ៉ង​របស់គេ​ ពុំមាន​វត្តមាន​នៅក្នុង​ការ​បោះ​ឆ្នោត។ នេះ​​ជាសារៈ​សំ​ខាន់​ ព្រោះ​គេមាន​ផលប្រយោជន៍​ដែល​គេ​លាក់​មិននិយាយ ដូច្នេះ​គ្មាន​ផល​ប្រយោជន៍​បាន​សេចក្តី​ថា ​​គេ​បាត់​បង់គណ​បក្ស​អាយ៉ង​របស់​គេ​នៅក្នុង​ដំណើ​ការ​នៃ​ការ​បោះឆ្នោត​នេះ​ឯង។ អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ​បានជា​គេនិយាយ​ថា ​ការ​បោះ​ឆ្នោត​នេះ​ វាគ្មាន​ផល​ប្រយោជន៍​។​ប្រសិន​បើគេ​ឱ្យ​តម្លៃ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ គេ​ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ហើយ»

ទោះជា​យ៉ាង​ណា ក្នុង​រយៈ​កាល​កន្លង​ទៅ​​​ ​មិន​មែន​មាន​តែ​​​​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មួយ​ទេ​ ដែល​រិះគន់​ថា​ដំណើការ​បោះឆ្នោតនៅ​អាណត្តិ​នេះថា មិន​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ សូម្បី​តែ​អង្គការ​សហប្រជា​ជាតិ​ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​អង្គការ​អន្តរជាតិ​ដទៃ​ទៀត​ ក៏​យល់​ឃើញ​បែ​បនេះ​ដូចគ្នា​​ ក្រោយ​ពេល​របប​លោក​ ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ហាម​ឃាត់​ថ្នាក់​ដឹក​នាំ​បក្ស​នេះចំនួន ១១៨នាក់​មិន​ឱ្យធ្វើ​នយោបាយ រយៈពេល​ ៥ឆ្នាំ ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​អាច​ដណ្តើម​អំណាចពី​បក្ស​ប្រជាជន​កម្ពុជា​នោះ បាត់​ឱកាស​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​នេះ​តែ​ម្តង។

ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​ដាក់​ចេញនូវ​ទណ្ឌកម្ម និង​វិធាន​ការណ៍​ជា​បន្ត​បន្ទាប់​ដើម្បី​ឱ្យ​របប​លោក​ ហ៊ុន សែន​ ស្តារប្រជា​ធិបតេយ្យ​នៅ​កម្ពុជាឡើង​វិញ ដូច​ជា ការ​កាត់​ផ្តាច់​ជំនួយ​មក​ គ.ជ.ប ​ផ្តាច់​ជំនួយ​បច្ចេក​ទេស​ដែល​ធ្លាប់​ផ្តល់​ឱ្យ​របបក្រុង​ភ្នំពេញ និង​ការ​ព្រមាន​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា​ជា​ដើ​ម​។ លើសពី​នេះ ខណៈ​ការ​បោះឆ្នោត​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន​ ក៏​បាន​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​​ឃ្លាំមើលការ​​បោះឆ្នោតអាណត្តិ​នេះ​ផង​ដែរ ដែល​ជា​កាយ​វិការដ៏​កម្រ​ ​ចាប់​តាំងពីកម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ១៩៩៣ មក​នោះ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែ​ងថា លោក​មិន​ផ្តោតទៅ​លើ​វត្តមាន​នៃ​គណបក្ស​ណាមួយ​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺការ​គោរព​​ឆន្ទៈរបស់​ពលរដ្ឋ។ លោក​បន្ត​ថា ឆន្ទៈ​របស់​ពលរដ្ឋរាប់​លាននាក់​នៅ​ទូទាំង​ប្រទេស ដែល​កើត​ចេញ​ពីការ​​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧ ត្រូវ​បាន​របបក្រុង​ភ្នំពេញ​បដិសេធ​​ចោល​ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ហើយ​យក​អាសនៈ​ទាំង​នោះ​ទៅ​ចែក​គ្នា​អង្គុយ៖ «អ្នក​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​បាត់ ( ឱកាស )​​ ហើយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បានបាត់ ( បង់ )​ នេះ​ហើយ​ជា​ចំណុច​មួយដែល​ខ្ញុំ​យល់​ឃើញ​ថា​ គួរតែ​ពិចារណា​ឡើង​វិញ។ ​​ចំណុច​ដែល​ខ្ញុំ​លើក​ឡើង​នេះ​មិនមែន​សំ​ដៅ​ទៅ​លើ​រឿង​ឈ្មោះ​គណ​បក្ស​ណា​ដែល​ត្រូវ​រំ​លាយ​បានចូលរួម ​ឬមិនបាន​​ចូលរួម ​ខ្ញុំមិនសំដៅ​ទៅ​លើ​រឿងនេះ​​ទេ។ ​ខ្ញុំ​សំ​ដៅលើ​​​រឿង​ថា ​តើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​គោរព​ដល់​កម្រិត​ណា ?​ រឿង​នេះ​ទើប​​​ត្រូវ​យល​ចិត្ត​ទុកដាក់​ សម្រាប់​​​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ»

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០១៧ គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជិត ៤៤​ភាគ​រយ (៤៣.៨៣%) ទល់​នឹង​បក្ស​កាន់​អំណាច​ជិត ៥១ ភាគរយ (៥០.៧៦%)។ គិត​ជា​សរុប​ ឆន្ទៈ​របស់​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស​ ដែល​ស្តែង​ឡើង​តាម​រយៈ​កៅអី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិចំនួន​ ៥៥​អាសនៈ និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥​ពាន់​អាសនៈ បូក​រួម​ទាំង​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ក្រុង​ ស្រុក​ ខ័ណ្ឌ​ជា​ច្រើន​ទៀត​ផង​នោះ ត្រូវ​បាន​របប​លោក​ ហ៊ុន សែន​រំលាយ​ចោល​ទាំង​ស្រុង​តាម​រយៈ​ការ​កម្ទេច​គណបក្ស​សង្គ្រោះជាតិ។

លោក​ ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្លែង​​ថា រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ​ដែល​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា គួ​រតែ​រួមគ្នា​ថ្កោល​ទោស​ការ​បោះ​ឆ្នោត​នេះ​ថា​ ជា​ការ​ប្លន់​អំណាច​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ​។ លោក​បន្ត​ថា ចាប់​តាំងពី​ថ្ងៃ​ដែល​គណបក្ស​ សង្គ្រោះជាតិ​ ត្រូវ​បាន​រំលាយ​នោះ​រួចមក​ ការ​បោះ​ឆ្នោត​នេះ​បាន​ក្លាយ​ជា​ការ​ចំអក​ឡក​ឡើយ​ដល់​លិទ្ធិ​ប្រជា​ធបិតេយ្យ ហើយ​ជោគជ័យ​នឹង​បាន​ទៅលើ​គណបក្ស​កាន់​អំណាច​រួច​ស្រេច​បាត់​ទៅ​ហើយ​។ លោក​សង្កត់​ធ្ងន់​ថា ដល់​ពេល​ហើយ​ដែល​រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ​ដែល​ជា​អ្នក​ប្តេជ្ញាចិត្ត​ក្នុង​​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​នោះ ត្រូវ​ជួយ​ស្រោចស្រង់​លទិ្ធ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឱ្យ​កម្ពុជា​វិញ ឬ​បើ​មិន​ដូច្នេះ​ទេ គឺ​ត្រូវ​ទទួល​យក​​ផល​​វិបាក​នៃ​ការ​រំលោ​ភ​សិទ្ធិ​មនុស្ស​ដែលកើត​​ចេញ​ពី​របបដឹក​នាំ​បែប​ឯកបក្ស​របស់​លោក​ ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។