អ្នកវិភាគ៖ វត្តមានលោក ហ៊ុន ម៉ាណែត ក្នុងពិធីបើកសមយុទ្ធហនុមានមាសបង្ហាញពីអំណាច
2019.05.05
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន និងជាមេបញ្ជាការកងទ័ពជើងគោកបានដឹកនាំបើកពិធីសមយុទ្ធហនុមានមាស ដែលចាប់ផ្ដើមដោយមានការបាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិតតេជោសែនថ្ងៃទី០៤ ខែឧសភា នេះ។ អ្នកវិភាគនយោបាយយល់ថា វត្តមានលោក ហ៊ុន ម៉ាណែត ក្នុងពិធីនេះគឺ បង្ហាញថា លោក ហ៊ុន ម៉ាណែត មានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការបញ្ជាទ័ព និងអាចការពារអំណាចត្រកូល ហ៊ុន។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឲ្យដឹងថា សមយុទ្ធនេះមានអាវុធយុទ្ធភណ្ឌដែលនឹងប្រើប្រាស់ក្នុងសមយុទ្ធដូចជា កាំភ្លើងធំ និងរថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិ ភ័យ រថយន្តដឹកជញ្ជូន និងឧទ្ធម្ភាគចក្រជាដើម។
សមយុទ្ធហនុមានមាស២០១៩នេះ នឹងមានកម្លាំងយោធាចូលរួមជិត ១.៦០០នាក់(១.៥៩៥) ក្នុងនោះមកពីបណ្ដាជំនាញតាមអង្គភាពវិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានអង្គរក្ស ទ័ពជើងអាកាស កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងបញ្ជាការដ្ឋាន ផ្សេងៗទៀតនៃកងទ័ពជើងគោក។
សមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស ២០១៩នេះ ធ្វើនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។
ទាក់ទងចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីបើកសមយុទ្ធហនុមានមាសនេះអ្នក នាំពាក្យក្រសួងការពារជាតិដដែលពន្យល់ថា ពិធីនេះជាការរៀបចំដោយកងទ័ពជើងគោក ហើយលោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក។ លោកអះអាងទៀតថា សមយុទ្ធនេះគឺមានភាពរលូនតាមការគ្រោងទុក។ «»
ប៉ុន្តែអ្នកវិភាគនយោបាយដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ យល់ថា វត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីនេះមិនមែន ជាវត្តមានសាមញ្ញបែបនេះទេ។ លោក គឹម សុខ យល់ថា អំណាចក្រុមគ្រួសារលោក ហ៊ុន សែន គឺពឹងផ្អែកលើកម្លាំងទ័ពនិងអាវុធ ដូច្នេះលោកថា សមយុទ្ធនេះគឺជាការបង្ហាញថាលោក ហ៊ុន ម៉ាណែត មានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការ បញ្ជាទ័ព។
កន្លងមកអ្នកវិភាគថា លោក ហ៊ុន សែនកំពុងរៀបចំយុទ្ធសាស្ត្រ ដើម្បីលោក ហ៊ុន ម៉ាណែត អាចឡើងស្នងដំណែងលោកទៅថ្ងៃអនាគត៕