លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​អំពើ​អស្ថិរភាព​សង្គម ខណៈ​រដ្ឋាភិបាល​បង្ក្រាប​សំឡេង​អ្នក​រិះគន់

ដោយ ម៉ៅ សុធានី
2024.10.26
លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​អំពើ​អស្ថិរភាព​សង្គម ខណៈ​រដ្ឋាភិបាល​បង្ក្រាប​សំឡេង​អ្នក​រិះគន់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ក្រោម​គម្រោង​ជំនួយ​របស់​ប្រទេស​ចិន សម្រាប់​គម្រោង​កែ​លំអ​បរិស្ថាន​សាលារៀន និង​ការ​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំ​នៅ​កម្ពុជា​នៅ​ស្រុកកងមាស ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​សកម្មភាព​អស្ថិរភាព​សង្គម និង​អ្វី​មួយ ដែល​លោក​ហៅ​ថា សន្តិភាព។ ទោះ​ជា​យ៉ាង​ណា​ក្ដី យុវជន និង​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ថា បញ្ហា​អស្ថិរភាព​សន្តិសុខ​សង្គម​កើត​មាន​ឡើង គឺ​ដោយសារ​ការ​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដឹក​នាំ​ប្រទេស​បែប​ផ្ដាច់ការ និង​អនុវត្ត​ច្បាប់​ធូរ​រលុង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី២៦ ខែតុលា បាន​ចូលរួម​សម្ពោធ​សមិទ្ធផល​នានា ក្រោម​គម្រោង​ជំនួយ​របស់​ប្រទេស​ចិន សម្រាប់​គម្រោង​កែ​លំអ​បរិស្ថាន​សាលារៀន និង​ការ​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំ​នៅ​កម្ពុជា​នៅ​ស្រុកកងមាស ខេត្តកំពង់ចាម។

នៅ​ក្នុង​វេទិកា​នោះ​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ចំពោះ​អ្នកគ្រូ​លោកគ្រូ និង​សិស្សានុសិស្ស​ពី​បញ្ហា​អស្ថិរភាព​សង្គម ដែល​លោក​ចោទ​ថា មាន​ក្រុម​ប្រឆាំង​មួយ​ចំនួន មាន​បំណង​ដុត​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សង្គម ដូចជា នៅ​ប្រទេសបង់ក្លាដេស្ហ (Bangladesh) ហើយ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​អ្វី​មួយ ដែល​ហៅ​ថា សុខ​សន្តិភាព។

លោក ហ៊ុន ម៉ាណែត៖ «ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​ជា​កត្តា​សំខាន់ កត្តា​ចូលរួម​ទី​មួយ ការ​ចូលរួម​ទី​មួយ​គឺ ការ​ចូលរួម​ការ​ថែរក្សា​លំនឹង​ស្ថិរភាព​សន្តិភាព​របស់​យើង ហើយ​នេះ គឺ​ជា​កត្តា​ធំ​ណាស់។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​អ្នក​កងមាស ប៉ុន្តែ​ អត់​មាន​ការ​អំពាវនាវ​ឱ្យ​ដុត​ប្រទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​យក​គំរូ​បង់ក្លាដេស្ហ តែ​ពលរដ្ឋ​យល់​ពី​តម្លៃ​នៃ​សន្តិភាព»

មិន​ខុស​ពី​ឪពុក​របស់​លោក​នោះ​ទេ លោក ហ៊ុន ម៉ាណែត តែង​ប្រើ​វេទិកា​សាធារណៈ ដើម្បី​ចោទ​ប្រកាន់​ពលរដ្ឋ​ស្លូតត្រង់ និង​ក្រុម​អ្នក​ប្រឆាំង ដែល​ចង់​ឃើញ​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ថា ជា​ក្រុម​មនុស្ស​ប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ក្រុម​ប្រឆាំង​ជ្រុលនិយម ហើយ​លោក​តែងតែ​ថ្លែង​ឱ្យ​ពលរដ្ឋ​ដឹង​គុណ​ឪពុក​របស់ គឺ​លោក ហ៊ុន សែន នូវ​អ្វី​ដែល​លោក​ហៅ​ថា សុខ​សន្តិភាព។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​សកល (CGYN) ប្រចាំ​ប្រទេស​ជប៉ុន អ្នកស្រី វ៉ាន់ លក្ខិណា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៦ ខែតុលា​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​សន្តិភាព​នេះ គឺ​ជា​សារ​នយោបាយ​បែប​ប្រជាភិថុតិ ពីព្រោះ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក គឺ​តែងតែ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ដើម្បី​រក្សា​អំណាច។ អ្នកស្រី​បន្ត​ថា លោក ហ៊ុន ម៉ាណែត កំពុង​ព្រួយ​បារម្ភ​ពី​ជោគវាសនា​របស់​លោក​អាច​នឹង​មិន​ខុស​គ្នា​ពី​អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេសបង់ក្លាដេស្ហ​នោះ​ឡើយ។

អ្នកស្រី វ៉ាន់ លក្ខិណា៖ «ចំពោះ​សន្តិភាព ដែល​គាត់​កំពុង​តែ​កាង​ការពារ​រាល់​ថ្ងៃ​នេះ ខ្ញុំ​កំពុង​តែ​មាន​អារម្មណ៍​ថា គាត់​កំពុង​ការពារ​អំណាច​ពួក​គាត់​ច្រើន​ជាង​ការពារ​ គេ​ហៅ​ថា សន្តិភាព​របស់​ប្រជាពលរដ្ឋ។ សន្តិភាព​​រាល់​ថ្ងៃ​នេះ គឺ​សន្តិភាព​របស់​គាត់​ សន្តិភាព​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់ ​បក្ខពួក​គាត់ គណបក្ស​គាត់​តែ​ប៉ុណ្ណោះ។ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ យើង​កំពុង​ជួប​អស្ថិរភាព​ជា​ខ្លាំង ហើយ​យើង​ក៏​កំពុង​តែ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ផង​ដែរ»

អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​រង​ការ​រិះគន់​ខ្លាំង​ពី​ប្រជាពលរដ្ឋ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​បាន​លើក​កម្ពស់​សិទ្ធិមនុស្ស​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ តែ​ផ្ទុយ​ទៅ​វិញ លោក ហ៊ុន ម៉ាណែត បាន​បង្កើន​ការ​ចាប់​សកម្មជន​សង្គម និង​នយោបាយ​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា មាន​ប្រសាសន៍​ថា បញ្ហា​អស្ថិរភាព​សង្គម​កើត​ឡើង បច្ចុប្បន្ន​នេះ គឺ​បណ្ដាល​មក​ពី​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង ដែល​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​អាច​ចូល​មក​រកស៊ី​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា ដូច្នេះ រដ្ឋាភិបាល​គួរតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឡើង​វិញ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ចាត់​ទុក​ពលរដ្ឋ ដែល​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​ថា ជា​ក្រុម​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ពីព្រោះ​បញ្ហា​នេះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​ជាតិ​នោះ​ឡើយ។

លោក ប៉ោ មករា៖ «អ្វី​ដែល​រដ្ឋាភិបាល​គួរតែ​ធ្វើ គឺ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ កុំ​ឱ្យ​មាន​ការ​រឹតត្បិត កុំ​មាន​ការ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ ជាពិសេស គឺ​អ្នក​ធ្វើ​ការងារ​សង្គម នយោបាយ សកម្មជន​សង្គម​ផ្សេងៗ គួរតែ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ចូលរួម​កសាង​ជាតិ​ទាំង​អស់​គ្នា»

រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​រង​ការ​ចោទ​ប្រកាន់​ថា មិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ ពួក​គាត់​រស់នៅ​រង​ទុក្ខវេទនា​ក្នុង​ស្ថានភាព​លំបាក ដោយសារ​តែ​អំពើ​ពុករលួយ បក្ខពួក​និយម​ចាក់ស្រេះ ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​ទៅ​លើ​សំឡេង​អ្នក​រិះគន់។ កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​បន្ត​ដាក់​ចំណាត់​ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ឱ្យ​ស្ថិត​នៅ​បាត​តារាង សម្រាប់​ឆ្នាំ២០២៣ ពោល​គឺ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន១៤២ នៅ​លើ​ពិភពលោក ដែល​បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​កម្ពុជា​មិន​បើក​ទូលាយ​សិទ្ធិ​ជា​មូលដ្ឋាន ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។