លោក ហ៊ុន ម៉ាណែត បង្កើត​ក្រុម​ការងារ​ចម្រុះ​ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀត​ឱកាស ដែល​កេង​ចំណេញ​មក​លើ​ក្រុម​អ្នក​តវ៉ា

ដោយ សេក បណ្ឌិត
2023.12.01
លោក ហ៊ុន ម៉ាណែត បង្កើត​ក្រុម​ការងារ​ចម្រុះ​ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀត​ឱកាស ដែល​កេង​ចំណេញ​មក​លើ​ក្រុម​អ្នក​តវ៉ា (រូបឯកសារ) ក្រុម​អ្នក​មាន​បញ្ហាដីធ្លី​រ៉ាំរ៉ៃជា​ច្រើន​ឆ្នាំនៅ​ខេត្តកោះកុង នាំ​គ្នា​ឡើង​មក​តវ៉ា និង​ទាមទារ​រក​ដំណោះស្រាយ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២០។
រូបពីពលរដ្ឋ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​សេចក្ដី​សម្រេច​មួយ ស្ដីពី​ការ​បង្កើត​ក្រុមការងារ​ចម្រុះ​ទទួល និង​ដោះ​ស្រាយ​បណ្ដឹង​គ្រប់​មុខ​សញ្ញា នៅ​ភូមិគ្រឹះ​របស់​លោក ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀត​ឱកាស​ដែល​កេង​ចំណេញ​មក​លើ​ក្រុម​អ្នក​តវ៉ា។ មន្ត្រី​សិទ្ធិមនុស្ស​ថា នេះ​មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ពលរដ្ឋ​មាន​បញ្ហា​ឡើយ​ តែ​ជា​ការ​បង្ហាញ​ពី​អសមត្ថភាព​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ដែល​មិន​អាច​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​បាន។ ​

លោក ហ៊ុន ម៉ាណែត ចាត់តាំង​អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ីង ប៊ុនហៀង ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ ទទួល និង​ដោះ​ស្រាយ​បណ្ដឹង​គ្រប់​មុខ​សញ្ញា នៅ​ភូមិគ្រឹះ​របស់​លោក។ ក្រៅ​ពី​នេះ ក៏​មាន​អនុប្រធាន​បួន​រូប​ទៀត និង​មន្ត្រី​ពាក់ព័ន្ធ​ចំនួន ២០នាក់​ទៀត ជា​សមាជិក។ សេចក្ដី​សម្រេច​​ចុះ​ថ្ងៃ​ទី២៧ ខែកញ្ញា តែ​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ ឱ្យ​ដឹង​ថា ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀត​ឱកាស​ដែល​កេង​ចំណេញ​មក​លើ​ក្រុម​អ្នក​តវ៉ា។ ក្រុមការងារ​នេះ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់ ទប់ស្កាត់​ក្រុម​អ្នក​តវ៉ា ដែល​មាន​មនុស្ស​ច្រើន​នាក់ ក្នុង​បំណង​មក​ដាក់​បណ្ដឹង​តវ៉ា​ផ្សេងៗ ជូន លោក ហ៊ុន ម៉ាណែត និង​ភរិយា ដោយ​ព្យាយាម​ពន្យល់​អំពី​នីតិវិធី​ជូន​ក្រុម​អ្នក​តវ៉ា។ សេចក្ដី​សម្រេច​ដដែល​ឱ្យ​ដឹង​ទៀត​ថា ទទួល​ពាក្យ​បណ្ដឹង​តវ៉ា​ផ្សេងៗ នៅ​មុខ​ភូមិគ្រឹះ​លោក ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឬ​ធ្វើ​របាយការណ៍​ស្នើសុំ​គោលការណ៍​ដឹកនាំ ឬ​ពិនិត្យ​សម្រេច​ពី​លោក ហ៊ុន ម៉ាណែត។

ទោះ​យ៉ាងណា ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា មិនមែន​ជា​ដំណឹង​ដែល​គួរ​ឱ្យ​អបអរ​ឡើយ តែ​នេះ​ជា​បញ្ហា​បង្ហាញ​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ដោះស្រាយ និង​បំពេញ​ការងារ​របស់​ខ្លួន​មិន​បាន​ពេញលេញ ទើប​ពលរដ្ឋ​តែងតែ​មក​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ជាតិ​វិញ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា ប្រសិនបើ​ក្រុម​ការងារ​នេះ​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ​នឹង​ទទួល​បាន​​ប្រសិទ្ធភាព តែ​បើ​គ្មាន​ឆន្ទៈ​ទេ ក្រុម​ការងារ​នេះ ក៏​មិន​ខុស​ពី​ក្រុម​ការងារ​មុនៗ ដែរ គឺ​មិន​បាន​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​នោះ​ឡើយ។

លោក រស់ សុដ្ឋា៖ «មានន័យ​ថា យន្តការ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​គឺថា អត់​ដំណើរការ​មិនមែន​ជា​ដំណឹង​ដែល​គួរ​ឱ្យ​រីករាយ​អបអរសាទរ​ទេ ដែល​ជា​អ្វី​ដែល​ថ្នាក់ដឹកនាំ​កំពូល​ត្រូវ​យក​បញ្ហា​ហ្នឹង​ដោះស្រាយ​ធ្វើការ​កែទម្រង់​ដើម្បី​ឱ្យ​មាន​រូបភាព​មួយ​ដែល​ថា រចនាសម្ព័ន្ធ​រដ្ឋ​ទាំង​អស់​មាន​ភារកិច្ច​ដោះស្រាយ​ទៅតាម​កម្រិត​នៃ​បញ្ហា»

ចំណែក​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា កន្លង​មក​នាយក​រដ្ឋមន្ត្រី​មាន​ខុទ្ទកាល័យ​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​រួច​ហើយ ហើយ​នៅ​ពេល​បង្កើត​ក្រុម​ការងារ​នេះ​បន្ថែម​ទៀត ហាក់​ធ្វើ​ឱ្យ​ការងារ​ទាំងនេះ​ធ្វើ​ការងារ​ត្រួត​លើ​គ្នា។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​ប្រើ​គណៈរដ្ឋមន្ត្រី ដែល​កន្លែង​របស់​រដ្ឋាភិបាល ឬ​ស្ថាប័ន​របស់​​រដ្ឋ​ផ្សេង​ទៀត​មក​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ជា​ជាង​ការ​យក​ផ្ទះ​របស់​នាយករដ្ឋមន្ត្រី ធ្វើ​ជា​កន្លែង​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ។

លោក វ៉ន ចាន់ឡូត៖ «មានតែ​ឈ្មោះ​ក្រុម​ការងារ​ចម្រុះ​ដោះ​ស្រាយ​ទទួល​ពាក្យ​បណ្ដឹង ប៉ុន្តែ​ជាក់ស្ដែង​ជា​ក្រុមការងារ​ទប់ស្កាត់​ទៅ​វិញ​ទេ។ អ្នក​រងគ្រោះ​ដីធ្លី ឡើង​មក​ច្រើន​ពាន់​នាក់ បើ​ថា ឡើង​មក​បែប​ហ្នឹង​ក្រុម​ចម្រុះ​ហ្នឹង​ន ង​ចាត់វិធានការ​ទប់ស្កាត់​មិន​ឱ្យ​មក​ទេ ទី២ ក្នុង​វិស័យ​អចលនទ្រព្យ​អ្នក​ដែល​ទិញ​ហើយ​អត់​ទទួល​បាន​ដី​ផ្ទះ ក៏​មាន​ជម្លោះ​កាន់តែ​ច្រើន​ឡើងៗ ហើយ​ថា បើ​មក​តវ៉ា​ច្រើន​ក្រុម​ចម្រុះ​ហ្នឹង​នឹង​ចេញ​ចំណាត់​ការ​ទប់ស្កាត់​ហើយ​»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម ប្រធាន​ក្រុម​ការងារ​ចម្រុះ​នេះ គឺ​​លោក​ ហ៊ីង ប៊ុនហៀង បាន​ទេ នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ។ ចំណែក​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ប៉ែន បូណា ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដែរ។ ទោះ​យ៉ាងណា​ក្រុមការងារ​ទទួល និង​ដោះស្រាយ​បណ្ដឹង​ពលរដ្ឋ របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ ក៏​មិន​ខុស​ពី​ក្រុម​ការងារ​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ដែរ ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១៨។ អ្នកឃ្លាំមើល​រិះគន់​ថា ការ​បង្កើត​ក្រុម​នេះ ហាក់​មាន​ចំណង​​ទប់ស្កាត់​ពលរដ្ឋ​មិន​ទៅ​តវ៉ា​នៅ​ផ្ទះ​នាយក​រដ្ឋមន្ត្រី ជា​ជាង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។