លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​បញ្ចប់​ជីវិត​នយោបាយ​រឿង​សញ្ញាប័ត្រ​យោធា

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បបួល​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ភ្នាល់​បញ្ចប់​ជីវិត​នយោបាយ ទាក់ទង​នឹង​រឿង​សញ្ញាប័ត្រ ដែល​លោក​ទទួល​បាន​ពី​សាលា​យោធា​អាមេរិក។ អ្នក​វិភាគ​ថា រឿង​សំខាន់​នៅ​ពេល​នេះ គឺ​ការ​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ មិន​មែន​ជា​ការ​ភ្នាល់​គ្នា​រឿង​ឯកជន​នោះ​ឡើយ។

អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិន​បើ​លោក សម រង្ស៊ី មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា សញ្ញាប័ត្រ​ដែល​លោក​ទទួល​បាន​ពី​សាលា​យោធា West Point របស់​អាមេរិក​ជា​សញ្ញាប័ត្រ​ការ​ទូត ឬ​ជា​សញ្ញាប័ត្រ​ក្លែង​ក្លាយ​នោះ លោក​នឹង​លា​លែង​ពី​តួនាទី​ទាំង​អស់​ក្នុង​ជួរ​កង​ទ័ព ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីវិល​ជា​រៀង​រហូត។ ផ្ទុយ​ទៅវិញ បើ​លោក សម រង្ស៊ី គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​រឿង​នេះ​ លោក​ចង់​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​លាឈប់​ពី​នយោបាយ​ជា​រៀង​រហូត។

ឧត្ដម​សេនីយ៍​ផ្កាយ៣ រូប​នេះ ប្រកាស​ភ្នាល់​ជាមួយ​លោក​​ សម រង្ស៊ី លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី៣០ កញ្ញា។ លោក​បញ្ជាក់​ថា លោក​ធ្វើ​បែបនេះ​ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​លោក ដោយ​សារ​លោក​ សម រង្ស៊ី បាន​ថ្លែង​ថា សញ្ញាប័ត្រ​យោធា​របស់​លោក​ ជា​សញ្ញាប័ត្រ​ការ​ទូត ទោះ​ជា​មិន​បាច់​ចូល​រៀន​ក៏​ជាប់​ដែរ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី២៨ កញ្ញា​ថា សញ្ញាប័ត្រ​របស់​សាលា​ល្បីៗ នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​​បារាំង មាន​ពីរ​ប្រភេទ ដោយ​មួយ​ប្រភេទ​សម្រាប់​ផ្ដល់​ឱ្យ​សិស្ស​ជា​ជន​ជាតិ​​គេ​ផ្ទាល់ ឬ​សិស្ស​បរទេស​ដែល​មាន​កម្រិត​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង​សិស្ស​ជន​ជាតិ​គេ។ ក៏​​ប៉ុន្តែ លោក​ថា សញ្ញាប័ត្រ​មួយ​​ប្រភេទ​ទៀត គឺ​សម្រាប់​ផ្ដល់​ឱ្យ​កូន​ចៅ​​មេ​ដឹក​នាំ​ប្រទេស​ដទៃ ដើម្បី​រក្សា​ទំនាក់​ទំនង​ល្អ និង​​សម្រាប់​ជា​កិត្តិយស​ប៉ុណ្ណោះ៖ «មិន​​បាច់​រៀន​អ្វី​ក៏​បាន​ដែរ ប្រឡង​ចេញ ប្រឡង​លេងៗ ប៉ុន្តែ​គេ​ឱ្យ​សញ្ញាប័ត្រ​ដូច​គ្នា ឈ្មោះ West Point ដូច​គ្នា​អ៊ីចឹង ប៉ុន្តែ​គេ​អត់​ទទួលស្គាល់​នៅ​ស្រុក​គេ​ទេ។ ចង់​ធ្វើ​មេទ័ព​នៅ​អាមេរិក ឱ្យ​មក​បំពេញ​តួនាទី​ដូច​ជន​ជាតិ​​ស្បែក​ស ដែល​គេ​ទទួល​សញ្ញាប័ត្រ​ដែរ​នោះ គេ​អត់​ឱ្យ​ទេ។ គេ​ថា អ្នក​ឯង​យក​ទៅ​ស្រុក​អ្នក​ឯង អ្នក​ឯង​យក​ទៅ​បង្អួត​ទៅ​ សញ្ញាប័ត្រ​ប្រភេទ​ទី​ពីរ​នោះ​ណា។ អា​ហ្នឹង​ជា​កិច្ច​ការទូត នយោបាយ គេ​ចង់​មាន​ទំនាក់​ទំនង​ល្អ គេ​ឱ្យ​ទៅ​កូន​នាយក​រដ្ឋ​មន្ត្រី​នេះ កូន​ប្រធានាធិបតី​នោះ ឱ្យ​យក​សញ្ញាប័ត្រ​ក្លែង​ក្លាយ ប្រភេទ​ទី​ពីរ​នោះ​យក​ទៅ​បង្អួត​នៅ​ស្រុក​ខ្លួន​ទៅ។"​

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ប្រសិន​បើ​លោក សម រង្ស៊ី មិន​ហ៊ាន​ភ្នាល់ ឬ​គ្មាន​ភស្តុតាង​ការពារ​ប្រសាសន៍​របស់​ខ្លួន​ទេ នោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ​នឹង​ក្លាយ​ជា​អ្នក​នយោបាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​គ្មាន​ភាព​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ។

ដោយ​ឡែក មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន វិញ បាន​ចេញ​មុខ​គាំទ្រ​កូន​របស់​លោក​ថា នេះ​ជា​ការ​ចេញ​វាយ​បង្ក្រាប​ចោរ​ក្បត់​ជាតិ ដែល​បាន​មួល​បង្កាច់​កូន​របស់​លោក។

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដើម្បី​សុំ​ប្រតិកម្ម​តប​ទៅ​នឹង​ការ​បបួល​​ភ្នាល់​របស់​លោក ហ៊ុន ម៉ាណែត នេះ​​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ កញ្ញា។

ទោះ​ជា​យ៉ាង​ណា អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ មិន​គាំទ្រ​ការ​ភ្នាល់​គ្នា​បែប​នេះ​ឡើយ។

អនុប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​អ្នក​សិក្សា​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ស ម៉ូរី ថ្លែង​ថា ក្នុង​ឋានៈ​ជា​មេទ័ព​ជាតិ​មួយ​រូប​ លោក ហ៊ុន ម៉ាណែត គួរ​តែ​ព្យាយាម​និយាយ​ឱ្យ​តិច​បំផុត​ទាក់ទង​នឹង​រឿង​នយោបាយ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន។ លោក​បន្ត​ថា លោក​មិន​បាន​ដឹង​រឿង​សញ្ញាប័ត្រ​របស់​លោក ហ៊ុន ម៉ាណែត ទេ ក៏​ប៉ុន្តែ​ប្រសិន​បើ​មេទ័ព​ជើង​គោក​រូប​នេះ ចង់​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​មែន លោក​យល់​ថា លោក ហ៊ុន ម៉ាណែត គួរ​តែ​ពន្យល់​លម្អិត​អំពី​រឿង​នេះ អម​ជាមួយ​នឹង​ភស្តុតាង​នានា ហើយ​ទុក​ឱ្យ​សាធារណជន​ជា​អ្នក​វាយ​តម្លៃ​វិញ៖ «លោក ហ៊ុន ម៉ាណែត​ មិន​គួរ​ទៅ​ធ្វើ​ការ​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​ជីវិត​នយោបាយ​​នោះ​ទេ។ ខ្ញុំ​មើល​ឃើញ​ថា វា​អត់​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ខ្លួន​គាត់​ផ្ទាល់ ហើយ​អត់​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ការ​ស្ដារ ការ​ផ្សះផ្សា​ផ្នែក​នយោបាយ​នៅ​ក្នុង​សង្គម​កម្ពុជា​ទេ។ វា​មិន​មែន​ជា​ការ​បង្កើត​គំរូ​នៃ​វប្បធម៌​នយោបាយ​មួយ​សម្រាប់​យុវជន​កម្ពុជា​ទេ»

នេះ​ជា​លើក​​ដំបូង​ហើយ​ដែល​លោក ហ៊ុន ម៉ាណែត បបួល​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ភ្នាល់​គ្នា​ជា​សាធារណៈ​បែប​នេះ ស្រប​ពេល​ដែល​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​ភ្នាល់​គ្នា​ជាមួយ​លោក សម រង្ស៊ី ជាច្រើន​ដង​រួច​មក ហើយ​ទាក់ទង​នឹង​រឿង​នយោបាយ​ស្រុកទេស។

អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​ និង​នយោបាយ លោក ស ម៉ូរី យល់ថា ការ​ភ្នាល់​គ្នា​ជា​លក្ខណៈ​ឯកជន​រវាង​ក្រុម​មេដឹកនាំ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង មិន​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ជាតិ​នោះ​ឡើយ។ លោក​បន្ថែម​ថា គូ​បដិបក្ខ​នយោបាយ​ទាំង​ពីរ​គួរ​តែ​ដល់​ពេល​ត្រូវ​ជជែក​គ្នា​រក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ ជាជាង​បង្កើន​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ដាក់​គ្នា​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។