អ្នក​រិះគន់​ថា លោក ហ៊ុន ម៉ាណែត គួរ​ឆក់​ឱកាស​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តាម​សំណើ​របស់​ប្រមុខ​ការទូត​អូស្ត្រាលី

ដោយ ថា ថៃ
2023.09.24
អ្នក​រិះគន់​ថា លោក ហ៊ុន ម៉ាណែត គួរ​ឆក់​ឱកាស​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តាម​សំណើ​របស់​ប្រមុខ​ការទូត​អូស្ត្រាលី លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងមហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃទី២២ កញ្ញា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

មន្ត្រី​បក្ស​ជំទាស់ និង​មន្ត្រី​សង្គម​ស៊ីវិល នៅ​ប្រទេស​អូស្ត្រាលី (Australia)​លើកឡើង​ថា លោក ហ៊ុន ម៉ា​ណែ​ត គួរ​ឆក់​ឱកាស​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ឡើងវិញ តាម​សំណើ​របស់​ប្រមុខ​ការទូត​ប្រទេស​អូស្ត្រាលី ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​មុខមាត់​រដ្ឋាភិបាល​របស់​លោក​ផ្ទាល់។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នៅ​ទីក្រុង​ញូវយ៉ក (New York)​សហរដ្ឋអាមេរិក (USA) ជុំវិញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច បញ្ហា​ក្នុង​តំបន់ រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បើ​ទោះបីជា​រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដូចជា​អូស្ត្រាលី​ជាដើម បាន​ដឹង​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​ក្តី ក៏​តំណាង​រដ្ឋាភិបាល​បរទេស​ទាំងនេះ នៅតែ​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ដើម្បី​ផ្តល់​ឱកាស និង​រំលឹក​ឡើងវិញ​ឲ្យ​មេដឹកនាំ​វ័យក្មេង​រូប​នេះ ដឹកនាំ​ប្រទេស​តាម​មាគ៌ា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ។

ប្រធាន​គណបក្ស​ភ្លើងទៀន​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ (New Zealand) លោក ម៉ែន វណ្ណា ថ្លែង​ថា ដោយសារតែ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​មាន​អំណាច​ម្នាក់ ដូច្នេះ​ហើយ​ទើប​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​អ្នកស្រី ផេនី វ៉ង់ (Penny Wong) ទទួល​ជួប​លោក តាម​បែប​ពិធីការ​ការទូត​ធម្មតា​ក្នុង​ពេល​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ពោល​គឺ​មិនមែន​ជា​ការ​ផ្តល់​តម្លៃ​ដល់​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ស្របច្បាប់​ឡើយ។ លើស​ពី​នេះ លោក​មើល​ឃើញ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នោះ ប្រមុខ​ការទូត​អូស្ត្រាលី រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជាដើម សុទ្ធតែ​ដាស់​តឿន​ឲ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

លោក ម៉ែន វណ្ណា៖ «ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ប្រទេស​អូស្ត្រាលី គេ​ចង់​បានឃើញ​លទ្ធិប្រជាធិបតេយ្យ ហើយ​បើសិនជា​លោក ហ៊ុន ម៉ាណែត កែ​សម្រួល គាត់​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​នឹង​គាំទ្រ​គាត់ គឺ យើង​សប្បាយចិត្ត សូម្បីតែ​ខ្ញុំ​ផ្ទាល់ ក៏​ខ្ញុំ​គាំទ្រ​ដែរ ពីព្រោះ​យើង​ចង់បាន​យុត្តិធម៌​នៅ ក្នុង​សង្គម ធ្វើ​អ្វី​ក៏ដោយ​ឲ្យ​យក​សំឡេង យក​សេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋ គឺ​យើង​ទទួល​ស្គាល់»

កាលពី​ថ្ងៃទី​២២ កញ្ញា លោក ហ៊ុន ម៉ាណែត បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី គឺ​អ្នកស្រី ផែន​នី វ៉ង់ (Penny Wong) នៅ​ទីស្នាក់ការ​កណ្តាល អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក។ ប្រមុខ​ការទូត​អូស្ត្រាលី​រូប​នេះ បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​ធ្វីតធឺ (Twitter)​យ៉ាង​ខ្លី​ថា អ្នកស្រី បាន​ជជែក​ជាមួយ​លោក ហ៊ុន ម៉ាណែត លើ​បញ្ហា​ជាច្រើន​ដូចជា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច បញ្ហា​អាទិភាព​ក្នុង​តំបន់ ព្រមទាំង​បញ្ហា​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ រីឯ​លោក ហ៊ុន ម៉ាណែត វិញ លោក​បាន​បញ្ជាក់​នូវ​ជំហរ​នៃ​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ចង់​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​អូស្ត្រាលី​ក្នុង​វិស័យ​សក្ដានុពល ទាំង​ក្រោម​យន្តការ​ទ្វេភាគី និង​ពហុភាគី។ ក្រៅ​ពី​នេះ ទំនងជា​បារម្ភ​អំពី​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ខ្លួន លោក ហ៊ុន ម៉ាណែត ក៏​មិន​ភ្លេច​និយាយ​បញ្ចុះបញ្ចូល​អ្នកស្រី ផែននី វ៉ង់ អំពី​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ ដោយ​អះអាង​ថា មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន។ បន្ថែម​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជាក់​ជំហរ​ទៀត​ថា រដ្ឋាភិបាល​របស់​លោក នឹង​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រួមមាន​ជាអាទិ៍៖ ការ​បន្ត​កែទម្រង់​អភិបាលកិច្ច និង​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋាភិបាល និង​ការ​បន្ត​អនុញ្ញាត​ឲ្យ​មាន​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ឬ​ហៅថា អង្គការ​២៣​តុលា លោក អ៊ិន ណាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល អូស្ត្រាលី ឬ​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត តែង​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​នៅក្នុង​តំបន់​រួម​ទាំង​កម្ពុជា​ផង ប៉ុន្តែ​មេដឹកនាំ​ទាំងនោះ តែង​រក្សា​ជំហរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការ​គាំទ្រ​ផ្នែក​ការទូត។ ដូច្នេះ​លោក​យល់​​​ថា លោក ហ៊ុន ម៉ាណែត គួរតែ​ឆក់​ឱកាស​ដែល​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ ទុក​ឱកាស និង​កំពុង​សម្លឹង​មើល​របៀប​គ្រប់គ្រង​របស់​លោក​នេះ ចាត់​វិធានការ​ជាក់ស្តែង ដើម្បី​កែ​លម្អ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ បើ​ពុំ​នោះ​ទេ លោក​នឹង​បាត់​ឱកាស​កសាង​សង្គម​-​សេដ្ឋកិច្ច ហើយ​ថែម​ទាំង​បាត់​ឱកាស​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ទៀត​ផង។

លោក អ៊ិន ណាត៖ «ខ្ញុំ​គិតថា បើ​គាត់ (​ហ៊ុន ម៉ាណែត) ដើរ​តាម​គំរូ​ឪពុក​របស់​គាត់ ខ្ញុំ​ជឿ​ថា គាត់ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ទេ ហើយ​គួរ​ឲ្យ​សោកស្តាយ​ប្រទេស​កម្ពុជា នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត ដូចដែល​យើង​បានឃើញ​ហើយ​ថា វិបត្តិ​នេះ​កំពុងតែ​រីក​រាលដាល។តែបើ​គាត់ (ហ៊ុន ម៉ាណែត) មាន​ការ​កែប្រែ​នោះ ខ្ញុំ​ជឿ​ថា ទៅ​មុខ​អាច​នឹង​មាន​ការ​គាំទ្រ ហើយក៏​មានការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ ហើយក៏​នឹង​មាន​ផ្តល់​EBA និង GSPមកវិញ ។ ហើយ​អ្នក​វិនិយោគ​ធំៗ​នៅ​បរទេស អាច​ចូល​ទៅ​វិនិយោគ​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការងារ​ធ្វើ ពេលនោះ​យើង​នឹង​មាន​ការ​អភិវឌ្ឍ​ពិតប្រាកដ»

នៅ​ក្នុង​ពេល​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ លោក ហ៊ុន ម៉ាណែត ក៏​បាន​អះអាង​នៅ​ចំពោះមុខ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​នេះ បន្ត​កសាង​សង្គម​មួយ ដោយ​ឈរលើ​ការគោរព​ច្បាប់ និង​គោលការណ៍​នីតិរដ្ឋ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក ហ៊ុន ម៉ាណែត បន្ថែម​ថា ការ​ដែល​បន្ត​សុពលភាព​អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏​ជា​ការ​ឆ្លុះបញ្ចាំង​ពី​សុឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កែ​លម្អ​សិទ្ធិមនុស្ស​ដែរ។

ទោះបី​លោក ហ៊ុន ម៉ាណែត អះអាង​បែប​នេះ​ក្តី ក៏​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​របស់​លោក មិន​ទាន់​ចាត់វិធានការ​ជាក់លាក់​បើក​លម្ហ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ពលរដ្ឋ ធានា​សិទ្ធិ​នយោបាយ ដោះលែង​អ្នក​ជាប់ឃុំ​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ការងារ ព្រមទាំង​ងាក​មក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា កំពុងតែ​ផ្គើន​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព​ដើម្បី​កម្ទេច​គណបក្ស​ជំទាស់ និង​បំបិទ​សំឡេង​រិះគន់ ដើម្បី​ធានា​សុវត្ថិភាព​អំណាច​របស់​ក្រុម​គ្រួសារ​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
តើ​ការ​ដឹកនាំ​របស់នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដូច​ឬ​ខុស​ដូចម្ដេច​ខ្លះ ក្នុង​រយៈ​ពេល​៣​ខែ​នេះ?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។