លោក ហ៊ុន ម៉ាណែត ថា កម្ពុជា​ធ្វើ​ការ​កែ​ទម្រង់​លើ​វិស័យ​វិនិយោគ ដើម្បី​ទាក់ទាញ​អ្នក​រក​ស៊ី​ជាតិ និង​អន្តរជាតិ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជា​កំពុង​ធ្វើ​កែទម្រង់​លើ​វិស័យ​វិនិយោគ ដើម្បី​ទាក់ទាញ​​អ្នក​រក​ស៊ី​ជាតិ និង​អន្តរជាតិ។ អ្នក​វិភាគ​ថា ករណី​នេះ​ពុំ​អាច​ទៅ​រួច​ទេ ប្រសិន​បើ​កម្ពុជា​មិន​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុករលួយ និង​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹង​ថា ក្រោយ​ពី​កម្ពុជា​ធ្វើ​កំណែ​តម្រង់​នីតិវិធី វិនិយោគ​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​បណ្ដា​អ្នក​វិនិយោគ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន។ ករណី​នេះ ដើម្បី​ឱ្យ​ពួក​គេ ងាក​មក​ចាប់​អារម្មណ៍​រក​ស៊ី​ជា​មួយ​កម្ពុជា កាន់​តែ​ច្រើន​ជាង​មុន ជា​ពិសេស លើ​វិស័យ​ឧស្សាហកម្ម​ជា​ដើម។

ការ​ថ្លែង​បែប​នេះ​របស់​លោក ហ៊ុន ម៉ាណែត អំឡុង​ពេល ដែល​លោក​ចូលរួម​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែមេសា។ លោក ហ៊ុន ម៉ាណែត និយាយ​ជា​ភាសា​អង់គ្លេស និង​មាន​អ្នក​បកប្រែ​ថា ​បច្ចុប្បន្ន​កម្ពុជា កំពុង​បង្កើត​បរិយាកាស​ងាយស្រួល​ដល់​អ្នក​រក​ស៊ី​ ផ្នែក​វិស័យ​ឧស្សាហកម្ម ដូច​ជា ការ​ផលិត​គ្រឿង​បន្លាស់​ផ្សេងៗ ក្នុង​ការ​នាំ​ចេញ​ទៅ​ទី​ផ្សារ​ជុំវិញ​តំបន់​អាស៊ាន។

លោក ហ៊ុន ម៉ាណែត៖«រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ជំរុញ​យុទ្ធសាស្ត្រ​ប្រទេស​បូក តាម​រយៈ​ការ ​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ប្រើ​បច្ចេកវិទ្យា​​មធ្យម ឱ្យ​មក​សាងសង់​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​គ្រឿង​បន្លាស់ ទៅ​ឱ្យ​រោងចក្រ​ធំៗ នៅ​ប្រទេស​ខាង​ក្នុង​អាស៊ាន»។

Hun_Manet_in_ASEAN_energy_grid_connectivity_and_ASEAN_renewable_energy_and_sustainability_040124_2.jpg
(រូបកណ្ដាល) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​តំណាង​ប្រទេស​សមាជិក​អាស៊ាន ថត​រូប​រួម​គ្នា ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃ​ទី២ ខែមេសា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម និង​នយោបាយ សង្កេត​ឃើញ​ថា បើ​ទោះ​បី​រដ្ឋាភិបាល​ខំ​អំពាវនាវ​ និង​ប្ដេជ្ញា​ចិត្ត ស្វែង​រក​អ្នក​មក​រកស៊ី នៅ​កម្ពុជា​ជា​ហូរ​ហែ​ក្ដី ប៉ុន្តែ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ ជាក់ស្ដែង កម្ពុជា​មាន​ឈ្មោះ​មិន​ល្អ ពាក់ព័ន្ធ​អំពើ​ពុករលួយ អសន្តិ​សុខ​សង្គម និង​ការ​ឆបោក ដែល​ជា​បញ្ហា​ចម្បង​ធ្វើ​ឱ្យ​បាត់បង់​អ្នក​វិនិយោគ​មក​ពី​ខាង​ក្រៅ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍ បណ្ឌិត មាស នី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២ ខែមេសា ថា ការ​ធ្វើ​កំណែ​ទម្រង់ វិស័យ​វិនិយោគ របស់​រដ្ឋាភិបាល ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​អ្នក​វិនិយោគ ​នៅ​តំបន់​អាស៊ាន​ ឱ្យ​មក​វិនិយោគ នៅ​កម្ពុជា​នេះ គឺ​ជា​រឿង​ល្អ ក៏​ប៉ុន្តែ​ កម្ពុជា​ពិបាក ដោយ​សារ​តែ​កម្ពុជា​​មានឈ្មោះ​មិន​ល្អ ​ពាក់ព័ន្ធ​​បញ្ហា​ជួញ​ដូរ​មនុស្ស ​និង​ការ​ធ្លាក់​ចុះ ​ប្រព័ន្ធ​ប្រជាធិបតេយ្យ។ ដូច្នេះ លោក​ថា កម្ពុជា​ត្រូវ​តែ​បោស​សម្អាត​​ក្រុម​ឧក្រិដ្ឋជន និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ​ជា​មុន​សិន។

បណ្ឌិត មាស នី៖«ទាក់ទង​ការ​អនុវត្ត​ច្បាប់​អំពើ​ពុករលួយ ហើយ​ដូច​យើង​ឃើញ​ហើយ​សព្វ​ថ្ងៃ​នេះ​ មាន​បង្កើន​ឡើង​ជម្រក​ឧក្រិដ្ឋជន​រក​ស៊ី​ឆ្លង​ដែន​ផ្សេងៗ។ ដូច​ជា​ថ្មី​នេះ រឿង​ជន​ជាតិ​ឥណ្ឌា និង​ចិន វា​សុទ្ធ​តែ​ជា​រឿង ដែល​រដ្ឋាភិបាល​កម្ពុជា​ តែ​កែ​តម្រូវ និង​ដោះស្រាយ ជា​ជាង​ដែល​បដិសេធ​របាយការណ៍​របស់​គេ ហើយ​មិន​ព្រម ការ​កែ​តម្រូវ​ខ្លួន​ឯង»។

របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ឆ្នាំ២០២៣ ឱ្យ​ដឹង​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន២៤ ដែល​ជាប់​ចំណាត់​ថ្នាក់​​កម្រិត​ទី៣ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស។ កម្រិត​ទី៣​ នេះ គឺជា​ចំណាត់​ថ្នាក់​ដ៏​អាក្រក់​បំផុត ដែល​កំណត់​ដោយ​ក្រសួង​ការបរទេស​អាមេរិក។

ជាក់ស្ដែង កាល​ពី​ពេល​ថ្មីៗ នេះ ក្រសួង​ការ​បរទេស​ឥណ្ឌា​រក​ឃើញ​ជន​ជាតិ​របស់​ខ្លួន​ជាង ៥ពាន់​នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​តាម​អ៊ិនធឹណិត (Cyberscam)នៅ​ប្រទេស​កម្ពុជា។

ចំណែកអង្គការ​សហប្រជាជាតិ (UN) កាល​ពី​ខែសីហា ឆ្នាំ២០២៣ បង្ហាញ​ថា នៅ​កម្ពុជា ​មាន​មនុស្ស​យ៉ាង​ហោច ១០ម៉ឺន​នាក់ កំពុង​រងគ្រោះ​ដោយ​ធ្វើ​ការ​ជា​អ្នក​បោកប្រាស់​តាម​អ៊ិនធឹណិត ដែល​ជន​រង​គ្រោះ​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន គំរាមកំហែង ទទួល​រង​ការ​ធ្វើ​ទារុណកម្ម អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ ទៀត។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លើក​ឡើង​ថា​កម្ពុជា​មាន​រឿង​ច្រើន ដែល​ត្រូវ​ដោះ​ស្រាយ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ជាពិសេស បញ្ហា​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ និង​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ជា​ដើម។

អ្នក​ឃ្លាំ​មើល​ថា ប្រសិន​បើ​កម្ពុជា​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​បាន គឺ​កម្ពុជា​នឹង​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ព្រោះ​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ពី​បណ្ដា​ប្រទេស​ជាតិ​ខាង ដោយ​ពុំ​ចាំ​បាច់​ធ្វើ​កំណែ​ទម្រង់​ វិស័យ​វិនិយោគ​អ្វី​ច្រើន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។