លោក ហ៊ុន ម៉ាណែត ថា ស.ស.យ.ក ជា​អង្គការ​យុវជន បម្រើ​មហាជន​ធំ​ជាងគេ

ដោយ សុជីវី
2024.03.15
លោក ហ៊ុន ម៉ាណែត ថា ស.ស.យ.ក ជា​អង្គការ​យុវជន បម្រើ​មហាជន​ធំ​ជាងគេ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (កណ្ដាល) ចូលរួម​ពិធី​បិទ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្ដាល ស.ស.យ.ក នៅ​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត អះអាង​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (...) ដែល​គ្រប់គ្រង​ដោយ​ប្អូន​ប្រុស​ពៅ​របស់​លោក គឺ​ជា​អង្គការ​យុវជន បម្រើ​មហាជន​ធំ​ជាង​គេ ក្នុង​កិច្ចការ​សង្គម និង​ដើម្បី​បុព្វហេតុ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ​ថា ស...ក គឺ​ជា​អង្គការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​ដើម្បី​ការពារ​អំណាច​បែប​ផ្ដាច់​ការ​របស់​គ្រួសារ​ត្រកូល ហ៊ុន តែ​ប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​កិត្តិយស​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (...) ផង​នោះ លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ស...ក ក្រោម​ការ​ដឹកនាំ​របស់ លោក ហ៊ុន ម៉ានី ធ្វើ​ការ​ដើម្បី​បុព្វហេតុ​ជាតិ ដោយ​មិន​មាន​ការ​រើសអើង​និន្នាការ​នយោបាយ វណ្ណៈ និង​សាសនា​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត បន្ត​ថា ស...ក មាន​ភារកិច្ច​ចម្បង​បំផុស​ឱ្យ​យុវជន​ចូលរួម​ការងារ​សង្គម ដើម្បី​កសាង​សង្គម​ទំនើប​មួយ ដែល​មាន​សន្តិភាព សេរីភាព និង​ប្រជាធិបតេយ្យ​ផង​ដែរ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ពេល​លោក ហ៊ុន ម៉ាណែត ចូលរួម​ពិធី​បិទ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្ដាល ស...ក នៅ​ថ្ងៃ​ទី១៤ ខែមីនា។

កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្ដាល ស...ក បាន​ធ្វើ​ឡើង​រយៈ​ពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៣ និង​ថ្ងៃ​ទី១៤ ខែមីនា ដោយ​មាន​អ្នក​ចូលរួម​ភាគ​ច្រើន គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល រួម​មាន​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​ផ្សេងៗ និង​អភិបាល​ខេត្ត​ក្រុង​ជា​ដើម។ មន្ត្រី​ទាំង​នេះ គឺ​ភាគ​ច្រើន​គឺជា​កូនៗ របស់​អតីត​មន្ត្រី​ដែល​មាន​តួនាទី​គ្រាក់ៗ នៅ​ក្នុង​រដ្ឋាភិបាល។ កិច្ច​ប្រជុំ​នេះ មាន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ថ្មី​ចំនួន ១១៣នាក់ និង​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន៥ បន្ថែម​ទៀត ខណៈ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត ឫទ្ធិ ត្រូវ​បាន​ជ្រើសរើស​ជា​អនុប្រធាន ស...ក។

ជុំវិញ​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អំ សំអាត យល់​ឃើញ​ថា ដោយសារ​តែ​ស្ថាប័ន ស...ក ដឹកនាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ដូច្នេះ​ស្ថាប័ន​នេះ​បាន​ចូលរួម​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ច្រើន​ជាង​បំពេញ​ការងារ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម។ លោក​បន្ត​ថា ក្រៅ​ពី​បង្កើត​បណ្ដាញ​ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅ​មក​រវាង​មន្ត្រីរាជការ និង សមាជិក ស...ក ហើយ​នោះ ស្ថាប័ន​នេះ​ក៏​បណ្ដុះ​យុវជន​ឱ្យ​គាំទ្រ​ការ​ផ្ទេរ​អំណាច​បែប​បន្ត​ពូជ​ផង​ដែរ។

លោក អំ សំអាត៖ «ទោះបីជា​ប្រជាពលរដ្ឋ​រង​ភាព​អយុត្តិធម៌ បណ្ដេញ​ចេញ​ពី​ដីធ្លី ក៏​យុវជន​ហ្នឹង​ធ្វើ​មិន​ដឹង ធ្វើ​មិន​ឃើញ​ដែរ​ដើម្បី​គាំទ្រ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន គាំទ្រ​ត្រកូល ហ៊ុន ហើយ​អ៊ីចឹង​ពួកគេ​ត្រូវ​តែ​បញ្ចូល​មនោគមន៍​វិជ្ជា​ធ្វើ​ម៉េច​ឱ្យ​យុវជន​ភ្លេច​គិត​រឿង​ជាតិ គិត​តែ​រឿង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន កាលណា​ចូលរួម​ជាមួយ​សភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺ​ចូលរួម​សម្លាប់​ប្រជាធិបតេយ្យ ចូលរួម​រំលោភ​សិទ្ធិមនុស្ស ចូលរួម​បំផ្លាញ​ជាតិ​ជាមួយ​ត្រកូល​ហ៊ុន​ហើយ»

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះ មាន​លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​ពៅ​លោក ហ៊ុន សែន និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គឺជា​ប្រធាន។ ចំណែក​អនុប្រធាន​វិញ​មាន​ ៨នាក់ រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ដែន​ដី លោក សាយ សំអាល់ កូនប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា អភិបាល​ខេត្តព្រះវិហារ លោក គីម រិទ្ធី ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​ទៀត គឺ​លោក សុះ មុះសិន និង​អ្នកស្រី ដាំ ដារិនី។ ក្រៅ​ពី​នេះ ក្រុម​មន្ត្រី​កំពូលៗ នៃ​គណបក្ស​កាន់​អំណាច បាន​ដាក់​បញ្ចូល​កូនៗ របស់​ពួក​គេ​ទៅ​ក្នុង​តួនាទី​ប្រធាន និង​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចាប់​តាំង​ពី​នៅ​ខេត្ត រាជធានី រហូត​ដល់​ស្រុក-ខណ្ឌ និង​គ្រប់​ក្រសួង​ស្ថាប័ន រួម​ទាំង​សាលារៀន​ផង។ បន្ទាប់​មក​កូនចៅ​របស់​ពួកគេ ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់​ការងារ​សំខាន់ៗ​ក្នុង​ជូរ​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់ ដូច​ដែល​បាន​ឃើញ​សព្វថ្ងៃ។ អ្នក​ឃ្លាំមើល សង្កេត​ឃើញ​ថា ការងារ​ស្នូល​របស់ ស...ក នេះ គឺ​គ្រាន់​តែ​បង្កើត​ប្រព័ន្ធ​មួយ​ឱ្យ​យុវជន​ដើរ​តាម​សែស្រឡាយ និង​បក្ខពួក​របស់​កូនចៅ​លោក ហ៊ុន សែន ប៉ុណ្ណោះ ពោល​គឺ​មិនមែន​ដើម្បី​ផល​ប្រយោជន៍​យុវជន​ទូទៅ និង​សង្គមជាតិ​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ទទួល​ស្គាល់​ថា ស...ក គឺជា​ចលនា​យុវជន​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​លោក​អះអាង​ថា ស្ថាប័ន​នេះ​ធ្វើ​ការ​ដើម្បី​ការពារ​អំណាច​ផ្ដាច់​ការ​របស់​គ្រួសារ​ត្រកូល ហ៊ុន ជាជាង​ផល​ប្រយោជន៍​ជាតិ។ លោក​បន្ត​ថា ដោយសារ​តែ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាន​ភាព​គោរព​សិទ្ធិមនុស្ស​កាន់​តែ​អាក្រក់​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច្នេះ​ការ​បង្កើត​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​របស់ ស...ក ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្វក់​ស្មារតី​របស់​យុវជន ឱ្យ​ភ្លេច​ភារកិច្ច​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តែ​ប៉ុណ្ណោះ។

លោក គឹម សុខ ៖ «...ក របស់ ហ៊ុន ម៉ានី និង ហ៊ុន ម៉ាណែត ហ្នឹង គឺជា​ចលនា​នយោបាយ​ទុច្ចរិត ដែល​ប្រើ​លុយ​កខ្វក់ និង​ឱកាស​ការងារ​បែប​បក្ខពួក​និយម ទិញ​ទឹក​ចិត្ត​យុវជន​ឱ្យ​ចូលរួម​បំភ័ន្ត​មហាជន និង​សង្គម។ អង្គការ​នេះ​គឺជា​ឧបករណ៍​នយោបាយ​ស៊ីវិល​មួយ របស់​ក្រុម​គ្រួសារ ហ៊ុន ពង្វក់​ឱ្យ​យុវជន​វង្វេង​ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌»

បើ​ទោះបីជា​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធំៗ របស់​ឧកញ៉ា​មួយ​ចំនួន​ក្ដី តែ​យុវជន ស...ក ហាក់​មិន​សូវ​ធ្វើ​ការងារ​លើក​កម្ពស់​យុត្តិធម៌​សង្គម និង​ការ​ការពារ ធនធាន​ធម្មជាតិ​នោះ​ឡើយ។ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា យុវជន​មិន​គួរ​ចូលរួម​ជា​សមាជិក ស...ក នោះ​ឡើយ ពី​ព្រោះ​ក្រៅ​តែ​ពី​មិន​អាច​លើក​កម្ពស់​យុត្តិធម៌​សង្គម​ហើយ​នោះ ស្ថាប័ន ស...ក ក៏​អាច​នឹង​ពង្វក់​ស្មារតី​យុវជន​ឱ្យ​អាត្មានិយម លែង​ខ្វល់ខ្វាយ​ពី​បញ្ហា​នៅ​ក្នុង​សង្គម​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។