លោក ហ៊ុន ម៉ាណែត ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក​រយៈ​ពេល​ ៣​ខែ ​រដ្ឋាភិបាល​មាន​ស្នាដៃ​ជា​ច្រើន​

ដោយ វិទ្យុអាស៊ីសេរី
2023.11.22
លោក ហ៊ុន ម៉ាណែត ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក​រយៈ​ពេល​ ៣​ខែ ​រដ្ឋាភិបាល​មាន​ស្នាដៃ​ជា​ច្រើន​ លោក ហ៊ុន ម៉ាណែត ថ្លែងសារ​នយោបាយ​ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើផ្លូវ​ជាតិ​លេខ៥ ជា​ផ្លូវ​ការ នៅ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​រយៈ​ពេល ៣ខែ ក្រោម​ការ​ដឹកនាំ​របស់​លោក បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីកចម្រើន​ទៅ​មុខ។ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​ថា គ្រាន់​តែ​ជា​សារ​នយោបាយ​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ។

មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ លោក ហ៊ុន ម៉ាណែត អួតអាង​នៅ​ចំពោះ​មុខ​មន្ត្រី​ការទូត មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ៥ ជា​ផ្លូវ​ការ នៅ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី២២ វិច្ឆិកា​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​ធ្វើ​ការងារ​ជា​ច្រើន​ជួយ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​រីក​ចំរើន។ លោក​បញ្ជាក់​ថា ការងារ​លេចធ្លោ មាន​ដូច​ជា គម្រោង​កម្ចី​ដើម្បី​អភិវឌ្ឍន៍ ការ​ទាក់ទាញ​វិនិយោគ​ពី​ក្រៅ​ស្រុក​តាម​រយៈ​ក្រុមហ៊ុន​ផ្សេងៗ ការ​ចរចា​ជា​មួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​បើក​ច្រក ដើម្បី​ទាញ​យក​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា​ជា​ដើម។ បន្ថែម​ពី​នេះ លោក​ថា រដ្ឋាភិបាល​ក៏​បាន​លើកស្ទួយ​ការ​វិនិយោគ​ក្នុង​ស្រុក ដើម្បី​ឱ្យ​ប្រើប្រាស់​ធនធាន​វិស័យ​ឯកជន​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត៖ «រដ្ឋាភិបាល​មិន​បាន​គេង​ទេ​ មិន​បាន​គេង​អេះ​ពោះ មិន​បាន​ធ្វើ​អី​ដើរ​តែ​ខ្ចី​លុយ​គេ​ទេ ៣ខែ​នេះ។ គឺ​បាន​ធ្វើ​គោលនយោបាយ​ចេញ​គោលការណ៍​ច្រើន​សម្ពោធ​សមិទ្ធផល​ច្រើន និង​ដាក់​គោល​នយោបាយ ដើម្បី​បន្ត​ទៀត​ច្រើន​គ្រប់​វិស័យ​ទាំង​អស់ ហើយ​ថ្ងៃ​នេះ ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ ដើម្បី​បង្កើត​សរសៃ​ឈាម​នាំ​ឈាម​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ផ្សេងៗ ជា​ពិសេស អ្នក​កំពង់ឆ្នាំង​តែ​ម្ដង»

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​ថា គ្រាន់​តែ​ជា​សារ​នយោបាយ​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្ត​បន្ទាយមានជ័យ លោកស្រី ព្រិន ឆយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា​ថា ក្នុង​អំឡុង​ពេល ៣ខែ ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត នេះ មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​លោកស្រី​ប្រសើរ​ឡើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជីវភាព​កាន់​តែ​ក្រីក្រ ដោយសារ​អត់​ការងារ​ធ្វើ និង​លក់​ដូរ​មិន​ដាច់។ លោកស្រី​បញ្ជាក់​ថា ពលរដ្ឋ​រស់នៅ​ខេត្ត​ជា​មួយ​លោកស្រី​កាន់​តែ​ច្រើន​ឡើង ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក​ប្រាក់​សង​បំណុល​ធនាគារ។

លោកស្រី ព្រិន ឆយ៖ «ថា​តែ​មាត់ វា​មិន​បាន​ដូច​គាត់​និយាយ​ហ្នឹង​ទេ។ លក់​អី​មិន​ដាច់ រក​ការងារ​ធ្វើ​មិន​បាន សូម្បី​តែ​ធ្វើ​ការ​សំណង់ ក៏​គេ​បោក​ដែរ ខ្មែរ​គ្នា​ឯង​រាល់​ថ្ងៃ​ហ្នឹង។ ក្មួយៗ ខ្ញុំ​ធ្វើ​ការងារ​មិន​បាន​លុយ​មួយ​រៀល​ណា​ ម្នាក់ៗ មួយ​លាន​ពីរ គេ​បោក​អស់។ អា​ថៃ​ក៏​បោក ខ្មែរ​ក៏​បោក ទៅ​កន្លែង​ណា​ក៏​បោក ដាច់​បាយ​សឹង​តែ​គ្រប់​គ្នា​ហើយ។ អា​ប៉ុន្មាន​ខែ​មុន​បិទ​រោងចក្រ ធ្លាប់​ធ្វើ​ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ ដល់​ថ្ងៃ​សៅរ៍ គេ​ផ្អាក ហើយ​អូ (OT= ថែម​ម៉ោង) ក៏​គ្មាន ហើយ​គ្នា​មិន​ធ្លាក់​ការងារ​មាន​អី។ រត់​ចង់​អស់​ហើយ​ឥឡូវ​នៅ​សល់​តិច​ណាស់។ ឥឡូវ​ប្រាក់​ខែ​វា​មិន​គ្រប់​នោះ រត់​ទៅ​ថៃ​ផង អី​ផង រត់​ទាំង​កូន​ខ្ញុំ​កូន​គេ​អី​អស់​ហើយ»

ដោយ​ឡែក ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (Central) និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម លោក ឌី ថេហូយ៉ា មើល​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈ​ពេល ៣ខែ​ចុង​ក្រោយ​នេះ​ហាក់​មិន​មាន​អ្វី​រីក​ចំរើន​ទៅ​មុន​នោះ​ទេ ខណៈ​ដែល​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ និង​ធ្វើ​ការ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ដោយសារ​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។​លោក​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​ថា គ្រាន់​តែ​ជា​វោហារសាស្ត្រ​នយោបាយ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​មហាជន​តែ​ប៉ុណ្ណោះ។

លោក ឌី ថេហូយ៉ា៖ «គឺ​ថា គ្រាន់​ជា​ការ​ស្អំ​នូវ​អារម្មណ៍​ប្រជាពលរដ្ឋ ដែល​ឈឺ​ចាប់​អំពី​អត់​មាន​ប្រាក់​ចំណូល ចំណាក​ស្រុក​ទៅ​ស្រុក​គេ ជំពាក់​បំណុល​អី​ជា​ដើម​អីចឹង ហើយ​វា​អាច​បាន​ក្រុង​មួយ​ចំនួន​ដែល​ជឿ​គេ​អីចឹង​ទៅ អត់​បាន​ពិចារណា​អី​ត្រឹម​ត្រូវ គិត​តាម​ហ្នឹង។ ប៉ុន្តែ​ជាក់​ស្ដែង អំពី​បញ្ហា​សេដ្ឋកិច្ច ជា​ពិសេស យើង​មើល​នៅ​កម្ពុជា​រាល់​ថ្ងៃ អតិផរណា​នៃ​តម្លៃ​ទី​ផ្សារ វា​ថ្លៃ​ណាស់ ដូច​ជា ប្រេង​សាំង​អីចឹង ហើយ​ចំណូល​របស់​គាត់​វា​កើន ឬ​អត់​បើ​ថា ចំណាយ​វា​ធំ ហើយ​ចំណូល​វា​តិច អា​ហ្នឹង​មាន​ន័យ​ថា វា​មិន​អាច​វាស់​វែង​ថា រីក​ចំរើន ឬ​ប្រសើរ​ជាង​មុន​បាន​ទេ»

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ សង្គម​ហ្វេសប៊ុក (Facebook) ដោយ​លើក​ឡើង​ថា ពួក​គាត់​អស់​លទ្ធភាព​សង​បំណុល​ធនាគារ​ហើយ។ ពួក​គាត់ ក៏​ទទូច​ដល់​រដ្ឋាភិបាល ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ពន្យារ​ពេល​សង​ប្រាក់ រយៈ​ពេល ១មួយ​ឆ្នាំ។ ចំណែក​អតិថិជន​ទិញ​ផ្ទះ និង​បុរី​កាន់​តែ​ច្រើន​ឡើង បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ម្ចាស់​បុរី កុំ​ឱ្យ​រឹបអូស​ផ្ទះ ដោយសារ​ពួក​គាត់​អស់​លទ្ធភាព​រក​ប្រាក់​បង់​រំលស់​បន្ត។ រីឯ​កម្មករ​រោងចក្រ​ខ្លះ ក៏​បាន​កាត់​បន្ថយ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ដោយសារ​ប្រាក់​ចំណូល​ថយ​ចុះ ព្រោះ​គ្មាន​ការ​ងារ​ធ្វើ​ទៀង​ទាត់ ខណៈ​រោងចក្រ​ខ្លះ​បាន​ប្រកាស​ក្ស័យធន និង​បិទទ្វារ ហើយ​រោងចក្រ​មួយ​ចំនួន ក៏​បាន​កាត់បន្ថយ​ចំនួន​កម្មករ ឬ​ម៉ោង​ការងារ​ជា​ដើម។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​ទាំង​នេះ​ដោយសារ​តែ​ពលរដ្ឋ​បាត់បង់​ប្រាក់​ចំណូល​បណ្ដាល​មក​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​ដោះស្រាយ​យឺតយ៉ាវ កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
មន្ត្រី គ.ជ.ប ខេត្តតាកែវសួរនាំក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនម្នាក់ ក្រោយថតសន្លឹកឆ្នោតនៅក្នុងបន្ទប់សម្ងាត់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

កូន ខ្មែរ
Nov 23, 2023 06:29 AM

កើតស្រែងពេញខ្លួន រួចខំប្រឹងស្រែកពពាយនាយលក់ថ្នាំស្រែង នេះជាទម្លាប់របស់ពួកអាយ៉ងយួន