លោក ហ៊ុន ម៉ាណែត ថ្លែងពីផលអាក្រក់នៃការបាក់បែកជាតិ ៣ថ្ងៃបន្ទាប់ពីលោកព្រមានបង្ក្រាបបាតុកម្មរបស់ពលរដ្ឋរឿងគម្រោង CLV
2024.08.05
៣ថ្ងៃបន្ទាប់ពីព្រមានប្រើហិង្សាបង្ក្រាបបាតុកម្មរបស់ប្រជាពលរដ្ឋ រឿងតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ និងវៀតណាម នៅថ្ងៃទី៥ ខែសីហានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ថ្លែងថា ការបាក់បែកផ្ទៃក្នុងជាតិ នឹងធ្វើឱ្យកម្ពុជាធ្លាក់ក្រោមសូន្យ។
ទោះជាយ៉ាងណាអ្នកឃ្លាំមើលនិងបក្សប្រឆាំងលើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវប្រើនយោបាយបង្រួបបង្រួមជាតិឱ្យដូចទៅនឹងការថ្លែងរបស់លោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ជម្លោះនិងការបែកបាក់ផ្ទៃក្នុង មិនត្រឹមតែធ្វើឱ្យកម្ពុជា ស្គាល់តែការបំផ្លិចបំផ្លាញ និងទឹកភ្នែក ព្រមទាំងបាត់បង់ កិត្យានុភាពជាតិប៉ុណ្ណោះទេ គឺសូម្បីតែឈ្មោះប្រទេសកម្ពុជា ក៏ស្ទើរតែរបូតចេញ ពីផែនទីពិភពលោកដែរ។
ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហានេះ លោកហៅការបែកបាក់ក្នុងប្រវត្តិសាស្ត្រកន្លងមកថា ជាសុបិនអាក្រក់ ដែលមិនត្រូវឱ្យកើតមានជាថ្មី និងអំពាវនាវឱ្យមានឯកភាពជាតិ ក្នុងស្មារតីជាតិនិយម និង ដើម្បីឧត្ដមប្រយោជន៍ជាតិខ្មែរ។
លោក ហ៊ុន ម៉ាណែត បាននិយាយថា ការឈឺចាប់របស់ខ្មែរ ដោយសារជម្លោះ និង ការបែកបាក់ផ្ទៃក្នុងជាតិ សមល្មមនឹងឆ្អែតឆ្អន់ ហួសពីគ្រប់គ្រាន់ទៅហើយ ទម្រាំតែ អាចរំដោះខ្លួនចេញពីរបប ប៉ុល ពត នៅឆ្នាំ១៩៧៩ ទម្រាំអាចចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងទម្រាំស្វែងរកបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។
លោក ហ៊ុន ម៉ាណែត៖ «ឈាមនឹងទឹកភ្នែកស្រក់រាប់មិនអស់ទៅហើយ បានស្រក់លើទឹកដីដ៏កម្សត់មួយនេះ ដូច្នេះយើងគប្បីចងចាំនូវមេរៀនប្រវត្តិសាស្ត្រ កាលណាខ្មែរបាត់បង់សាមគ្គីភាព និងការឯកភាពជាតិ ហើយខ្វះស្មារតីជាតិនិយម ហើយមិនតម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ ខ្មែរតែរងគ្រោះ និងអន្តរាយ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែសីហា ថាលោកនាយករដ្ឋមន្ត្រីថ្លែងមិនខុសទេ ប៉ុន្តែទាល់តែបង្ហាញការអនុវត្តន៍មួយជំហានទៀត បើមិនដូច្នោះទេ គឺគ្រាន់តែជាពាក្យប្រជាភិថុតិ ឬការបោកប្រាស់ពលរដ្ឋប៉ុណ្ណោះ។
លោកថា បើលោក ហ៊ុន ម៉ាណែត ចង់បានឯកភាពជាតិ និងសន្តិភាពលោក ត្រូវបើកចិត្តឱ្យទូលាយ និងផ្ដល់សេរីភាពដល់អ្នកដទៃ ដោយរក្សាគោលដៅប្រយោជន៍កម្ពុជារួមតែមួយ។
លោក សេក សុជាតិ៖ «ជាទូទៅអ្នកដែលធ្វើឱ្យមានការរួបរួម លុះត្រាណាតែមនុស្សបើកចិត្តឱ្យទូលាយឱ្យហើយ ហើយផ្ដល់ឱកាសឱ្យមនុស្សគ្រប់គ្នាបញ្ចេញសិទ្ធិរបស់គេ គ្មានការបង្រួបបង្រួមណាមួយ ដែលកើតចេញដោយសារតែ គាបសង្កត់ហើយនឹងតម្រូវឱ្យគេដើរតាមនោះទេ។ នេះជាចំណុចសំខាន់»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ថា ដំណើរឆ្ពោះទៅរកឯកភាពជាតិ ដើម្បីរួមគ្នាកសាងភាពរុងរឿងក្នុងសង្គមជាតិ ទាល់តែបើកលំហសេរីភាពប្រជាពលរដ្ឋ សិទ្ធិនយោបាយ សង្គមស៊ីវិល និងសេរីភាពព័ត៌មានជាដើម ឱ្យប្រជាពលរដ្ឋខ្មែរ អាចធ្វើសកម្មភាពពេញលេញតាមរដ្ឋធម្មនុញ្ញ ទោះបីជាមានមតិផ្ទុយគ្នាក៏ដោយ។
លោក រ៉ុង ឈុន ថា លោកនាយករដ្ឋមន្ត្រី គួរដោះស្រាយលុបបំបាត់ចោលនូវរាល់ការធ្វើទុក្ខបុកម្នេញកន្លងមក ដោយដោះលែងអ្នកទោសមនសិការ ដើម្បីឆ្លុះបញ្ចាំងឱ្យត្រូវនឹងខ្លឹមសារសេចក្ដីថ្លែងរបស់លោក ពីព្រោះការថ្លែងល្អ ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវជាក់ស្ដែង នឹងមិនចេញលទ្ធផលល្អទេ។
លោក រ៉ុង ឈុន៖ «សូមឱ្យមានការអនុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលគាត់លើកឡើង ឱ្យមានការដោះលែងទៅនឹងអ្នកដែលត្រូវបានចាប់ខ្លួន ដូចជា បង កឹម សុខា លោក ថាច់ សេដ្ឋា លោក ស៊ុន ចន្ធី ក៏ដូចជា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ ក៏ដូចជា លោកប្អូន កើត សារ៉ាយ ជាពិសេស ប្អូនៗ យុវជនបរិស្ថាន ក៏ដូចជាប្អូនៗ យុវជន ៣២ តុលា ឱ្យគាត់មានសេរីភាពបង្ហាញការឯកភាពជាតិឡើងវិញ»។
អ្នកឃ្លាំមើលលើកឡើងថា សេចក្ដីថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីសារសំខាន់ នៃឯកភាពជាតិ និងផលអាក្រក់ចេញពីជម្លោះ និងការបែកបាក់ផ្ទៃក្នុងជាតិនេះ គឺជាសារនយោបាយប្រជាភិថុតិត្រឡប់ត្រឡិន និងមិនអាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរជឿជាក់បានទេ។
ពួកគេលើកហេតុផលថា ការដែលពលរដ្ឋមិនជឿជាក់នោះ ដោយសារតែកាលពី ៣ថ្ងៃមុននេះ គឺថ្ងៃទី២ ខែសីហា លោក ហ៊ុន ម៉ាណែត បានថ្លែងសម្ញែងអំណាចដោយមោទនភាព បន្តនយោបាយហិង្សារបស់ឪពុកលោក ព្រមានបង្ក្រាបដល់អាយុជីវិតពលរដ្ឋខ្មែរ ដែលហ៊ានធ្វើបាតុកម្មប្រឆាំងគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
អ្នកឃ្លាំមើលលើកឡើងដែរថា សេចក្ដីថ្លែងរបស់លោក ហ៊ុន ម៉ាណែត ក៏ជាការរៀនថ្លែងសារនយោបាយចរិតបោកប្រាស់ ដូចឪពុករបស់លោកដែរ ពីព្រោះ តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត បានពីការបំពានឆន្ទៈប្រជាពលរដ្ឋ តាមរយៈនយោបាយរបស់លោក ហ៊ុន សែន ដែលបំពានរដ្ឋធម្មនុញ្ញ និងបំផ្លាញផ្ទៃក្នុងជាតិយ៉ាងដំណំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។