អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត ទៅ​វៀតណាម​ដើម្បី​ប្រាប់​មេ​កើយ​ខ្លួន​ពី​ទំនាក់ទំនង​ជាមួយនឹង​ចិន

ដោយ ខាន់ លក្ខិណា
2023.12.08
អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត ទៅ​វៀតណាម​ដើម្បី​ប្រាប់​មេ​កើយ​ខ្លួន​ពី​ទំនាក់ទំនង​ជាមួយនឹង​ចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងពេលចុះជួបពលរដ្ឋនៅតំបន់រុនតាឯក ខេត្ត​សៀមរាប កាលពីថ្ងៃទី៨ ធ្នូ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ទៅ​វៀតណាម​ដើម្បី​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន និង​ធ្វើជា​សហ​អធិបតី​ក្នុង​វេទិកា​កម្ពុជា​-​វៀតណាម​ស្ដីពី​ការ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ។

ទោះបីជា​យ៉ាងណា អ្នកឃ្លាំមើល លើកឡើង​ថា លោក ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​ទ្វេ​ភាគី​នៅ វៀតណាម​សប្ដាហ៍​ក្រោយនេះ ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ​ចិន ខណៈ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា លម្អៀង​ទៅ​ប្រទេស​ចិន ដែល​ប៉ះពាល់​ផលប្រយោជន៍​វៀតណាម និង​ប្រទេស​ក្នុង​តំបន់។

អ្នកឃ្លាំមើល​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​សប្ដាហ៍​ក្រោយនេះ ដើម្បី​បញ្ជាក់​ជំហរ​ទំនាក់ទំនង​ជាមួយ​ចិន​ផង និង​ទទួលយក​សំណើ ឬ​ផែនការ​យុទ្ធសាស្ត្រ​របស់​វៀតណាម​ផង ក្រោយ​ឡើង​កាន់ តំណែង​នាយក​មន្ត្រី​បន្តវេន​ពី​ឪពុក។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ស្របពេល​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ កាលពី​ថ្ងៃទី​០៧ ខែធ្នូ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ឱ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី​១១ ដល់​១២ ខែ​ធ្នូ ខាងមុខ​នេះ តាម​អញ្ជើញ​ទៅ​របស់​មេដឹកនាំ​វៀតណាម។

ក្រសួង​ការបរទេស​ថា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) នឹង​ជួប​ប្រជុំ​ទ្វេភាគី ក្នុង គោលបំណង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត នូវ​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ ជាច្រើន រួមមាន អប់រំ​ពាណិជ្ជកម្ម វិនិយោគ ការ​តភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារ​ជាតិ និង​កិច្ចការ​ព្រំដែន ជាដើម។

បញ្ហា​អនុ​តំបន់ តំបន់ និង​អន្តរជាតិ​ដែល​ជា​ចំណាប់អារម្មណ៍ និង​ក្តី​បារម្ភ​រួម ក៏​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ផង​ដែរ។

ប្រភព​ដដែល​ថា នាយករដ្ឋមន្ត្រី​ទាំងពីរ​នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​ព្រម ព្រៀង​មួយចំនួន និង​ធ្វើជា​សហ​អធិបតី​ក្នុង​វេទិកា​កម្ពុជា​-​វៀតណាម​ស្ដីពី​ការ​ជំរុញ ពាណិជ្ជកម្ម និង​វិនិយោគ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សុភ័ណ្ឌ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃទី៨ ខែ​ធ្នូ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​កុម្មុយនីស្ត​វៀតណាម នេះ ស្របពេល​មេទ័ព​ចិន​មក​បំពេញ​ទស្សនកិច្ច និង​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន មក​ដល់​មូលដ្ឋាន​កំពង់ផែ​រាម ដើម្បី​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា កាលពី​ថ្ងៃទី​៣ ខែធ្នូ ខណៈ​បណ្ដា​ប្រទេស លោក​សេរី​កំពុង​ព្រួយ បារម្ភ ចំពោះ​សំណង់​អគារ​ជា​ជំនួយ របស់​ចិន​នៅ​ក្នុង មូលដ្ឋាន​កងទ័ព ជើង​ទឹក​កំពង់ផែ​រាម ខេត្ត​ព្រះសីហនុ អាច​នឹង​ក្លាយ​ទៅ ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​កងទ័ព​រំដោះប្រជាជន​ចិន​យក​ប្រើប្រាស់ ដើម្បី​ពង្រីក ឥទ្ធិពល​យោធា​របស់​ខ្លួន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៨ ធ្នូ ថា ដំណើរ​ទស្សនកិច្ច ទៅ​វៀតណាម​នៅ​ថ្ងៃទី​១១ ដល់​១២ ខែធ្នូ ខាង​មុខ​នេះ អាច​ជា​ការណែនាំ​ខ្លួន​ផង និង​ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា ជាមួយ​ចិន​ផង ពីព្រោះ បន្ទាប់​ពី​ឡើង កាន់​តំណែង​នាយករដ្ឋមន្ត្រី​នោះ លោក ហ៊ុន ម៉ាណែត បាន​ទស្សនកិច្ច​ទ្វេ​ភាគី ប្រទេស​ចិន ដែល​ធ្វើ​ឱ្យ​វៀតណាម​ព្រួយ​បារម្ភ។

លោក សេង វណ្ណលី៖ «វៀតណាម​មើល​ឃើញ​ថា ភាព​ជិតដិត​រវាង​កម្ពុជា​ជាមួយ​ចិន វា​បង្ក​បញ្ហា អសន្តិសុខ​ជាពិសេស​សន្តិសុខ​ដែន​សមុទ្រ ដោយសារ​វៀតណាម ជា​ប្រទេស​គូ​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ចិន ហើយ​បើសិន​ជា ការ​ចោទប្រកាន់​របស់​បស្ចិម​លោក​ថា កម្ពុជា​កំពុង​ផ្ដល់​មូលដ្ឋាន ទ័ព​ឈរ​ជើង ដល់​កងទ័ព​រំដោះជាតិ​ចិន​នៅ​ទឹកដី​កំពង់​ផែន​របស់​ខ្លួន​នោះ នឹង​ធ្វើ​ឱ្យ​សន្តិសុខ ឬក៏​ការ​អះអាង​ទាមទារ ដែន​អធិបតេយ្យ​លើ​សមុទ្រ​ចិន​ខាងត្បូង​របស់​វៀតណាម​នឹង​មាន​ហានិភ័យ​។ អ៊ីចឹង​ហើយ​វៀតណាម​គាត់ មាន​ការ​ប្រុងប្រយ័ត្ន»

អ្នក​តាមដាន​ភូមិសាស្ត្រ​រូប​នេះ​ថា បញ្ហា​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​មាន​ចំណុច​អវិជ្ជមាន​ច្រើន ជាង​វិជ្ជមាន បើ​ធៀប​នឹង​ទំនាក់ទំនង​រវាង​ឡាវ និង​ថៃ​នោះ។

លោក​បញ្ជាក់​ថា ចំណុច​អវិជ្ជមាន ដូចជា បញ្ហា​ព្រំដែន និង​បញ្ហា​ប្រវត្តិសាស្ត្រ ទោះបីជា​អំឡុង​ពេល​នោះ វៀតណាម​បាន​បណ្ដេញ​ខ្មែរ​ក្រហម ចេញ​មែន ប៉ុន្តែ​វៀតណាម​មិន​បាន​ដកទ័ព​ខ្លួន​ចេញ​ខ្មែរ​នោះ​ទេ ដែល​អន្តរជាតិ​ចាត់​ទុក​ថា​ជា រំលោភបំពាន​អធិបតេយ្យ​កម្ពុជា​ជាដើម។

លោក សេង វណ្ណលី ថា បញ្ហា​ទាំងនេះ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ថា កម្ពុជា​ចាញ់​ប្រៀប​វៀតណាម។

ថ្មីៗ​នេះ វៀតណាម​បាន​ស្នើ​ភាគី កម្ពុជា​ចំនួន ២​ដង​ក្នុង​រយៈពេល​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ក្រើនរំលឹក​ឱ្យ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ សមាគមន៍ និង​ជួយ​គាំទ្រ​ប្រជាជន វៀតណាម​ដែល​រស់នៅ​កម្ពុជា​បន្ត​ទៀត។

ការ​ស្នើ ២​ដង​ដល់​កម្ពុជា របស់​ភាគី​វៀតណាម ក្នុង​រយៈពេល ៤​ថ្ងៃ គឺ​លើក​ទី​១ នៅ​ថ្ងៃទី​១ ធ្នូ អំឡុង​ពេល​ប្រធានរដ្ឋសភា​ថ្មី​កម្ពុជា​អ្នកស្រី ឃួន សុដារី ទៅ​ប្រជុំ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ខណៈ​លើក​ទី ២ នៅពេល​គណៈ​ប្រភូ ក្រសួង​ការបរទេស​វៀតណាម បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៣០ វិច្ឆិកា ដល់​ថ្ងៃទី​៣ ធ្នូ។

ការ​ស្នើ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ស្រប​ពេល​ជនជាតិ​វៀតណាម​ជាតិ ១០​ម៉ឺន​នាក់ បាន​ទទួល​បាន​ប័ណ្ណ​ស្នាក់​ស្របច្បាប់​ក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​បំពេញ​លក្ខខណ្ឌ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ ខណៈ​ជនជាតិ​វៀតណាម​ជិត ១០០​នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពេញលេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។