លោក ហ៊ុន សែន ចោទ​បក្ស​ប្រឆាំង​ថា ធ្វើ​នយោបាយ​បង្ក​សង្គ្រាម​ជាមួយ​វៀតណាម

ដោយ មាន ឫទ្ធិ
2023.06.25
លោក ហ៊ុន សែន ចោទ​បក្ស​ប្រឆាំង​ថា ធ្វើ​នយោបាយ​បង្ក​សង្គ្រាម​ជាមួយ​វៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួបកម្មករ​រោងចក្រកាត់ដេរ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពីថ្ងៃទី២៥ មិថុនា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រុម​មន្ត្រី​គណបក្សប្រឆាំង​បាន​លើកឡើង​ថា ប្រសិនបើ​ពួកគេ​ឡើង​ដឹកនាំ​ប្រទេស នឹង​បន្ត​រក្សា​ទំនាក់ទំនង​ដូចដើម​ជាមួយ​ប្រទេស​វៀតណាម ដោយ​ស្មើភាព​គ្នា នឹង​មិន​ធ្វើសង្គ្រាម​ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ឡើយ។ ចំណែក​អ្នកវិភាគ​លើកឡើង​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ប្រសិនបើ​អ្នកដឹកនាំ គោរព​បាន​ត្រឹមត្រូវ តាម​រដ្ឋធម្មនុញ្ញ និង​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ក្រុម​មន្ត្រី​គណបក្សប្រឆាំង​អះអាង​ថា ពួកគេ​នឹង​គោរព​តាមច្បាប់​ជាតិ​និង​អន្តរជាតិ ដើម្បី​ដឹកនាំ​ប្រទេស មិន​ដូច​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ខិតខំ​បំភិតបំភ័យ​ប្រជាពលរដ្ឋ ថា នឹង​កើតមាន​សង្គ្រាម ប្រសិនបើ​កម្ពុជា​មិន​ស្ថិត​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ មិថុនា ថា កម្ពុជា​ស្ថិតក្រោម​ការដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើប្រាស់​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី និង​ច្បាប់​អន្តរជាតិ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ហើយ​វា​ជា​រឿង​ហួស​សម័យ​ទៅ​ហើយ ក្នុង​ការ​នឹកឃើញ​ចង់​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង។ លោក​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា កម្ពុជា​នឹង​កើតមាន​សង្គ្រាម​ជាមួយ​វៀតណាម ប្រសិនបើ​ស្ថិត​ក្រោម​ការដឹកនាំ​ពី​បក្ស​ប្រឆាំង គ្រាន់តែ​ជា​ការ​បំភ័យ​ពលរដ្ឋ និង​ខ្លាច​បាត់​អំណាច ដែល​លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្ទេរ​ទៅ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

UmSamAn-Call.jpg
អតីត​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក អ៊ុំ សំអាន

លោក អ៊ុំ សំអាន៖ «នៅពេល​យើង​កាន់អំណាច ជាមួយ​វៀតណាម អត់​មានអី​ត្រូវ​ល្អក់​កករ​នឹង​គ្នា​ទេ យើង​រស់​ក្នុង​នាម​ជា​ប្រទេសជិតខាង ស្មើមុខស្មើមាត់​នឹង​គ្នា ប៉ុន្តែ​អត់​មាន​ក្នុងនាម​ជា​កូនចៅ​និង​ចៅហ្វាយនាយ ដូច​សព្វថ្ងៃ​នេះ​ទេ។ សព្វថ្ងៃ កម្ពុជា​ជា​កូនចៅ វៀតណាម​ជា​បងធំ​ជា​ចៅហ្វាយនាយ ទំនាក់ទំនង​មិន​ស្មើភាព​គ្នា​។ ប៉ុន្តែ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ យើង​ជាមួយ​ប្រទេស​វៀតណាម គឺ​ស្មើភាព​គ្នា ក្នុងនាម​ជា​ប្រទេស​ដូចគ្នា គោរព​អធិបតេយ្យភាព​ទៅវិញទៅមក»

ការ​លើក​ឡើង​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​សារ​ព្រមាន​ជាថ្មី​នៅពេល​ចុះ​ជួប​រក​សំឡេងឆ្នោត ពី​ក្រុម​កម្មករ​រោងចក្រ​នៅ​ទីក្រុង​បាវិត​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​២៥​មិថុនា ថា កម្ពុជា​អាច​កើត​មាន​សង្គ្រាម ប្រសិនបើ​សព្វថ្ងៃ ស្ថិត​ក្រោម​ការដឹកនាំ​គណបក្សប្រឆាំង​។ លោក ហ៊ុន សែន ចោទ​ក្រុម​គណបក្ស​ប្រឆាំង​ថា មួយថ្ងៃ​ទៅមួយ​ថ្ងៃ ដែល​តែង​រករឿង​ប្រទេស​វៀតណាម និង​ចង់​ដណ្ដើម​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​មកវិញ។

លោក ហ៊ុន សែន៖ «គិតតែ​ពី​ចង់​ធ្វើសង្គ្រាម ដើម្បី​នឹង​រំដោះ​យក​វៀតណាម​ខាងត្បូង គេ​ហៅថា កម្ពុជា​ក្រោម​ ឬ​កូសាំងស៊ីន។ សួរ​ថា ថ្ងៃនេះ មាន​វត្តមាន​រោងចក្រ​នៅ​ទីនេះ​ទេ។ នយោបាយ​ជ្រុលនិយម បោកប្រាស់ តាមរយៈ​នៃ​ការ​ញុះញង់ ឱ្យ​មាន​អរិយភាព​ជាមួយ​ប្រទេស​ជិតខាង។ វា​ជា​គោល​នយោបាយ​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស»

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ថ្លែង​ថា គណបក្ស​ប្រឆាំង គ្រាន់​តែ​មាន​គោលការណ៍​រក្សា​ទឹកដី​ឱ្យ​បាន​គង់វង្ស ទៅតាម​ផែនទី​ដែល​មាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។

លោក​បញ្ជាក់​ថា ការ​កំណត់​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នឹង​មិន​ធ្វើ​តាម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល​ធ្វើឡើង​នៅក្នុង​សម័យ​កម្ពុជា​ស្ថិត​ក្រោម​ការត្រួតត្រា​ពី​វៀតណាម ដែល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ឡើយ ព្រោះ​វា​ជា​សន្ធិសញ្ញា​ខុសច្បាប់ ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​បាត់​ដី​ទៅ​វៀតណាម។

លោក​អះអាង​ថា គណបក្សប្រឆាំង​នឹង​ប្រើប្រាស់​ផែនទី​ខ្នាត​១​លើ​១០០​ពាន់​ចំនួន​២៦​ផ្ទាំង ដែល​ជា​មរតក​បន្សល់​ទុក​ពី​សម័យ​បារាំង និង​មានការ​ទទួលស្គាល់​និង​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ជា​ផែនទី​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​កំណត់​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីមសួរ ភីរិទ្ធ លើកឡើង​ដែរ​ថា គណបក្ស​របស់ លោក មិន​បាន​ដាក់ចេញ​គោល​នយោបាយ​ណាមួយ ដើម្បី​ប្រទូសរ៉ាយ​ជាមួយ​ប្រទេសជិតខាង​ឡើយ ផ្ទុយ​ទៅវិញ មានតែ​គោលនយោបាយ​ថែរក្សា​បូរណភាព​ទឹកដី និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេសជិតខាង រួម​ទាំង​គោលនយោបាយ​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន បង្កើន​ជីវភាព​ដល់​ពលរដ្ឋ និង​រក្សា​សន្តិភាព។

លោក គីមសួរ ភីរិទ្ធ ដែល​ធ្លាប់​ជាប់​ឆ្នោត​ក្លាយជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ៤​អាណត្តិ​នៅក្នុង​សភា លើកឡើង​បន្ថែម​ថា ទំនាក់ទំនង​កម្ពុជា និង​វៀតណាម អាច​នឹង​កាន់តែ​ល្អ​ប្រសើរ នៅ​ពេល​ប្រទេស​ទាំងពីរ​បង្ហាញ​ពី​ភាពស្មោះត្រង់​ក្នុង​ផ្លូវចិត្ត​ប្រាកដ​រៀងៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទ្វេភាគី។

4.JPG
អនុប្រធាន​ និង​ជាអ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភីរិទ្ធ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក គីមសួរ ភីរិទ្ធ៖ «ខ្ញុំ​ក៏​ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​ជម្រាប​ទៅ​ថ្នាក់ដឹកនាំ​វៀតណាម​ថា យើង​ជា​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយគ្នា គួរ​ស្រលាញ់​គ្នា​ជាង​បងប្អូន​ទៅទៀត​។ គេ​(​វៀតណាម​)​ថា ជា​បងប្អូន ខ្ញុំ​ថា ជាង​បងប្អូន​ទៅទៀត​។ បើ​បងប្អូន​ឈ្លោះ​គ្នា យើង​អាច​លក់​ដី ទៅ​ទិញ​កន្លែង​ផ្សេង ប៉ុន្តែ​ប្រទេស​យើង​នៅ​ជាប់​គ្នា យើង​មិនអាច​លក់​ប្រទេស​យើង ទៅ​ទិញ​ដី​នៅ​ប្រទេស​ណា ឬ​ទ្វីប​ណា​នៅ​បានទេ​។ អ៊ីចឹង​! ត្រូវ​ស្រលាញ់​គ្នា​ជាង​បងប្អូន​ទៅ​ទៀត ហើយ​គោរព​គ្នា​ទៅវិញទៅមក»

លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចាត់ទុកថា ជា​មេដឹកនាំ ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម ដូច្នេះហើយ​ទើប​លោក​តែងតែ​ប្រកាស​ការពារ​និង​ដឹងគុណ​ប្រទេស​វៀតណាម​គ្មាន​ទី​បញ្ចប់ ព្រមទាំង​មិនសូវ​ខ្វាយខ្វល់​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ​ទេ​។ លើស​ពី​នេះ លោក ហ៊ុន សែន ថែមទាំង​ចាប់​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ចេញមុខ​ការពារ​ទឹកដី​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ទៀត​ផង ដូចជា​ករណី​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន ជាដើម​។ ក្រៅ​ពី​នេះ គោលនយោបាយ​ការបរទេស​របស់​លោក ហ៊ុន សែន ក៏​រង​ការ​រិះគន់​ថា គ្មាន​ភាព​អព្យាក្រឹត​ដោយ​លម្អៀង​ទៅ​រក​ប្រទេស​ចិន ហើយ​បង្ក​ភាព​រកាំរកូស​ជាមួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូចជា​សហភាព​អឺរ៉ុប និង​អាមេរិក ដែល​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិ​ធំធេង ព្រោះតែ​ចង់​រក្សា​អំណាច​ត​ពូជ​តាម​បែប​ផ្ដាច់ការ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ឃើញ​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ អាច​អភិវឌ្ឍ​ប្រទេស​កាន់តែ​រីកចម្រើន​ជាង​លោក ហ៊ុន សែន ទៅ​ទៀត​។ លោក​បន្ត​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រទេស​វៀតណាម​និង​ថៃ ជា​ម្ចាស់​ហត្ថលេខី​ផង​នោះ បាន​កំណត់​ខ្លឹមសារ មិន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង និង​មិន​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ​ខ្លួន​ជាដើម​។ លោក​បន្ថែម​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ក៏​គ្រប់គ្រាន់​សម្រាប់ អ្នកនយោបាយ​ខ្មែរ យក​ទៅ​ប្រើប្រាស់ សម្រាប់​ដឹកនាំ​និង​ការពារ​ជាតិ រួម​ទាំង​ដោះស្រាយ​បញ្ហា​នានា ជាមួយ​ប្រទេស​ជិត​ខាង ស្រប​តាម​គោលការណ៍​ច្បាប់។

kimsok.JPG
អ្នក​វិភាគ​នយោបាយ លោក គឹម សុខ។ RFA File

បន្ថែម​ពី​នេះ លោក គឹម សុខ បញ្ជាក់​ថា ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ អនុវត្ត​បាន​ត្រឹមត្រូវ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន នោះ​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​កាន់តែ​ធំ ដើម្បី​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ ហើយ​ប្រទេស​និយម​ប្រជាធិបតេយ្យ​ធំៗ មាន​ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា ជប៉ុន និង​អូស្ត្រាលី​ជាដើម នឹង​ចាប់ផ្ដើម​ជួយ​កម្ពុជា​ពេញដៃពេញជើង ក្នុង​ការ​ផ្ដល់​ជំនួយឥតសំណង និង​ការ​ផ្ដល់​ប្រាក់កម្ចី​ទាប ឬ​មិន​យកការប្រាក់ ដើម្បី​ឱ្យ​កម្ពុជា​អភិវឌ្ឍ​ប្រទេស ក្នុង​ការ​បង្កើត​ការងារ​ក្នុងស្រុក មិន​ខ្វះ​ការងារ​ធ្វើ​ដូច​នៅ​ថ្ងៃ​នេះ​ទេ។

លោក គឹម សុខ៖ «ខ្ញុំ​គិតថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បារម្ភ​ទៅវិញ​ទេ​។ បារម្ភ​ថា ពេល​បក្ស​ប្រឆាំង​ដឹកនាំ​ប្រទេស​ទៅ គោលនយោបាយ​នានា វា​បង្កើត​សក្ដានុពល​សម្រាប់​ប្រទេស​ជាតិ ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រលាយ​។ អ៊ីចឹង​ហើយ បានជា​គាត់​ប្រឹងប្រែង បំផុស​ចិត្តសាស្ត្រ​នយោបាយ​ទម្លាក់​កំហុស លើ​គណបក្សប្រឆាំង ថា ចង់​បង្ក​សង្គ្រាម ជាមួយ​អ្នកនេះ​ជាមួយ​អ្នកនោះ តាមតែ​ចិត្ត​គាត់​និយាយ តាម​អារម្មណ៍​នយោបាយ​របស់​គាត់ ហើយ​គោលដៅ​នយោបាយ​របស់​គាត់ មិនមែន​អារម្មណ៍​ជាតិ និង​ជំហរ​ជាតិ​ច្បាស់លាស់​ទេ»

កម្ពុជា​បាន​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ បន្ទាប់ពី​សហគមន៍​អន្តរជាតិ​កាន់តែ​សង្ស័យ​ពី​វត្តមាន​យោធា​ចិន​នៅ​មូលដ្ឋានទ័ព​រាម​នៅ​ខេត្ត​ព្រះសីហនុ និង​ដោយសារ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ប្រាសចាក​ពី​របប​លទ្ធិប្រជាធិបតេយ្យ ដែល​រំលោភ​សិទ្ធិមនុស្ស រំលាយ​និង​ការរារាំង​គណបក្ស​ប្រឆាំង មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។