លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មកកម្ពុជា ដើម្បីពន្យល់រដ្ឋាភិបាលអំពីសម្ពន្ធភាពយោធាត្រីភាគីអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហៅកាត់ថា អូឃឹស (AUKUS) ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកវិភាគថា កម្ពុជានឹងជួបការលំបាក ឬរងការស្ដីបន្ទោសក្នុងតួនាទីជាប្រធានអាស៊ាន ប្រសិនបើមិនអាចដោះស្រាយករណីសម្ពន្ធភាពយោធាត្រីភាគីអូឃឹស (AUKUS) ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបាន។
លោក ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយម និងការរំពឹងខ្ពស់ចំពោះដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) មកកម្ពុជានៅលើកនេះ។ ថ្លែងក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងដែនដី នៅព្រឹកថ្ងៃទី៨ វិច្ឆិកា លោក ហ៊ុន សែន បានទាយទុកមុនថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីគ្មានគោលដៅមកសង្កត់កម្ពុជាឲ្យស្ដារលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សទេ។
ទោះយ៉ាងណា នៅមុនជំនួបគ្នាបន្តិច លោក ហ៊ុន សែន បានព្រមានជាស្រេចថា រដ្ឋាភិបាលនឹងមិនផ្ដល់ទិដ្ឋាការ (VISA) ឲ្យតំណាងប្រទេសណាដែលចង់មកគាបសង្កត់កម្ពុជាទេ។ លោក ហ៊ុន សែន ក៏ជឿជាក់ដែរថា ក្រៅពីការជជែកគ្នាអំពីសម្ពន្ធភាពយោធាត្រីភាគីអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហៅកាត់ថា អូឃឹស (AUKUS) ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកហើយនោះ កម្ពុជាក៏នឹងអាចពង្រីកទំហំពាណិជ្ជកម្មជាមួយអូស្ត្រាលីបានថែមទៀត៖ « គឺមិនមែនជាការមកសង្កត់ទេ។ ប្រហែលជាការពន្យល់របស់គាត់ឲ្យយើង យល់អំពីអ្វីដែលហៅថា AUKUS ដែលជាសម្ពន្ធភាពរវាងអូស្ត្រាលី អាមេរិក និងអង់គ្លេស។ ប្រហែលជារឿងហ្នឹង សំខាន់ជាងរឿងដទៃ។ នេះបើតាមការស្មានរបស់ខ្ញុំ។ ជាធម្មតាទេ អ្នកនយោបាយ គឺតែងតែមានការប៉ាន់ស្មានថា មិត្តភ័ក្ដិរបស់យើងនិយាយពីអ្វី។ ប៉ុន្តែនៅមានសហប្រតិបត្តិការច្រើន ទ្វេភាគីនៅមានរឿងច្រើនណាស់»។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ម៉ារីស ផេន បានជួបជជែកគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន រួចហើយនៅថ្ងៃទី៨ វិច្ឆិកា។ ភាគីកម្ពុជា និងអូស្ត្រាលី មិនទាន់បានបង្ហាញលទ្ធផលផ្លូវការនៃជំនួបទាំង ២ នេះដែរ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានទេ នៅថ្ងៃទី៨ វិច្ឆិកា។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានបង្ហោះសារក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថា គោលជំហររួមរបស់កម្ពុជា និងអូស្ត្រាលី គឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង។
រីឯលោក ហ៊ុន សែន វិញ លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកក្រោយជំនួបនោះថា ក្រៅពីសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់កម្ពុជាចំនួនជាង ៣លាន ២សែនដូស ប្រមុខការទូតអូស្ត្រាលី ក៏បានសាទរកម្ពុជាដែលធ្វើជាប្រធានអាស៊ាន ហើយថាអូស្ត្រាលីនឹងជួយដល់កម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាន។ បើតាមលោក ហ៊ុន សែន អ្នកស្រី ម៉ារីស ផេន ក៏បានពន្យល់អំពីសម្ពន្ធភាពយោធាត្រីភាគី អូឃឹស នេះដល់ភាគីកម្ពុជាផងដែរ។
កន្លងទៅ តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី៨ ខែតុលា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ធ្លាប់បញ្ជាក់ជំហរប្រាប់អ្នកស្រី ម៉ារីស ផេន ថា កម្ពុជារំពឹងថា ភាពជាដៃគូសន្តិសុខត្រីភាគី អូឃឹស ទើបបង្កើតថ្មីរវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកនេះ នឹងមិនបង្កើននូវភាពតានតឹងក្នុងតំបន់បន្ថែមទៀតនោះទេ។ លោក ប្រាក់ សុខុន សង្ឃឹមថា ភាពជាដៃគូសន្តិសុខនេះ នឹងមិនបន្ថែមសាំងទៅលើការប្រកួតប្រជែងក្នុងតំបន់ ដែលលោកថា កំពុងមានស្ថានភាពមិនល្អស្រាប់នោះ។
ទោះជាយ៉ាងណា ក្រុមអ្នកឃ្លាំមើលជឿថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមកកម្ពុជាលើកនេះ មានទិសដៅចង់ពន្យល់ឲ្យច្បាស់ និងស្វែងរកការគាំទ្រពីអាស៊ានជុំវិញសម្ពន្ធភាពយោធាត្រីភាគីអូឃឹស (AUKUS) ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងពេលដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី យល់ថា កម្ពុជានឹងអាចជួបការលំបាកក្នុងតួនាទីជាប្រធានអាស៊ានលើកនេះ ឬអាចត្រូវរងការស្ដីបន្ទោសថា ធ្វើឲ្យអាស៊ានបែកបាក់ ប្រសិនបើដោះស្រាយបញ្ហាសម្ពន្ធភាពយោធាត្រីភាគីអូឃឹស (AUKUS) នេះ មិនបាន ព្រោះស្មារតីអាស៊ានបានកំណត់មិនឲ្យតំបន់នេះ មានការផលិតអាវុធបរមាណូឡើយ៖ « ឥឡូវនេះ យើងឃើញថាអ្នកដែលប្រកាសជំហរគាំទ្រទៅលើ AUKUS ហ្នឹង គឺមានហ្វីលីពីន។ ប្រកាសគាំទ្រដោយប្រយោលហ្នឹងគឺសាំងហ្គាពួរ ហើយម៉ាឡេស៊ី និងឥណ្ឌូណេស៊ីហ្នឹង ក៏កំពុងតែសួរនាំរឿងហ្នឹងដែរ។ អ៊ីចឹងហើយវាប៉ះពាល់ទៅដល់ស្មារតីអាស៊ានណា ដែលថាអាស៊ាន គឺជាតំបន់ដែលគ្មានការអភិវឌ្ឍន៍បច្ចេកវិទ្យាបរមាណូ ឬក៏នុយក្លេអ៊ែរ។ អាហ្នឹងវាជាបន្ទុកថ្មីមួយទៀត វាជាវិញ្ញាសាថ្មីមួយទៀត សម្រាប់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាហ្នឹងអំឡុងពេលកម្ពុជាក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ - ២០២៣ ហ្នឹង»។
សម្ពន្ធភាពយោធាត្រីភាគី អូឃឹស ត្រូវបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី កាលពីខែកញ្ញា។ តាមរយៈសម្ពន្ធភាពយោធានេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងផ្ដល់បច្ចេកវិទ្យាឱ្យប្រទេសអូស្ត្រាលីក្លាយជាប្រទេសទី៧ ដែលមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ម៉ារីស ផេន ធ្លាប់បញ្ជាក់ថា សម្ពន្ធភាពអូឃឹស បង្កើតឡើងដើម្បីជាប្រយោជន៍ សន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងគ្មានចេតនាបង្កើនសមត្ថភាពនុយក្លេអ៊ែរស៊ីវិល ឬប្រកួតប្រជែងសព្វាវុធក្នុងតំបន់នេះឡើយ។
ប៉ុន្តែក្រុមអ្នកជំនាញជឿថា សម្ពន្ធភាពយោធាត្រីភាគីនេះ ធ្វើឡើងដើម្បីទប់ទល់នឹងឥទ្ធិពលចិន ដែលកំពុងតែកើនឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសនៅក្នុងតំបន់ជម្លោះដណ្ដើមប្រជុំកោះនៅសមុទ្រចិនខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។