លោក ហ៊ុន សែន ប្រកាស​ថា មិន​បិទ​បណ្ដាញ​សង្គម Facebook នៅ​កម្ពុជា​នោះ​ទេ

លោក ហ៊ុន សែន ចេញ​សារ​ជា​សំឡេង​បន្ទាន់​មួយ នៅ​យប់​ថ្ងៃទី​៣០ មិថុនា ប្រកាស​ថា លោក​មិន បិទ​បណ្ដាញ​សង្គម Facebook​នៅ​កម្ពុជា​នោះ​ទេ ដោយ​លោក​បិទ​តែ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន របស់​លោក​តែប៉ុណ្ណោះ។

លោក​ថ្លែង​ទៀត​ថា បណ្ដាញ​សង្គម Facebook មាន​ប្រយោជន៍​ច្រើនណាស់​សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​ជា​តម្រូវការ​របស់​ប្រជាជន​ប្រើប្រាស់។

ទោះ​យ៉ាងណា​លោក​ព្រមាន​ថា លោក​មិន​ល្ងង់​ទៅ​បិទ​ហ្វេសប៊ុក បិទ​ដង្ហើម​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ក៏​មិន​ល្ងង់​ឲ្យ​ក្រុម​ប្រឆាំង​យក​ករណីនេះ​ទៅ​បំផុស​ពលរដ្ឋ​ដែល​គិត​ថា លោក​នឹង​បិទ​ហ្វេសប៊ុក​មក​បង្កើត​កំហឹង​ជាមួយ ហ៊ុន សែន នោះ​ដែរ។ ប៉ុន្តែ លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដាក់​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​ដើម្បី​ប្រមូល​លុយ​ពី​ពលរដ្ឋ​ដោយ​ងាយស្រួល​នោះ​ដែរ។

លោក ហ៊ុន សែន៖ «ខ្ញុំ​មិន​ចាំបាច់​ឲ្យ​ពួកគេ​មាន​តំណាង​ទៀត​ទេ ឯ​រឿង​បិទ​ហ្វេសប៊ុក អត់​មាន​ទេ​ ...​ សូម​ស្តាប់​ឲ្យ​ច្បាស់​ ......»។

ការប្រកាស​ប្តូរ​ចិត្ត​ភ្លាមៗ​ទាំងយប់​អធ្រាត្រ​បែបនេះ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពលរដ្ឋ ថា ការព្រមាន​បិទ​ហ្វេសប៊ុក​នេះ​ជា​ការ​វាយកម្ទេច​ឆ្នាំង​បាយ​ពួកគេ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​វា​ជា​រឿង​អាម៉ាស់​របស់​លោក ហ៊ុន សែន ដែល​សម្រេច​លុប​ហ្វេសប៊ុក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។