លោក​ ហ៊ុន សែន ​ថា ការ​ផ្សាយ​របស់​ វីអូឌី ​ជា​កំហុស​ធ្ងន់ធ្ងរ និង​បំបែកបំបាក់​ផ្ទៃក្នុង​គណៈរដ្ឋមន្ត្រី

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចោទ​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​វីអូឌី (VOD) ​ដែល​ថា លោក​ ហ៊ុន ម៉ាណែត ​ចុះហត្ថលេខា​ជំនួស​លោក​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រទេស​តួកគី ​(Turkey) ​នោះ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ និងមិន​អាច​លើកលែង​បាន។ សង្គម​ស៊ីវិល​ថា ការផ្សាយ​ព័ត៌មាន​របស់​ វីអូឌី ​គឺ​ធ្វើឡើង​ទៅតាម​វិជ្ជាជីវៈ​សារ​ព័ត៌មាន និង​មិនមែន​ជា​កំហុស​ធ្ងន់ធ្ងរ​ឡើយ ហើយ​ព័ត៌មាន​នោះ​ គឺ​បាន​ស្រង់​សម្ដី​លោក​ ផៃ ស៊ីផាន ​ទៀត​ផង។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​អះអាង​ថា ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ ​វីអូឌី ​អំពី​កូនប្រុស​ច្បង​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ាណែត ​ចុះហត្ថលេខា​ជំនួស​លោក​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រទេស​តួកគី ​(Turkey)​​នោះ គឺ​ជា​ការវាយប្រហារ ​មិន​អាច​លើកលែង​បាន ដោយ​បាន​ប្រមាថ និង​បង្កើត​ការ​មិន​ជឿ​ទុកចិត្ត​គ្នា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស ជិត​២ពាន់​នាក់ នៅ​ថ្ងៃ​ទី២០ ​ខែកុម្ភៈ លោក​ ហ៊ុន សែន លើកឡើង​ថា ច្បាប់​ថវិកាជាតិ​នៅ​កម្ពុជា អនុញ្ញាត​ឱ្យ​តែ​នាយករដ្ឋមន្ត្រី ​និងរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ​ដែល​អាច​ចុះហត្ថលេខា​លើ​ការចាយវាយ​ថវិកា​បែប​នេះ​បាន។ លោក​បញ្ជាក់​ថា ព្រះមហាក្សត្រ​ទ្រង់​មិន​លូក​ព្រះហស្ត​ទេ ហើយ​សូម្បីតែ​ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា ក៏​មាន​សិទ្ធិ​ត្រឹម​លើក​សំណើ​ប៉ុណ្ណោះ។
លោក​ ហ៊ុន សែន ​អះអាង​ទៀត​ថា ការ​ចុះផ្សាយ​របស់ ​វិទ្យុ​វីអូឌី ​រឿង​លោក​ ហ៊ុន ម៉ាណែត ​ចុះហត្ថលេខា​ជំនួស​លោក​ ផ្ដល់​ជំនួយ​ឱ្យ​តួកគី ​(Turkey) ​បាន​ក្លាយទៅជា​ប្រធាន​បទ​ដែលគេ​ជជែក​គ្នា ស្រប​ពេល​ដែល​លោក​ ហ៊ុន ម៉ាណែត ​មិនបាន​ធ្វើ និង​មិនបាន​ដឹង​អ្វី​ទាំងអស់។ លោក​ ហ៊ុន សែន ​បាន​ប្រកាស​ដោយ​ច្បាស់ៗ​ថា រដ្ឋាភិបាល​របស់​លោក នឹង​មិន​អនុញ្ញាត​ឱ្យ ​សារព័ត៌មាន​វីអូឌី ​មានជីវិត​វិញ​ឡើយ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ៖

«រឿង​នេះ​ជា​ការវាយប្រហារ ដែល​មិនមែន​ជា​បញ្ហា​ ហ៊ុន ម៉ាណែត ​ដោយឡែក​ទេ តែ​ជា​ការប្រមាថ​ចំពោះ​រាជរដ្ឋាភិបាល និង​បង្កើត​ការ​មិន​ជឿ​ទុកចិត្ត​គ្នា​ក្នុង​រដ្ឋាភិបាល ហើយ​ខុស​នឹង​ច្បាប់​ថវិកា​យ៉ាង​ធ្ងន់ធ្ងរ​ដែល​យើង​មិន​អាច​អត់ឱន​ឱ្យ​បានទេ។ តើ​ខ្ញុំ​ក្នុងនាម​ម្ខាង​ជា​នាយករដ្ឋមន្ត្រី ម្ខាង​ជា​ឪពុក តើ​ឱ្យ​ទទួល​ការប្រមាថ​បែប​នេះ​ទេ?»។

ទោះជា​យ៉ាងណា ការ​អះអាង​របស់​លោក​ ហ៊ុន សែន ​បែបនេះ ត្រូវ​បាន​អ្នកឃ្លាំមើល​ស្ថាន​ការ​ណ៍សង្គម​យល់ឃើញ​ថា ខុស​ពី​បុព្វហេតុ​ខាងដើម ដែល​ដំបូង​ឡើយ​លោក​ ហ៊ុន សែន ​ចង់បាន​ត្រឹមតែ​ឱ្យ ​សារព័ត៌មាន​ឯករាជ្យ​វីអូឌី ​សុំទោស​តែប៉ុណ្ណោះ ហើយ​ករណី​នេះ​បញ្ជាក់​ថា ​វិទ្យុ ​វីអូឌី ​មិនបាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​អ្វី​ឡើយ។ ពួកគេ​យល់ថា ដោយសារ​កា​រលុប​អាជ្ញាបណ្ណ ​វិទ្យុ​វីអូឌី ​មិន​មាន​ហេតុផល​សមរម្យ ដែល​ធ្វើ​ឱ្យ​លោក​ ហ៊ុន សែន ​ទទួលរង​ការរិះគន់​ធ្ងន់ធ្ងរ​ពី​ប្រជាពលរដ្ឋ សហគមន៍​អន្តរជាតិ និង​អង្គការសង្គម​ស៊ីវិល ទើបបាន​ជា​លោក​ចោទប្រកាន់​លើ​ស្ថាប័ន​មួយ​នេះ។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម លោក​ មាស នី ​មើល​ឃើញ​ថា ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​វីអូឌី ​មិនមែន​ជា​កំហុស​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​រដ្ឋាភិបាល រហូតដល់​ថ្នាក់​បែកបាក់​ផ្ទៃក្នុង​នោះ​ឡើយ។ លោក​យល់ឃើញ​ថា កា​រលុប​អាជ្ញាប័ណ្ណ​សារព័ត៌មាន​វីអូឌី ​គឺជា​ការ​ដាក់ទណ្ឌកម្ម​ដែល​លើស​ពី​ទម្ងន់​ទោស និង​កំហុស​ជាក់ស្ដែង៖

«និយាយ​រឿង​ដែល​ធ្វើ​ឱ្យ​បែកបាក់​ក្នុង​គណបក្ស​អី​ហ្នឹង ខ្ញុំ​គិត​ថា​មិនមែន​ជា​ចេតនា​របស់​ វីអូឌី ​ដែល​មាន​ឥទ្ធិពល​អី ទៅដល់​ថ្នាក់​បំបែកបំបាក់​ផ្ទៃក្នុង​ទេ។ ប៉ុន្តែ​យើង​អត់​ដឹង ថា​តើ​មានរឿង​អ្វី​នៅ​ខាងក្នុង បានជា​រដ្ឋាភិបាល​គាត់​លើកឡើង​ថា វា​ជា​កំហុស​ធ្ងន់ធ្ងរ។ អ៊ីចឹង​ការ​មើល​ឃើញ​ពី​ជ្រុង​ម្ខាង​ម្នាក់​លើ​បញ្ហា​នេះ យើង​ឃើញ​ថា​មើល​ខុសគ្នា​ឆ្ងាយ»។

ក្រសួង​ព័ត៌មាន​បាន​ប្រកាស​លុបចោល​អាជ្ញាបណ្ណ​របស់​សារព័ត៌មាន​ វីអូឌី ​ដែល​ជា​ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា​ (CCIM) ​នៅ​ថ្ងៃ​ទី១៣ ​ខែ​កុម្ភៈ ​តាម​បញ្ជា​ដ៏​តក់​ក្រហល់​​របស់​​លោក​ ហ៊ុន សែន ​ដោយ​ប្រើ​ពេល​មិនដល់​ ២៤ម៉ោង ​ដោយ​លោក​ ហ៊ុន សែន ​ចោទប្រកាន់​ថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​ និង​កូនប្រុស​របស់​លោក បន្ទាប់ពី​ចុះផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង លោក​ ហ៊ុន ម៉ាណែត ​ផ្ដល់​ជំនួយ​ឱ្យ​តួគី ​ជំនួស​លោក​ ហ៊ុន សែន ​ដែល​ជា​ឪពុក។

លោក​ ហ៊ុន សែន ​បាន​ផ្ដល់​ឱកាស​ឱ្យ ​វិទ្យុ​វីអូឌី ​សុំទោស តែ​ការ​សុំទោស​ជាច្រើនលើក​របស់​ វីអូឌី ​នេះ ហាក់​មិន​ត្រូវចិត្ត និង​សម​តាម​បំណង​របស់ លោក​ ហ៊ុន សែន ​ឡើយ ទើប​បណ្ដាល​ឱ្យ​លោក​ខឹងសម្បា ​រហូតដល់​ថ្នាក់​លុប​អាជ្ញាប័ណ្ណ​សារព័ត៌មាន​វីអូឌី ​ទាំង​កណ្ដាលយប់​ដូច្នេះ។ កា​រលុប​អាជ្ញាប័ណ្ណ​ វីអូឌី ​ដោយ​តក់ក្រហល់​នេះ ​បាន​បង្កើត​ភាព​ចម្រូងចម្រាស​នៃ​មតិ​អ្នកគាំទ្រ​ការ​សម្រេច​របស់​រដ្ឋាភិបាល ​ដោយក្រុម​មន្ត្រី ​ឧកញ៉ា ​ហែហម​លោក​ ហ៊ុន សែន ​និង​មតិ​មិន​គាំទ្រ​យ៉ាង​ដូច្នេះ​ របស់​ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​អន្តរជាតិ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​អាដហុក ​លោក​ សឹង សែនករុណា ​យល់ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ស្ដាប់ការ​បកស្រាយ​ពី​ភាគី​ វីអូឌី​ ឱ្យ​ច្បាស់លាស់​ជាមុន​សិន ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ និង​កែប្រែ​ខ្លឹមសារ​ការផ្សាយ ជាជាង​លុប​អាជ្ញាប័ណ្ណ​ទាំង​យប់ ហើយ​បកស្រាយ​នៅ​ពេលក្រោយ៖

«យើង​មិន​ចង់​ឃើញ​ឱ្យ​មានការ​លុបបំបាត់​សំឡេង​ណាមួយ​នោះ​ទេ។ ហើយ​យើង​គួរតែ​មានការ​បើក​ឱ្យ​ទូលំទូលាយ​ពី​សេរីភាព​សារ​ព័ត៌មាន​នេះ។ ពីព្រោះ​សេរីភាព​សារព័ត៌មាន​ជា​អំណាច​ទី៤ នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ»។

កា​រលុប​អាជ្ញាបណ្ណ​វិទ្យុ​ វីអូឌី ​ក្រោម​ហេតុផល​មិន​សមរម្យ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក ដោយ​រង​ការរិះគន់​និង​ថ្កោលទោស ពីសំណាក់​ប្រជាពលរដ្ឋ ក្រុម​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ អង្គការសង្គម​ស៊ីវិល សហគមន៍​ជាតិ និង​អន្តរជាតិ ថា​ប្រើអំណាច​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន ប្រាសចាក​ពី​គោលការណ៍​ច្បាប់។ អ្នក​តាមដាន​សង្គម មើល​ឃើញ​ថា រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​កំពុង​ព្យាយាម​លាង​ជម្រះ​ខ្លួន​ឱ្យ​ស្អាត​តាមរយៈ​ហេតុផល​ផ្សេងៗ ក្រោយ​ដិតដាម​ស្នាម​ប្រឡាក់​ជាមួយ​នឹង​អំពើពុករលួយ ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ការរំលោភ​សិទ្ធ​មនុស្ស និង​រំលាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ​ដែល​ផ្សាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រយោជន៍​របស់​បក្ស​កាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។