លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តគំរាមគណបក្សភ្លើងទៀនដោយប្រើប្រព័ន្ធតុលាការនិងឈានទៅរកការប្រើហិង្សា បន្ទាប់ពីលោកចោទប្រកាន់លើមន្ត្រីបក្សប្រឆាំងមួយនេះថា បាននិយាយវាយប្រហារទៅលើគណបក្សប្រជាជនកម្ពុជា។ អ្នកតាមដានសង្គម ថាការគំរាមកំហែងបែបនេះនឹងជះឥទ្ធិពលធ្វើឱ្យបរិយាកាសនយោបាយកាន់តែអាក្រក់សម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខ ខណៈមន្ត្រីបក្សប្រឆាំងថាលោក ហ៊ុន សែន កំពុងទាល់ច្រក។
ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា លោក ហ៊ុន សែន បានប្រកាសពីការព្រមានប្ដឹងរឹបអូសផ្ទះមន្ត្រីគណបក្សភ្លើងទៀនណា ដែលនិយាយវាយប្រហារថាគណបក្សកាន់អំណាចជាចោរលួចបន្លំសន្លឹកឆ្នោត។ នៅក្នុងសុន្ទរកថានោះ លោក ហ៊ុន សែន បានគំរាម និងចោទប្រកាន់ដោយចំឈ្មោះ លើទីប្រឹក្សាគណបក្សភ្លើងទៀនលោក គង់ គាំ ថា ចោទប្រកាន់បក្សកាន់អំណាចជាចោរលួចសំឡេងឆ្នោត។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានគំរាមកំហែងរឹបអូសផ្ទះរបស់លោក គង់ គាំ និងចាត់ឱ្យក្រុមមេធាវីរបស់លោកពិនិត្យភស្តុតាងសំឡេងដើម្បីប្ដឹងលោក៖
«ហើយអ្នកគិតថាអ្វី (ក៏) អាងតុលាការ ខ្ញុំចង់សួរអ្នកទៅវិញថា ជម្រើសមានតែពីរទេ មួយគឺប្រើផ្លូវច្បាប់ មួយទៀតគឺប្រើដំបងហ្មង តើអ្នកយកមួយណាពីរហ្នឹង? អាហ្នឹងអ្នកនិយាយឱ្យច្បាស់។ ខ្ញុំសុំព្រមានចំពោះអ្នក! ពួកខ្ញុំនេះមិនទុកឱ្យពួកអ្នកចោទថាចោរមួយជីវិតទេ ខ្ញុំសូមជម្រាបជូន។ ត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត។ គណបក្សប្រជាជនមិនអាចទទួលយកបាននូវពាក្យថាជាចោរលួចបន្លំសន្លឹកឆ្នោតទេ។ អ្នកណាហ៊ាននិយាយបែបនេះយើងត្រូវតែប្ដឹង»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ មករា ថា ការប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីគំរាមបក្សប្រឆាំងនេះ គឺជាយុទ្ធសាស្ត្រទាល់ច្រករបស់លោក ហ៊ុន សែន ក្នុងពេលដែល បក្សភ្លើងទៀនកាន់តែមានប្រជាប្រិយភាព ដែលធ្វើឱ្យរង្គោះរង្គើដល់អាសនៈបក្សទេវតារបស់លោក ហ៊ុន សែន នៅពេលបោះឆ្នោតថ្នាក់ជាតិ ខែកក្កដា ខាងមុខ។ លោកបន្តថា យុទ្ធសាស្ត្រប្រើច្បាប់ ដើម្បីរឹបអូស អចលនទ្រព្យបក្សប្រឆាំង របស់លោក ហ៊ុន សែន នេះ នឹងធ្វើឱ្យបក្សកាន់អំណាចខាតបង់ទាំងកេរ្តិ៍ឈ្មោះ និងការគាំទ្រ ដោយសារសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋ មើលឃើញកាន់តែច្បាស់ ពីភាពកំសាករបស់បក្សកាន់អំណាច ដែលយកប្រព័ន្ធច្បាប់មកគាបសង្កត់ និងគំរាមដៃគូប្រកួតប្រជែង៖
«ច្បាប់មិនបានអនុវត្តឱ្យស្មើភាពគ្នានោះទេ ទោះបីជាលោក ហ៊ុន សែន គាត់ធ្វើខុសច្បាប់ក៏ដោយ។ ទោះបីលោក ហ៊ុន សែន ឃោសនាមុនការបោះឆ្នោតក៏ដោយ ក៏គណៈកម្មការរៀបចំការបោះឆ្នោត ហ៊ានចាត់វិធានការអ្វីដែរ?គាត់(ហ៊ុន សែន)ឈានទៅដល់មេដឹកនាំដែលផ្ដាច់ការ ដែលយកច្បាប់ទ្រាប់អង្គុយ យកប្រព័ន្ធតុលាការជាឧបករណ៍ ដើម្បីធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង។ ព្រោះគាត់ (លោក ហ៊ុន សែន) ខ្លាចចាញ់ការបោះឆ្នោត តាមរយៈការបោះឆ្នោតសេរី និងយុត្តិធម៌។ ហើយគាត់ (លោក ហ៊ុន សែន)ខ្លាច គាត់មិនបានផ្ទេរអំណាចដោយជោគជ័យពីគាត់ ទៅដល់កូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត»។
ក្រុមអ្នកឃ្លាំមើលសង្គម និងនយោបាយកម្ពុជា មើលឃើញថា នៅពេលដែលឥទ្ធិពលគណបក្សប្រឆាំងកាន់តែរីកធំឡើងនោះ គណបក្សកាន់អំណាចតែងតែប្រើប្រាស់ច្បាប់ធ្វើជាអាវុធ ដើម្បីបង្ក្រាបអ្នករិះគន់ ដោយរឹបអូសអចលនទ្រព្យរបស់ពួកគេ។ ជាក់ស្ដែងកាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីតុលាការកំពូលដែលស្ថិតក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិហើយ តុលាការបានសម្រេចដាក់លក់ឡៃឡុងទីស្នាក់ការកណ្ដាលគណបក្សមួយនេះ ដើម្បីយកលុយសងជំងឺចិត្តលោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗរបស់បក្សកាន់អំណាច។ ករណីមួយទៀត គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ កាលពី ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមទារសំណងជំងឺចិត្តប្រមាណ ១លានដុល្លារ។
ជុំវិញរឿងនេះ កូនប្រុសរបស់ លោក គង់ គាំ និងជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន គឺលោក គង់ មុនីកា យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាសារគំរាម ដើម្បីបំបាក់ស្មារតីរបស់សមាជិកបក្សប្រឆាំង ដែលលើកយកភាពមិនប្រក្រតីនៅក្នុងបរិបទនយោបាយបច្ចុប្បន្នមកពិភាក្សា៖
«ហើយការប្រើប្រាស់មធ្យោបាយ យុទ្ធសាស្ត្រថានឹងគំរាម ជំរិត យកនូវទ្រព្យសម្បត្តិ អចលនទ្រព្យរបស់អ្នកទាំងអស់នោះអី ដើម្បីធ្វើឱ្យពួកគេរាងចាល លែងហ៊ានទិតៀនរដ្ឋាភិបាល ឬគណបក្សកាន់អំណាចនោះ គឺជាយុទ្ធសាស្ត្រមួយកខ្វក់សម្រាប់ខ្ញុំដែលជាអ្នកនយោបាយបន្តវេន។ ខ្ញុំចង់ឃើញអ្នកនយោបាយចាស់វស្សានៅកម្ពុជា ធ្វើជាគំរូដល់អ្នកនយោបាយស្រករក្រោយ ហើយអ្នកនយោបាយស្រករក្រោយហ្នឹង អាចប្រកួតប្រជែងគ្នាដោយស្មើមុខស្មើមាត់ ហើយមានប្រព័ន្ធបោះឆ្នោតមួយដែលសេរី ហើយនិងយុត្តិធម៌»។
ទាក់ទិនរឿងនេះ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា វប្បធម៌នៃការគំរាមកំហែង និងការរិះគន់គ្នា គឺជារឿងដែលពិបាកកែប្រែ ឬលុបបំបាត់ក្នុងការធ្វើនយោបាយនៅកម្ពុជា។ លោកមើលឃើញថា សកម្មភាពបែបនេះនឹងនៅតែកើតឡើង ហើយមានកម្ដៅកាន់តែខ្លាំងជាងមុនរហូតដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិ២០២៣ នៅខែកក្កដា ខាងមុខ ពិសេសទៅលើគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងមានប្រជាប្រិយភាព៖
«គណបក្សកាន់អំណាចគួរតែពិនិត្យមើលឡើងវិញដែរ ថាលទ្ធផលដែលកើតចេញពីការគំរាមបែបហ្នឹង តើអាចទទួលបានប្រជាប្រិយភាពពីមហាជនបានដែរឬអត់? ជួនកាលវាមិនមែនបានន័យថាការបង្ក្រាប ការគំរាមបែបនេះវាទទួលបានផលចំណេញនោះទេ។ ជួនកាលគំរាមកាន់តែញឹក វាធ្វើឱ្យការខាតបង់ប្រជាប្រិយភាពកាន់តែច្រើន ហើយការព្រួយបារម្ភរបស់គណបក្សកាន់អំណាចក៏មានកាន់តែធ្ងន់ធ្ងរនៅពេលខាងមុខ»។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះតទៅលោកនឹងប្ដឹងរាល់អ្នកទាំងឡាយណាដែលនិយាយថាគណបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោត រាល់ពេលបោះឆ្នោតម្ដងៗ។
អ្នកតាមដាននយោបាយ និងអង្គការសង្គមស៊ីវិល ចាត់ទុកយុទ្ធសាស្ត្រប្ដឹងរឹបអូសអចលនទ្រព្យរបស់លោក ហ៊ុន សែន លើមន្ត្រីគណបក្សប្រឆាំងថា ជាអំពើចោរកម្មខុសច្បាប់ ដែលផ្ទុយពីមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការផាកពិន័យបទបរិហារកេរ្តិ៍ ដែលមានចំនួនទឹកប្រាក់ត្រឹម ១០០.០០០ (មួយសែន) រៀល ទៅ១០.០០០០ (ដប់លាន) រៀល ឬស្មើប្រមាណ២៥ (ម្ភៃប្រាំ) ទៅ ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារ សម្រាប់បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ប៉ុន្តែមិនបានបញ្ញត្តិបង្គាប់ឱ្យសងសំណងជំងឺចិត្តនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។