អ្នកឃ្លាំមើលចាត់ទុកដំណើរទស្សនកិច្ចលោក ហ៊ុន សែន ទៅចិន គឺជាការពង្រឹងអំណាច និងស្វែងរកកម្ចីពីចិនបន្ថែម
2024.12.03
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កំពុងដឹកនាំមន្ត្រីគ្រាក់ៗ របស់លោក ជួបថ្នាក់ដឹកនាំចិនជាបណ្ដើរៗ ហើយ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ។ ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងជំរុញការកសាងជោគវាសនាកម្ពុជា-ចិនរួមគ្នា។ អ្នកវិភាគចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ថា ជាការទៅស្វែងរកការគាំទ្របន្ថែមពីចិនលើផ្នែកកម្ចី និងជំនួយ ដើម្បីទ្រទ្រង់ដល់រដ្ឋាភិបាលកូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
ថ្ងៃទី១ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ទៅប្រទេសចិន លោកមានជំនួបជាមួយមន្ត្រីកំពូលចិន គឺប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន វ៉ាង ហ៊ូនីង (Wang Huning) ដើម្បីពិភាក្សាដោយផ្ដោតសំខាន់អំពីការកសាងជោគវាសនាកម្ពុជា និងចិនរួមគ្នា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលលោក ហ៊ុន សែន និងមេដឹកនាំកំពូលចិនផ្ដួចផ្ដើមបង្កើតឡើង កាលពីឆ្នាំ២០២២។
ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា ដំណើរទស្សនកិច្ចមិត្តភាព និងជាផ្លូវការរយៈពេល ៣ថ្ងៃនេះលោក ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដើម្បីជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រឱ្យកាន់តែស៊ីជម្រៅងក្នុងការជំរុញការកសាងជោគវាសនាកម្ពុជា-ចិនរួមគ្នា។ រដ្ឋាភិបាលកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចលោក ហ៊ុន សែន ជាលើកទី១ ក្នុងនាម ជាប្រធានព្រឹទ្ធសភានេះថា គឺជាឱកាសផ្តល់នូវសន្ទុះថ្មីក្នុងការរឹតចំណងមិត្តភាពកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ។
ទោះយ៉ាងណា អ្នកតាមដានបញ្ហាសង្គម និងអ្នកតាមដានកិច្ចការអន្តរជាតិចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅចិននាពេលនេះថា គឺជាការពង្រឹងអំណាច និងស្វែងរកការគាំទ្របន្ថែមពីថៅហ្វាយនាយចិនតាមរយៈការស្នើសុំកម្ចី និងពឹងពាក់ឱ្យមេដឹកនាំចិនជួយជំរុញក្រុមហ៊ុន ឬអ្នកវិនិយោគចិនមកបោះទុនរកស៊ីបន្ថែម ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងរដ្ឋាភិបាលកូនរបស់លោកគឺលោក ហ៊ុន ម៉ាណែត។
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងចិនបច្ចុប្បន្ន មានកិច្ចសហប្រតិបត្តិការច្រើនទម្រង់ និងស្ទើរគ្រប់វិស័យ ផ្ទុយទៅវិញលោកថា វិស័យនយោបាយនៅកម្ពុជានៅតែបន្តជាប់គាំង រីឯប្រជាពលរដ្ឋហាក់មិនសូវទទួលបានផលចំណេញជាដុំកំភួនពីទំនាក់ទំនងទ្វេភាគីនេះឡើយ។ បន្ថែមពីនេះ លោកអះអាងថា ការទៅបំពេញទស្សនកិច្ចរបស់ លោក ហ៊ុន សែន នៅប្រទេសចិននាពេលនេះទំនង ជាលោកទៅស្វែងរកការគាំទ្រពីចិន ដើម្បីឆ្លើយតបនឹងរឿងគម្រោងសាងសង់ព្រែកជីកហ្វូណនដែលជាប់គាំង និងការព្រមានរបស់សភាអឺរ៉ុបអំពីការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ៨០ភាគរយបន្ថែមពីកម្ពុជា។
លោក ប៉ោ មករា៖ «អ៊ីចឹងទំនាក់ទំនងអស់ហ្នឹងមិនទាន់ឃើញមានការប្រែប្រួលទាំងក្នុងនយោបាយការបរទេសរបស់កម្ពុជា ទាំងបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជាផ្ទាល់នៅពេលដែលបញ្ហាទាំងអស់ហ្នឹងអត់បានរីកចម្រើនធ្វើឱ្យកម្ពុជាកាន់តែផ្ដេកផ្ដួលមានតែការពឹងពាក់ចិនតែមួយមុខ។ អ៊ីចឹង ដើម្បីឱ្យកាន់តែមានភាពទាក់ទាញធ្វើឱ្យអ្នកវិនិយោគទុនមកកម្ពុជាកាន់តែល្អប្រសើរ ឬកាន់តែរីកចម្រើនទៅមុខកាន់តែរហ័ស គួរណាតែរដ្ឋាភិបាលកម្ពុជា ដូចជាអ្នកនយោបាយកាន់អំណាចដែលមានឥទ្ធិពលនៅកម្ពុជាគួរតែមើលលើបញ្ហាសិទ្ធិសេរីភាព សេរីភាពការធ្វើសកម្មភាពសង្គមផ្សេងៗ ពាក់ព័ន្ធនឹងបរិស្ថានក្ដី ពាក់ព័ន្ធសកម្មជននយោបាយធ្វើការងារនយោបាយក្ដី»។
នៅមុនដំណើរទស្សនកិច្ចលោក ហ៊ុន សែន មកប្រទេសចិននេះប្រទេសចិនកុម្មុយនិស្តក៏បានប្ដេជ្ញាថា នឹងបន្តជួយគាំទ្រផ្នែកសេដ្ឋកិច្ច និងជំរុញអ្នកវិនិយោគបន្ថែមមកកម្ពុជាតាមរយៈជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាគឺលោក វ៉ាង វិនពីន (Wang Wenbin) កាលពីសប្ដាហ៍មុន។ តាមរយៈកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ក្នុងការជំរុញការកសាងជោគវាសនារួមគ្នានេះ ភាគីកម្ពុជា និងចិន ក៏បានប្ដេជ្ញាប្រកាសគាំទ្រគ្នាទាំងលើវេទិកាក្នុងតំបន់ និងអន្តជាតិផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បាននៅឡើយទេនៅថ្ងៃទី២ ខែធ្នូ។
អ្នកឃ្លាំមើល និងអ្នកតាមដានកិច្ចការអន្តរជាតិជំរុញឱ្យរដ្ឋាភិបាលឪកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ដើម្បីបញ្ចៀសការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទាំងស្រុងពីសហភាពអឺរ៉ុប (EU) ជាងជារត់ពឹងពាក់ឱ្យចិនជួយគាំទ្រតាមរយៈផ្ដល់ប្រាក់កម្ចី នៅពេលដែលកម្ពុជារងការព្រមានអំពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិលើសេដ្ឋកិច្ចកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។