លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា លោកមិនអាចមានលទ្ធភាពរកសន្តិភាពផ្លូវចិត្តជូនពលរដ្ឋរបស់ខ្លួនបានទេ។ លោក ហ៊ុន សែន លើកឡើងក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវជាតិលេខ៣ ចោមចៅទៅខេត្តកំពត នៅថ្ងៃទី២ មីនាថា លោកអាចរកបានត្រឹមការធានាសន្តិភាពគ្មានកងកម្លាំងជម្លោះប្រដាប់អាវុធ ដែលធានាសន្តិភាពដល់សិទ្ធិមូលដ្ឋាននៃការរស់រានមានជីវិត ជៀសផុតពីការស្លាប់ដោយសារអាវុធ ជៀសផុតពីការភ័យខ្លាច ជៀសផុតពីគ្រាប់កាំភ្លើង និងគ្រាប់បែក ជាដើម។ ចំណែកខាងផ្លូវចិត្តវិញ លោក ហ៊ុន សែន ជំរុញឲ្យពលរដ្ឋគ្រប់រូបរកវិធីដោះស្រាយដោយខ្លួនឯង។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា លោក ហ៊ុន សែន ចាប់ផ្ដើមស្វែងយល់ច្រើន ពីពាក្យសន្តិភាពផ្លូវចិត្តនេះហើយ។ នាយកប្រតិបត្តិអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្ស (CHRAC) លោក រស់ សុដ្ឋា ពន្យល់ថា មូលដ្ឋាននៃសន្តិភាពផ្លូវចិត្តកើតចេញពីភាពយុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងព្រះធម៌។ លោកបន្តថា ពលរដ្ឋកម្ពុជាមានដើមទុន ជាមូលដ្ឋានគ្រឹះនៃសន្តិភាពផ្លូវចិត្ត តាមរយៈការគោរពសាសនារួចហើយ នៅឡើយតែការដាក់ចេញគោលនយោបាយ ការគោរពសិទ្ធិមនុស្សឲ្យបានខ្ជាប់ខ្ជួន និងការដោះស្រាយភាពអយុត្តិធម៌ឲ្យមានប្រសិទ្ធិភាពប៉ុណ្ណោះ។
មន្ត្រីសង្គមស៊ីវិលរូបនេះសង្កេតឃើញថា ដោយសារភាពអយុត្តិធម៌សង្គម ការដណ្ដើមដីធ្លី ការគោរពសិទ្ធិមនុស្សមិនទាន់ពេញលេញ បណ្ដាលពលរដ្ឋជាច្រើនគ្មានសន្តិភាពផ្លូវចិត្ត។ លោក រស់ សុដ្ឋា ជឿជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានលទ្ធភាពអាចរកសន្តិភាពផ្លូវចិត្តជូនពលរដ្ឋបាន តាមរយៈការពង្រឹងច្បាប់ឲ្យពលរដ្ឋទទួលបានយុត្តិធម៌ស្មើភាពគ្នា ការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។