មន្ត្រីសង្គមស៊ីវិលលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរដកដំណែងរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា លោក ឌុច សុវណ្ណារី នោះទេ។ ប៉ុន្តែគួរតែឲ្យសូមទោសជាសាធារណៈវិញ ចំពោះការប្រើពាក្យមិនសមរម្យទៅលើសពថ្នាក់ដឹកនាំរបស់ខ្លួន។
ការលើកឡើងរបស់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង នេះ បន្ទាប់ពី ហ៊ុន សែន កាលពីថ្ងៃសុក្រទី១៦ ខែកក្កដា បានសម្រេចដកតំណែង រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា លោក ឌុច សុវណ្ណារី បន្ទាប់ពីបានសរសេររិះគន់សពអតីតមេរបស់លោកតាមបណ្ដាញសង្គមដែល ស្លាប់ដោយសារជំងឺកូវីដ១៩៖ «ការលើកឡើង មិនជាមានសីលធម៌ប៉ុន្មានទេ ព្រោះបានចែកឋានទៅហើយ។ ម្យ៉ាងគាត់មិនមែនជាពលរដ្ឋសាមញ្ញទេ គាត់ជាមន្ត្រីជាន់ខ្ពស់ដែរ ។ បើសិនជាគាត់ប្រើពាក្យអ៊ីចឹង ក្នុងលក្ខណៈការបញ្ចេញមតិ បើអាចឱ្យសូមទោសជាការប្រសើរដែរ កុំឈានដល់ការដកហូត ...»។
លោក ហ៊ុន សែន អះអាងថា លោកដកតំណែង លោក ឌុច សុវណ្ណារី ដោយសារតែ មិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ក៏ធ្លាប់រងការរិះគន់ ពីសំណាក់អ្នកនយោបាយនិងពលរដ្ឋជាច្រើនដោយសារតែលោកធ្លាប់ប្រើប្រាស់សំដីអសីលធម៌ និងជេរប្រមាថអ្នកដទៃ រហូតដល់គំរាមសម្លាប់អាយុជីវិតពលរដ្ឋខ្លួនឯងថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។