លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងទទួលរងទណ្ឌកម្មផ្សេងៗ ពីប្រទេសមហាអំណាច បានប្រាប់អង្គការសហប្រជាជាតិថា ប្រទេសមហាអំណាច ប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ។ ប៉ុន្តែអ្នកវិភាគ និងសកម្មជនបក្សប្រឆាំងយល់ថា លោក ហ៊ុន សែន គួរប្រឹងកែខ្លួនដោយបែរមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ បើមិនចង់រងទណ្ឌកម្មបន្ថែមពីប្រទេសមហាអំណាច។
លោក ហ៊ុន សែន ដែលតែងតែវាយបង្ក្រាបលើពលរដ្ឋខ្លួន និងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតរបស់ខ្លួនឯងចោលនោះ បានធ្វើជាតួកម្សត់លើឆាកអន្តរជាតិ ខណៈរដ្ឋាភិបាលរបស់លោក ត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិថា វិធានការរបស់ប្រទេសមហាអំណាច ដែលប្រើប្រាស់និន្នាការឯកតោភាគីនិយម និងកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់អន្តរជាតិ និងវិធានការពហុភាគីនិយម។ លោកលើកឡើងទៀតថា ការដកប្រព័ន្ធអនុ គ្រោះពន្ធ EBA ២០% ពីកម្ពុជាក្នុងស្ថានភាពដែលជំងឺកូវីដ១៩ កំពុងរីករាលដាល គឺជារឿងអយុត្តិធម៌សម្រាប់កម្ពុជា៖ «ដោយហេតុផលត្រូវបានគេរារាំង ដែលការប្រព្រឹត្តតាមទំនើងចិត្តតាមរយៈការទណ្ឌជាឯកតោភាគី និងវិធានការចាប់បង្ខំផ្នែកនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែប្រទេសមានអំណាចបំផុតតម្កល់ផលប្រយោជន៍ខ្លួនខ្ពស់ជាងអ្វីៗ ទាំងអស់»។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ នៅថ្ងៃទី២៦ ខែកញ្ញា ប៉ុន្តែទើបត្រូវប្រព័ន្ធឃោសនារបស់លោកយកមកចាក់ផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា។ ទោះយ៉ាងណាលោកមិនបានលើកឡើងពីមូលហេតុដែលប្រទេសមហាអំណាចសម្រេចដាក់ទណ្ឌ ឬវិធានការលើប្រទេសតូច ដូចជាប្រទេសកម្ពុជានោះទេ។
ទោះបីជាបែបនេះក្ដី អ្នកវិភាគនយោបាយលោក គឹម សុខ សង្កេតឃើញថា ប្រទេសធំ ឬប្រទេសមហាអំណាចជាប្រទេសម្ចាស់ផ្តល់ជំនួយមនុស្សធម៌ និងជំនួយសេដ្ឋកិច្ច ឱ្យដល់ប្រទេសតូច ឬប្រទេសទន់ខ្សោយ។ លោកបញ្ជាក់ថា ការដែលប្រទេសមហាអំណាចលោកសេរីមានវិធានការលើប្រទេសតូចបណ្ដាលមកពីប្រទេសទាំងនោះរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោកយល់ថា អ្វីដែលលោក ហ៊ុន សែន និយាយពេលនេះមិនចំណេញដល់កម្ពុជាទេ ផ្ទុយទៅវិញអាចធ្វើឱ្យកម្ពុជាប្រឈមនឹងទណ្ឌកម្មផ្សេងទៀត៖ « បើយើងចង់បញ្ចៀសនូវទណ្ឌកម្មនានា ពីប្រទេសធំៗ ត្រូវបញ្ចប់នូវវោហារសាស្ត្រទាំងឡាយណាតតាំងជាមួយប្រទេសធំៗ ដែលគេជាម្ចាស់ជំនួយដ៏ធំ។
សេចក្ដីប្រកាសព័ត៌មានផ្សាយកាលថ្ងៃទី១២ សីហាក្នុងពេលអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា គណៈកម្មការអឺរ៉ុប បញ្ជាក់ថា អឺរ៉ុបដឹងច្បាស់អំពីផលប៉ះពាល់នៃជំងឺរាតត្បាតសាកលកូវីដ១៩ មកលើសេដ្ឋកិច្ច និងវិស័យការងារនៅក្នុងប្រទេសកម្ពុជា ហើយថា គេត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រដល់ប្រទេសមួយនេះក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ ១៩ និងដើម្បីស្រោចស្រង់សេដ្ឋកិច្ច បើកម្ពុជាងាកមកគោរពសិទ្ធិមនុស្សឡើងវិញ។
ការត្អូញត្អែររបស់លោក ហ៊ុន សែន អំពីការបាត់បង់ប្រពន្ធអនុគ្រោះពន្ធ EBA នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនេះ នៅស្របពេលសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានដាក់ពាក្យប្ដឹងសហភាពអឺរ៉ុប ដោយចោទថា ការសម្រេចរបស់សហភាព ដែលដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានេះ រំលោភលើគោលការណ៍សមាមាត្រ និងតម្រូវការនៃភាពស្ថិតស្ថេររវាងគោលនយោបាយ និងសកម្មភាពរបស់សហភាពអឺរ៉ុប។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ទាមទារឱ្យតំណាងក្រុមប្រទេសបញ្ជាទិញ ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាឡើងវិញ។
ព្រឹត្តិបត្រព័ត៌មានផ្លូវការរបស់សហភាពអឺរ៉ុបចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា បញ្ជាក់ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្តឹងសហភាពអឺរ៉ុបទៅតុលាការយុត្តិធម៌ កាលពីថ្ងៃទី១៦ ខែកក្កដា ដើម្បីជំរុញឱ្យលុបចោលការសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំងនៅកម្ពុជា។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក លី រតនៈរស្មី ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ព្រោះរងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលលោក ហ៊ុន សែន យល់ថា វិធានការរបស់សហគមន៍អន្តរជាតិលើរដ្ឋាភិបាលលោក ហ៊ុន សែន កន្លងមកព្រោះរដ្ឋាភិបាលមិនបានធ្វើតាមសំណើរបស់គេ។ លោកបន្តថា បើលោក ហ៊ុន សែន មិនចង់ទទួលទណ្ឌកម្មបន្ថែមត្រូវអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ និងរៀបចំការបោះឆ្នោតដ៏ត្រឹមត្រូវមួយ៖«តាមពិតទៅការសំណូមពររបស់អន្តរជាតិ ឬក៏ប្រទេសមហាអំណាចគេគ្រាន់តែចង់ឱ្យរបបលោក ហ៊ុន សែន គឺវិលត្រឡប់មកប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស » ។
សហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន បន្ទាប់ពីរដ្ឋាភិបាលឯកបក្សមួយនេះ មិនបាន ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ តាមការទាមទារម្ដងហើយម្ដងទៀត។
រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងរតនាគាររបស់ខ្លួនបានបង្កកទ្រព្យសម្បត្តិមនុស្សឈ្មួញ មន្រ្តីជំនិតលោក ហ៊ុន សែន ជាច្រើនរូប និងក្រុមហ៊ុនចិន ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។
ក្រៅពីនេះសហរដ្ឋអាមេរិក ក៏កំពុងធ្វើច្បាប់មួយចំនួនទៀត ដើម្បីដាក់សម្ពាធលើមន្ត្រីសំខាន់ៗ របស់លោក ហ៊ុន សែន បន្តទៀត។ ចំណែកឯសមាជិកសភា និងសមាជិកព្រឹទ្ធសភាអាមេរិកឯណោះ កាលពីដើមឆ្នាំ២០១៩ ក៏ផ្ដួចផ្ដើមស្នើច្បាប់ព្យួរការអនុគ្រោះពន្ធទូទៅ ឬ the Generalized System of Preferences ឬ GSP របស់សហរដ្ឋអាមេរិកដែរ។ ចំណែកប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួនកំពុងផ្ដួចផ្ដើមធ្វើច្បាប់បង្កកទ្រព្យសម្បត្តិ និងហាមមិនឱ្យលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនចូលទឹកដីរបស់គេ។ ដោយឡែកសហភាពអឺរ៉ុបកាលពីខែសីហាបានប្រកាសជាផ្លូវនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា។ គណៈកម្មការអឺរ៉ុបក៏បានដាក់បញ្ចូលប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ កាលពីឧសភា ហើយបើគ្មានការប្រែប្រួលនៅក្នុងខែតុលាខាងមុខនេះគណៈកម្មការអឺរ៉ុបនឹងប្រកាសជាផ្លូវការនៃការចូលជាធរមាននៃវិធានការនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។