លោក ហ៊ុន សែន ថា លោក​នឹង​មិន​ឱ្យ​ចិន​ត្រួតត្រា​កម្ពុជា​បាន​នោះ​ឡើយ

ដោយ អាស៊ីសេរី
2019.03.01
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន 030119 ៦២២ លោក ហ៊ុន សែន ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ “មិត្តភាព​កម្ពុជា-ចិន” នៅ​ខេត្ត​ត្បូង​ឃ្មុំ ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ថា លោក​មិន​ឲ្យ​ប្រទេស​ចិន​ត្រួតត្រា​កម្ពុជា​នោះ​​ឡើយ។ ប៉ុន្តែ​​អ្នក​​ឃ្លាំមើល​​សង្គម​​​ថា ប្រទេស​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​នៅ​កម្ពុជា តាម​រយៈ​លុយ​ជំនួយ និង​កម្ចី។

មេ​ដឹក​នាំ​ឯក​បក្ស លោក ហ៊ុន សែន អះអាង​ថា លោក​ស្គាល់​​​នយោបាយ​របស់​ចិន​ច្បាស់ ថា​ប្រទេស​មហា​អំណាច​​មួយ​នេះ​មិន​ចង់​ត្រួត​ត្រា​ប្រទេស​ណាមួយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ប្រទេស​នេះ​ក៏​មិន​ចង់​ឃើញ​ប្រទេស​ណាមួយ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃក្នុង​របស់​ខ្លួន​នោះ​ដែរ ជាពិសេស​ជុំ​វិញ​រឿង​កោះ​តៃវ៉ាន់ និង​ដែន​ដី​ស្វយ័ត​មួយ​ចំនួន​ទៀត។ លោក​ថ្លែង​ថា កម្ពុជា​​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​ចំពោះ​គោល​នយោបាយ​ចិន​តែមួយ និង​ថា​ការ​គោរព​អធិបតេយ្យភាព​​របស់​ចិន​នេះ​ មានន័យ​ស្មើ​នឹង​ការ​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​យ៉ាង​ដូច្នេះ​ដែរ៖ «បញ្ជាក់​ចំពោះ​មុខ​ឯក​អគ្គរដ្ឋ​ទូត​ចិន​ ក៏​ដូច​ជាប្រិយមិត្ត​ចិន​ទាំង​អស់ ខ្មែរ​មិន​ព្រម​ដាច់​ខាត​ឱ្យ​ចិន​ត្រួតត្រា​ទេ អាហ្នឹង​ទីមួយ។ ទីពីរចិន​ក៏​មិន​ចង់​ត្រួត​ត្រា​ខ្មែរ​ដែរ អាហ្នឹង​និយាយ​ឱ្យ​ច្បាស់។ គោល​នយោបាយ​ការបរទេស​របស់​ចិន​​ ចិន​មិន​ចង់​ត្រួតត្រា​អ្នកណា​ទេ។ ចិន​គ្រាន់​តែ​ចង់​ធ្វើ​មិត្ត​ជាមួយ​ប្រទេស​នានា​នៅលើ​ពិភព​លោក»

លោក​ ហ៊ុន​ សែន ថ្លែង​បែប​នេះ​នៅ​​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​មន្ទីរ​ពេទ្យ​ “មិត្តភាព​កម្ពុជា-ចិន” នៅ​ខេត្ត​ត្បូង​ឃ្មុំ នៅ​ថ្ងៃ​ទី១ មីនា។ លោក​បន្ត​ថា ទំនាក់​ទំនង​កម្ពុជា​ចិន គឺ​ជា​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​បាន​នាំមក​នូវ​ការ​រីក​ចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ លោក​បន្ថែម​ទៀត​ថា ​នេះ​ជា​មោទនភាព​ដែល​កម្ពុជា​មាន​ចិន​ជា​មិត្ត​ជិត​ស្និទ្ធ ខណៈ​ចិន​ជា​ប្រទេស​អ្នក​មាន​ និង​បាន​បោះ​ទុន​រក​ស៊ី​នៅ​គ្រប់​ទីកន្លែង​លើ​ពិភព​លោក រួម​ទាំង​កម្ពុជា​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល​សង្គម​មាន​ការ​យល់​ឃើញ​ផ្សេង​ពី​លោក​ ហ៊ុន សែន ទាក់ទង​នឹង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​នេះ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ប្រទេស​ចិន​មិន​បាន​យក​កម្លាំង​ទ័ព​មក​ត្រួត​ត្រា​​​កម្ពុជា​ឡើយ ក៏​ប៉ុន្តែ​ចិន​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា តាមរយៈ​ជំនួយ និង​កម្ចី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ជា​បន្ត​បន្ទាប់​ដល់​រដ្ឋាភិបាល​កម្ពុជា។ ​លោក​បន្ត​ថា ស្រប​ពេល​នៃការ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ប្រឹង​ប្រែង​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ផង​ដែរ ដើម្បី​ប្រយោជន៍​​សេដ្ឋកិច្ច សង្គម និង​ការ​អភិវឌ្ឍ៖ «កាល​ណា​ទឹក​លុយ​គេ​ច្រើន​ ទឹកមាត់​គេ​ប្រៃ​ ហើយ​គេ​ចេះ​តែ​សុំ​នេះ​ សុំ​នោះ ហើយ​ប្រទេស​ដែល​ជំពាក់​បំណុល​គេ​ហ្នឹង​ ពេល​ខ្លះ​ទៅ​ព្រម​ព្រៀង ពេល​ខ្លះ​ទៅ​ក៏​ឯកភាព ពេល​ខ្លះ​ទៅ​ក៏​មិន​ឯកភាពជាដើម។ អ៊ីចឹង​ទៅ​ទំនាក់​ទំនង​​រវាង​កម្ពុជា និ​ង​ចិន​នេះ យើង​បារម្ភ​អំពី​រឿង​បំណុល​ចិន​កាន់​តែ​កើន​ឡើង។ កាល​ណា​គេ​មាន​ឥទ្ធិពល​ គេ​អាច​ធ្វើ​ឱ្យ​អ្នក​នយោបាយ​ហ្នឹង​ជឿគេ​ស្ទើរ​តែគ្រប់​បែប​យ៉ាង​ទាំង​អស់ ហើយ​រហូត​ដល់​ទៅ​ថា មហាមិត្ត​ធ្វើ​អ្វី​ក៏​មិន​ចេះ​ខុស»

ប្រទេស​ចិន​កុម្មុយនិស្ត​ គឺជា​ប្រទេស​នាំមុខ​​គេ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា។ កាល​ពី​​ឆ្នាំ ២០១៨ កន្លង​ទៅ ទំហំ​ទុន​វិនិយោគ​សរុប​របស់​ចិន​មាន​ប្រមាណ ៣ពាន់ ៦រយ​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​ ៥៣ភាគរយ នៃ​ទំហំ​វិនិយោគ​សរុប​ចំនួន ៦ពាន់ ៨រយ​លាន​ដុល្លារ​អាមេរិក។

ទោះ​ជា​យ៉ាង​ណា ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​របស់​ចិន​មាន​ចំនួន​កាន់​តែ​ច្រើន​នោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​ក៏​បាន​កើន​ឡើង​ខ្ពស់​​ផង​ដែរ។ គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ កម្ពុជា​ជំពាក់​បំណុល​ចិន​ជាង ៤ពាន់​លាន​ដុល្លារ​ ក្នុង​ចំណោម​បំណុល​បរទេស​សរុប​ជាង ៩ពាន់​លាន​ដុល្លារ។

ស្ថាប័ន​អន្តរជាតិ និង​អ្នក​តាម​ដាន​សង្គម​​អះអាង​ថា កម្ពុជា​នឹង​ធ្លាក់​ក្នុង​អន្ទាក់​​បំណុល​របស់​ចិន​ តាម​រយៈ​ជំនួយ និង​កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​របប​ក្រុង​ប៉េកាំង​​ ហើយ​និន្នាការ​បែប​នេះ​នឹង​​ឱ្យ​កម្ពុជា​​បាត់​បង់​​ឯករាជ្យភាព​លើ​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។