លោក ហ៊ុន សែន ប្ដេជ្ញា​​ធ្វើ​​សង្គ្រាម​​​​ការពារ​​សមិទ្ធផល​​​ ៧ មករា​​​​

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្ដេជ្ញា​​​​ថា ​នឹង​​​ការពារ​មរតក ឬ​សមិទ្ធផល​ ​​ថ្ងៃ​​ទី៧​ ខែមករា ឆ្នាំ១៩៧៩​ ដែល​ជា​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​វៀតណាម​​ឲ្យ​បាន​ បើ​ទោះ​ជា​ត្រូវ​ធ្វើ​សង្គ្រាម​​​​ក៏​ដោយ​​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា លោក​ ហ៊ុន សែន ​ចង់​​ផ្គាប់​ចិត្ត​វៀតណាម​វិញ ក្រោយ​​ពេល​​​ជ្រុល​ងាក​ទៅ​រក​ចិន​ខ្លាំង​ពេក។

លោក​ ហ៊ុន សែន​ ស្ដី​បន្ទោស​ក្រុម​អ្នក​វិភាគ​ថា ​វាយ​តម្លៃ​តែ​ផ្ដាស​ចំពោះ​​ការ​រក្សា​ចំណង​​​មិត្ត​ភាព​កម្ពុជា-វៀតណាម តាម​រយៈ​ការ​ផ្អាក​​ប្រារព្ធ​​ខួប​ ​៧​ មករា។

ថ្លែង​ក្នុង​ពិធី​​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​​ថ្មី ​នៅ​ផ្លូវ​ជាតិ​លេខ​៥ ​​ខណ្ឌ​ឫស្សី​កែវ នៅ​ថ្ងៃ​ទី​៣១ ខែមករា​ លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា ​​គ្មាន​ពេល​ណា​ដែល​គណ​បក្ស​ប្រជា​ជន​​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ បំភ្លេច​ថ្ងៃ​ជ័យ​ជម្នះ ៧​ មករា នោះ​ទេ​។ ​លោកអះអាង​ថា លោក​ប្ដេជ្ញា​ការ​ពារ​មរតក​​ជាមួយ​វៀតណាម​នេះ​ឲ្យ​ខាង​តែ​បាន បើ​ទោះ​ជា​ត្រូវ​ធ្វើ​សង្គ្រាម​ការពារ​ថ្ងៃ​ ៧ ​មករា​​​ ក៏​លោក​ត្រូវ​ធ្វើ​ដែរ៖ «គ្មាន​ពេល​ណា​ដែល​គណបក្ស​ប្រជា​ជន​ និង​ប្រជាជន​កម្ពុជា ដែល​រស់រាន​មាន​ជីវិត​ដោយសារ​ថ្ងៃ​ ៧​ មករា បំភ្លេច​ថ្ងៃ​ ៧ មករា​ នោះ​ទេ។ អ្នក​ត្រូវ​ចាំ​អា​កន្លែង​នេះ។ បើ​ទោះ​បី​ត្រូវ​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​ ៧ មករា ក៏​ហ៊ាន​ធ្វើ​ដែរក៏​ហ៊ាន​ធ្វើ​ដែរ»។

ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្អាក​ប្រារព្ធ​មីទីង រំឰក​ខួប​ ៧ ​មករា ចំនួន​ ២ឆ្នាំ​ជាប់​គ្នា ​គឺ​នៅ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២។ ខួប​ថ្ងៃ​ទី​៧ ខែមករា ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ចាត់​ទុក​ជា​ថ្ងៃ​ពិសេស​ ​ឬ​​ហៅ​​ថា​ ជា​​ថ្ងៃ​កំណើត​ទី​២​ ដែល​ត្រូវ​បាន​​រំដោះ​ចេញ​​​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​​ ឬ​សម័យ​ខ្មែរ​ក្រហម​។ គណ​បក្ស​នេះ​ ​ក៏​បាន​បញ្ចូល​​ថ្ងៃ​ ៧ ​មករា​ ជា​ថ្ងៃ​បុណ្យ​ជាតិ​ដែរ​ ហើយ​តែងតែ​រៀបចំ​ប្រារព្ធ​មីទ្ទីញ​​អបអរ​រំឰក​ខួប​ជា​ទ្រង់ទ្រាយ​ធំ​​នៅ​ទីស្នាក់ការ​កណ្ដាល​ «គ៨៥» ឬ​​កោះ​ពេជ្រ​ ប៉ុន្តែ​ ២ឆ្នាំ​ចុង​ក្រោយ​នេះ ​គណបក្ស​​ប្រជាជន​​កម្ពុជា គ្រាន់​តែផ្សព្វផ្សាយសារ​លិខិត​អបអរ​សាទរ និង​​​អនុញ្ញាត​ឲ្យ​សមាជិក​​បក្ស​​រៀប​ចំ​​ពិធី​នេះ ​ជា​ទ្រង់ទ្រាយ​តូចៗ ​នៅ​​តាម​មូលដ្ឋាន​រៀង​ខ្លួន​ ដោយ​​អះអាង​ថា បណ្ដាល​មក​ពី​ជំងឺ​កូវីដ​១៩។

​​​​​​ជាមួយ​នឹង​ការ​ផ្អាក​មីទ្ទីញ​ ៧​ មករា​ នេះ ​រដ្ឋាភិបាលក៏​បាន​​​បង្កើន​​​សកម្មភាព​រួម​គ្នា​ជាមួយ​ចិន​​យ៉ាង​ច្រើន​​ទៅ​វិញ​ រួម​ទាំង​ការ​​ផ្លាស់ប្តូរទស្សនកិច្ច​​​​ទៅ​វិញ​ទៅ​មក និង​ការ​អញ្ជើញ​​តំណាង​រដ្ឋាភិបាល​ចិន មក​សម្ពោធ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ជា​អំណោយ​ផ្ដាច់​មុខ​​របស់​ចិន​ជាដើម។

​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ និង​អន្តោប្រវេសន្ត​ នៃ​គណបក្ស​សង្គ្រោះ​ជាតិលោក អ៊ុំ សំអាន ជឿ​ថា លោក​ ហ៊ុន សែន ចង់​ដោះដៃ​ចេញ​ពី​វៀតណាម​យូរ​មក​ហើយ​​ តែ​​លោក​​​​ ហ៊ុន សែន ធ្វើ​ទៅ​​អត់​រួច។ លោកបន្ត​ថា ក្នុង​ករណី​លោក ហ៊ុន សែន ហ៊ាន​ដោះដៃ​ចេញ​ពី​វៀតណាម​មែន នោះ​ផែនការ​លើក​បន្តុប​កូន​ប្រុស​ច្បង​ គឺលោក ហ៊ុន ម៉ាណែត ឲ្យ​ឡើង​ជា​មេដឹកនាំ​​បន្តនឹង​ត្រូវ​បរាជ័យ។

លោក អ៊ុំ សំអាន​ ពន្យល់​ថា លោក ហ៊ុន សែន ​មិន​អាច​អារ​កាត់​​​ចាត់ចែង​​កិច្ច​ការ​​ប្រទេស​​ជាតិ​​​ធំៗ​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​វៀតណាម​បាន​ទេ​ ព្រោះ​​ថា បក្ស​កុំម្មុយ​នីស្ដ៍​​វៀតណាម​​ បាន​ដាក់​​មន្ត្រី​​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​​ឲ្យ​ឃ្លាំមើល​លោក ហ៊ុន សែន​។ លោកបន្ត​ថា ក្នុង​ករណី​លោក ហ៊ុន សែន ងាក​រ៉េ​ទៅ​រក​ចិន ឬ​​មិន​ធ្វើ​តាម​បញ្ជា​​បក្ស​កុំម្មុយនីស្ដ៍​ទេ វៀតណាម​នឹង​​​ប្រើ​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទម្លាក់​លោក ហ៊ុន សែន ​ដូច​មេដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​មុនៗ​ដែរ​៖ «បើ​សិន​​ជា​​គាត់​​មិន​​យក​​ចិត្ត​យួន​ទេ។ យួន​ប្រាកដ​ជា​​​ប្រើ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​ហ្នឹង ដើម្បី​​ទម្លាក់​គាត់ ហើយ​ប្រាកដ​ជា​យួន​ប្រើ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​ហ្នឹង រារាំង​គាត់​ មិន​ឲ្យ​គាត់​បាន​ផ្ទេរ​អំណាច​ពី​គាត់​​ទៅ​ឲ្យ​កូន​របស់​គាត់​ទេ»។

​​​​​​​​​ពាក់ព័ន្ធ​នឹង​រឿង​ការ​ប្រកាស​សង្គ្រាម​ការពារ​ថ្ងៃ ៧ ​មករា ​នេះ អ្នក​វិភាគ​នយោបាយយល់​ថា លោក ហ៊ុន សែន កំពុង​លេង​ល្បែង​ដៃ​ម្ខាង​ ​ចាប់​ត្រី​២ គឺ​ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​​ផ្គាប់​​ចិត្ត​ទាំង​ចិន និង​វៀតណាម​។

អ្នក​វិភាគ​នយោបាយលោក គឹម សុខ អះអាង​ថា ចិន​មិន​ពេញ​ចិត្ត​នឹង​មរតក​​ថ្ងៃ ៧ មករា​​ ប៉ុន្មាន​ទេ ព្រោះ​ជា​ថ្ងៃ​ដែល​វៀតណាម​ផ្ដួល​រលំ​របប ​ប៉ុល ពត ជា​​សម្ព័ន្ធ​មិត្តរបស់​ចិន​​ កាល​នោះ។​ លោកបន្ត​ថា ដើម្បី​ផ្គាប់​ចិត្ត​ចិន លោក ហ៊ុន សែន ​​​បាន​​​​ប្រើ​លេស​ជំងឺ​កូវីដ​១៩​ ដើម្បី​ផ្អាក​​​រំលឹក​ខួប​ ​​​៧ ​មករា​ ហើយ​យក​ថ្ងៃ​ពិសេស​ជាមួយ​វៀតណាម​នោះ ​ធ្វើ​ដំណើរ​ទៅ​​ជួប​មេដឹកនាំ​របប​សឹក​ភូមា តាម​បញ្ជា​របស់​ចិន​វិញ។​​

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន មិន​អាច​ស្រវ៉ា​ចាប់​​ចិន​ ហើយ​​អាច​​បោះបង់​​វៀត​ណាម​​​​​ បាន​ភ្លាមៗ​ ទេ ដូច្នេះ​លោក​ត្រូវ​កសាង​ស្ដូប​មិត្តភាព​ជាមួយ​វៀតណាម​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​។ លោក គឹម សុខ ​ជឿជាក់​​ថា ​លោក ហ៊ុន សែន មាន​សមត្ថភាព​ទប់ទល់​​​​​​ការ​ប្រជែង​​អំណាច​នេះ​បាន​​ ​ដោយ​​​​យក​ផល​​​​​ប្រយោជន៍​របស់​ខ្មែរ​ ផ្ដល់​​ឲ្យ​ចិន​តាម​រយៈ​ដែន​សមុទ្រ​​​ និង​​ផ្ដល់​ប្រយោជន៍​ឲ្យ​​វៀតណាម​​តាម​រយៈ​​​​ការ​បើក​ដៃ​ឲ្យ​មក​រកស៊ី ឬ​ផ្ដល់​​សម្បទាន​​ក្នុង​ដែន​ព្រៃ​នៅ​ភាគ​ឦសាន្ត​​​។​

អ្នក​វិភាគ​រូប​នេះ លើក​ឡើង​ទៀត​ថា លោក ហ៊ុន សែន នៅ​​ត្រូវ​ការ​វៀតណាម​ដើម្បី​​ធានា​​ដល់​ដំណើរ​ការ​ផ្ទេរ​អំណាច​ទៅ​​ឲ្យ​កូន​ប្រុស​​។ លោកបារម្ភ​ថា ទង្វើ​​ការពារ​អំណាច​​របស់​​​លោក ហ៊ុន សែន ពេល​នេះ​​​អាច​​បង្កើត​​ជា​​វិបត្តិ​​ធំធេង​​សម្រាប់​​កម្ពុជា​​ទៅ​ថ្ងៃ​មុខ៖ «បើ​លោក​ ហ៊ុន សែន​ នៅ​មាន​អំណាច​គាត់​អាច​ទប់​ស្ថានការណ៍​នេះ​បាន។ ក៏​ប៉ុន្តែ​បើ​លោក ហ៊ុន សែន ផ្ទេរ​អំណាច​ទៅ​កូន​​ប្រុស​របស់​គាត់ ខ្ញុំ​យល់​ថា​ ហ៊ុន ម៉ាណែត ទំនង​ជា​គ្មាន​សមត្ថភាព​​ក្នុង​ការ​ទប់​ស្ថាន​ការណ៍​នេះ​ទេ ហើយ​អំណាច​​របស់​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ទៅ​ជា​ការ​បង្កើត​វិបត្តិ​ធំធេង នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា»។

ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិញ លោកធ្លាប់​អះអាង​ថា ក្រៅពី​​បញ្ហា​​នេះ​ហើយ ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​​ខ្វែង​គំនិត​​ផ្ទៃ​ក្នុង​​រឿង​គម្រោង​​លើក​បន្តុក​លោក ហ៊ុន ម៉ាណែត ឲ្យ​បន្ត​វេន​ពី​ឪពុក ទើប​គណបក្ស​នេះ មិន​អាច​​ប្រារព្ធ​ខួប​ ៧ មករា ឆ្នាំ​នេះ​បាន​។ លោក​ សម រង្ស៊ី​ ​លើក​ឡើង​ថា លោក ហ៊ុន សែន ចង់​ឲ្យ​លោក ហ៊ុន ម៉ាណែត ​​ចេញ​មុខ​ដឹកនាំ​មីទ្ទីញ​​​ខួប ​៧​ មករា​ ជំនួស​លោក​ ប៉ុន្តែ​​ថ្នាក់​ដឹកនាំ​គណបក្ស​​កាន់​អំណាច​ផ្សេង​ទៀត​​ជំទាស់​​ ទើប​កម្មវិធី​​ខួប​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២២ មិន​អាច​ដំណើរ​ការ​ទៅ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។