លោក ហ៊ុន សែន ប្រាប់​​ពិភពលោក​ឱ្យ​យក​គំរូ​កម្ពុជា​ដឹកនាំ​ប្រទេស​មាន​សន្តិភាព

ដោយ សន ចាន់រដ្ឋា
2021.09.12
លោក ហ៊ុន សែន ប្រាប់​​ពិភពលោក​ឱ្យ​យក​គំរូ​កម្ពុជា​ដឹកនាំ​ប្រទេស​មាន​សន្តិភាព លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​មេដឹកនាំ​នៅ​លើ​ពិភពលោក​ឱ្យ​យក​គំរូ​តាម​លោក ក្នុង​ការ​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សុខ​សន្តិភាព​។ មន្ត្រី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល យល់​ថា សន្តិភាព​នៅ​កម្ពុជា ជា​សន្តិភាព​ក្លែងក្លាយ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លើកឡើង​ជាថ្មី​ថា នយោបាយ​បាយ​ឈ្នះ​ឈ្នះ​របស់លោក​ជា​រូបមន្ត​គន្លឹះ​ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​រហូតមកដល់​ស​ព្វ​ថ្ងៃ​។​

លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​មេដឹកនាំ​នៅ​លើ​ពិភពលោក​ថា មានតែ​ភាពជា​ម្ចាស់​ប្រទេស​តែមួយគត់​ដែល​ធ្វើ​ប្រទេស​មាន​សន្តិភាព​ពិតប្រាកដ​និង​បាន​យូរ​អង្វែង​។ មេដឹកនាំ​របប​ឯក​បក្ស​រូប​នេះ បន្ត​ថា ប្រទេស​ដទៃ​មិន​អាច​បណ្ដុះ​គុណ​តម្លៃ និង​ប្រព័ន្ធ​នយោបាយ​ឱ្យ​ប្រទេស​ណាមួយ​បាន​នោះ​ឡើយ។ លោក ហ៊ុន សែន អះអាង​ទៀត​ថា ការ​ដែល​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​មក​ទល់​ពេល​នេះ ដោយ​ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ប្រទេស គឺ​មិនមែន​ដោយសារ​បរទេស​នោះ​ទេ៖ «ខ្ញុំ​សុំ​គួរ​បញ្ជាក់​ថា នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ កម្ពុជា​មិន​អាច​សម្រេច​បាន​សន្តិភាព​ពេញលេញ​នោះ​ទេ​។ បើទោះបីជា​សហគមន៍​អន្តរជាតិ​បាន​ចំណាយ​ថវិកា​អស់​២​ពាន់​លាន​ដុល្លារ​អាមេរិក​។ សង្គ្រាម​នៅ​បន្ត​អូស​បន្លាយ​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​១៩៩៨ ទើប​កម្ពុជា​អាច​ឈាន​ទៅ​សម្រេច​បាន​សន្តិភាព​ពេញលេញ​បន្ទាប់ពី​បាន​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ»

លោក ហ៊ុន សែន លើក​បែបនេះ នៅក្នុង​ពិធី​មហាសន្និបាត​នៃ​ក្ដី​សង្ឃឹម​ពិភពលោក​លើក​ទី​៧ តាម​វីដេអូ ខនហ្វឺរិន (Conference) ក្រោម​ប្រធានបទ​ស្តីពី​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា ដែល​រៀបចំ​ដោយ​អង្គការ​មួយ​ឈ្មោះថា សហព័ន្ធ​សន្តិភាព​សកល​(Universal Peace Federation)​។ ពិធី​សន្និបាត​នេះ​បាន​ជូន​មេដាយមាស​សន្តិភាព​ដល់​លោក ហ៊ុន សែន ហើយ​ឱ្យ​លោក​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​នៅពេល​ខាងមុខ​ផង​ដែរ។ កាលពី​ឆ្នាំ​២០១៩ អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ក៏​ធ្លាប់​ប្រគល់​ពានរង្វាន់​ស្តីពី​''​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​'' ជូន​លោក ហ៊ុន សែន ដែរ​។​អង្គការ​មួយ​នេះ បង្កើត​ឡើង​ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​កូរ៉េខាងត្បូង​ពីរ​នាក់ កាលពី​ឆ្នាំ​២០០៥ និង​មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នោះ​ទេ។ អង្គការ​ដដែល​នេះ តែង​មាន​ទំនាក់ទំនង​ជិត​ស្និត និង​តែង​ប្រគល់​ពាន​រង្វាល់​ដល់​មេដឹកនាំ​មួយចំនួន​ដែល​ក្រាញ​អំណាច និង​រង​ការរិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម​។

ចំពោះ​ការ​លើកឡើង​របស់​មេដឹកនាំ​ដែល​គ្រប់គ្រង​ប្រទេស​ជិត​៤០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​និង​សង្គម​ស៊ីវិល​រិះគន់​ថា ជា​សន្តិភាព​ក្លែងក្លាយ​និង​មិន​បាន​ឆ្លុះបញ្ចាំង​ស្ថានការណ៍​ពិត​នៅ​កម្ពុជា។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​កម្ពុជា​គ្មាន​សង្គ្រាម​ក៏ដោយ ក៏ប៉ុន្តែ​ពោរពេញ​ដោយ​អសន្តិសុខ​មនុស្សជាតិ មាន​អំពើ​ហិង្សា ការរំលោភ​ដីធ្លី អយុត្តិធម៌​សង្គម អំពើពុករលួយ ការ​រំលោភបំពាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​កម្មករ​ជាដើម ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញថា ប្រទេស​នេះ មិន​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​នោះ​ទេ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់នៅ​ដោយ​ការអត់ឃ្លាន មាន​បំណុល​វ័ណ្ឌក និង​គ្មាន​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​។ លោក​បញ្ជាក់​ថា ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ​មាន​សេចក្ដីសុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត គឺ​ពុំ​មែន​ដូច​នៅ​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ក្រីក្រ និង​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​។ បន្ថែម​ពី​នេះ​លោក​ថា អាជ្ញាធរ​បាន​ចាប់​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត ដោយសារតែ​ពួកគាត់​ចូល​សម្ដែង​មតិ​ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ «ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​ក្រីក្រ​កើតទុក្ខ​លំបាក​ហើយ​ធ្វើ​អ្វី​មិន​បាន​ត្រូវ​តែ​ជាប់គុក គេ​វាយ​បែកក្បាល រងគ្រោះ​ដោយ​ការសម្ដែង​មតិ​ស្រលាញ់​ទឹកដី ព្រំដែន​។​ដោយ​ការ​ស្រលាញ់​ធម្មជាតិ​របស់​ខ្លួន ខ្ញុំ​យល់​ថា បើ​យើង​រំលោភ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កន្លែង​ហ្នឹង​មិនមែន​ជា​ប្រទេស​មាន​សុខ​សន្តិភាព​ទេ​។ សូម្បី​គេ​ឱ្យ​មេដាយ​ហ្នឹង​ប៉ុន្មាន​ក៏ដោយ​ក៏​អត់​សំខាន់​ជាង​សេចក្ដីសុខ​និង​សិទ្ធិ​សេរី​តម្លៃ​របស់​ពលរដ្ឋ​ទេ»

ដោយឡែក​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុដ (Adhoc) លោក នី សុខា ក៏​មើលឃើញ​ថា កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​ដែរ ព្រោះ​ប្រទេស​នេះ​កំពុងតែ​ញាំញី​ដោយ​ការ​ចាប់ចង​ក្រុម​អ្នក​មាន​មតិផ្ទុយ​ដាក់​ពន្ធនាគារ និង​ការ​​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង ធ្វើ​ឱ្យ​ពួកគាត់​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​សុវត្ថិភាព​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បន្ថែម​ថា ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មិន​មាន​ការភ័យខ្លាច ពោល​គឺ​មាន​សេចក្ដីសុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត និង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ដោយ​សេរីភាព៖ «យើង​មិនមែន​មានន័យថា ឱ្យ​តែ​ប្រទេស​មួយ បញ្ចប់​បាន​នូវ​សង្គ្រាម​ប្រដាប់​អាវុធ ឬក៏​សង្គ្រាម​ខាង​អំពើ​ហិង្សា​ហ្នឹង​ថា​សន្តិភាព​ទេ។ ពីព្រោះ​ថា សន្តិភាព​វា​មាន​ទាំង​បញ្ចប់សង្គ្រាម​ប្រដាប់​អាវុធ សន្តិភាព​ផ្លូវកាយ និង​សន្តិភាព​ខាង​ផ្លូវចិត្ត​។ ដូច្នេះ​បើ​យើង​ពិនិត្យមើល​ស្ថានភាព​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ ថ្វីត្បិតតែ​យើង​មើលឃើញ​មិន​មាន​សង្គ្រាម​ក៏​ពិតមែន​ក៏ប៉ុន្តែ​មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ»

ចាប់តាំង​ពី​ឆ្នាំ​២០១៩​មក​ដល់​ពេល​នេះ របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ យុវជន សកម្មជន​នយោបាយ និង​សកម្ម​សង្គម ជិត​៩០​នាក់​ហើយ​ដាក់​ពន្ធនាគារ ដោយសារ​ពួកគេ​បាន​សម្ដែង​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​។ ពួកគេ​ភាគច្រើន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់។

ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​នេះ​ជា​ការ​គាស់​រំលើង​អ្នក​មាន​មតិផ្ទុយ ដែល​ជា​ឆ្អឹង​ទទឹង​ក​​ដល់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។

ចំពោះ​ការ​ដែល​តំណាង​មហាសន្និបាត​នៃ​ក្ដី​សង្ឃឹម​ពិភពលោក​ផ្ដល់​មេដាយមាស​សន្តិភាព​ជូន​លោក ហ៊ុន សែន នោះ លោក នី សុខា យល់ថា ករណីនេះ​គ្រាន់តែ​ជា​និមិត្តរូប ដើម្បី​ការ​លើកទឹកចិត្ត​ដល់​មេដឹកនាំ​ប្រទេស​នៅ​លើ​ពិភពលោក​ឱ្យ​ងាក​ទៅ​រក​ការដឹកនាំ​ប្រកបដោយ​សន្តិភាព​ពិតប្រាកដ​ប៉ុណ្ណោះ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ក្រោយ​ពី​លោក ហ៊ុន សែន បាន​ទទួល​មេដាយ​សន្តិភាព​នេះ​ហើយ លោក​គួរតែ​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្តិភាព​ពិតប្រាកដ​ទៀត កាន់តែ​ប្រសើរ ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​ពេញលេញ​ទាំងអស់គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។