លោក ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​កុំ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី

ដោយ ​យ៉ង ចាន់តារា
2023.06.04
លោក ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​កុំ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និង​ជាអ្នកជំនាញផ្នែកច្បាប់ កញ្ញា សេង ធារី ក្នុង​សំលៀកបំពាក់​នារី​អប្សរា ថ្លែង​ទៅ​កាន់​អ្នកកាសែត នៅ​មុខសាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ធ្នូ ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក ហ៊ុន សែន ខឹង​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​អន្តរាគមន៍​ឱ្យ​លោក​ដោះលែង​ករណី​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី ជា​បន្តបន្ទាប់​។ លោក​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​ឃុំខ្លួន​កញ្ញា សេង ធារី នៅក្នុង​ពន្ធនាគារ​រហូតដល់​ថ្ងៃ​ផុត​កំណត់​នៃ​ទោស​។ ប៉ុន្តែ​គ្រួសារ​អ្នក​ជាប់ឃុំ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​រដ្ឋាភិបាល​ពិចារណា​ចំពោះ​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ឡើងវិញ ដើម្បី​កែ​លម្អ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស។

លោក ហ៊ុន សែន ប្រកាស​ថា បើ​ជនបរទេស​កាន់តែ​អន្តរាគមន៍​ឱ្យ​លោក​លើកលែងទោស​អ្នក​ជាប់ឃុំ​រូប​ណា គឺ​អ្នក​ជាប់ឃុំ​រូប​នោះ​ជាប់គុក​កាន់តែ​យូរ​ដោយ​គ្មាន​ការ​លើកលែងទោស​នោះ​ទេ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កណ្តាល នៅ​ថ្ងៃទី​០៣ ខែ​មិថុនា លោក ហ៊ុន សែន បន្ត​ប្រើ​ពាក្យ​អសុរោះ​ដោយ​ហៅ​អ្នកជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ កញ្ញា សេង ធារី ថា​ជា​អប្សរា​ក្បាល​ត្រងោល​ពេញៗ​មាត់។ លោក​បញ្ជាក់​ថា ករណី​សំណុំរឿង​កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​ខ្មែរ​-​អាមេរិក​នេះ​គ្មាន​ការ​លើកលែង​ទោស​ឡើយ ដោយសារ​បរទេស​ធ្វើ​កិច្ច​អន្តរាគមន៍​កន្លង​មក។

លោក ហ៊ុន សែន៖ «អប្សរា​ក្បាល​ត្រងោល​សូម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺ​កុំ​ដាក់​ចូល​ក្នុង​បញ្ជី​នៃ​ការ​បន្ធូរបន្ថយ​ទោស​តាមរយៈ​បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ ស្អីៗ ព្រោះ​អន្តរាគមន៍ បើ​មាន​អន្តរាគមន៍​កុំ​លើកលែង​តែម្តង​ទុក​ឱ្យ​ជាប់គុក​ដល់​ថ្ងៃ​ចុងក្រោយ​តែម្តង ព្រោះ​វា​អត់​មាន​ប្រយោជន៍​ទេ អាហ្នឹង​ដើម្បី​យើង​ស៊ីសង​គ្នា​នៅ​លើ​តុ​ឱ្យ​ច្បាស់ បើ​មក​ស្រុក​ខ្មែរ​ឱ្យ​ចំ​ជា​ខ្មែរ»

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​ខាង​មុខ​តុលាការ​ក្រុងភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​កញ្ញា​ជាប់​ពន្ធនាគារ​៦​ឆ្នាំ ពី​បទ​ចោទ​រួមគំនិត​ក្បត់​ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។ មួយថ្ងៃ​បន្ទាប់​មក តុលាការ​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ រហូត​មក​ទល់នឹង​បច្ចុប្បន្ន​នេះ​ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុក​ថា ជា​រឿង​នយោបាយ។

មុន​ពេល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ កញ្ញា​បាន​រៀបចំ​យុទ្ធនាការ​តស៊ូ​មតិ ប្លែកៗ ដូចជា​កញ្ញា​កោរ​សក់​ស្លៀក​ឈុត​អប្សរា ស្លៀក​សម្លៀកបំពាក់​អ្នកទោស​ដោយ​ជើង​ជាប់​ខ្នោះ ស្លៀក​សារុង​ពុង​ជួត​ក្បាល​ក្រមា​មាន​កណ្ដៀត​កញ្ច្រែង​បន្លែ និង​ស្លៀក​សម្លៀកបំពាក់​រ៉ូប​ពណ៌​ស កាន់​ជញ្ជីង​តំណាង​ឲ្យ​ស្ត្រី​យុត្តិធម៌ (Lady Justice) ជាដើម​។ សកម្មភាព​តស៊ូ​មតិ​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ប្រព័ន្ធ​តុលាការ​ស្ថិត​ក្រោម​អំណាច​អ្នកនយោបាយ​។ កញ្ញា​ធ្លាប់​បញ្ជាក់​ថា កញ្ញា​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា អាជ្ញាធរ​លោក ហ៊ុន សែន នឹង​ចាប់ខ្លួន តែ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម គឺ​កញ្ញា​មិន​ខ្លាច​នឹង​ពលិកម្ម​នោះ​ទេ។

ជុំវិញ​រឿង​នេះ តំណាង​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​ប្រពន្ធ​មន្ត្រី​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃស លោក កាក់ កុម្ភារ គឺ​លោក ព្រុំ ចាន់ថា សោកស្តាយ​ចំពោះ​លោក ហ៊ុន សែន ពុំបាន​ដោះស្រាយ​បញ្ហា​អ្នក​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ ដើម្បី​ឆ្លើយតប​នឹង​អនុសាសន៍​របស់​ប្រទេស​ប្រជាធិបតេយ្យ​ដែល​បាន​ស្នើ​ឡើង។ លោកស្រី​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោកស្រី និង​គ្រួសារ​សកម្មជន​ផ្សេងទៀត​ចេញ​តវ៉ា​ដោយ​សន្តិវិធី និង​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ប្រទេស​ប្រទេស​ប្រជាធិបតេយ្យ​ជួយ​ជំរុញ​ទៅ​អាជ្ញាធរ​ដោះលែង​ប្តី និង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ស្ថាប័ន​រដ្ឋាភិបាល និង​ព្រះមហាក្សត្រ​មិន​ឆ្លើយតប ឬ​ដោះស្រាយ​នឹង​សំណើ​របស់​ក្រុម​គ្រួសារ​អ្នកទោស​មនសិការ ខណៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ។

លោក ព្រុំ ចាន់ថា៖ «គ្រួសារ​របស់ខ្ញុំ និង​បងស្រី សេង ធារី អត់​មានទោស​កំហុស​អ្វី​ទេ ធម្មតា​គាត់​ក្នុងនាម​ជា​បក្ស​ប្រឆាំង​បញ្ចេញមតិ​ធម្មតា រិះគន់​ស្ថាបនា​អ៊ីចឹង​ពិបាក​ដែរ ខ្ញុំ​គិត​ថា បើសិន​សម្តេច​គិត​បែប​ហ្នឹង​វា​អត់​ត្រឹមត្រូវ​ទេ បើ​គាត់​គិត​ថា ជា​អ្នកគ្រប់គ្រង​ល្អ​គួរតែ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ»

ទោះ​យ៉ាងណា​លោក ហ៊ុន សែន បញ្ជា​មិន​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​បញ្ជូន​ឈ្មោះ​កញ្ញា សេង ធារី ចូលក្នុង​បញ្ជី​បន្ធូរបន្ថយ និង​លើកលែងទោស​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​។ តាមច្បាប់​ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២​ភាគ​៣​នៃ​ទោស​សរុប​អាច​ទទួល​បាន​ការ​លើក​លែង​ទោស ខណៈ​ទណ្ឌិត​អនុវត្ត​ទោស​បាន ១​ភាគ​៣ នៃ​ទោស​សរុប​អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ប្រសិនបើ​គេ​រក​ឃើញ​ថា ទណ្ឌិត​ទាំង​នោះ​បាន​កែខ្លួន​ពេល​នៅ​ក្នុង​ពន្ធនាគារ។

ទន្ទឹម​នឹង​នេះ សង្គម​ស៊ីវិល និង​គ្រួសារ​អ្នក​ជាប់ឃុំ​ក្នុង​រឿង​នយោបាយ​មើល​ឃើញ​ថា ជា​រៀងរាល់​ឆ្នាំ ការ​បន្ធូរបន្ថយ និង​លើកលែងទោស​ទណ្ឌិត​នៅក្នុង​ពិធីបុណ្យ​ជាតិ​សំខាន់ៗ រដ្ឋាភិបាល​លោក ហ៊ុន សែន មិនដែល​លើកលែងទោស​ដល់​អ្នក​ទោស​នយោបាយ ឬ​អ្នកទោស​មនសិការ​នៅ​ក្នុង​ឱកាស​នោះ​ទេ​។ ប៉ុន្តែ​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយពេល​ពួកគេ​និយាយ​ទម្លាក់កំហុស​លើ​ខ្លួនឯង និង​សុំទោស​លោក ហ៊ុន សែន ដែល​រៀបចំ​ជា​ប្រព័ន្ធ។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក នី សុខា មាន​ប្រសាសន៍​ថា សហគមន៍​អន្តរជាតិ​តែង​រំលឹក​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​ញឹកញាប់​ឱ្យ​បើក​លំហ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​។ លោក​បន្ត​ថា ការណ៍​ដែល​អន្តរជាតិ​យកចិត្តទុកដាក់​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដោះលែង​កញ្ញា សេង ធារី វិញ​ដោយសារ​សកម្មភាព​របស់​កញ្ញា​កន្លង​មក គឺជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ដោយ​អហិង្សា និង​ស្រប​តាម​ច្បាប់​។ លោក​សង្កត់ធ្ងន់​ថា ការ​ផ្តល់​អនុសាសន៍​របស់​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ទាក់ទង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដូច្នេះ​មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ។

លោក នី សុខា៖ «រដ្ឋាភិបាល​គួរតែ​ពិចារណា​ដើម្បី​ឆ្លើយតប​នឹង​ការ​ស្នើ​ឡើង​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​កញ្ញា សេង ធារី ក្នុង​ការ​បន្ធូរបន្ថយ​ក្នុង​កម្រិត​ណាមួយ​ដើម្បី​យើង​បង្កើត​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​អន្តរជាតិ នេះ​មិនមែន​ជា​រឿង​សម្ពាធ​ទេ តែ​ជា​រឿង​មួយ​ដែល​គេ​មើល​ឃើញ​ថា ការ​ចាប់​និង​ឃុំខ្លួន​កញ្ញា សេង ធារី ហ្នឹង​វា​មិនមែន​ជា​ការ​អនុវត្តន៍​ទៅតាម​ច្បាប់​ត្រឹមត្រូវ​ទេ អាហ្នឹង​គេ​ឃើញ​អ៊ីចឹង ខ្ញុំ​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ពិចារណា​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ការ​ផល​ខាត និង​ផល​ចំណេញ​សម្រាប់​ប្រទេស​យើង ជាពិសេស​ប្រជាពលរដ្ឋ​យើង​ទូទៅ​បាទ»

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង​៥០​នាក់​ទៀត កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។ សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោលទោស​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​សមាជិក​គណបក្សប្រឆាំង អ្នកការពារ​សិទ្ធិមនុស្ស ហើយ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។