លោក ហ៊ុន សែន ស្នើ​ឱ្យ​ក្រុម​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ

0:00 / 0:00

លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោក ហ៊ុន សែន លើក​បែប​នេះ ក្រោយ​ពី​សាធារណជន​រិះគន់​ក្រុម​យុវជន​មួយ​ចំនួន​ដែល​បាន​ចុះ​ចូល​បក្ស​កាន់អំណាច​ថា លក់ខ្លួន​ដើម្បី​ជា​ថ្នូរ​តំណែង និង​លាភសក្ការៈ។ អ្នក​វិភាគ​នយោបាយ​ថា សំណើ​របស់​លោក ហ៊ុន សែន នេះ​គ្រាន់តែ​ជា​វោហារ​សព្ទ​នយោបាយ​ ខណៈ​ដែល​លោក​ខ្លួនឯង​ផ្ទាល់ រំលោភ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

លោក ហ៊ុន សែន ហាក់​មិន​សប្បាយ​ចំពោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ដែល​បាន​រិះគន់​មក​លើ​យុវជន​ទាំង​នោះ​ឡើយ។ លោក​ថ្លែង​ឌឺ​ថា អ្នក​ដែល​តាំង​ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ តែ​ការ​ពិត​មិន​យល់​ពី​គុណ​តម្លៃ និង​មិន​បាន​គោរព​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​វិធី​ប្រគល់​សញ្ញាប័ត្រ ជូន​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១ ខែ​មីនា។ លោក​ថា ក្រុម​យុវជន ដែល​ចូល​រួម​ក្នុង​​ជីវភាព​នយោបាយ​ជា​មួយ​បក្ស​កាន់​អំណាច​ បាន​ប្រាប់​លោក​ថា ពួកគាត់​បាន​ចាញ់​បោក​ការ​ញុះញង់​ពី​ជន​បរទេស​មួយ​ចំនួន ដែល​មាន​ចេតនា​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​កន្លង​ទៅ។ ដូច្នេះ លោក​ ថា​ការ​សម្រេច​ចិត្ត​មក​ចូល​រួម​នឹង​បក្ស​កាន់​អំណាច​នេះ គឺ​ជា​រឿង​ល្អ ហើយ​ជា​សិទ្ធិ​របស់​ពួក​គាត់ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

លោក ហ៊ុន សែន៖«អ៊ីចឹង ចំណុច​នេះ​ខ្ញុំ​គ្រាន់​តែ​ជម្រាប​ទៅ​អស់​លោក ដែល​តាំង​ខ្លួន​ជា​មនុស្ស​ប្រជាធិបតេយ្យ​ក៏​ប៉ុន្តែ​មិនបាន​គោរព​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ទាល់​តែ​មនុស្ស​គាំទ្រ​អ្នកឯង ទើប​អ្នក​ឯង​ចាត់​ទុក​ថា មនុស្ស​ល្អ ប៉ុន្តែ​ឱ្យ​តែ​មក​គាំទ្រ​រដ្ឋាភិបាល សុទ្ធ​តែ​មនុស្ស​លក់​ឧត្ដមគតិ។ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ប្រមាថ​ថា អ្នក​ទាំង​នេះ​គឺជា​កញ្ចាស់​បរទេស ក្នុង​ពេល​ដែល​ខ្លួន​ស៊ី​លុយ​បរទេស ដើម្បី​ប្រឆាំង​ខ្មែរ»។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​រិះគន់​ថា ជា​ការ​និយាយ ដើម្បី​បង្ហាញ​ថា ខ្លួន​ជា​មនុស្ស​ល្អ ក៏ប៉ុន្តែ ការពិត ក្រោម​ការ​ដឹក​នាំ​របស់ ​លោក ហ៊ុន សែន ជិត ៤០ឆ្នាំ​មក​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​រក​ឃើញ​ថា លោក ហ៊ុន សែន បាន​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ផ្ដាច់ការ និង​បាន​ធ្វើ​ទុក្ខបុកម្នេញ​​លើ​ស្ថាប័ន​សារព័ត៌មាន អ្នកនយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស តាម​តែ​ទំនើង​ចិត្ត។

ឧទាហរណ៍​ថ្មីៗ នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បិទ​វិទ្យុ​សំឡេង​លទ្ធិ​ប្រជាធិបតេយ្យ (VOD) និង ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ឯក​បក្ស តាម​យាយី​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ជាបន្តបន្ទាប់ ដូចជា អនុ​ប្រធាន​បក្ស​ភ្លើង​ទៀន លោក ស៊ុន ឆ័យ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ និង​បាន​ចាប់ខ្លួន អ្នក​នាំ​ពាក្យ​បក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ ដោយ​សារ​តែ​ពួក​គេ រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រិះគន់​ពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​កន្លងទៅ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​លើក​ឡើង​របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ គោរព​សិទ្ធ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នេះ គ្រាន់​តែ​ជា​វោហារ​សព្ទ​នយោបាយ ក៏ប៉ុន្តែ ​លោក​ថា លោក ហ៊ុន សែន គួរ​តែ ប្រកាន់​គោលការណ៍​ច្បាប់ ល្អជា​ជាង​ដែល​ប្រើ​វោហារ​សព្ទ ដើម្បី​តែ​វាយ​ប្រហារ​គ្នា។ លោក​បន្ត​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ចាំ​បាច់​ណាស់​ តម្រូវ​ឱ្យ​មានការ​គោរព​គ្នា​ទៅវិញ​ទៅមក​ក្នុងនាម​បក្ស​ប្រឆាំង និង​រដ្ឋាភិបាល​ខ្លួនឯង​ផ្ទាល់។

លោក ឯម សុវណ្ណារ៉ា៖«ការ​ជំរុញ​ឱ្យ​អ្នក​នយោបាយ ឧទាហរណ៍​ថា ទាញ​យក​យុវជន​ឱ្យ​យុវជន​មក ប្រឈម​មុខ​គ្នា មក​ប្រយុទ្ធ​នឹង​យុវជន​គឺ​ជា​រូបភាព​មិនល្អ​សម្រាប់​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​បណ្ដុះ​នូវ​វប្បធម៌​គេ​ហៅថា រុក​គន ឬ​ក៏​បែក​ខ្ញែក​គ្នា មិន​មាន​ទស្សនៈ​អាច​រក​រួម​គ្នា​បាន។ ខ្ញុំ​មិន​សាទរ​ទេ យើង​គួរ​ប្រកាស​គោល​ការ​ច្បាប់ ហើយ​ច្បាប់​ឱ្យ​មាន​សេរី យុត្តិធម៌​ត្រឹមត្រូវ កុំ​ឱ្យ​ឈរ​លើ​គោលការណ៍​ត្រឹម​តែ​ប្រើ​ឥទ្ធិពល​អំណាច​យក​មក​ប្រើប្រាស់​ក្រៀប​សង្កត់​លើ​ច្បាប់»។

ចំណែក អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​ គេច​មិន​ផុត​ពី​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ ឬ​អ្នក​នយោបាយ​នោះ​ទេ។ លោក​បន្ត​ថា នៅ​ក្នុង​គោលការណ៍​ប្រជាធិបតេយ្យ អ្នក​ដែល​ជា​តួ​អង្គ​ពិត​ប្រាកដ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ គឺ​អ្នក​ដឹកនាំ​រដ្ឋ​ទាំង​មូល​ បើសិនជា​អ្នក​ទាំង​នោះ​មិន​គោរព​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។ ដូច្នេះ​លោក​ថា ការ​រិះគន់​របស់​ប្រជាពលរដ្ឋ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ដោយ​មិន​អាច​ចាត់​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ប្រជាធិបតេយ្យ​នោះ​ឡើយ។

លោក សឹង សែនករុណា៖«អ្នក​ដឹក​នាំ​រដ្ឋ​ធ្វើ​ម៉េច​ឱ្យ​មានចិត្ត​ទូលំទូលាយ​ក្នុង​ការ​ទទួល​យក​មតិ​យោបល់​គ្រប់​រូបភាព​ដែល​បាន​លើក​ឡើង​ហ្នឹង។ បើសិនជា​អ្នក​ហ្នឹង​លើក​ឡើង​ជា​មតិ​ល្អៗ គួរតែ​យក​ទៅ​ធ្វើ​ការ​ពិចារណា ក្នុង​ការអនុវត្ត​កំណែ​ទម្រង់​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ទៅ ហើយ​បើ​មាន​ការ​រិះគន់​ខ្លាំង​ទៅ​សូម​ឱ្យ​មាន​ការ​អត់​ធ្មត់ ជា​ជាង​ដែល​យើង​ទៅ​ប្រើប្រាស់​មធ្យោបាយ​ណា​មួយ​ដែល​ជា​រូប​ភាព​គំរាម​កំហែង ជា​ការ​បន្តូច​បង្អាក់​ស្មារតី»។

អ្នកវិភាគ​នយោបាយ​សង្កេត​ឃើញ​ថា មុន​ការ​បោះឆ្នោត​ជាតិ​ជិត​ខិត​មកដល់​នេះ រដ្ឋាភិបាល​ លោក ហ៊ុន សែន បាន​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ចាស់​ដដែល ក្នុង​ការ​ទិញ​ទឹកចិត្ត និង​គំរាម​កំហែង ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​លោក។ លោក ហ៊ុន សែន ថ្លែង​ថា អ្នក​ដែល​ធ្លាប់​រិះគន់​លោក ពេល​នេះ​បាន​ចូល​ស្ម័គ្រ​ស្មោះ​ជាមួយ​នឹង​បក្ស​កាន់​អំណាច​ជាបន្តបន្ទាប់។

គិត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​យុវជន ៦ក្រុម​បាន​ប្ដូរ​ទស្សនៈ​របស់​ខ្លួន ទៅ​គាំទ្រ​រដ្ឋាភិបាល​វិញ។ ក្រុម​យុវជន​ទាំង​នោះ ក៏​ចេញ​សេចក្ដីថ្លែង​ការណ៍​គាំទ្រ​ចំណាត់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​វិទ្យុ​វីអូឌី(VOD) បើ​ទោះ​ជា​គេ​មើល​ឃើញ​ថា ការ​បិទ​វិទ្យុ វីអូឌី នេះ ជា​ការ​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុង​ក្រោយ​នៅ​កម្ពុជា​ក្ដី។ ក្រុមអ្នកទាំងនោះរួមមានក្រុមយុវជន១០០រាត្រី ក្រុម​យុវជន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ក្រុម​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន​និង​សង្គម ក្រុម​យុវជន​ខ្មែរ​មហានគរ និង​ក្រុម​យុវជន​សន្តិភាព​និង​ការ​អភិវឌ្ឍ​ជាដើម។

ជាទូទៅ អ្នក​ដែល​ងាក​មក​ចុះចូល​នឹង​លោក ហ៊ុន សែន បាន​ទទួល​តំណែង​ខ្យល់​ឬ ​ត្រឹម​ទទួល​តួនាទី​ជា​ទីប្រឹក្សា នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន។ រីឯ​អ្នក​ខ្លះ​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​បើក​អង្គការ​ការពារ​បរិស្ថាន​ជា​ដើម។ ចំណែក​យុវជន​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន ដែល​ដើរចេញ​ពី​បក្ស​ប្រឆាំង​ទៅ​បម្រើការ​ឱ្យ​លោក ហ៊ុន សែន ដំបូង​បាន​ទទួល​តួនាទី​ល្អ​គួរ​សម តែ​ក្រោយ​មក ក៏​ត្រូវ​លោក ហ៊ុន សែន ចាប់​ដាក់​គុក​ដូច​ជា​ករណី​អតីត​ឯក​អគ្គ​រាជ​ទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ជាដើម។ ទោះ​យ៉ាង​ណា​ក្ដី បញ្ហា​នេះ​រង​ការ​រិះគន់​ពី​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម ថា ជា​យុទ្ធ​សាស្ត្រ​ចាស់​គំរឹល និង​មិន​អាច​បោក​ប្រាស់​ប្រជាពលរដ្ឋ​បាន​ទៀត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។