លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើដល់បរទេសកុំឱ្យគាំទ្រនូវអ្វីដែលលោកហៅថា ចលនាបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា ព្រោះកន្លងទៅលោកថា មានបណ្ដាបរទេសមួយចំនួនធ្លាប់បានចូលរួមបង្កនូវភ្លើងសង្គ្រាមមកលើកម្ពុជាម្ដងរួចមកហើយ។ អ្នកវិភាគនយោបាយថា ការលើកឡើងនេះគ្រាន់តែជាសារនយោបាយ ដោយពុំមានមូលដ្ឋានត្រឹមត្រូវ ហើយកម្ពុជាគួរតែឈរលើគោលការអព្យាក្រឹត និងចូលរួមស្ដារឡើងវិញនូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ក្នុងកម្មវិធីផ្ដល់សញ្ញាប័ត្រដល់និស្សិតនៅរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា លោក ហ៊ុន សែន ស្នើកុំឱ្យមានការជ្រៀតជ្រែកពីបរទេសនេះ ដែលលោក ហ៊ុន សែន ទំនងជាចង់សំដៅដល់សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសលោកសេរីមួយចំនួនដែលបានចេញសេចក្ដីថ្លែងការថ្កោលទោសសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញដែលកាត់ឱ្យប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាប់ពន្ធនាគារ ២៧ឆ្នាំនៅក្នុងផ្ទះ កាលពីថ្ងៃទី៣ មីនា។
លោក ហ៊ុន សែន បានលើកសរសើរខ្លួនឯងថាទម្រាំកម្ពុជាទទួលបានសន្តិភាពដូចបច្ចុប្បន្ននេះលោកប្រឹងប្រែងឆ្លងកាត់ភ្លើងសង្គ្រាមនិងបញ្ហាជាច្រើន។ លោកបន្តថាកន្លងទៅក្រុមបរទេសមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍បារម្ភពីស្ថានភាពនៅកម្ពុជាតែលោកចោទថាអ្នកទាំងនោះមិនបានដឹងពីចេតនាអាក្រក់ ដែលកើតចេញពីក្រុមបដិវត្តន៍ពណ៌ដែលកំពុងបង្កបញ្ហាអសន្តិសុខដល់កម្ពុជាឡើយ។
លោក ហ៊ុន សែន៖«យើងយល់ យើងដឹងពីបំណងរបស់មនុស្សខ្លះដែលជាមជ្ឈដ្ឋានក្រៅប្រទេស ដែលផ្ដល់ក្ដៅកង្វល់ចំពោះយើង តែយើងក៏សូមប្រាប់ទៅអ្នកទាំងអស់ឱ្យបានជ្រាប់ថា អ្នកក៏គួរយល់អំពើកង្វល់របស់យើង ដែលជាព្រះរាជាណាចក្រកម្ពុជា ដែលជាទឹកដីកំសត់មួយ ដែលលោកអ្នកបានរួមចំណែកបំផ្លាញធ្វើសង្គ្រាមក្នុងប្រទេសយើង កាលពីពេលមុន សង្ឃឹមថា អ្នកនឹងមិនដុតកម្លោច ហើយជួយផ្ដួចផ្ដើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសន្តិភាពនៅក្នុងប្រទេសរបស់យើង»។
លោក ហ៊ុន សែន បន្តទៀតថាលោកក៏មិនអត់អោនឱ្យអ្នកណានោះទេមិនថាខ្មែរ ឬបរទេសដែលធ្វើសកម្មភាពប្រឆាំងនឹងការដឹកនាំរបស់លោកនិងអធិបតេយ្យភាពនៅកម្ពុជាក្រោមហេតុផលលើកកម្ពស់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ លោក ហ៊ុន សែន ក៏សោកស្ដាយចំពោះសកម្មភាពរបស់អាមេរិក ដែលតែងតែបង្ហាញពីបញ្ហាសមុទ្ររាមដែលលោកចោទថានេះជាការជ្រៀតជ្រែកផ្នែកសន្តិសុខសង្គមខណៈដែលអាមេរិកមិនទាំងយល់ពីកម្ពុជាពិតប្រាកដនោះទេ។
ទោះជាយ៉ាងណាការលើកឡើងរបស់លោក ហ៊ុន សែន នេះត្រូវបានអ្នកវិភាគនយោបាយ និងមន្ត្រីបក្សប្រឆាំងរិះគន់ថាគ្រាន់តែជាវោហារសាស្ត្រ ដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោតជាតិតែប៉ុណ្ណោះ។
កាលពីថ្មីៗ នេះ តុលាការក្រុងភ្នំពេញដែលរងការរិះគន់ថា ស្ថិតក្រោមខ្សែញាក់របស់លោក ហ៊ុន សែន បានផ្ដន្ទាទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំដោយចោទប្រកាន់ពីទោស «ក្បត់ជាតិ» ថា ពាក់ព័ន្ធសំណុំរឿងត្រូវរ៉ូវជាមួយរដ្ឋបរទេស ចង់ផ្ដួលរលំរដ្ឋាភិបាល ដែលលោក កឹម សុខា តែងបដិសេធ និងសហគមន៍អន្តរជាតិអស់សំណើច។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីថាការថ្លែងរបស់លោក ហ៊ុន សែន នេះគ្រាន់តែជាវោហារសាស្ត្រនយោបាយដោយពុំមានប្រសិទ្ធភាពអ្វីដល់បណ្ដាប្រទេសលោកសេរីនោះឡើយ។តែយ៉ាងណាក្ដី លោកថា បើសិនជាកម្ពុជានៅតែប្រើសម្ដីវាយប្រហារឬចោទប្រកាន់គ្នាជុំវិញករណីបដិវត្តន៍ពណ៌ដោយពុំមានមូលដ្ឋានត្រឹមត្រូវកម្ពុជានឹងខាតបង់ផលប្រយោជន៍ច្រើនដូចជាការបាត់បង់ទុកចិត្តគ្នាលើឆាកអន្តរជាតិបាត់បង់ផ្នែកការទូតនិងកិច្ចការបរទេសជាពិសេស ទំនាក់ទំនងពាណិជ្ជកម្ម។
លោក ឯម សុវណ្ណារ៉ា៖«ខ្ញុំគិតថា សារនយោបាយគួរតែលើកឡើងនៅក្នុងលក្ខណៈអព្យាក្រឹត។ ឧទាហរណ៍ បើសិនជារដ្ឋាភិបាលមិនចង់ឱ្យរដ្ឋបរទេសចូលជ្រៀតជ្រែក ឬលូកដៃកិច្ចការប្រទេសកម្ពុជា គ្រាន់តែថ្លែងសារធម្មតា ហើយធ្វើម៉េចកសាងជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ កុំឱ្យមានខ្លឹមសារណាបង្កប់ ដែលធ្វើឱ្យរដ្ឋបរទេសឃ្លាតឆ្ងាយពីកម្ពុជានៅពេលនេះ ធ្វើឱ្យពិបាកកសាងជំនឿទុកចិត្តគ្នាទៅវិញទេ»។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មើលឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន ម្ដងហើយម្ដងទៀតជុំវិញការវាយប្រហារមិនឱ្យបរទេសលូកដៃនិយាយពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជានេះដោយសារតែ លោក ហ៊ុន សែន ខ្លួនឯង ចង់ការពាររបរដឹកនាំផ្ដាច់ការតពូជពងវង្សត្រកូលរបស់លោកតែប៉ុណ្ណោះ។ លោកបន្តថាសកម្មភាពរបស់ពលរដ្ឋ និងបក្សប្រឆាំងធ្វើកន្លងទៅគឺស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជាដោយពុំមានចេតនាអាក្រក់ធ្វើបដិវត្តន៍ពណ៌ដូចការចោទប្រកាន់របស់លោក ហ៊ុន សែន នោះទេ។
លោក អ៊ុំ សំអាន៖«នេះគ្រាន់តែជាលេសរបស់លោក ហ៊ុន សែន ប៉ុណ្ណោះឯង ដើម្បីការពារអំណាចផ្ដាច់ការរបស់គាត់ ហើយមិនចង់ឱ្យបរទេសណា ឬសហរដ្ឋអាមេរិកហ្នឹង ឈឺឆ្អាលពីការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំងនៅកម្ពុជា»។
អ្នកវិភាគនយោបាយមើលឃើញថាវប្បធម៌លាបពណ៌គ្នានៅក្នុងសង្គមខ្មែរដែលកើតចេញពីអ្នកនយោបាយមិនទទួលបានផលចំណេញអ្វីដល់សង្គមជាតិឡើយ។ ពលរដ្ឋ និងសង្គមស៊ីវិលទទូចឱ្យអ្នកនយោបាយកុំយកខ្មែរគ្នាឯងជាសត្រូវដើម្បីបញ្ចប់នូវជម្លោះនយោបាយដ៏រ៉ាំរ៉ៃនេះហើយបង្កើននូវទំនាក់ទំនងទ្វេភាគីទៅកាន់បណ្ដាប្រទេសនានាដោយឈរលើគោលជំហរអព្យាក្រឹត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។