លោក ហ៊ុន សែន ដក​តំណែង​អភិបាល​រង​ខេត្ត​ព្រះសីហនុ ២រូប​ជា​ផ្លូវការ ដែល​ប្រើ​ហិង្សា​ក្នុង​ជម្លោះ​ដីធ្លី

ដោយ អាស៊ីសេរី
2019.03.01
Share on WhatsApp
Share on WhatsApp
ផៃ ប៊ុនវណ្ណៈ ស្រ៊ុន ស៊្រន់ ៦២២ អភិបាលរងខេត្ត​ព្រះសីហនុ​ទាំង​ពីរ​រូប (ឆ្វេង) លោក ផៃ ប៊ុនវណ្ណៈ (ស្ដាំ) លោក ស្រ៊ុន ស៊្រន់ ​ដែល​ត្រូវ​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​ដក​តំណែង នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៩
Screenshot

លោក ​ហ៊ុន​ សែន សម្រេច​បញ្ចប់​មុខ​តំណែង​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ពីរ​រូប​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១ ខែ​មីនា ​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ហិង្សា​ក្នុង​ការ​បង្ខំ​បណ្ដេញ​ករណី​ជម្លោះ​ដីធ្លី​មួយ​នៅ​ខេត្ត​ព្រះសីហនុ។ សង្គម​ស៊ីវិល យល់ថា វិធានការ​នេះ គឺ​ជា​គំរូ​ល្អ​មួយ​សម្រាប់​មន្ត្រី​នៅ​ខេត្ត​ផ្សេងៗ ទៀត កុំ​ឲ្យ​ចេះ​តែ​ប្រព្រឹត្ត​ទង្វើ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​តាម​អំពើ​ចិត្ត​ត​ទៅ​ទៀត។

នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួង​មហាផ្ទៃ ចាត់​ការ​បន្ត​ប្រឆាំង​នឹង​អភិបាល​ខេត្ត​ពីរ​រូប រួម​មាន លោក ស៊្រុន ស្រ៊ន់ និង​លោក ផៃ ប៊ុនវណ្ណៈ។

លោក ហ៊ុន សែន សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា លោក​ត្រូវ​តែ​យក​គ្រាប់​គ្រួស និង​ខ្សាច់​ចេញ​ពី​ស្បែក​ជើង​ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន ព្រោះ​លោក​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិល​ខូច​ទៀត​ទេ ខណៈ​ដែល​កន្លង​មក លោក​បាន​អប់រំ​ពួក​គេ​ច្រើន​ហើយ។

ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​មីនា លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​មន្ត្រី​រាជការ​ស៊ីវិល និង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ខេត្ត​ដទៃ​ទៀត​ថា លោក​នឹង​ចាប់​ផ្ដើម​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​អភិក្រម​ទី៥ គឺ «វះ​កាត់»«ខ្ញុំ​ចង់​និយាយ​ថា​មន្ត្រី​រាជការ​ណា ដែល​ធ្វើ​អំពើ​ផ្ដេសផ្ដាស ត្រូវ​តែ​ទទួល​នូវ​វិន័យ​ដែល​ពួក​គេ​នឹង​ត្រូវ​ទទួល​នូវ​ការ​បណ្ដេញ​ចេញ ឬ​ក៏​ត្រូវ​ទទួល​វិន័យ​ធ្ងន់ធ្ងរ​ជាង​នេះ ដូច​ជា ការ​ផ្ដន្ទាទោស​ដោយ​ច្បាប់»

ការ​បញ្ចប់​មុខ​ដំណែង​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ពិភាក្សា​ការងារ​ប្រចាំ​ឆមាស​ជាមួយ​តំណាង​គណបក្ស​ចំនួន ១៦ ដែល​ជា​សមាជិក​នៅ​ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ កាល​ពី​រសៀល​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ដែល​ផ្ដោត​សំខាន់​លើ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​កិច្ច​ប្រជុំ​នោះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សិក្សា​ដក​មេបញ្ជាការ​យោធា និង​អភិបាល រង​ខេត្ត​ព្រះសីហនុ ២នាក់​ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​អនុវត្ត​សាលដីកា​លើ​ដី​ទំនាស់ នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​អាវុធ និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ត​វ៉ា​ដីធ្លី។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លោក ផៃ ប៊ុនវណ្ណៈ ដែល​ត្រូវ​ដក​តំណែង​ពី​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ជា​ច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យិនទៀង បាន​ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ក្រោយ​ទទួល​បញ្ជា​ពី​លោក ហ៊ុន សែន នោះ គឺ​លោក​កំពុង​សាកសួរ និង​ស្ដាប់​ចម្លើយ​របស់​អតីត​អភិបាល​រង​ខេត្ត​ព្រះសីហនុ៖ «ខ្ញុំ​នៅ​ជាប់​ធ្វើ​ការ។ខ្ញុំ​នៅ​ក្នុង​បន្ទប់​ស្ដាប់​ចម្លើយ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ទេ ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ មាន​ប្រសាសន៍​ថា អង្គភាព​របស់​លោក កំពុង​ចុះ​ស្រាវជ្រាវ​ឡើង​វិញ ចំពោះ​មេ​យោធា​ខេត្ត​ព្រះសីហនុ ឈ្មោះ សាវិន​ វិបុល បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​លោក ហ៊ុន សែន ។ លោក​បញ្ជាក់​ថា មេ​បញ្ជាការ​យោធា​រូប​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដូច​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ដែរ៖ «យើង​បាន​ទទួល​បទ​បញ្ជា​ហើយ យើង​អនុវត្ត​ហើយ។ ព្រឹក​មិញ​យើង​ប្រជុំ ដើម្បី​ស៊ើប​អង្កេត​ឡើង​វិញ ចំពោះ​កន្លែង​ណា ដែល​មាន​បញ្ហា គឺ​យើង​ត្រួត​ពិនិត្យ ហើយ​ដាក់​ពិន័យ​ទៅ​តាម​ទោស​ទណ្ឌ និង​លក្ខន្តិកៈ​នៃ​កងទ័ព​របស់​យើង»

សង្គម​ស៊ីវិល​ស្វាគមន៍​វិធានការ​រដ្ឋាភិបាល​នេះ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​បញ្ចប់​មុខ​តំណែង​អភិបាល រង​ខេត្ត​ព្រះសីហនុ​ពីរ​នាក់​នេះ គឺ​ជា​គំរូ​មួយ​សម្រាប់​ខេត្ត​ដទៃ​ទៀត កុំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ជាមួយ​ប្រជា​ពលរដ្ឋ​ពេល​ចុះ​ដោះ​ស្រាយ​ទំនាស់។ បន្ថែម​ពី​នេះ លោក អំ សំអាត ជំរុញ​ឲ្យ​ស៊ើប​អង្កេត​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត​ដូច ជា​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង​ជា​ដើម ដែល​បាន​ដឹក​នាំ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​កន្លង​មក៖ «វា​ជា​គំរូ​មួយ​ហើយ ប៉ុន្តែ​វា​ត្រូវ​តែ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ទៅ​លើ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់​នេះ​ថា តើ​ត្រូវ​អនុវត្ត​ទោស​ទណ្ឌ ឬ​ក៏​វិន័យ​រដ្ឋបាល​យ៉ាងម៉េច​ទៅ​ដល់​អ្នក​ទាំង​អស់​នោះ។ នេះ​គឺ​ជា​រឿង​តម្លាភាព​នៅ​ក្នុង​បញ្ហា​ដែល​មាន​អំពើ​ហិង្សា​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ»

ទោះ​យ៉ាង​ណា​ក្តី លោក អំ សំអាន សម្ដែង​ការ​សោក​ស្ដាយ​ដែល​ស្ថាប័ន​របស់​រដ្ឋាភិបាល តែង​តែ​ព្រងើយ​កន្តើយ​មិន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ នៅ​ពេល​មាន​ហេតុការណ៍​ហិង្សា​កើត​ឡើង គឺ​ទាល់​តែ​មាន​បទ​បញ្ជា ឬ​ការ​សម្រេច​ផ្ទាល់​ពី​លោក ហ៊ុន សែន។ លោក​ថា កន្លង​មក​ធ្លាប់​មាន​ការ​បង្ក្រាប​ដ៏​ហិង្សា​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ​នៅ​កន្លែង​ផ្សេង​ដែរ ប៉ុន្តែ​ដោយសារ​គ្មាន​បទ​បញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន គឺ​ករណី​ទាំង​នោះ ត្រូវ​បាន​ទុក​ចោល​ឥត​ចាត់​ការ​ឡើយ។ ជាក់​ស្ដែង​ករណី​កម្លាំង​យោធា​រាប់​រយ​នាក់ ប្រដាប់​ដោយ​អាវុធ បាញ់​បង្ក្រាប​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ ២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ខែ​មីនា ឆ្នាំ២០១៨ បណ្ដាល​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​រង​របួស។ ប៉ុន្តែ​ទី​បំផុត គ្មាន​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំង​នោះ​ទេ៖ «អ្វីៗ ដូច​ជា​ពឹង​ផ្អែក​តែ​លើ​សម្ដេច​នាយករដ្ឋមន្ត្រី។ អ៊ីចឹង​ក្រសួង មន្ទីរ និង​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ដែល​ខំ​បង្កើត​មក និង​ទទួល​បាន​ប្រាក់​ខែ​ពី​រាស្ត្រ​ថា តើ​គាត់​ធ្វើ​អី? ហេតុ​អី​មិន​ចាត់​វិធានការ​ទាំង​អស់​នេះ​ផង? នេះ​គឺ​ជា​មេរៀន​មួយ​សម្រាប់​ក្រសួង​ពាក់ព័ន្ធ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​មើល​ថា បើ​សិន​ជា​មាន​បញ្ហា​ទាំង​អស់​នេះ​កើត​ឡើង ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់»

កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ និង​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ បាន​ដឹក​នាំ​យោធា ១០០នាក់ កង​រាជ​អាវុធហត្ថ ១០០នាក់ និង​នគរបាល ១០០នាក់ ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​សម្រេច​ផ្តល់​ដី​ទំនាស់​ជាង ៧០ហិកតារ ដែល​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​កំពុង​រស់​នៅ​នោះ ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៩គ្រួសារ​ផ្សេង​ទៀត ដែល​គេ​សង្ស័យ​ថា ឈរ​ឈ្មោះ​ឲ្យ​ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។ ក្នុង​ហេតុការណ៍​នោះ បណ្ដាល​ឲ្យ​កម្មករ​សំណង់​ម្នាក់​អាយុ ២៨ឆ្នាំ​ ឈ្មោះ ពៅ សារ័ត្ន បាន​រង របួស​ដោយ​គ្រាប់​កាំភ្លើង​ចំ​ស្មា​ពី​ផ្នែក​ខាង​ក្រោយ​ បៀម​គ្រាប់​ជាប់​នឹង​ឆ្អឹង​ខ្នង។ ចំណែក ពលរដ្ឋ ៤នាក់​ទៀត ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ចង​ស្លាប​សេក ហើយ​យក​កាំភ្លើង​វាយ​ដំ និង​យក​ជើង​ច្រំ​ធាក់​ជាន់​ផ្ទប់​នឹង​ដី​ថែម​ទៀត។ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​យប់​ថ្ងៃ​កើត​ហេតុ។

លោក អំ សំអាត យល់​ថា ការ​ចាត់​វិធានការ​លើ​មន្ត្រី​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នេះ ដោយសារ​តែ​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ សង្គម​ហ្វេសប៊ុក បាន​ដើរ​តួនាទី​ផ្សព្វផ្សាយ​រិះគន់​នូវ​អំពើ​ហិង្សា​នោះ​ជា​បន្ត​បន្ទាប់ និង​អាច​ដោយសារ​តែ​សហភាព​អឺរ៉ុប​ព្រមាន​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ (EBA) ដែរ ព្រោះ​ក្នុង​របាយការណ៍​របស់​សហភាព​អឺរ៉ុប ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​មាន​និយាយ​អំពី​ហិង្សា​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។