ក្រោយការត្រួសត្រាយផ្លូវពីឪពុករបស់ខ្លួនហើយនោះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ត្រូវបានលោក ទៀ បាញ់ ប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ជាមួយនឹងមេទ័ពកំពូល ២រូបទៀត មានលោក វង្ស ពិសេន និងលោក ឥត សារ៉ាត់ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៨។
លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក លោក វង្ស ពិសេន ទទួលតំណែងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ហើយ លោក ឥត សារ៉ាត់ ទទួលមុខងារជាអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ។ ការប្រកាសតែងតាំងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្បាលម៉ាស៊ីនដឹកនាំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់របបក្រុងភ្នំពេញ នៅវិមានសន្តិភាព ថ្ងៃទី៧ ខែកញ្ញានេះ។
ចំពោះអតីតមេទ័ព ៣រូបដែលធ្លាប់កាន់មុខតំណែងនេះ មានលោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា ត្រូវបានរបបក្រុងភ្នំពេញដំឡើង ឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងសមាសភាពដឹកនាំប្រទេសអាណត្តិទី៦។ ប៉ុន្តែ ឋានៈជាទេសរដ្ឋមន្រ្តីនេះ ត្រូវបាននាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកដូចជាការដាក់ឲ្យចូលនិវត្តន៍ដូច្នេះដែរ ដើម្បីបើកផ្លូវឲ្យកូនលោក ហ៊ុន សែន បានគ្រងតំណែងមេទ័ពការពារអំណាចផ្តាច់ការរបស់លោក ហ៊ុន សែន បន្តទៀត។
មជ្ឈដ្ឋានទូទៅ មើលឃើញថា ក្បាលម៉ាស៊ីនដឹកនាំរដ្ឋឯកបក្សរបស់លោក ហ៊ុន សែន អាណត្តិទី៦នេះ មិនមានការដោះដូរតំណែង ក្នុងជួររដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រី នោះទេ។ ផ្ទុយមកវិញ របបលោក ហ៊ុន សែន មានតែរក្សាតំណែងឲ្យក្រុមរបស់ខ្លួន និងបង្កើនចំនួនមន្ត្រីកាន់តែច្រើនទៅតាមមុខតំណែង ដែលចំនួននេះកើនឡើងច្រើនជាងអាណត្តិមុន។ ក៏ប៉ុន្តែអ្វីដែលគួរកត់សម្គាល់សម្រាប់របបក្រុងភ្នំពេញ នៅពេលនេះ គឺមានការដោះដូរតំណែងគ្រាក់ៗ ជាច្រើន ក្នុងជួរមន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ កងកម្លាំងប្រដាប់អាវុធ និងក្នុងជួរកងទ័ព។
អតីតតំណែងមេទ័ពកំពូលកងទ័ពជើងគោក របស់លោក ប៉ុល សារឿន ត្រូវបានជំនួសមកវិញដោយ នាយទាហានជាន់ខ្ពស់បីរូប ដែលរបបក្រុងភ្នំពេញជឿទុកចិត្ត ។ អ្នកទាំងបីរូបនោះ មានលោក ហ៊ុន ម៉ាណែត ជាកូនប្រុសបង្កើតរបស់ លោក ហ៊ុន សែន ឧត្ដមសេនីយ៍ឯក វង្ស ពិសេន និង នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់។
ការតម្កើងឋានន្តរសក្ដិជាមេទ័ពកំពូលនៃកងយោធពលខេមរភូមិន្ទ នេះ ធ្វើឡើងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី ដែលចេញនៅថ្ងៃជាមួយគ្នា ក្រោយពីមានលិខិតស្នើរបស់ លោក ហ៊ុន សែន ថ្វាយព្រះមហាក្សត្រ ចុះថ្ងៃទី៦ ខែកញ្ញា ។ ចំណែកកូនបង្កើតលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានលោក ហ៊ុន សែន ប្រកាសថា លោក ស សុខា សមាជិករដ្ឋសភា នឹងត្រូវទៅកាន់ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ការប្រញាប់ប្រញាល់រៀបចំក្បាលម៉ាស៊ីនដឹកនាំប្រទេស និងប្រកាសតែងមុខតំណែងពីរបបក្រុងភ្នំពេញ បន្ទាន់បែបនេះ ធ្វើឡើង បន្ទាប់ពីតំណាងរាស្ត្រឯកបក្ស របស់ លោក ហ៊ុន សែន ទាំង១២៥រូប បានស្បថចូលកាន់តំណែង ដោយមានព្រះវត្តមានអង្គព្រះមហាក្សត្រជាអធិបតីភាព កាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៨។
ថ្វីត្បិតតែ របបក្រុងភ្នំពេញខិតខំដុតដៃដុតជើង រៀបរចនាសម្ព័ន្ធដឹកនាំប្រទេស ដោយគ្មានបង្អន់ពេលសូម្បីតែ១ថ្ងៃក៏ដោយ ក៏មិនទាន់មានការទទួលជាផ្លូវការណាមួយទេ ពីតំណាងទូតប្រចាំប្រទេសលោកខាងលិចដែលប្រកាសខ្ជាប់លទ្ធិប្រជាធិបតេយ្យ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក បារាំង អង់គ្លេស កាណាដា អូស្ត្រាលី ស៊ុយអែត អាល្លឺម៉ង់ និងប៊ុលហ្គារី។ ផ្ទុយមកវិញ របបនេះ មានតែការអបអរសាទរនិងស្វាគមន៍ ពីប្រទេសលោកកុម្មុយនិស្ត មានប្រទេសចិន រុស្ស៊ី វៀតណាម ឡាវ និងបណ្ដាប្រទេសក្នុងអាស៊ានមួយចំនួនទៀតដូចជា ថៃ និងហ្វីលីពីន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។