លោក ទៀ បាញ់ អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា ខណៈ លោក ហ៊ុន សែន ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ លោក សម រង្ស៊ី

0:00 / 0:00

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​។ ការ​អំពាវនាវ​របស់ លោក ទៀ បាញ់ ធ្វើឡើង​មួយថ្ងៃ បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​នៅ​ប្រទេស​ជប៉ុន ថា លោក​កំពុង​រង់ចាំ​ធ្វើសង្គ្រាម​ជាមួយ លោក សម រង្ស៊ី។

លោក ទៀ បាញ់ សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ការផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ជា​គោលការណ៍​សំខាន់ ដែល​នាំមក​សន្តិភាព​ជូន​សង្គមជាតិ និង​បន្ត​រក្សា​សន្តិភាព ដែល​យើង​ទទួល​បាន​យ៉ាង​លំបាក បន្ទាប់ពី​សង្គ្រាមស៊ីវិល​អស់​ជាង ៣​ទសវត្សរ៍។ លោក ទៀ បាញ់ អំពាវនាវ​ឱ្យ​រួមគ្នា​រក្សា​ឱ្យ​បាន​នូវ​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ។

ការ​លើកឡើង​នេះ ក្រោយ​ពេល​ដែល លោក ហ៊ុន សែន ប្រកាស​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​៣១ ឧសភា ថា សុំ​ឱ្យ​ពិភពលោក ដឹង​លឺ ថា លោក​កំពុង​រង់ចាំ​ធ្វើសង្គ្រាម​ជាមួយ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ព្រោះ​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងទ័ព និង​ពលរដ្ឋ ចាប់ខ្លួន​លោក៖ «អ៊ីចឹង​ខ្ញុំ​សុំ​ប្រកាស​ដោយ​ចំហ​ពី​ទីនេះ ឱ្យ​ពិភពលោក​បាន​ដឹង​ថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ ដែល​វា​នឹង​កើតឡើង តាមរយៈ​ការប្រកាស​របស់​ជន​ក្បត់ជាតិ គេ​ហៅថា ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​ក្រៅ​ប្រទេស ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ ហ៊ុន សែន»។

ជុំវិញ​ការ​អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​របស់ លោក ទៀ បាញ់ អ្នកវិភាគ និង​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស យល់ថា ជា​រឿង​ល្អ ហើយ​អ្នកនយោបាយ មិន​គួរ​ប្រើ​កំហឹង​ផ្ទាល់ខ្លួន យក​លេស​បង្កើត​សង្គ្រាម​ឡើយ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត ជឿ​ថា មេដឹកនាំ​គណបក្ស​កាន់អំណាច​មាន​ឥទ្ធិពល​មួយ​ចំនួន ក្រៅពី​លោក ហ៊ុន សែន មាន​ឆន្ទៈ​ចង់​ផ្សះផ្សា​ជាតិ ដើម្បី​កុំ​ឱ្យ​មានការ​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ និង​ខ្លាច​ផុងខ្លួន​ជាប់​ក្នុង​អន្លង់​អន្ទាក់​បំណុល​របស់​ចិន​។ លោក​ថា ក្នុង​នោះ ក៏​មាន លោក ទៀ បាញ់ ជា​ក្បាលម៉ាស៊ីន​បក្ស​មាន​ឥទ្ធិពល​ម្នាក់​ដែរ​។ លោក បុង ដែត យល់ថា ទោះ​បែប​ណា មនុស្ស​មាន​ឥទ្ធិពល​ទាំងឡាយ​ក្នុង​បក្ស​កាន់អំណាច នឹង​មិន​បណ្ដោយ​ឱ្យ លោក ហ៊ុន សែន យក​កំហឹង​ផ្ទាល់ខ្លួន​មក​បង្កើត​ជា​សង្គ្រាម​ផ្ដេសផ្ដាស​ទេ។

អ្នកវិភាគ​រូប​នេះ សង្កេត​ឃើញ​ថា ការវិវត្តន៍​ចុងក្រោយ​នេះ របប​ក្រុងភ្នំពេញ ហាក់​បង្ហាញ​ជំហរ​ទន់ភ្លន់ ដូចជា ទម្លាក់​ចោល​បទ​ចោទ​លើ​មេ​សហជីព​ធំ​ទាំង​៦ នេះ​ជា​ចេតនា ក្នុង​ការ​ឈាន​ទៅ​រក​ការ​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជំហាន​នៃ​ការចរចា​រក​ការផ្សះផ្សា​ជាតិ៖ «យើង​កម្រ​ឃើញ លោក ទៀ បាញ់ ថ្លែង​សារ​នយោបាយ​បែប​ហ្នឹង​ណាស់​។ កាត់​មានតែ​ថ្លែង​សារ​នយោបាយ​គំរាមកំហែង​ទេ ភាគច្រើន​។ អ៊ីចឹង​បាន​ន័យ​ថា ការផ្សះផ្សា​ជាតិ​របស់​គាត់​នៅ​ពេល​នេះ គឺ​អាច​ឈាន​ដល់​ការចរចា​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ឱ្យ​មានការ​បង្រួបបង្រួម​ជាតិ​ឡើងវិញ ជាពិសេស​គឺ​ការ​ដោះលែង​លោក កឹម សុខា តែម្ដង​។ យើង​មើល​ផល​វិជ្ជមាន​យើង​អាច​ថា ជា​សេនារីយ៉ូ ឈាន​ទៅ​រក​ផ្លូវ​ហ្នឹង ពី​ព្រោះ​ថា កម្ពុជា គឺ​កៀក​កិត​ខិត​ជិត​មកដល់​ហើយ ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA»។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត និង​លោក អ៊ុន សុវណ្ណ នៅ​ថ្ងៃ​ទី​៣១ ឧសភា ច្រើនដង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម និង​ជំហរ​របស់ លោក ទៀ បាញ់ លើ​ការ​បង្ហោះ​សារ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​នេះ តែ​គ្មាន​អ្នកទទួល​ទូរស័ព្ទ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា យល់ថា មានតែ​ការ​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ​ទេ ទើប​អាច​រក្សា​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​បាន។ លោក​ថា បទពិសោធន៍​កន្លងមក គឺ ចុងក្រោយ​នៃ​ជម្លោះ ជាមួយ​ជាតិ​សាសន៍​គ្នាឯង​នេះ គឺ ដាច់ខាត​ត្រូវតែ​ដោះស្រាយ​តាម​ការសន្ទនា​គ្នា។ លោក នី សុខា ជំរុញ​ឱ្យ​អ្នកនយោបាយ​ទាំងពីរ​ភាគី​ហ៊ាន​បោះដៃ​ស្វែងរក​ការសន្ទនា​ផ្សះផ្សា​ជាតិ ប្រកបដោយ​ឆន្ទៈ​ពិត រៀងៗ​ខ្លួន ដើម្បី​ធ្វើជា​គំរូ៖ «ដូច្នេះ​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស ហ្នឹងហើយ​ជា​គោលការណ៍​រួម ដើម្បី​យើង​ងាក​មក​រក​សន្ទនា​គ្នា ដោយ​ឈរ​លើ​ការសន្ទនា​គ្នា គោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ច្បាប់»។

ទោះ លោក ហ៊ុន សែន ប្រកាស​រង់ចាំ​ធ្វើសង្គ្រាម​ជាមួយ លោក សម រង្ស៊ី ប៉ុន្តែ លោក សម រង្ស៊ី អះអាង​ថា នឹង​មិន​ធ្វើសង្គ្រាម តាម​ការ​បបួល​របស់​លោក ហ៊ុន សែន ឡើយ ព្រោះ​គោលការណ៍​របស់​គណបក្ស​ប្រឆាំង គឺ​មិន​យក​ខ្មែរ​ណា​ម្នាក់​ជាស​ត្រូវ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។