មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ព្រមាន​បិទ​ហ្វេសប៊ុក​លែង​ឱ្យ​មាន​នៅ​ស្រុក​ខ្មែរ

0:00 / 0:00

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ព្រមាន​បិទ​ហ្វេសប៊ុក (Facebook) លែង​ឱ្យ​មាន​ដំណើរការ​នៅ​ស្រុក​ខ្មែរ​បាន បើ​សិន​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ត្រូវ​បាន​បិទ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ថា៖ «ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​លុប និង​ព្យាយាម​បិទ​គណនី​របស់​ខ្ញុំ។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅ​វិញ​ថា បើ​អ្នក​ឯង ( ហ្វេសប៊ុក ) ហ៊ាន​បិទ​ហ្វេសប៊ុក​របស់​ខ្ញុំ ( ហ៊ុន សែន ) ខ្ញុំ​នឹង​បិទ​លែង​ឱ្យ​ប្រើ​ហ្វេសប៊ុក​នៅ​ស្រុក​ខ្មែរ»។

សារ​លើហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន ដែល​បង្ហោះ​នៅថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
សារ​លើហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន ដែល​បង្ហោះ​នៅថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (Screenshot)

លោក ហ៊ុន សែន ថា ការ​ព្រមាន​បិទ​ហ្វេសប៊ុក​នៅ​ស្រុក​ខ្មែរ ផ្សាយ​លើ​ផេក​ហ្វេសប៊ុក​របស់​លោក ​គឺ​ក្រុម​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា (Hacker) បាន​ចូល​មក​លួច Account Facebook របស់​លោក​ផ្សាយ​ព័ត៌មាន​អាក្រក់​បំពុល​សង្គម នៅ​ថ្ងៃ​ទី២៥ កុម្ភៈ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​យល់​ថា ការ​លួច​គណនី​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី​មិន​មាន​ភាព​ងាយ​ស្រួល​ទេ ហើយ​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ច្រើន​ជាង។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន មាន​ការ​ចេញ​សារ​ពីរ ដង​ទាក់ទង​នឹង​ការ​បិទ​ហ្វេសប៊ុក។ សារ​ទី១ សរសេរ​ថា លោក​នឹង​បិទ​ហ្វេសប៊ុក (Facebook) នៅ​កម្ពុជា​ចោល ព្រោះ​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ព្យាយាម​បិទ​គណនី​របស់​ហ្វេសប៊ុក​របស់​លោក។

ប៉ុន្តែ​ក្រោយ​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន​ទូទៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់ លោក ហ៊ុន សែន ចំពោះ​ការ​ព្រមាន​នេះ​ក៏​មាន​បង្ហោះ​សារ​ទី២ថា ការ​ព្រមាន​នេះ គឺ​ក្រុម​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា (Hacker) បាន​ចូល​មក​លួច​គណនី (Account Facebook) របស់​លោក​ផ្សាយ ព័ត៌មាន​អាក្រក់​បំពុល​សង្គម។ លោក ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅ​មុន​នេះ​បន្តិច​មាន ក្រុម​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា (Hacker) បាន​ចូល​មក​លួចAccount Facebook លោក​ហើយ​បាន​លួច លុប​ទិន្នន័យ​ព័ត៌មាន​អស់​មួយ​ចំនួន​ធំ។ ពេល​នេះ​ខាង​ក្រុមហ៊ុនFacebookកំពុង​ស៊ើបអង្កេត​ជន អគតិ​ដែល​មាន​ចេតនា​អាក្រក់​បំពុល និង​បំផ្លាញ​ព័ត៌មាន​នៅ​ក្នុង​សង្គម​ជាតិ។

ប៉ុន្តែ​ទោះ​មាន​ការ​បញ្ជាក់​ដូច្នេះ​ក្តី លោក ហ៊ុន សែន ឬ​ខុទ្ទកាល័យ​លោក ហ៊ុន សែន មិន​ទាន់​ចេញ​ផ្សាយ​ព័ត៌មាន​បក​ស្រាយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​នៅ​ឡើយ​ទេ។

អាស៊ី​សេរី​ ​កំពុង​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​ហ្វេសប៊ុក ​ដើម្បី​បញ្ជាក់​ថា​ ​តើ​ហ្វេសប៊ុក​ផេក​របស់​លោក​ ហ៊ុន ​សែន ​ពិតជា​មាន​ការហេក​ចូល​នៅ​ថ្ងៃ​ទី ២៥ ​កុម្ភៈ​នេះ​ យក​ទៅ​គ្រប់គ្រង​ពីសំណាក់​ក្រុម​ចោរ​បច្ចេកវិជ្ជា​ដែរ​ឬ​អត់ ​ឬ​ក៏​ថា​ ​ហេតុការណ៍​នេះ​ ​គ្រាន់តែ​ជា​ការប្រឌិត​ឡើង​? ​ក៏ប៉ុន្តែ​ ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​ ​នៅ​មិន​ទាន់​មាន​ការឆ្លើយតប​ផ្លូវការ​ណា​មួយ​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅឡើយ​ទេ​។​

ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ដែល​ត្រូវ​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ​ចាត់ទុកជា​ការបោះឆ្នោត​ ​«​ក្លែងក្លាយ​» ​រួច​មក​ លោក​ ហ៊ុន ​សែន ​ក៏​ធ្លាប់​ប្រកាស​ម្តង​ដែរ​ កាលពី​ថ្ងៃ​ទី ១០ ​សីហា ​ឆ្នាំ ២០១៨ ​ថា​ ​ហ្វេសប៊ុក​របស់​លោក​ ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិជ្ជា​លួច​យក​ទៅ​គ្រប់គ្រង​ម្តង​ដែរ​។ ​កាល​ណោះ​ ​មាន​ការបង្ហោះ​សារ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​នឹង​ចែករំលែក​អាសនៈ​សភា​ ២ អាសនៈ​ ​ទៅ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ ២ អាសនៈ​ទៀត​ទៅ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ​ក្រោយមក​លោក​ ហ៊ុន ​សែន ​បដិសេធ​ព័ត៌មាន​នេះ​។​

មន្រ្តី​ជាន់ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​សង់​ ត្រាល់​លោក​ ម៉េង ​អេ​ដែត ​និយាយ​ថា​ ​លោក​មាន​ការសង្ស័យ​នៅពេល​ឮ​ថា​ ​ទំព័រ​ហ្វេសប៊ុក​ទូទ​ទៅ​ ត្រូវ​គេ​លួច​បាន​ម្តង​ៗ​។ ​លោក​ថា​ករណី​នេះ​ ​អាច​មាន​ចំណុច​សង្ស័យ​ចំនួន ៣ ​ទី ១.​អ្នក​កាន់​ហ្វេសប៊ុក​ផេក ​ខ្សោយ​ ​ទី ២.​ក្រុម​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ​( Hacker )​ខ្លាំង​ ទី ៣.​ការអះអាង​ថា​មាន​គេ​លួច​ហ្វេសបុក​ផេក​មិន​មែន​ជា​ការពិត​៖ « ពាក្យ​គេ​ហេក​ផេក​ហ្នឹង ខ្ញុំ​ឃើញ​គេ​ប្រើ​ច្រើន​ខ្ញុំ​ឃើញ​ស្ថាប័ន​ខ្លះ អ្នក​នយោបាយ​ខ្លះ ឬ​ក៏​អ្នក​ល្បី​មួយ​ចំនួន​ថា ផេក​របស់​គាត់​ត្រូវ​គេ​ហេក​ហើយ។ ប៉ុន្តែ​ធាតុ​ពិត​ជាក់​ស្ដែង​មិន​ដឹង​ថា ពិត ឬ​ក៏​អត់»

អ្នក​ជំនាញ​បច្ចេកវិទ្យា​រូប​នេះ​ពន្យល់​ថា ការ​លួច​ចូល​ហ្វេសប៊ុក​ផេក​មួយៗ មាន​ច្រើន​ដំណាក់កាល និង​ស្មុគស្មាញ​ខ្លាំង។ លោក​បន្ត​ថា ហ្វេសប៊ុក​ផេក​របស់​មន្ត្រី​រដ្ឋាភិបាល អ្នកនយោបាយ ជាន់ខ្ពស់ ឬ​អ្នក​ដឹក​នាំ​ប្រទេស គឺ​មាន​មនុស្ស​ជំនាញ​ច្រើន​ការពារ៖ «ផេក​ដូច​ជា​មិន​មាន​គេ ( លួច ) ហេក​បាន​ទេ គឺ​គេ​ហេក​នៅ​លើ​គណនី (Account) ដែល​ជា អែតម៉ីន (Admin) របស់​ផេក​ហ្នឹង។ ឧទាហរណ៍​ថា នៅ​ក្នុង​ផេក អេ (A) មួយ មាន​អែតម៉ីន​បី​នាក់ ហើយ​មាន​អ៊ីឌីតទ័រ (Editor) បី​នាក់​ទៀត ពេល​ខ្លះ​គេ​ហេក​បាន​ត្រឹម​តែ​អ៊ីឌីតទ័រ​ទេ ហើយ​គេ​បង្ហោះ​រូប​អី​រញ៉េរញ៉ៃ​អ៊ីចឹង​ទៅ។ អ៊ីចឹង​ដោយសារ​អ៊ីឌិតទ័រ​គាត់​មាន​សិទ្ធិ​ផុស (Post) អ៊ី ចឹង បើ​គេ​លួច​គណនី​អ៊ីឌីតទ័រ​បាន​គេ​ផុស​ហើយ។ អ៊ីចឹង​លុះ​ត្រា​តែ​ដឹង​ថា ឧទាហរណ៍ ផេក​អេ​មួយ​មាន​អ្នក​ណា​ម្នាក់​ជា​អ្នក​គ្រប់គ្រង​ផេក​អេ​ហ្នឹង អ៊ីចឹង​ធ្វើ​ម៉េច​ដឹង​ថា អ្នក​ណា​ម្នាក់​ទៅ​គ្រប់គ្រង​ផេក​អេ អ៊ីចឹង​យើង​ហេក​ម៉េច​បាន ហ្វេសប៊ុក​មាន​រាប់​លាន​ធ្វើ​ម៉េច​ដឹង​ថា លើ​គណនី (Account) ហ្វេសប៊ុក​ណា​ជា​ម្ចាស់​របស់​ផេក​ហ្នឹង

ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​មាន​អ្នក​គាំទ្រ​ជាង​ដប់​លាន (10,950,438) ហើយ​លោក​​ធ្លាប់​អះអាង​ថា លោក​ជា​អធិរាជ​ហ្វេសប៊ុក។ ប៉ុន្តែ​ក៏​ធ្លាប់​មាន​សារ​បែក​ធ្លាយ​ស្តីពី​ការ​សន្ទនា​របស់​លោក និង​កញ្ញា ធី សុវណ្ណថា ពី​គម្រោង​ចំណាយ​លុយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ ឬ Likes ដែល​ចំនួន​អ្នក​គាំទ្រ​ទាំង​នោះ​ភាគ​ច្រើន​មាន​ប្រភព​មក​ពី​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។