សវនាការមេបក្សប្រឆាំង បន្តមានភាពតានតឹងរវាងលោក កឹម សុខា ជាមួយតំណាងអយ្យការគឺ លោក ប្លង់ សុផល នៅថ្ងៃទី១៥ ខែមិថុនានេះ។ ព្រះរាជអាជ្ញារងលោក ប្លង់ សុផល ព្យាយាមទាញករណីលោក កឹម សុខា ថា មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ប៉ុន្តែលោក កឹម សុខា ប្រាប់តុលាការថា លោកលែងជាមនុស្សតែមួយជាមួយលោក សម រង្ស៊ី ទៀតហើយ។ អ្នកឃ្លាំមើលនយោបាយយល់ថា ក្រោយការប្រកាសបែបនេះរបស់លោក កឹម សុខា នឹងអាចធ្វើឲ្យលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងការចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ។
មេធាវី និងអ្នកឃ្លាំមើលសវនាការរិះគន់ថា សវនាការលោក កឹម សុខា គ្មានភាពជឿនលឿននោះទេ ព្រោះតំណាងអយ្យការនៅតែចោទសួររឿងដដែលៗ ទាក់ទងការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ និងការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលី។
ទោះយ៉ាងណា អ្នកឃ្លាំមើលនយោបាយយល់ថា ទោះផ្លូវច្បាប់មិនជឿនលឿន ប៉ុន្តែផ្លូវនយោបាយនឹងធ្វើឲ្យលោក កឹម សុខា ទទួលបានប្រយោជន៍នៃការប្រកាសផ្ដាច់សម្ពន្ធភាពជាមួយលោក សម រង្ស៊ី នៅពេលនេះ។
ទាក់ទងរឿងនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះសំឡេងលោក កឹម សុខា ដែលនិយាយក្នុងតុលាការថា លោកនឹងលោក សម រង្ស៊ី បានដើរផ្លូវផ្សេងគ្នាយូរហើយ។ លោកអះអាងទៀតថាលោកថែមទាំងបានណែនាំអ្នកគាំទ្ររបស់លោកកុំឲ្យទៅពាក់ព័ន្ធនឹងការធ្វើសកម្មភាពរបស់លោក សម រង្ស៊ី៖ «អត់មាន សម រង្ស៊ី កឹម សុខា តែមួយទៀតទេ គេទៅនាំបក្សភ្លើងទៀនរបស់គេចូលរួមការបោះឆ្នោត ចេញទៅបាត់ ហើយវាយប្រហារខ្ញុំទៀត។ គាត់ប្រកាស ៩ វិច្ឆិកា ប្រមូលកម្លាំងវិលមកវិញ ដើម្បីចាប់លោកនាយករដ្ឋមន្ត្រី ខ្ញុំអត់ដែលគាំទ្រសោះមានតែហាមគ្នាខ្ញុំមិនឲ្យលូកលាន់ជាមួយទៀត នេះពិតហើយខ្ញុំអត់មានសិទ្ធិនយោបាយនិយាយជាសាធារណៈនៅពេលណាដែលចៅក្រមលោកអនុញ្ញាតឲ្យខ្ញុំមានសិទ្ធិនយោបាយ ខ្ញុំនឹងបើកសន្និសីទកាសែតមួយនិយាយ » ។
បន្ថែមពីនេះ មេធាវីការពារក្ដីលោក កឹម សុខា គឺលោក ចាន់ ចេន ឲ្យវិទ្យុអាស៊ីសេរីដឹងថា ជារឿងចម្លែកដែលតុលាការមិនបានព្យាយាមរកកិច្ចព្រមព្រៀងសម្ងាត់ណាមួយបញ្ជាក់ថា លោក កឹម សុខា បានត្រូវរ៉ូវជាមួយរដ្ឋបរទេសក្នុងការផ្ដួលរំលំរដ្ឋាភិបាល ប៉ុន្តែតុលាការព្យាយាមចោទសួរកូនក្ដីលោកពីការត្រូវរ៉ូវគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ទៅវិញ។ លោកមេធាវី សុំមិនបញ្ជាក់ថា តុលាការលើកយកករណីលោក សម រង្ស៊ី ណាខ្លះដែលចោទថា មានទំនាក់ទំនងនឹងលោក កឹម សុខា នោះទេ។ ទោះជាយ៉ាងណា លោកថា លោក កឹម សុខា បញ្ជាក់រួចហើយថា លោកគ្មានទំនាក់ទំនាក់ជាមួយលោក សម រង្ស៊ី ទៀតទេ៖ « អ្វីៗ កូនក្ដី ( លោក កឹមសុខា ) ជាច្រើនហើយ ដូច្នេះគ្រាន់ហេតុផលអ្វីដែលឯកឧត្តម កឹម សុខា ក៏ដូចអ្នកគាំទ្រ ឯកឧត្តម កឹម សុខា បង្កើតបញ្ហាដែលនាំឲ្យគេហៅថា អន្តរាយ ឬក៏បែកបាក់ជាតិរបស់ខ្លួននោះទេបាទ »។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត ដែលមានក្រុមការងារលោកចូលឃ្លាំមើលតុលាការ សង្កេតឃើញថា តុលាការបានព្យាយាម ទាញយកផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ទៅផ្សាភ្ជាប់ជាមួយលោក កឹម សុខា។ ទោះយ៉ាងណាលោកថា តុលាការគ្មានភស្តុតាងណាមួយមកធ្វើអំណះអំណាងនោះទេ។ លោក អំ សំអាត យល់ថា សាររបស់លោក កឹម សុខា ពេលនេះ ទំនងលោក កឹម សុខា ចង់បញ្ជាក់ថា លោកកាត់ផ្ដាច់សម្ព័ន្ធភាពចេញពីលោក សម រង្ស៊ី៖ « បើយើងមើលការលើកឡើងរបស់ឯកឧត្តម កឹម សុខា ជាការមួយចង់បញ្ជាក់ ឯកឧត្តម កឹម សុខា និងឯកឧត្តម សម រង្ស៊ី មិនមែនជាមនុស្សតែមួយដូចការលើកឡើងដូចមុនទៀតទេ ទី២ ចង់បង្ហាញការកាត់ផ្ដាច់សម្ព័ន្ធភាពរវាងឯកឧត្តម កឹម សុខា និងឯកឧត្តម សម រង្ស៊ី ហើយដែលក្នុងសំណុំរឿងនេះគេតែងផ្សាភ្ជាប់នោះបាទ»។
នេះជាលើកទី២ហើយ ដែលលោក កឹម សុខា ប្រកាសថា លែងមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ប៉ុន្តែម្ដងនេះលោកបញ្ជាក់ច្បាស់ជាងកាលពីសវនាការលើកទី៤៣ ក្នុងសប្តាហ៍មុន។ លោក កឹម សុខា ថ្លែងបែបនេះ ក្រោយលោក សម រង្ស៊ី រិះគន់លោក កឹម សុខា ថា ការដែលលោកមិនទៅបោះឆ្នោតជាកំហុស និងជាការបំភ្លេច វីរភាពរបស់អតីតអ្នកគាំទ្រគណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ ដែលបាននាំគ្នាទៅបោះឆ្នោតឲ្យគណបក្សភ្លើងទៀន កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ថា សម្ព័ន្ធភាពរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ទំនងដើរដល់ផ្លូវបំបែកហើយ។ ទោះបែបនេះ លោកយល់ថា កឹម សុខា អាចនឹងទទួលសិទ្ធិធ្វើនយោបាយឡើងវិញ មុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ ពីការប្រកាសនេះ។ លោកយល់ថា បក្សកាន់អំណាចអាចត្រឹមផ្ដល់ឲ្យលោក កឹម សុខា អាចធ្វើនយោបាយមែន ប៉ុន្តែ គេមិនផ្ដល់គណបក្សសង្គ្រោះជាតិឲ្យលោក កឹម សុខា វិញនោះទេ៖ «លក្ខណៈច្បាប់នៅកម្ពុជារឿងអីក៏កើតឡើងដែរ មានពាក្យមួយអច្ឆរិយ ហ្នឹង កម្ពុជាធ្វើបានទាំងអស់ ដែលសកលលោកធ្វើអត់បាន ដោយមិនខ្លាចការរិះគន់ ឬការលើកឡើងពីសហគមន៍អន្តរជាតិ អញ្ចឹងគេអាចដាក់បទចោទលោក កឹម សុខា នៅដដែលក៏ប៉ុន្តែគេអាចស្នើទៅព្រះមហាក្សត្រទម្លាក់បទចោទទៅលើគាត់ »។
លោក ឯម សុវណ្ណារ៉ា យល់ថា នៅពេលលោក កឹម សុខា មានសេរីភាពពេញលេញ លោកអាចនឹងដឹកនាំគណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សចាស់របស់លោកចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។
គិតមកដល់ពេលនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបាត់បង់សិទ្ធិធ្វើនយោបាយ ជិត៥ឆ្នាំហើយ និងមិនអាចចេញក្រៅប្រទេស ខណៈលោកកំពុងជាប់បទចោទពីរដ្ឋាភិបាល ក្នុងសំណុំរឿង ក្បត់ជាតិ ឬសន្និដ្ឋិភាពជាមួយបរទេស។
វិលមកសំណុំរឿងលោកកឹម សុខា ក្នុងសវនាការលើកទី៤៤ នេះ តុលាការមិនទាន់រកអង្គហេតុពិតប្រាកដ ឬកិច្ចព្រមព្រៀងសម្ងាត់ណាមួយបញ្ជាក់ថា លោក កឹម សុខា បានត្រូវរ៉ូវជាមួយរដ្ឋបរទេសក្នុងការផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន នៅឡើយទេ។
លោក កឹម សុខា ប្រាប់ទៅតុលាការត្រឹមសំដីលោកដែលថ្លែងកាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលីមិនមែនជាអង្គហេតុទេ។ លោកទាមទារទៅតុលាការស្វែងរកអង្គហេតុពិតប្រាកដ នៃកិច្ចព្រមព្រៀងសម្ងាត់រវាងលោក និងរដ្ឋបរទេសណាមួយក្នុងផែនការផ្ដួលរំលំរដ្ឋាភិបាល។
ដូចសព្វដងដែរ សវនាការនេះមានការឃ្លាំមើលពីតំណាងស្ថានទូតបរទេស និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងអង្គការសង្គមស៊ីវិលក្នុងស្រុក និងអ្នកសារព័ត៌មានផងដែរ។ ចំណែកនៅក្រៅរបងតុលាការអ្នកគាំទ្រលោក កឹម សុខា ប្រមាណ ១០០នាក់ បានផ្ដល់កម្លាំងចិត្តដល់លោក កឹម សុខា។ តុលាការនឹងបន្តសវនាការសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី២២ ខែមិថុនាសប្ដាហ៍ក្រោយទៀត តាមគម្រោងតុលាការគ្រោងដេញដោលលើអង្គហេតុថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។