អ្នកវិភាគនយោបាយអះអាងថា សាររបស់លោក ហ៊ុន សែន រម្លឹកកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត អំពីគោលការណ៍រក្សាចាស់បង្កើតថ្មី នឹងផ្ដល់ផលចំណេញដល់គណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែធ្វើឱ្យការចំណាយថវិកាជាតិ កាន់តែខ្ជះខ្ជាយថែមទៀត។
អ្នកវិភាគនយោបាយលើកឡើងថា គោលការណ៍ រក្សាចាស់ បង្កើតថ្មី ដែលលោក ហ៊ុន សែន រម្លឹកកូនប្រុសច្បង គឺជាការធ្វើនយោបាយទុច្ចរិត និងមិនមានគុណធម៌ដែលនាំមកនូវភាពរីកចំរើនដល់ប្រជាពលរដ្ឋទូទៅនោះឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា មូលហេតុដែលលោក ហ៊ុន សែន ផ្ញើសាររម្លឹកលោក ហ៊ុន ម៉ាណែត ឱ្យចេះរក្សាអ្នកចាស់ គឺដោយសារតែនាយករដ្ឋមន្ត្រីថ្មី មិនទាន់មានឥទ្ធិពលក្នុងការដឹកនាំរដ្ឋាភិបាលនោះឡើយ។ លោកបន្ថែមថា សារដាស់តឿនរបស់លោក ហ៊ុន សែន នេះ ក៏ទំនងជាសញ្ញាស្អំចិត្តសមាជិកគណបក្សប្រជាជនកម្ពុជាចាស់វស្សា ដែលមិនពេញចិត្តទៅនឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ផងដែរ។
លោក គឹម សុខ៖ «កាលណារក្សាអ្នកចាស់ ដាក់អ្នកថ្មី បង្កើតចំនួនមនុស្សរាប់ពាន់នាក់បែបនេះ វាជាប្រភពនៃបក្សពួកនិយម ការរំលោភអំណាច អំពើពុករលួយកាន់តែជ្រៅ អយុត្តិធម៌កាន់តែធំឡើង ដូច្នេះវាគឺជាការកែឱ្យកាន់តែគម្រក់ គគ្រិច ស្អុយ អត់បានការ»។
ប្រតិកម្មរបស់អ្នកវិភាគនយោបាយបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានផ្សព្វផ្សាយវីដេអូឃ្លីបដែលមានរយៈពេលប្រមាណ ៦នាទី រម្លឹកទៅដល់កូនប្រុសច្បង អំពីគោលការណ៍ រក្សាចាស់ បង្កើតថ្មី នៅថ្ងៃទី៣០ ខែសីហា។
លោក ហ៊ុន សែន៖ «ការប្រកួតមួយដែលយកឈ្នះ ទីចុងបំផុតត្រូវបានទាត់ចោល ដល់ទៅអាណត្តិក្រោយតើ ហ៊ុន សែន នឹងប្រើនរណាទៀត តើនេះជាយុទ្ធសាស្ត្រឈ្នះសមរភូមិ ឬជាយុទ្ធសាស្ត្រឈ្នះសង្គ្រាម ខ្ញុំមិនត្រូវការឈ្នះតែមួយសមរភូមិទេ ខ្ញុំត្រូវឈ្នះសង្គ្រាមរហូតតាមរយៈនៃបញ្ជាការម្នាក់នេះ រក្សាកម្លាំងចាស់ និងបង្កើនកម្លាំងថ្មី»។
ជុំវិញរឿងនេះដែរ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល យល់ឃើញថា ការធ្វើនយោបាយរក្សាចាស់ បង្កើតថ្មី របស់លោក ហ៊ុន សែន មិនបានឆ្លុះបញ្ចាំងពីការធ្វើនយោបាយប្រកបដោយគុណធម៌នោះឡើយ ក៏ប៉ុន្តែផ្ទុយទៅវិញ គឺជាការធ្វើនយោបាយបំផ្លាញទ្រព្យសម្បត្តិជាតិ ដើម្បីរក្សាអំណាចផ្ទាល់ខ្លួនទៅវិញទេ។ លោកថា សាររម្លឹករបស់លោក ហ៊ុន សែន នេះក៏ឆ្លុះបញ្ចាំងពីការដឹកនាំរដ្ឋាភិបាលតាមបែបមេកន្ទ្រាញ ព្រោះការគ្រប់គ្រង និងបែងចែកអំណាច គឺធ្វើឡើងតាមរយៈគណបក្សប្រជាជនកម្ពុជា។
លោក ខឹម មុន្នីកុសល៖ «ក្រុមមេកន្ទ្រាញហ្នឹង គឺរក្សាចាស់ហ្នឹងហើយ អ្នកណាធ្លាប់រកស៊ីអីបាន រំលោភដីធ្លីយកលុយមកធ្វើជាឧកញ៉ាហ្នឹង គាត់នៅតែបន្តកិច្ចការរបស់គាត់ អ៊ីចឹងប្រព័ន្ធសេដ្ឋកិច្ចជាតិ ប្រព័ន្ធដឹកនាំសង្គម វាអត់មានអីប្រែប្រួលទេ»។
បើទោះបីជារដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ធ្លាប់រងការរិះគន់ថា ជារដ្ឋាភិបាលក្បាលធំខ្លួនតូចក្ដី ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់នោះឡើយ ផ្ទុយទៅវិញលោកបែរជាបង្កើនចំនួនមន្ត្រីជាន់ខ្ពស់កាន់តែច្រើនទៅវិញ។ ជាក់ស្ដែងគិតត្រឹមថ្ងៃ៣០ ខែសីហា មន្ត្រីជាន់ខ្ពស់ដែលមានតំណែងចាប់ពីអគ្គនាយក រហូតដល់ឧបនាយករដ្ឋមន្ត្រី មានចំនួនជិត២ពាន់នាក់ទៅហើយ នេះមិនទាន់រាប់បញ្ចូលចំនួនទីប្រឹក្សាតាមក្រសួងនីមួយៗ និងជំនួយការផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីនោះឡើយ។ អ្នកវិភាគនយោបាយលើកឡើងថា គោលការណ៍រក្សាចាស់ បង្កើតថ្មី ដែលលោក ហ៊ុន សែន រម្លឹកកូនប្រុសខ្លួននេះ មិននាំផលចំណេញដល់រដ្ឋាភិបាលនោះឡើយ ក៏ប៉ុន្តែផ្ទុយទៅវិញគឺជាការចំណាយកាន់តែខ្ជះខ្ជាយថវិកាជាតិ ដែលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។