ក្រសួង​មហាផ្ទៃ បន្ត​បដិសេធ​ការ​ចេញ​លិខិត​ចុះ​បញ្ជី​ឡើង​វិញ​ជូន​គណបក្ស​ភ្លើង​ទៀន

ដោយ ថា ថៃ
2023.09.21
ក្រសួង​មហាផ្ទៃ បន្ត​បដិសេធ​ការ​ចេញ​លិខិត​ចុះ​បញ្ជី​ឡើង​វិញ​ជូន​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន និង​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន និងក្រសួងមហាផ្ទៃ

គណបក្ស​ភ្លើង​ទៀន សោកស្ដាយ​ដែល​ក្រសួង​មហាផ្ទៃ នៅតែ​បដិសេធ​ការ​ចេញ​លិខិត​ចុះ​បញ្ជី​ឡើង​វិញ ជូន​គណបក្ស​ភ្លើង​ទៀន ដើម្បី​ឲ្យ​គណបក្ស​មួយ​នេះ​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​នៅ​ពេល​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ភ្លើង​ទៀន និង​អ្នក​ជំនាញ​កិច្ចការ​បោះ​ឆ្នោត យល់​ថា បញ្ហា​លិខិត​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន​នេះ មិនមែន​ជា​រឿង​នីតិវិធី​ច្បាប់​ទេ គឺ​ជា​រឿង​នយោបាយ ទើប​ក្រសួង​មហាផ្ទៃ មិន​អាច​ផ្ដល់​ដំណោះស្រាយ​បាន។

តំណាង​គណបក្ស​ភ្លើង​ទៀន​ចំនួន ៥រូប ដឹកនាំ​ដោយ​ប្រធាន​ស្ដីទី​គណបក្ស​ភ្លើង​ទៀន លោក សុខ ហាច និង​តំណាង​ក្រសួង​មហាផ្ទៃ​ចំនួន ៥រូប ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៊ុន ហុន បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ជុំវិញ​រឿង​ស្នើសុំ​លិខិត​ចុះ​បញ្ជី​ច្បាប់​ដើម​របស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​អាច​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​លេចធ្លោ​មួយ​នេះ យក​ទៅ​ប្រើប្រាស់​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ជំនួប​ពិភាក្សា​គ្នា​រយៈ​ពេល​ជាង ១ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែកញ្ញា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ គឺ​គណបក្ស​ភ្លើង​ទៀន ពុំ​មាន​លទ្ធផល​អ្វី​ថ្មី​នោះ​ទេ ដោយសារ​ក្រសួង​មហាផ្ទៃ នៅតែ​លើក​ហេតុផល​ដដែលៗ ដូច​ជំនួប​ពិភាក្សា ៣លើក​កន្លង​មក​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធ ថ្លែង​ថា ក្រសួងមហាផ្ទៃ គឺ​ជា​ស្ថាប័ន​អាណាព្យាបាល​គណបក្ស​នយោបាយ ប៉ុន្តែ ក្រសួង​បែរ​ជា​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​ការ​ចេញ​លិខិត​ចុះ​បញ្ជី​ដើម​របស់​ខ្លួន ដែល​បង្ក​ជា​ឧបសគ្គ​រារាំង​គណបក្ស​ភ្លើង​ទៀន​ពី​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​ទៀត គឺ​បង្ហាញ​ថា ករណី​នេះ មិនមែន​ជា​រឿង​នីតិវិធី​ច្បាប់​នោះ​ទេ គឺ​ជា​នយោបាយ​សុទ្ធសាធ។

លោក គីមសួរ ភិរិទ្ធ៖ «ខ្ញុំ​គ្រាន់តែ​និយាយ​ថា បើ​និយាយ​អំពី​បញ្ហា​បច្ចេកទេស ដែល​ចេញ​ត្រឹមតែ​ប្រកាស​មួយ​ប៉ុណ្ណឹង ចេញ​អត់​បាន អា​ហ្នឹង​វា​ដូច​ជា​មិន​សម​ថា ក្រសួងមហាផ្ទៃ ជា​អាណាព្យាបាល​របស់​គណបក្ស​នយោបាយ​ទេ ព្រោះ​អី​អាណាព្យាបាល​ជា​អ្នក​ចេញ​រឿង​អ៊ីចឹង​លិខិត​ស្នាម​រដ្ឋបាល​អី​អ៊ីចឹង​ណា ។ អ៊ីចឹង​ទៅ ខ្ញុំ​គិត​ថា ការងារ​ហ្នឹង វា​ហួស​ពី​រឿង​បច្ចេកទេស​ហើយ អាច​ជា​រឿង​នយោបាយ ព្រោះ​រឿង​នយោបាយ ទោះ​យើង​ស្នើសុំ​ប៉ុន្មាន​ពាន់​ដង​ទៀត ក៏​វា​នៅ​តែ​មិន​ចេញ​ដែរ»

យោង​តាម​កំណត់ហេតុ នៃ​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៊ុន ហុន លើក​ហេតុផល​ថា ក្រសួង​មហាផ្ទៃ​មាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​បង្កើត ឬ​ចុះ​បញ្ជី​គណបក្ស​នយោបាយ ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ប៉ុន្តែ ក្រសួង​មហាផ្ទៃ​មិន​អាច​ចេញ​ជូន​ឯកសារ​ចុះ​បញ្ជី​ច្បាប់​ដើម ឬ​ឯកសារ​ទុតិយតា នៃ​ប្រកាស​ស្ដីពី​ការ​ចុះ​បញ្ជី​ស្ដីពី​គណបក្ស​នយោបាយ​ជូន​គណបក្ស​នយោបាយ ដែល​បាត់ ឬ​ខូចខាត​នោះ​ឡើយ ព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត។ លើស​ពី​នេះ តំណាង​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រសួង​ធ្លាប់​បាន​ចេញ​លិខិត​ទទួល​ស្គាល់​គណបក្ស​ភ្លើង​ទៀន​ថា ជា​គណបក្ស​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ​រួច​ហើយ កាល​ពី​ខែឧសភា ឆ្នាំ២០២៣ ដូច្នេះ ក្រសួង​មិន​អាច​ចេញ​លិខិត​អ្វី លើស​ពី​នេះ​បាន​ទេ។ តំណាង​ក្រសួង​មហាផ្ទៃ បន្ត​ថា ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត គឺ​ជា​ដែន​សមត្ថកិច្ច​របស់ គ..ប ដូច្នេះ ក្រសួង​មហាផ្ទៃ មិន​អាច​ជ្រៀតជ្រែក​បាន​ឡើយ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ថា ការ​បក​ស្រាយ​របស់​តំណាង​ក្រសួង​មហាផ្ទៃ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ដើម្បី​រារាំង​គណបក្ស​ភ្លើង​ទៀន មិន​ឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត។ លោក​ពន្យល់​ថា តាម​ទិដ្ឋភាព​ច្បាប់ ប្រសិនបើ​ក្រសួង​មហាផ្ទៃ មិន​អាច​ចេញ​លិខិត​ដើម​បាន​ទេ ក្រសួង​សាមី ត្រូវ​ចេញ​លិខិត​មួយ​ទៀត ដែល​មាន​តម្លៃ​សមាមាត្រ ដើម្បី​ឲ្យ​គណបក្ស​ភ្លើង​ទៀន យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ​បាន ហើយ​ស្ថាប័ន​ដទៃ​ទៀត រួម​ទាំង គ..ប ត្រូវតែ​គោរព​តាម​លិខិត​នោះ មិន​អាច​បដិសេធ​តាម​តែ​ចិត្ត​នោះ​ទេ។

លោក វ៉ន ចាន់ឡូត៖ «ពី​ផ្លូវ​ច្បាប់ អត់​មាន​ចំណុច​ណា​មួយ ដែល​ក្រសួង សាមី ត្រូវ​បដិសេធ​ចេញ​លិខិត​បញ្ជាក់​ផ្សេង ដែល​មាន​តម្លៃ​សមាមាត្រ​ទៅ​នឹង​លិខិត​ដើម​របស់​សាមី​ខ្លួន​បាន​ទេ គឺ​យើង​ត្រូវ​សម្រួល​នីតិវិធី​បែប​ហ្នឹង នៅ​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​ប្រជែង​បាន ប៉ុន្តែ បើ​យើង​មើល​ទៅ​លើ​ទិដ្ឋភាព​នយោបាយ​វិញ រឿង​នេះ​វា​មាន​ទិដ្ឋភាព​នយោបាយ​នៅ​ពី​ក្រោយ ម្ល៉ោះ​ហើយ ការ​បង្កើត​នូវ​នីតិវិធី​ស្មុគស្មាញ​ផ្នែក​រដ្ឋបាល​នេះ វា​ជា​យុទ្ធសាស្ត្រ​មួយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់ ដើម្បី​រាំង​ខ្ទប់​គណបក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ឯ​ទៀត​បាន ទី១។ ទី២ វា​ជា​ការ​កាត់​ផ្ដាច់​នូវ​មរតក​នយោបាយ នៃ​ដៃគូ​ប្រឆាំង​របស់​ខ្លួន ដែល​កំពុង​រស់នៅ​និរទេស»

គណបក្សភ្លើងទៀន ត្រូវ​បាន គ..ប បិទ​សិទ្ធិ​មិន​ឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ខែកក្កដា ក្រោម​ហេតុផល​បច្ចេកទេស​ថា គណបក្ស​នេះ​បាត់​ឯកសារ​ដើម​នៃ​ការ​ចុះ​បញ្ជី​គណបក្ស។ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន បាន​បញ្ជាក់​ថា ឯកសារ​ដើម​ប្រកាស​លេខ១៩៣ ដែល​ជា​ឯកសារ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ តាំងពីឆ្នាំ១៩៩៨ គឺ​បាន​បាត់​នៅ​អំឡុង​ឆ្នាំ២០១៧ ក្នុង​ពេល​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្ក្រាប​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​ភ្លើង​ទៀន បាន​ព្យាយាម​ស្នើសុំ​ក្រសួង​មហាផ្ទៃ​ជួយ​ចេញ​លិខិត​ដើម នៃ​ការ​ចុះ​បញ្ជី​គណបក្ស​ជា​បន្ត​បន្ទាប់ ឬ​ចេញ​នូវ​ប្រកាស​ចុះ​បញ្ជី​ជូន​គណបក្ស​ភ្លើង​ទៀន​ម្ដង​ទៀត ដើម្បី​អាច​ឲ្យ​គណបក្ស​ចូលរួម​ការ​បោះ​ឆ្នោត​បាន​នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​ការ​ស្នើសុំ​នេះ មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ជា​រឿង​នយោបាយ ដូច្នេះ រឿង​ចេញ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​របស់​គណបក្ស​ភ្លើង​ទៀន​បាន ឬ​មិន​បាន គឺ​មិន​អាស្រ័យ​លើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ឬ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ​ទេ ព្រោះ​ពួក​គាត់ គ្រាន់តែ​ជា​អាយ៉ង​របស់​អ្នក​នយោបាយ​ជំនាន់​ចាស់ នៃ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

បណ្ឌិត សេង សារី៖ «ឥឡូវ​នេះ មិន​ត្រឹមតែ​មិន​ផ្ដល់​លិខិត​ទុតិយតា​ដល់​គណបក្ស​ភ្លើង​ទៀន​ទេ ថែម​ទាំង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​គណបក្ស​ថ្មី ដែល​មាន​និន្នាការ សម រង្ស៊ីនិយម ទៀត​ផង ដូច្នេះ​ហើយ​ខ្ញុំ​មើល​ឃើញ​ថា ការ​បដិសេធ​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ ហើយ​ក៏​មិន​ពាក់ព័ន្ធ​នឹង​លិខិត​ស្នាម ដែល​ក្រសួង​មហាផ្ទៃ​ពន្យល់​ដែរ ព្រោះ​ប្រសិនបើ​គ្មាន​ច្បាប់​ប្រគល់​ច្បាប់​ដើម​ទៅ​ឲ្យ​វិញ អា​ការ​បដិសេធ​ហ្នឹង ក៏​គ្មាន​ច្បាប់​អី​ធានា​ដែរ។ ដូច្នេះ​ហើយ​នេះ គឺ​ជា​ចេតនា​នយោបាយ​សុទ្ធសាធ ដែល​មាន​បំណង​ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ភ្លើង​ទៀន​រលាយ​ដោយ​ខ្លួន​ឯង»

មក​ដល់​ពេល​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​លើក​ឡើង​ថា គណបក្ស​នៅ​មិន​ទាន់​សម្រេច​ថា នឹង​ធ្វើអ្វី​បន្ត​ទៀត​នោះ​ទេ ដោយ​រង់ចាំ​ជជែក​ផ្ទៃ​ក្នុង​ថ្នាក់​ដឹកនាំ​ជា​មុន​សិន។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកវិភាគ​នយោបាយ​យល់​ថា ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​ជា​សញ្ញា ដែល​ទុក​ឲ្យ​គណបក្ស​ភ្លើង​ទៀន​រលាយ​ដោយ​ខ្លួន ឯង​តាម​រយៈ​ការ​បិទ​មិន​ឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត ដូច្នេះ គណបក្ស​ភ្លើង​ទៀន គួរតែ​ប្តូរ​ទៅ​ជ្រក​នៅ​ក្រោម​គណបក្ស​ណា ដែល​មាន​សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត ឬ​រក​វិធី​បង្កើត​គណបក្ស​នយោបាយ​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។