ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សកម្លាំងជាតិ ដែលបានជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សមួយនេះ កាលពីថ្ងៃទី១២ វិច្ឆិកា។ មន្ត្រីគណបក្សកម្លាំងជាតិ លើកឡើងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់អ្នកប្រជាធិបតេយ្យ ដើម្បីមានឱកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។
លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ វិច្ឆិកា ប្រកាសទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សកម្លាំងជាតិ ដែលបានជ្រើសរើសលោក ស៊ុន ចន្ធី ជាប្រធានគណបក្ស លោក ជា មុនី ជាអនុប្រធានគណបក្ស និងជ្រើសតាំងសមាជិកគណៈកម្មាធិការនាយកចំនួន២៧រូប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៧រូប សមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ៩រូប និងសមាជិកគណៈកម្មាធិការវិន័យចំនួន ៥រូប។ បន្ថែមពីនេះក្រសួងក៏បានទទួលបញ្ជីឈ្មោះ និងជីវប្រវត្តិសង្ខេបរបស់សមាសភាពថ្នាក់ដឹកនាំគណបក្សនេះស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយផងដែរ។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ វិច្ឆិកាថា ការទទួលស្គាល់នេះ ជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់គណបក្ស ដែលមានទម្រង់ស្របច្បាប់គ្រប់បែបយ៉ាង ដើម្បីផ្ដល់ឱកាសដល់អ្នកប្រជាធិបតេយ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតផ្សេងៗ ទៀត នៅពេលខាងមុខ។ លោករំពឹងថា ក្រុមអ្នកស្រឡាញ់ប្រជាធិបតេយ្យ ដែលជាអង្គបោះឆ្នោតនឹងបោះឆ្នោតជូនគណបក្សកម្លាំងជាតិនៅពេលខាងមុខ។
លោក ស៊ុន ចន្ធី៖ «សម្រាប់គណបក្សកម្លាំងជាតិឱ្យតែរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពសិទ្ធិនយោបាយឱ្យបានត្រឹមត្រូវដូចមានចែងនៅក្នុងច្បាប់ អ៊ីចឹង គណបក្សកម្លាំងជាតិគ្មានឧបសគ្គទេ ចាប់ពីនេះតទៅ។ ដូច្នេះ សូមឱ្យអង្គបោះឆ្នោតគ្រប់រូបរបស់គណបក្សភ្លើងទៀន មេត្តាគាំទ្របោះឆ្នោតគណបក្សកម្លាំងជាតិ ពីព្រោះគណបក្សកម្លាំងជាតិ គឺរក្សាជំហរដើម ស្មារតីដើម ឆន្ទៈដើម តស៊ូដើម្បីការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ ការពារផលប្រយោជន៍ប្រទេសជាតិ និងដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងមហាផ្ទៃទទួលស្គាល់លទ្ធផលសមាជរបស់គណបក្សនយោបាយណាមួយជារឿងធម្មតា ហើយលោកថា គណបក្សប្រជាជនកម្ពុជា ក៏មិនព្រួយបារម្ភនឹងការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅដើមឆ្នាំ២០២៤ ខាងមុខដែរ។
លោក សុខ ឥសាន៖ «អ៊ីចឹងហើយ ការបោះឆ្នោតរបស់គាត់ហ្នឹង វាថមថយ អ៊ីចឹង ការសង្ឃឹមរបស់គាត់ វាគ្រាន់តែជាវោហារសាស្ត្រ ដើម្បីកម្លាចិត្តតែប៉ុណ្ណោះទេ។ ក៏ប៉ុន្តែ អារឿងមានប្រៀបខាងនយោបាយមកលើគណបក្សប្រជាជន វាអត់ផ្លូវទេ»។
ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការបង្កើតគណបក្សកម្លាំងជាតិធ្វើឱ្យបែកខ្ញែកសំឡេងអ្នកប្រជាធិបតេយ្យ ដែលពិបាកក្នុងការប្រកួតប្រជែងយកឈ្នះគណបក្សប្រជាជនកម្ពុជា។
លោក ឯម សុវណ្ណារ៉ា៖ «ប៉ុន្តែ ប្រសិនបើគណបក្សភ្លើងទៀនហ្នឹង ប្រឹងប្រែង ឬមួយរួមគ្នាតស៊ូ ដើម្បីសុំយកភាពស្របច្បាប់លិខិតបញ្ជាក់ពីក្រសួងមហាផ្ទៃ បញ្ជាក់ពីការបង្កើតគណបក្សហ្នឹង បញ្ជាក់លិខិតនឹងឡើងវិញទៅ គឺជាកិច្ចការមួយល្អបំផុតហើយ ជាជាងការទៅរកបក្សថ្មីបាទ»។
គណបក្សកម្លាំងជាតិ បានធ្វើសមាជលើកដំបូង កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិក្រចាប់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមប្រមាណ ១ពាន់ ៥រយនាក់ (១.៥០០) ដែលភាគច្រើនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សភ្លើងទៀន។
អង្គសមាជគណបក្សមួយនេះ បានអនុម័តលក្ខន្តិកៈរបស់បក្សចំនួន ១០ជំពូក ចែកជា ៥៧មាត្រា និងបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ អង្គសមាជក៏បានជ្រើសតាំង គណៈកម្មការនាយករបស់គណបក្ស គណៈកម្មការអចិន្ត្រៃយ៍ គណៈកម្មការប្រតិបត្តិ និងគណៈកម្មការវិន័យ។ បន្ថែមពីនេះ អង្គសមាជក៏បានកំណត់ទិសដៅ ការងារឆ្ពោះទៅចូលរួមការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ខេត្តក្រុង ស្រុកខណ្ឌ ក្នុងឆ្នាំ២០២៤ ផងដែរ។
គណបក្សកម្លាំងជាតិ ត្រូវបានបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បន្ទាប់ពី គ.ជ.ប រារាំង មិនឲ្យបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត។ ទោះជាយ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់គណបក្ស ភ្លើងទៀនមួយចំនួនទៀត ក៏ងាកទៅចងសម្ពន្ធភាពជាមួយគណបក្សក្រៅរដ្ឋាភិបាលចំនួន ៣ទៀត។ រីឯមន្រ្តីជាន់ខ្ពស់គណបក្សនេះ មួយចំនួនទៀត ក៏បានចាកចេញពីគណបក្ស ទៅធ្វើនយោបាយជាមួយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបតែបង្កើតថ្មីនេះដែរ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន លុះត្រាតែក្រុមអ្នកនយោបាយតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ទើបអាចទាក់ទាញការគាំទ្រពីមហាជនបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។